ម៉ាឡាគី ៣:១-១៨

  • ម្ចាស់​ដ៏​ពិត​មក​ដើម្បី​សម្អាត​វិហារ (​១​-​៥)

    • ទូត​នៃ​កិច្ច​ព្រម​ព្រៀង (​)

  • ការ​លើក​ទឹក​ចិត្ត​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ (​៦​-​១២)

    • ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល (​)

    • «​ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​អ្នក​រាល់​គ្នា​ដែរ​»​ (​)

    • ‹ចូរ​នាំ​យក​១​ភាគ​១០ ហើយ​ព្រះ​យេហូវ៉ា​នឹង​ចាក់​ពរ​យ៉ាង​លើស​លប់​មក› (​១០)

  • មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត (​១៣​-​១៨)

    • សៀវភៅ​រំលឹក​មួយ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​មុខ​លោក (​១៦)

    • ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត (​១៨)

 ​«​មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​សម្អាត*ផ្លូវ​ទុក​សម្រាប់​ខ្ញុំ។+ ម្ចាស់​ដ៏​ពិត​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក​នឹង​មក​ក្នុង​មួយ​រំពេច គឺ​លោក​នឹង​មក​វិហារ​របស់​លោក។+ រីឯ​ទូត​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​កំពុង​ទន្ទឹង​រង់​ចាំ​ដោ​យ​ចិត្ត​រំភើប ក៏​នឹង​មក​ដែរ។ មើល! លោក​នឹង​មក​ជា​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ២  ​«​ប៉ុន្តែ តើ​អ្នក​ណា​នឹង​ធន់​បាន​នៅ​ថ្ងៃ​ដែល​លោក​មក ហើយ​តើ​អ្នក​ណា​នឹង​អាច​ធន់​បាន​នៅ​ពេល​ដែល​លោក​លេច​មក? ព្រោះ​លោក​នឹង​ដូច​ជា​ភ្លើង​របស់​ជាង​សម្រាំង និង​ដូច​ជា​សាប៊ូ+របស់​អ្នក​បោក​គក់។ ៣  លោក​នឹង​សម្អាត​កូន​ចៅ​លេវី ដូច​ជាង​ដែល​អង្គុយ​សម្អាត​ប្រាក់។+ លោក​នឹង​សម្រិត​សម្រាំង​ពួក​គេ​ដូច​បន្សុទ្ធ​មាស​និង​ប្រាក់ ហើយ​ព្រះ​យេហូវ៉ា​នឹង​មាន​រាស្ត្រ​ដែល​នឹង​ជូន​គ្រឿង​បូជា​ជា​អំណោយ​ដល់​លោក​ដោយ​សុចរិត។ ៤  ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​គ្រឿង​បូជា​ជា​អំណោយ​ដែល​យូដា​និង​យេរូសាឡិម​ជូន​ដល់​លោក ដូច​ដែល​លោក​ធ្លាប់​ពេញ​ចិត្ត​នៅ​សម័យ​បុរាណ និង​នៅ​អតីតកាល។+ ៥  ​«​ខ្ញុំ​នឹង​មក​វិនិច្ឆ័យ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ប្រញាប់​ផ្ដន្ទា​ទោស​ពួក​គ្រូ​ធ្មប់+ ពួក​ផិត​ក្បត់ ពួក​ស្បថ​បំពាន+ ពួក​អ្នក​ដែល​បោក​ប្រាស់​កម្មករ+ ពួក​អ្នក​ដែល​សង្កត់​សង្កិន​ស្ត្រី​មេម៉ាយ ពួក​អ្នក​ដែល​ជិះ​ជាន់​កូន​កំព្រា*+ និង​ពួក​អ្នក​ដែល​មិន​ព្រម​ជួយ​ជន​បរទេស។*+ ពួក​អ្នក​ទាំង​នោះ​មិន​បាន​កោត​ខ្លាច​ខ្ញុំ​ទេ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៦  ​«​ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​មិន​ប្រែ​ប្រួល​ទេ។*+ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុប។ អ្នក​រាល់​គ្នា​មិន​ទាន់​វិនាស​នៅ​ឡើយ។ ៧  តាំង​ពី​សម័យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មក​ម្ល៉េះ អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​ក្រឹត្យ​ក្រម​របស់​ខ្ញុំ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​ខ្ញុំ​ទេ។+ ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​អ្នក​រាល់​គ្នា​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ប៉ុន្តែ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​តើ​ឲ្យ​ពួក​យើង​ត្រឡប់​ទៅ​រក​លោក​យ៉ាង​ដូច​ម្ដេច?​»។ ៨  ​«​តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​កំពុង​ប្លន់​ខ្ញុំ​មែន​»។ អ្នក​រាល់​គ្នា​សួរ​ទៀត​ថា​៖ ​«​តើ​ពួក​យើង​បាន​ប្លន់​លោក​នៅ​ពេល​ណា?​»។ ​«​គឺ​អ្នក​រាល់​គ្នា​មិន​បាន​ជូន​១​ភាគ​១០​និង​វិភាគទាន​ដល់​ខ្ញុំ​ទេ។ ៩  អ្នក​រាល់​គ្នា​ត្រូវ​បណ្ដា​សា​ហើយ* ព្រោះ​អ្នក​រាល់​គ្នា​កំពុង​ប្លន់​ខ្ញុំ គឺ​ប្រជា​ជាតិ​ទាំង​មូល​កំពុង​ធ្វើ​ដូច្នេះ។ ១០  ចូរ​នាំ​យក​១​ភាគ​១០​ឲ្យ​គ្រប់​ចំនួន​មក​ទុក​ក្នុង​ឃ្លាំង+ ដើម្បី​ឲ្យ​មាន​អាហារ​ក្នុង​វិហារ​របស់​ខ្ញុំ។+ រួច​ខ្ញុំ​នឹង​បើក​ទ្វារ​ស្ថាន​សួគ៌+ ហើយ​ចាក់​ពរ​យ៉ាង​លើស​លប់​មក​លើ​អ្នក​រាល់​គ្នា​រហូត​ដល់​លែង​ខ្វះ​អ្វី​ទៀត។+ សូម​ល្បង​ល​ខ្ញុំ​ចុះ ថា​ខ្ញុំ​នឹង​ធ្វើ​ដូច​សម្ដី​ខ្ញុំ​ឬ​យ៉ាង​ណា​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១១  ​«​ហើយ​ខ្ញុំ​នឹង​ស្ដី​បន្ទោស​សត្វ​ដែល​ស៊ី​បង្ហិន​បង្ហោច* ហើយ​ខ្ញុំ​មិន​ឲ្យ​ពួក​វា​ស៊ី​បំផ្លាញ​ផល​ដំណាំ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ឲ្យ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​រាល់​គ្នា​ខ្វះ​ផ្លែ​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១២  ​«​ប្រជា​ជាតិ​ទាំង​អស់​នឹង​ប្រកាស​ថា​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ+ ព្រោះ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​»។* នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១៣  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រើ​សម្ដី​ធ្ងន់​ដាក់​ខ្ញុំ​»។ តែ​អ្នក​រាល់​គ្នា​តប​វិញ​ថា​៖ ​«​តើ​នៅ​ពេល​ណា​ដែល​ពួក​យើង​ប្រើ​សម្ដី​ធ្ងន់​ដាក់​លោក?​»។+ ១៤  ​«​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹បម្រើ​ព្រះ​គ្មាន​បាន​ការ​អ្វី​សោះ។+ ការ​ដែល​ពួក​យើង​ព្យាយាម​ស្ដាប់​បង្គាប់​លោក ហើយ​ខំ​បង្ហាញ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ថា​ពួក​យើង​សោក​ស្ដាយ​នឹង​កំហុស​ខ្លួន ក៏​មិន​ឃើញ​មាន​ប្រយោជន៍​អ្វី​ដែរ។ ១៥  ឥឡូវ ពួក​យើង​ចាត់​ទុក​ថា​មនុស្ស​ព្រហើន*ជា​អ្នក​ដែល​មាន​សុភមង្គល ហើយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​អ្នក​ដែល​មាន​ជោគ​ជ័យ។+ ពួក​អ្នក​ទាំង​នោះ​ល្បង​ល​ព្រះ​ដោយ​មិន​ញញើត តែ​មិន​ឃើញ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​គេ​ទេ›​»។ ១៦  នៅ​ពេល​នោះ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​យេហូវ៉ា​ប្រុង​ស្មារតី និង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សម្ដី​របស់​ពួក​គេ។ រួច​មាន​សៀវភៅ​រំលឹក​មួយ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​មុខ​លោក+ គឺ​កត់​ទុក​ឈ្មោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​អស់​អ្នក​ដែល​រំពឹង​គិត​អំពី​នាម​របស់​លោក។*+ ១៧  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​ដែល​ខ្ញុំ​យក​ពួក​គេ​ធ្វើ​ជា​ទ្រព្យ​វិសេស+ នោះ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដូច​ឪពុក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់។+ ១៨  អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត​នូវ​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត+ ហើយ​រវាង​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។

កំណត់សម្គាល់

ឬ​«​រៀបចំ​»​
ឬ​«​ពួក​អ្នក​ដែល​រំលោភ​សិទ្ធិ​ជន​បរទេស​»​
ឬ​«​កូន​កំព្រា​ឪពុក​»​
ឬ​«​ខ្ញុំ​មិន​ដែល​ប្រែ​ប្រួល​ទេ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​រាល់​គ្នា​កំពុង​ដាក់​បណ្ដា​សា​ខ្ញុំ​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​សត្វ​ល្អិត​ចង្រៃ
ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ឬ​«​សញ្ជឹង​គិត​អំពី​នាម​របស់​លោក​»​ ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឲ្យ​តម្លៃ​ខ្ពស់​ដល់​នាម​របស់​លោក​»​