សកម្មភាពរបស់ពួកសាវ័ក ១៤:១-២៨
១៤ នៅក្រុងអ៊ីកូនាម ប៉ូលនិងបាណាបាសបានចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយពួកគាត់អធិប្បាយល្អដល់ម្ល៉េះ បានជាជនជាតិយូដានិងជនជាតិក្រិចច្រើនសន្ធឹកទៅជាអ្នកជឿ។
២ ប៉ុន្តែ ជនជាតិយូដាដែលមិនជឿ បានញុះញង់និងបង្វិលខួរបណ្ដាជនដែលជាជនជាតិដទៃឲ្យប្រឆាំងបងប្អូន។+
៣ ដូច្នេះ ប៉ូលនិងបាណាបាសចំណាយពេលជាច្រើននៅក្រុងនោះ ហើយពួកគាត់បានទទួលអំណាចពីព្រះយេហូវ៉ា*ដើម្បីនិយាយយ៉ាងក្លាហាន។ លោកបានប្រើពួកគាត់ឲ្យធ្វើសញ្ញាសម្គាល់និងការអស្ចារ្យ ដើម្បីបញ្ជាក់ដំណឹងដែលពួកគេបានផ្សាយ ពោលគឺដំណឹងអំពីគុណដ៏វិសេសលើសលប់របស់លោក។+
៤ ក៏ប៉ុន្តែ ពួកអ្នកក្រុងនោះបានបែកគ្នាជាពីរក្រុម។ អ្នកខ្លះគាំទ្រខាងជនជាតិយូដា ហើយអ្នកខ្លះទៀតគាំទ្រខាងពួកសាវ័ក។
៥ ទាំងជនជាតិដទៃ ទាំងជនជាតិយូដា និងពួកអ្នកគ្រប់គ្រងរបស់ពួកគេ បានប៉ុនប៉ងប្រព្រឹត្តយ៉ាងព្រហើនទៅលើប៉ូលនិងបាណាបាស ថែមទាំងចង់គប់ពួកគាត់នឹងដុំថ្មទៀតផង។+
៦ ពេលពួកគាត់ដឹងអំពីគម្រោងនោះ ពួកគាត់ក៏ភៀសខ្លួនទៅក្រុងនៃតំបន់លីកៅនា គឺក្រុងលីស្ត្រានិងក្រុងឌើបេ ហើយទៅតំបន់នៅជិតៗនោះ។+
៧ នៅទីនោះ ពួកគាត់បន្តប្រកាសដំណឹងល្អ។
៨ នៅក្រុងលីស្ត្រាមានបុរសម្នាក់ខ្វិនជើងកំពុងអង្គុយ។ គាត់ខ្វិនតាំងពីកំណើត ដូច្នេះគាត់មិនធ្លាប់ដើរសោះឡើយ។
៩ បុរសនេះកំពុងស្ដាប់ប៉ូលនិយាយ។ ប៉ូលសម្លឹងមើលចំបុរសនេះ ក៏ឃើញថាគាត់មានជំនឿ ហើយបុរសនេះក៏ជឿដែរថាគាត់អាចជាសះស្បើយ។+
១០ រួចប៉ូលបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរក្រោកឈរឲ្យត្រង់ចុះ!»។ បុរសនេះក៏ស្ទុះក្រោកឡើង ហើយចាប់ផ្ដើមដើរ។+
១១ ពេលឃើញអ្វីដែលប៉ូលបានធ្វើ បណ្ដាជនក៏បន្លឺសំឡេង និយាយជាភាសាលីកៅនាថា៖ «ព្រះបានកាឡាខ្លួនជាមនុស្សជាតិ ចុះមកឯយើងហើយ!»។+
១២ រួចពួកគេចាប់ផ្ដើមហៅបាណាបាសថាព្រះសឺស ហើយហៅប៉ូលថាព្រះហ៊ើមេស ដោយសារគាត់ជាអ្នកនាំមុខនិយាយ។
១៣ ឯសង្ឃរបស់ព្រះសឺស ដែលមានវិហារនៅច្រកចូលក្រុងនោះ បាននាំយកគោឈ្មោលនិងភួង*មកឯខ្លោងទ្វារក្រុង ហើយចង់ជូនគ្រឿងបូជាជាមួយនឹងបណ្ដាជន។
១៤ ក៏ប៉ុន្តែ ពេលដែលសាវ័កបាណាបាសនិងសាវ័កប៉ូលឮអំពីការនោះ ពួកគាត់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្ទុះរត់ទៅកណ្ដាលបណ្ដាជន ដោយស្រែកឡើងថា៖
១៥ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើដូច្នេះ? យើងជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ។+ យើងកំពុងប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាលះចោលការឥតប្រយោជន៍ទាំងនេះ ហើយបែរមកគោរពប្រណិប័តន៍ព្រះដែលមានជីវិតរស់នៅ ជាព្រះដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ។+
១៦ នៅជំនាន់មុនៗ លោកបានអនុញ្ញាតឲ្យប្រជាជាតិទាំងអស់ធ្វើតាមចិត្តខ្លួន។+
១៧ ក៏ប៉ុន្តែ លោកបានផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថា+លោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល+ ហើយឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។+
១៨ ទោះជាពួកគាត់និយាយដូច្នោះក៏ដោយ បណ្ដាជននៅតែព្យាយាមជូនគ្រឿងបូជាដល់ពួកគាត់ ហើយពួកគាត់ខំឃាត់ពួកគេសឹងតែមិនបាន។
១៩ ប៉ុន្តែ ជនជាតិយូដាពីក្រុងអាន់ទីយ៉ូកនិងក្រុងអ៊ីកូនាមបានមកដល់ ហើយអុជអាលបណ្ដាជន+ រួចពួកគេគប់ប៉ូលនឹងដុំថ្ម ហើយអូសទៅខាងក្រៅក្រុងដោយគិតថាគាត់ស្លាប់ហើយ។+
២០ ក៏ប៉ុន្តែ ពេលដែលពួកអ្នកកាន់តាមបានមកឈរជុំវិញគាត់ នោះគាត់ក៏ក្រោកឡើង ហើយចូលក្នុងក្រុង។ លុះស្អែកឡើង គាត់ចេញដំណើរទៅក្រុងឌើបេជាមួយនឹងបាណាបាស។+
២១ បន្ទាប់ពីបានប្រកាសដំណឹងល្អដល់ក្រុងនោះ ហើយបានបង្រៀនមនុស្សច្រើនគួរសមឲ្យទៅជាអ្នកកាន់តាម នោះពួកគាត់ត្រឡប់ទៅក្រុងលីស្ត្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ។
២២ នៅទីនោះ ពួកគាត់បានពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាម+ ហើយលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់តាមជំនឿ ក៏បាននិយាយថា៖ «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់ទុក្ខវេទនាជាច្រើន»។+
២៣ ម្យ៉ាងទៀត ពួកគាត់បានតែងតាំងពួកបុរសចាស់ទុំក្នុងក្រុមជំនុំនីមួយៗ+ ហើយបន្ទាប់ពីបានអធិដ្ឋាននិងតមអាហារ+ ប៉ូលនិងបាណាបាសបានប្រគល់ពួកគាត់ឲ្យព្រះយេហូវ៉ា* ជាព្រះដែលពួកគាត់បានជឿ។
២៤ រួចមក ប៉ូលនិងបាណាបាសធ្វើដំណើរកាត់ស្រុកភីស៊ីឌាទៅដល់ខេត្តប៉ាមភីលៀ។+
២៥ បន្ទាប់ពីបានប្រាប់បណ្ដាំរបស់ព្រះនៅក្រុងពើកា ពួកគាត់ក៏ចុះទៅក្រុងអាតថាលី។
២៦ ពួកគាត់ចុះទូកនៅក្រុងនោះ ហើយចេញដំណើរទៅក្រុងអាន់ទីយ៉ូក ជាកន្លែងដែលពួកគាត់ធ្លាប់ទទួលគុណដ៏វិសេសលើសលប់ពីព្រះ ដើម្បីធ្វើកិច្ចការដែលពួកគាត់ទើបតែបានបំពេញគ្រប់ជំពូក។+
២៧ លុះបានទៅដល់ ពួកគាត់ក៏ប្រមូលក្រុមជំនុំឲ្យជុំគ្នា រួចចាប់ផ្ដើមរៀបរាប់ប្រាប់អំពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់ ហើយថាលោកបានបើកផ្លូវឲ្យប្រជាជាតិទាំងឡាយអាចមានជំនឿ។+
២៨ ដូច្នេះ ពួកគាត់បានចំណាយពេលជាច្រើនជាមួយនឹងពួកអ្នកកាន់តាម។
កំណត់សម្គាល់
^ ឬ«កម្រង»