ការបើកបង្ហាញចំពោះយ៉ូហាន ៣:១-២២
៣ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងសាដេសថា៖ លោកដែលមានឫទ្ធានុភាពទាំង៧របស់ព្រះ+និងមានផ្កាយទាំង៧+ មានប្រសាសន៍ដូចតទៅនេះថា៖ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ហើយដឹងថាអ្នកមានឈ្មោះ*ថា ជាអ្នករស់រានមានជីវិត តែអ្នកបានស្លាប់ហើយ។+
២ ចូរប្រុងប្រយ័ត្ន+ ហើយពង្រឹងកម្លាំងដល់អ្វីៗដែលនៅសល់ហៀបនឹងស្លាប់ ព្រោះខ្ញុំឃើញថាអ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងតាមដែលព្រះរបស់ខ្ញុំចង់ឲ្យអ្នកធ្វើទេ។
៣ ដូច្នេះ ចូរចាំជាប់នូវអ្វីដែលអ្នកបានទទួលនិងអ្វីដែលអ្នកបានឮ ហើយចូរកាន់ខ្ជាប់តាមសេចក្ដីនោះ ព្រមទាំងប្រែចិត្ត។+ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ ខ្ញុំប្រាកដជានឹងមកដូចចោរ+ ហើយអ្នកនឹងមិនដឹងទាល់តែសោះថា ខ្ញុំនឹងមកនៅពេលណាឡើយ។+
៤ «‹ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សខ្លះនៅក្រុងសាដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ក្រៅរបស់ខ្លួនសៅហ្មងឡើយ+ ហើយអ្នកទាំងនោះនឹងដើរជាមួយនឹងខ្ញុំដោយមានសម្លៀកបំពាក់ស+ ពីព្រោះពួកគេសមនឹងធ្វើដូច្នេះ។
៥ អ្នកណាដែលឈ្នះ+ អ្នកនោះនឹងបានសម្លៀកបំពាក់ស+ ហើយខ្ញុំនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីសៀវភៅជីវិតឡើយ+ តែខ្ញុំនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅមុខបិតារបស់ខ្ញុំ និងនៅមុខបណ្ដាទេវតារបស់លោក។+
៦ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›។
៧ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា៖ លោកដែលបរិសុទ្ធ+ ដែលពិតប្រាកដ+ ដែលមានកូនសោរបស់ដាវីឌ+ និងជាលោកដែលបើកហើយគ្មានអ្នកណាអាចបិទបាន ក៏ជាលោកដែលបិទហើយគ្មានអ្នកណាអាចបើកបាន មានប្រសាសន៍ដូចតទៅនេះថា៖
៨ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក (មើល! ខ្ញុំបានបើកទ្វារមួយនៅមុខអ្នក+ ដែលគ្មានអ្នកណាអាចបិទបានឡើយ)។ ខ្ញុំដឹងថាអ្នកមានកម្លាំងបន្តិចបន្តួច ក៏បានកាន់តាមពាក្យរបស់ខ្ញុំ ហើយមិនបានក្បត់ខ្ញុំ*ទេ។
៩ ចំណែកពួកអ្នកពីបក្សពួក*របស់សាថាន* ពួកគេនិយាយថាពួកគេជាជនជាតិយូដា តែតាមពិតមិនមែនជាជនជាតិយូដាទេ+ គឺពួកគេនិយាយកុហក។ ប៉ុន្តែ ខ្ញុំនឹងធ្វើឲ្យពួកគេមកក្រាបគោរពនៅជិតជើងរបស់អ្នក ថែមទាំងធ្វើឲ្យពួកគេដឹងថាខ្ញុំស្រឡាញ់អ្នកទៀតផង។
១០ ដោយសារអ្នកបានកាន់តាមអ្វីដែលអ្នកបានឮស្ដីអំពីការស៊ូទ្រាំរបស់ខ្ញុំ*+ នោះខ្ញុំនឹងរក្សាការពារអ្នកនៅគ្រាល្បងល+ ដែលនឹងកើតឡើងពេញផែនដីទាំងមូល ដើម្បីល្បងលពួកអ្នកដែលអាស្រ័យនៅផែនដី។
១១ ខ្ញុំនឹងមកយ៉ាងឆាប់។+ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមាន ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នក។+
១២ «‹ខ្ញុំនឹងធ្វើឲ្យអ្នកណាដែលឈ្នះ ទៅជាសសរមួយក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយអ្នកនោះនឹងមិនចេញទៅវិញឡើយ។ នៅលើអ្នកនោះ ខ្ញុំនឹងសរសេរនាមរបស់ព្រះនៃខ្ញុំ+ និងឈ្មោះនៃក្រុងរបស់ព្រះនៃខ្ញុំ ពោលគឺក្រុងយេរូសាឡិមថ្មី+ ដែលចុះមកពីព្រះនៃខ្ញុំនៅស្ថានសួគ៌ ហើយខ្ញុំក៏នឹងសរសេរឈ្មោះថ្មីរបស់ខ្ញុំនៅលើអ្នកនោះដែរ។+
១៣ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›។
១៤ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេ+ថា៖ លោកដែលជាអាមេន+ ជាសាក្សី+ស្មោះត្រង់និងពិតត្រង់+ និងជាអ្នកដំបូងបង្អស់ដែលព្រះបានបង្កើត មានប្រសាសន៍ដូចតទៅនេះថា៖+
១៥ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក អ្នកគឺមិនត្រជាក់ ហើយក៏មិនក្ដៅដែរ។ ខ្ញុំចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។
១៦ ដូច្នេះ ដោយសារអ្នកក្ដៅឧណ្ហៗ មិនត្រជាក់+ហើយក៏មិនក្ដៅ+ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់ខ្ញុំ។
១៧ ពីព្រោះអ្នកនិយាយថា៖ «ខ្ញុំជាអ្នកមាន+ ក៏មានទ្រព្យសម្បត្តិបរិបូរ ហើយខ្ញុំមិនត្រូវការអ្វីសោះ» តែអ្នកមិនដឹងថាអ្នកមានទុក្ខវេទនា គួរឲ្យអាណិត ក្រីក្រ ងងឹតភ្នែក និងនៅអាក្រាតទេ
១៨ ខ្ញុំទូន្មានអ្នកឲ្យទិញមាសពីខ្ញុំ ជាមាសដែលបានត្រូវសម្រាំងដោយភ្លើងដើម្បីឲ្យអ្នកទៅជាអ្នកមាន ហើយឲ្យទិញសម្លៀកបំពាក់ស មកស្លៀកពាក់ ដើម្បីកុំឲ្យអ្នកឯទៀតឃើញអ្នកនៅអាក្រាត រួចអ្នកត្រូវខ្មាសគេ។+ ចូរទិញថ្នាំលាបភ្នែកដែរ+ ដើម្បីអ្នកអាចមើលឃើញ។+
១៩ «‹ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់។+ ដូច្នេះ ចូរមានចិត្តខ្នះខ្នែង ហើយប្រែចិត្តចុះ។+
២០ មើល! ខ្ញុំកំពុងឈរគោះទ្វារ។ ប្រសិនបើអ្នកណាឮសំឡេងខ្ញុំហើយបើកទ្វារ ខ្ញុំនឹងចូលទៅក្នុងផ្ទះរបស់អ្នកនោះ ហើយបរិភោគអាហារល្ងាចជាមួយនឹងអ្នកនោះ ហើយអ្នកនោះនឹងបរិភោគជាមួយនឹងខ្ញុំ។
២១ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ+ អង្គុយជាមួយនឹងខ្ញុំលើបល្ល័ង្ករបស់ខ្ញុំ+ ដូចខ្ញុំបានឈ្នះហើយអង្គុយ+ជាមួយនឹងបិតារបស់ខ្ញុំលើបល្ល័ង្ករបស់លោកដែរ។
២២ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›»។
កំណត់សម្គាល់
^ ឬ«កេរ្តិ៍ឈ្មោះ»
^ ន័យត្រង់«ក្បត់ឈ្មោះខ្ញុំ»
^ ន័យត្រង់«សាលាប្រជុំ»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ ឬប្រហែលជាមានន័យថា«កាន់តាមគំរូស្ដីអំពីការស៊ូទ្រាំរបស់ខ្ញុំ»