យេរេមា ៧:១-៣៤

  • ការ​ទុក​ចិត្ត​ខ្លាំង​ពេក​ទៅ​លើ​វិហារ​របស់​ព្រះ​យេហូវ៉ា (​១​-​១១)

  • វិហារ​នឹង​ទៅ​ជា​ដូច​ស៊ីឡូរ (​១២​-​១៥)

  • ការ​គោរព​បូជា​ព្រះ​មិន​ពិត​បាន​ត្រូវ​ផ្ដន្ទា​ទោស (​១៦​-​៣៤)

    • ការ​គោរព​បូជា​«​ព្រះ​នាង​នៃ​មេឃា​»​ (​១៨)

    • ការ​បូជា​កូន​នៅ​ហ៊ីណំ (​៣១)

 ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ដូច្នេះ​ថា​៖ ២  ​«​ចូរ​ឈរ​នៅ​ខ្លោង​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រកាស​ដំណឹង​នេះ​ថា​៖ ‹ឱ​បណ្ដា​ជន​យូដា​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កែ​ខ្លួន​និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ទៅ នោះ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​នេះ​ត​ទៅ​ទៀត។+ ៤  ចូរ​កុំ​ទុក​ចិត្ត​ពាក្យ​បោក​បញ្ឆោត​ដែល​និយាយ​ថា​៖ ‹នេះ*ជា​វិហារ​របស់​ព្រះ​យេហូវ៉ា វិហារ​របស់​ព្រះ​យេហូវ៉ា វិហារ​របស់​ព្រះ​យេហូវ៉ា!›។+ ៥  ប្រសិន​បើ​អ្នក​រាល់​គ្នា​កែ​ខ្លួន​និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ព្រម​ទាំង​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌ ពេល​មាន​ជម្លោះ​រវាង​បុរស​ម្នាក់​និង​អ្នក​ជិត​ខាង​របស់​គាត់+ ៦  ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ជិះ​ជាន់​ជន​បរទេស កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ+ ព្រម​ទាំង​មិន​សម្លាប់​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​ដើរ​តាម​ព្រះ​ដទៃ​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន+ ៧  នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី​នេះ​ត​ទៅ​ទៀត គឺ​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ជា​ដរាប​ត​ទៅ​»​›​»។ ៨  ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ទុក​ចិត្ត​ពាក្យ​បោក​បញ្ឆោត​វិញ+ គឺ​ជា​អ្វី​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ ៩  អ្នក​រាល់​គ្នា​បាន​លួច+ សម្លាប់​មនុស្ស ផិត​ក្បត់ ស្បថ​មិន​ពិត+ ជូន​គ្រឿង​បូជា​ដល់​ព្រះ​បាល+ និង​កាន់​តាម​ព្រះ​ឯ​ទៀត​ដែល​ខ្លួន​មិន​ស្គាល់។ ១០  រួច​អ្នក​រាល់​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​ខ្ញុំ​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ហើយ​និយាយ​ថា​៖ ‹យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ›។ តើ​រឿង​នេះ​អាច​ទៅ​រួច​ទេ? ព្រោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ហើយ។ ១១  តើ​អ្នក​រាល់​គ្នា​ចាត់​ទុក​វិហារ​នេះ​ដែល​ជា​តំណាង​នាម​ខ្ញុំ ជា​សម្បុក​ចោរ​ឬ?+ មើល! ខ្ញុំ​បាន​ឃើញ​ការ​ទាំង​នេះ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១២  ​«​‹ប៉ុន្តែ ឥឡូវ​ចូរ​ទៅ​កន្លែង​របស់​ខ្ញុំ​នៅ​ឯ​ស៊ីឡូរ+ ជា​កន្លែង​តាង​នាម​ខ្ញុំ​តាំង​ពី​ដំបូង+ ហើយ​មើល​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ទី​នោះ ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ១៣  ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​ទាំង​នោះ​ដដែល›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ទោះ​ជា​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត*ក៏​ដោយ ក៏​អ្នក​មិន​ស្ដាប់​ដែរ។+ ខ្ញុំ​បាន​ហៅ​អ្នក​រាល់​គ្នា​ច្រើន​លើក​ច្រើន​សា តែ​អ្នក​មិន​ឆ្លើយ​តប​មក​វិញ​ទេ។+ ១៤  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ+ ជា​វិហារ​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត+ ហើយ​ធ្វើ​ទៅ​លើ​ទី​កន្លែង​នេះ​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​និង​បុព្វ​បុរស​របស់​អ្នក ដូច​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ស៊ីឡូរ​ដែរ។+ ១៥  ខ្ញុំ​នឹង​បោះ​អ្នក​រាល់​គ្នា​ចេញ​ពី​មុខ​ខ្ញុំ ដូច​ខ្ញុំ​បាន​បោះ​បង់​ចោល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ គឺ​កូន​ចៅ​ទាំង​អស់​របស់​អេប្រាអ៊ីម›។+ ១៦  ​«​ចំណែក​អ្នក​វិញ ចូរ​កុំ​អធិដ្ឋាន​ឲ្យ​ប្រជារាស្ត្រ​នេះ​ឲ្យ​សោះ ហើយ​ក៏​កុំ​បន្លឺ​សំឡេង ឬ​ធ្វើ​សំណូម​ពរ ឬ​អង្វរ​ជំនួស​ពួក​គេ​ដែរ+ ព្រោះ​ខ្ញុំ​នឹង​មិន​ស្ដាប់​ទេ។+ ១៧  តើ​អ្នក​មិន​ឃើញ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ទេ​ឬ? ១៨  កូន​ៗ​កំពុង​ប្រមូល​អុស ហើយ​ឪពុក​កំពុង​បង្កាត់​ភ្លើង។ ឯ​ម្ដាយ​វិញ កំពុង​ច្របាច់​ម្សៅ​ធ្វើ​នំ​ជូន​ដល់​ព្រះ​នាង​នៃ​មេឃា។*+ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ច្រួច​ស្រា​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដើម្បី​បញ្ឈឺ​ចិត្ត​ខ្ញុំ។+ ១៩  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹តើ​ពួក​គេ​កំពុង​ធ្វើ​បាប*ខ្ញុំ​ឬ? ការ​ពិត​គឺ​ពួក​គេ​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​ទេ ហើយ​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​ខ្លួន​អាម៉ាស់​មុខ​ហើយ›។+ ២០  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​របស់​ខ្ញុំ​ទៅ​លើ​កន្លែង​នេះ+ ទាំង​មនុស្ស ទាំង​សត្វ ទាំង​ដើម​ឈើ​នៅ​ឯ​វាល ទាំង​ផល​ដំណាំ។ កំហឹង​នេះ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ដែល​មិន​អាច​ពន្លត់​បាន​ឡើយ›។+ ២១  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ជូន​គ្រឿង​បូជា​ដុត​បន្ថែម​ពី​លើ​គ្រឿង​បូជា​ឯ​ទៀត​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​បរិភោគ​សាច់​ជា​ចំណែក​របស់​ខ្លួន​ចុះ។+ ២២  ព្រោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប ខ្ញុំ​មិន​បាន​និយាយ​ជា​មួយ​នឹង​ពួក​គេ​អំពី​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត​ទេ ហើយ​ក៏​មិន​បាន​បង្គាប់​ពួក​គេ​អំពី​ការ​នោះ​ដែរ។+ ២៣  ប៉ុន្តែ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​នេះ​ថា​៖ ​«​ចូរ​ស្ដាប់​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​»​›។+ ២៤  ប៉ុន្តែ ពួក​គេ​មិន​ព្រម​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​តាម​គម្រោង​ការ*របស់​ខ្លួន គឺ​ធ្វើ​តាម​គំនិត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​វិញ។+ ពួក​គេ​បាន​ថយ​ក្រោយ មិន​មែន​ឆ្ពោះ​ទៅ​មុខ​ទេ ២៥  គឺ​តាំង​ពី​ថ្ងៃ​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។+ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ជា​ពួក​អ្នក​ប្រកាស​ទំនាយ ឲ្យ​ទៅ​ព្រមាន​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ ម្ដង​ហើយ​ម្ដង​ទៀត។+ ២៦  ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ដែរ។+ ពួក​គេ​ជា​មនុស្ស​រឹង​ចចេស ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត! ២៧  ​«​ឯ​អ្នក​វិញ អ្នក​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ+ តែ​ពួក​គេ​នឹង​មិន​ស្ដាប់​អ្នក​ទេ។ អ្នក​នឹង​ហៅ​ពួក​គេ តែ​ពួក​គេ​នឹង​មិន​ឆ្លើយ​តប​មក​អ្នក​វិញ​ឡើយ។ ២៨  អ្នក​នឹង​ប្រាប់​ពួក​គេ​ថា​៖ ‹នេះ​ជា​ប្រជា​ជាតិ​ដែល​មិន​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ហើយ​មិន​ព្រម​ទទួល​ការ​ប្រដៅ​តម្រង់​ពី​លោក​ទេ។ ពួក​គេ​លែង​មាន​ភាព​ស្មោះ​ត្រង់​ហើយ ក្នុង​ចំណោម​ពួក​គេ​ក៏​គ្មាន​នរណា​និយាយ​អំពី​ភាព​ស្មោះ​ត្រង់​ដែរ›។+ ២៩  ​«​ចូរ​កាត់​សក់​វែង*របស់​អ្នក* រួច​បោះ​ចោល​ទៅ ហើយ​ច្រៀង​បទ​ទំ​ទួញ​នៅ​លើ​ទី​ទួល​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជំនាន់​មនុស្ស​ដែល​ធ្វើ​ឲ្យ​លោក​ខឹង ហើយ​លោក​នឹង​បោះ​បង់​ចោល​ពួក​គេ។ ៣០  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​បណ្ដា​ជន​យូដា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ស្អប់។ ពួក​គេ​បាន​ដំឡើង​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​វិហារ​នោះ​ស្មោក​គ្រោក។+ ៣១  ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​នៅ​តូផែត ដែល​នៅ​ក្នុង​ជ្រលង​ហ៊ីណំ*+ ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ភ្លើង+ ជា​ការ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ›។+ ៣២  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ហេតុ​នេះ មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា​តូផែត​ឬ​ជ្រលង​ហ៊ីណំ*ទៀត តែ​នឹង​ហៅ​ថា​ជ្រលង​នៃ​ការ​សម្លាប់​វិញ។ គេ​នឹង​កប់​សាក​សព​នៅ​តូផែត រហូត​ដល់​គ្មាន​កន្លែង​កប់​ទៀត។+ ៣៣  ម្ល៉ោះ​ហើយ សាក​សព​របស់​បណ្ដា​ជន​នោះ នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​សាហាវ​នៅ​លើ​ដី ហើយ​គ្មាន​អ្នក​ណា​ដេញ​ពួក​វា​ឡើយ។+ ៣៤  គ្រា​នោះ នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សំឡេង​សប្បាយ​រីករាយ និង​សំឡេង​ត្រេក​អរ​របស់​កូន​កំលោះ​កូន​ក្រមុំ​ទៀត+ ព្រោះ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​បំផ្លាញ​ចោល›​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​អគារ​ទាំង​អស់​នៅ​ក្នុង​បរិវេណ​វិហារ
ន័យ​ត្រង់​«​ក្រោក​ឡើង​ពី​ព្រលឹម​ទៅ​ប្រាប់​»​
នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន
ឬ​«​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​»​
ឬ​«​ឱវាទ​»​
ឬ​«​សក់​នៃ​ការ​ប្រគល់​ខ្លួន​»​
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​ក្រុង​យេរូសាឡិម
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​