ជំនួយសម្រាប់ក្រុមគ្រួសារ | អាពាហ៍ពិពាហ៍
ពេលខកចិត្តនឹងគូ
ការពិបាក
មុនរៀបការ អ្នកទំនងជាគិតថាអ្នកស៊ីគ្នាជាមួយនឹងគូរបស់អ្នក។ ប៉ុន្តែ ឥឡូវទំនាក់ទំនងរបស់អ្នកទាំងពីរបានរសាយទៅ ហើយនៅក្នុងក្រុមគ្រួសារលែងមានសុភមង្គលទៀត។ ជាលទ្ធផល អ្នកនិងគូរបស់អ្នកមានអារម្មណ៍ដូចជាប់គុកអ៊ីចឹង។
អ្នកអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកល្អប្រសើរឡើងបាន។ ប៉ុន្តែ ដំបូងសូមពិចារណាមូលហេតុដែលប្រហែលជាធ្វើឲ្យអ្នកខកចិត្ត។
មូលហេតុដែលខកចិត្ត
ស្ថានភាពជាក់ស្ដែង។ ទម្លាប់ប្រចាំថ្ងៃដូចជា ការងារ ការចិញ្ចឹមអប់រំកូន ទំនាក់ទំនងជាមួយសាច់ថ្លៃ អាចប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍។ បន្ថែមទៅទៀត បញ្ហាដែលមិនបានរំពឹងទុក ដូចជាបញ្ហាខាងលុយកាក់ឬការថែទាំសមាជិកគ្រួសារដែលឈឺ ក៏អាចមានឥទ្ធិពលទៅលើចំណងអាពាហ៍ពិពាហ៍ដែរ។
លក្ខណៈដែលប្រហែលពិបាកចុះសម្រុងគ្នា។ កាលដែលកំពុងស្វែងយល់ចិត្តគ្នា គូជាច្រើនមើលរំលងលក្ខណៈខុសគ្នាដែលពួកគេមាន។ ប៉ុន្តែ ពេលដែលពួកគេរៀបការហើយ ពួកគេឃើញច្បាស់ថាពួកគេទាំងពីរនាក់ខុសគ្នាខ្លាំងប៉ុនណា ដូចជារបៀបនិយាយគ្នា របៀបចាយវាយ និងរបៀបដោះស្រាយបញ្ហាជាដើម។ ភាពខុសគ្នាទាំងនេះ មិនគ្រាន់តែធ្វើឲ្យពួកគេធុញទ្រាន់ចំពោះគ្នាប៉ុណ្ណោះទេ តែក៏អាចធ្វើឲ្យពួកគេទ្រាំនឹងគ្នាលែងបានទៀតដែរ។
ការមិនខ្វល់ពីអារម្មណ៍របស់គូ។ ការប្រើពាក្យសម្ដីឬការប្រព្រឹត្តមិនសប្បុរស និងការមិនឆាប់ដោះស្រាយបញ្ហាដែលកើតមានក្នុងចំណងអាពាហ៍ពិពាហ៍ អាចធ្វើឲ្យគូលែងចង់និយាយប្រាប់អារម្មណ៍។ អាក្រក់ជាងនេះទៅទៀត គូក៏អាចចាប់ផ្ដើមមានចិត្តទៅលើបុគ្គលផ្សេងដែរ។
ការរំពឹងខុសពីការពិត។ មនុស្សខ្លះសម្រេចចិត្តរៀបការដោយជឿថាពួកគេបានរកឃើញបុគ្គលដែលពិតជាស័ក្តិសមនឹងខ្លួន។ ការរំពឹងដូចនេះ ស្ដាប់ទៅគួរឲ្យរំភើបនិងផ្អែមល្ហែម តែនេះអាចជាអន្ទាក់មួយ។ ព្រោះពេលដែលមានបញ្ហាកើតឡើង គំនិតដែលថា ពួកគេជា«គូដ៏ស័ក្ដិសម»នឹងរសាយទៅ។ ផ្ទុយទៅវិញ ពួកគេនឹងស្ដាយក្រោយដែលសម្រេចចិត្តរៀបការជាមួយគ្នា។
អ្វីដែលអ្នកអាចធ្វើ
ផ្ដោតអារម្មណ៍លើគុណសម្បត្តិរបស់គូ។ សូមសាកធ្វើតាមយោបល់នេះ៖ កត់ទុកគុណសម្បត្តិពិសេសបីដែលគូរបស់អ្នកមាន រួចទុកកំណត់នោះជាប់ខ្លួន ប្រហែលនៅខាងក្រោយរូបថតរៀបការតូចមួយឬក្នុងទូរស័ព្ទរបស់អ្នក។ សូមមើលកំណត់នោះជារឿយៗ ដើម្បីរំលឹកខ្លួនអំពីមូលហេតុដែលអ្នករៀបការជាមួយនឹងគូ។ ការផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់គូជួយឲ្យមានសេចក្ដីសុខសាន្តក្នុងក្រុមគ្រួសារ និងជួយអ្នកឲ្យទទួលយកភាពខុសគ្នារបស់អ្នកនិងគូ។—គោលការណ៍គម្ពីរ រ៉ូម ១៤:១៩
រៀបចំឲ្យមានឱកាសពិសេសជាមួយគ្នា។ មុនរៀបការ អ្នកទាំងពីរបានស្វែងយល់ចិត្តគ្នា។ នៅពេលនោះអ្នកទំនងជាបានលៃពេលធ្វើអ្វីផ្សេងៗជាមួយគ្នា រកឱកាសនៅក្បែរគ្នា ហើយអ្នកទាំងពីរច្បាស់ជារំភើបចិត្តណាស់! ដូច្នេះ សូមធ្វើអ្វីដែលស្រដៀងនឹងនេះដែរ។ សូមរៀបចំគម្រោងទៅកន្លែងដែលអ្នកនឹងគូរបស់អ្នកអាចចំណាយពេលជាមួយគ្នា ដូចកាលអ្នកស្វែងយល់ចិត្តគ្នាដែរ។ ការធ្វើដូច្នេះ អាចជួយអ្នកឲ្យកាន់តែជិតស្និទ្ធគ្នា ហើយអាចប្រឈមនឹងបញ្ហាជាមួយគ្នា ជាពិសេសបញ្ហាដែលមិនបានរំពឹងទុក។—គោលការណ៍គម្ពីរ សុភាសិត ៥:១៨
ប្រាប់អារម្មណ៍ដល់គ្នាទៅវិញទៅមក។ បើអ្នកឈឺចិត្តដោយសារពាក្យសម្ដីឬការប្រព្រឹត្តរបស់គូ តើអ្នកអាចបំភ្លេចបានទេ? បើអ្នកមិនអាចបំភ្លេចបាន សូមកុំឈប់និយាយរកគ្នា ដោយចាត់ទុកថានេះជាវិធីដោះស្រាយឡើយ។ ប៉ុន្តែ សូមនិយាយអំពីរឿងនោះជាមួយគូដោយចិត្តស្ងប់និងឲ្យបានឆាប់បំផុតគឺនៅថ្ងៃនោះតែម្ដង។—គោលការណ៍គម្ពីរ អេភេសូរ ៤:២៦
បើអ្នកឈឺចិត្តដោយសារពាក្យសម្ដីឬការប្រព្រឹត្តរបស់គូ តើអ្នកអាចបំភ្លេចបានទេ?
ស្វែងយល់ភាពខុសគ្នារវាងអារម្មណ៍របស់អ្នកនិងបំណងចិត្តរបស់គូ។ តាមធម្មតា គូទាំងពីរនាក់ប្រហែលជាគ្មានបំណងបញ្ឈឺចិត្តគ្នាទេ។ បើអ្នកបានធ្វើខុស សូមអ្នកសុំទោសគូរបស់អ្នកដោយស្មោះអស់ពីចិត្ត។ បន្ទាប់មក សូមនិយាយត្រង់ៗអំពីរឿងណាមួយ ដែលអ្នកទាំងពីរអាចធ្វើដើម្បីកុំឲ្យបញ្ឈឺចិត្តគូដោយអចេតនា។ សូមធ្វើតាមយោបល់ក្នុងគម្ពីរដែលថា៖«ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្តា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។—អេភេសូរ ៤:៣២
រំពឹងសមហេតុផល។ គម្ពីរទទួលស្គាល់ថា អស់អ្នកដែលរៀបការ«នឹងមានការលំបាកផ្សេងៗ»។ (កូរិនថូសទី១ ៧:២៨) ពេលអ្នកជួបទុក្ខលំបាក សូមកុំឆាប់សន្និដ្ឋានថា ការរៀបការជាមួយគូរបស់អ្នកគឺជាការសម្រេចចិត្តខុសឡើយ។ ផ្ទុយទៅវិញ សូមសហការជាមួយនឹងគូដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ហើយបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។—កូឡុស ៣:១៣