សកម្មភាពរបស់ពួកសាវ័ក ៥:១-៤២
-
អាណានាសនិងសាភីរ៉ា (១-១១)
-
ពួកសាវ័កធ្វើសញ្ញាសម្គាល់ជាច្រើន (១២-១៦)
-
ពួកសាវ័កបានជាប់គុកនិងបានត្រូវដោះលែង (១៧-២១ក)
-
ពួកសាវ័កបានត្រូវនាំទៅចំពោះមុខក្រុមប្រឹក្សាជាន់ខ្ពស់ម្ដងទៀត (២១ខ-៣២)
-
‹ស្ដាប់បង្គាប់ព្រះជាជាងមនុស្ស› (២៩)
-
-
ឱវាទរបស់កាម៉េលាល (៣៣-៤០)
-
ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ (៤១, ៤២)
៥ ក៏ប៉ុន្តែ បុរសម្នាក់ឈ្មោះអាណានាស ជាមួយនឹងសាភីរ៉ាជាប្រពន្ធ បានលក់ដីខ្លះ
២ រួចគាត់លាក់ប្រាក់មួយចំនួនទុក ហើយប្រពន្ធរបស់គាត់ក៏បានដឹងដែរ។ បន្ទាប់មក គាត់យកប្រាក់តែមួយចំណែកទៅឲ្យពួកសាវ័ក។+
៣ ប៉ុន្តែ ពេត្រុសនិយាយថា៖ «អាណានាស ហេតុអ្វីបានជាអ្នកឲ្យសាថាន*ធ្វើឲ្យអ្នកហ៊ានកុហក+ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ដោយលាក់ប្រាក់ខ្លះដែលអ្នកបានមកពីការលក់ដីវាលដូច្នេះ?
៤ មុនដែលអ្នកលក់ដី តើវាមិនមែនជារបស់អ្នកទេឬ? រួចក្រោយពីលក់ដីហើយ អ្នកអាចប្រើប្រាស់ប្រាក់នោះតាមចិត្ត មែនទេ? ចុះហេតុអ្វីបានជាអ្នកមានគំនិតធ្វើអាក្រក់ដូច្នេះ? អ្នកមិនគ្រាន់តែកុហកមនុស្សទេ តែក៏បានកុហកព្រះដែរ»។
៥ កាលដែលឮពាក្យទាំងនេះ អាណានាសក៏ដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកណាដែលឮអំពីការនោះ ក៏កោតខ្លាចជាខ្លាំង។
៦ រួចមក ពួកយុវជនបានក្រោកឡើង យកក្រណាត់មករុំគាត់ រួចសែងយកទៅបញ្ចុះ។
៧ ប្រហែលបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់បានចូលមក ដោយមិនដឹងអំពីអ្វីដែលបានកើតឡើងទេ។
៨ ពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំ តើអ្នកទាំងពីរបានលក់ដីវាលបានប្រាក់ប៉ុណ្ណឹងមែនឬ?»។ នាងឆ្លើយថា៖ «ចាស បានប្រាក់ប៉ុណ្ណឹងមែន»។
៩ ម្ល៉ោះហើយ ពេត្រុសនិយាយទៅនាងថា៖ «ហេតុអ្វីអ្នកទាំងពីរបានរួមដៃគ្នាល្បងលឫទ្ធានុភាពរបស់ព្រះយេហូវ៉ា*ដូច្នេះ? មើល! ពួកអ្នកដែលបានបញ្ចុះសពប្ដីរបស់នាងក៏នៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងទៅដែរ»។
១០ រំពេចនោះ នាងដួលស្លាប់នៅជិតជើងពេត្រុស។ កាលដែលពួកយុវជនមកដល់ឃើញថានាងស្លាប់ហើយ ពួកគេក៏សែងនាងទៅបញ្ចុះនៅក្បែរសពប្ដីនាង។
១១ ហេតុនេះ ក្រុមជំនុំទាំងមូលនិងអស់អ្នកណាដែលបានឮអំពីការទាំងនេះ ក៏កោតខ្លាចជាខ្លាំង។
១២ ម្យ៉ាងទៀត ពួកសាវ័កបន្តធ្វើសញ្ញាសម្គាល់និងការអស្ចារ្យក្នុងចំណោមបណ្ដាជន+ ហើយពួកគាត់ទាំងអស់គ្នាតែងជួបជុំគ្នានៅល្វែងសាឡូម៉ូន។+
១៣ គ្មានអ្នកណាទៀតហ៊ានចូលរួមជាមួយនឹងពួកគាត់ឡើយ។ ទោះជាយ៉ាងនោះក៏ដោយ បណ្ដាជនបានសរសើរពួកគាត់យ៉ាងខ្លាំង។
១៤ រួចមក មនុស្សកាន់តែច្រើនទាំងប្រុសទាំងស្រីបានទៅជាអ្នកជឿលោកម្ចាស់។+
១៥ មនុស្សបាននាំអស់អ្នកដែលឈឺចេញមកផ្លូវធំៗ រួចដាក់លើគ្រែតូចៗនិងកម្រាល ដោយសង្ឃឹមថាពេលដែលពេត្រុសដើរកាត់ ស្រមោលរបស់គាត់អាចចោលលើអ្នកទាំងនោះ ដើម្បីបានជាសះស្បើយ។+
១៦ ម្យ៉ាងទៀត មនុស្សជាច្រើនពីក្រុងទាំងប៉ុន្មាននៅជុំវិញក្រុងយេរូសាឡិម ចេះតែមកឥតឈប់ ទាំងនាំអស់អ្នកដែលរងទុក្ខដោយសារពួកវិញ្ញាណអសោច និងមនុស្សដែលឈឺមកជាមួយផង ហើយពួកគេបានជាសះស្បើយគ្រប់គ្នា។
១៧ ប៉ុន្តែ សម្ដេចសង្ឃនិងពួកអ្នកពីនិកាយសាឌូស៊ីដែលនៅជាមួយគាត់ បានក្រោកឡើងទាំងមានចិត្តច្រណែនក្រៃលែង
១៨ រួចពួកគេចាប់ពួកសាវ័កដាក់ក្នុងគុកសាធារណៈ។+
១៩ ប៉ុន្តែនៅយប់នោះ ទេវតារបស់ព្រះយេហូវ៉ា*បានមកបើកទ្វារគុក+ រួចនាំពួកគាត់ចេញមក ហើយប្រាប់ថា៖
២០ «ចូរទៅឯវិហារ ហើយបន្តប្រាប់បណ្ដាជននូវដំណឹងល្អអំពីជីវិតដែលនឹងមកដល់»។
២១ ឮដូច្នេះ ពួកគាត់ក៏ចូលក្នុងវិហារពេលថ្ងៃរះ រួចចាប់ផ្ដើមបង្រៀន។
ក្រោយពីសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយបានមកដល់ ពួកគេក៏ប្រមូលក្រុមប្រឹក្សាជាន់ខ្ពស់និងពួកបុរសចាស់ទុំទាំងឡាយនៃពួកកូន*អ៊ីស្រាអែល រួចបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវ័កមក។
២២ លុះទៅដល់ហើយ ពួកកងរក្សាវិហារឃើញថាពួកសាវ័កមិននៅក្នុងគុកឡើយ។ ដូច្នេះ ពួកគេក៏វិលមកវិញ ហើយរាយការណ៍ថា៖
២៣ «យើងឃើញគុកនៅចាក់សោ ហើយបិទជិតល្អណាស់ ក៏ឃើញពួកអ្នកយាមកំពុងឈរនៅមាត់ទ្វារនៅឡើយ ប៉ុន្តែពេលដែលបើកទៅ យើងមិនឃើញអ្នកណានៅក្នុងនោះទេ»។
២៤ ឮដូច្នេះ ទាំងមេកងរក្សាវិហារទាំងពួកសង្ឃនាយកក៏ងឿងឆ្ងល់ជាខ្លាំងថារឿងនោះនឹងទៅជាយ៉ាងណាវិញ។
២៥ ប៉ុន្តែ មនុស្សម្នាក់បានមកដល់ ហើយរាយការណ៍ប្រាប់ពួកគេថា៖ «មើល! បុរសទាំងប៉ុន្មានដែលអ្នករាល់គ្នាបានដាក់គុក កំពុងឈរបង្រៀនបណ្ដាជននៅវិហារ»។
២៦ រួចមក មេកងរក្សាវិហារបានចេញទៅជាមួយនឹងពួកភ្នាក់ងាររបស់គាត់ ហើយបានចាប់ពួកសាវ័កមក តែមិនបានប្រើអំពើហិង្សាទេ ដោយសារខ្លាចបណ្ដាជនគប់ដុំថ្មសម្លាប់ពួកគេ។+
២៧ ដូច្នេះ ពួកគេក៏នាំពួកគាត់មកឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ រួចសម្ដេចសង្ឃសួរចម្លើយពួកគាត់
២៨ ហើយនិយាយថា៖ «យើងបានបង្គាប់អ្នករាល់គ្នាមិនឲ្យបង្រៀនដោយអាងឈ្មោះនោះជាដាច់ខាត+ តែមើល! អ្នករាល់គ្នាបានផ្សាយសេចក្ដីបង្រៀនរបស់អ្នកពេញក្រុងយេរូសាឡិម ហើយបានតាំងចិត្តធ្វើឲ្យយើងទទួលខុសត្រូវចំពោះឈាមបុរសនោះ»។+
២៩ ពេត្រុសនិងពួកសាវ័កឯទៀតបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។+
៣០ ព្រះនៃបុព្វបុរសរបស់យើងបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ជាលោកដែលអ្នករាល់គ្នាបានសម្លាប់ដោយព្យួរលើបង្គោលឈើ។+
៣១ គឺលោកនោះហើយដែលព្រះបានតម្កើងឲ្យនៅខាងស្ដាំដៃលោក+ ជាមេដឹកនាំ+និងជាអ្នកសង្គ្រោះ+ ដើម្បីឲ្យអ៊ីស្រាអែលប្រែចិត្ត រួចទទួលការអភ័យទោសចំពោះការខុសឆ្គង។+
៣២ យើងជាសាក្សីអំពីការទាំងនេះ+ ហើយសាក្សីមួយទៀតគឺឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ដែលលោកបានឲ្យដល់អ្នកណាដែលស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រង»។
៣៣ ពេលឮដូច្នេះ ពួកគេខឹងយ៉ាងខ្លាំង ហើយចង់សម្លាប់ពួកគាត់ចោល។
៣៤ ប៉ុន្តែ ផារិស៊ី*ម្នាក់ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់បានក្រោកឡើង គាត់ឈ្មោះកាម៉េលាល+ ជាគ្រូច្បាប់មួយរូបដែលបណ្ដាជនទាំងឡាយកោតគោរព។ គាត់បង្គាប់ឲ្យគេនាំបុរសទាំងនោះទៅខាងក្រៅបន្តិចសិន។
៣៥ រួចគាត់និយាយទៅពួកគេថា៖ «ជនជាតិអ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួនស្ដីអំពីអ្វីដែលអ្នករាល់គ្នាបម្រុងនឹងធ្វើចំពោះបុរសទាំងនោះ។
៣៦ ជាឧទាហរណ៍ នៅពេលមុន មានមនុស្សម្នាក់ឈ្មោះធើដាសដែលបានលើកខ្លួនជាវរជន ហើយបុរសប្រហែល៤០០នាក់បានចូលបក្សពួករបស់គាត់។ ប៉ុន្តែ គាត់ត្រូវគេសម្លាប់ចោល ឯអស់អ្នកដែលដើរតាមគាត់ ពួកគេបានខ្ចាត់ខ្ចាយ ហើយបាត់សូន្យទៅ។
៣៧ បន្ទាប់ពីគាត់ មានយូដាសពីស្រុកកាលីឡេបានក្រោកឡើងប្រឆាំង នៅសម័យដែលបណ្ដាជនត្រូវចុះបញ្ជី ហើយគាត់បានទាញនាំមនុស្សឲ្យទៅតាមគាត់។ ទោះជាយ៉ាងនោះក៏ដោយ គាត់ក៏ត្រូវគេសម្លាប់ដែរ ហើយអស់អ្នកដែលដើរតាមគាត់បានខ្ចាត់ខ្ចាយទៅ។
៣៨ អាស្រ័យហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំជ្រៀតជ្រែកក្នុងការរបស់បុរសទាំងនោះឡើយ ហើយកុំធ្វើអ្វីដល់ពួកគេឲ្យសោះ ពីព្រោះបើគម្រោងឬកិច្ចការនេះមកពីមនុស្ស នោះនឹងរលាយសាបសូន្យ។
៣៩ ប៉ុន្តែ ប្រសិនបើមកពីព្រះវិញ អ្នករាល់គ្នាមិនអាចរំលាយបានឡើយ។+ ពុំនោះសោត អ្នករាល់គ្នាប្រហែលជាកំពុងតយុទ្ធប្រឆាំងនឹងព្រះវិញ»។+
៤០ ឮដូច្នេះ ពួកគេស្ដាប់គាត់ រួចបានហៅពួកសាវ័កមក ហើយវាយពួកគាត់នឹងរំពាត់+ ថែមទាំងបង្គាប់ឲ្យឈប់និយាយដោយអាងនាមលោកយេស៊ូទៀត រួចក៏ដោះលែងពួកគាត់ទៅ។
៤១ ម្ល៉ោះហើយ ពួកគាត់ចេញពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ដោយត្រេកអរ+ ពីព្រោះពួកគាត់បានត្រូវរាប់ថាពួកគាត់សមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក។
៤២ ជារៀងរាល់ថ្ងៃ ក្នុងវិហារនិងពីផ្ទះមួយទៅផ្ទះមួយ+ ពួកគាត់បន្តបង្រៀននិងប្រកាសដំណឹងល្អឥតឈប់ អំពីលោកយេស៊ូដែលជាគ្រិស្ត។+
កំណត់សម្គាល់
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
^ ផារិស៊ីគឺជានិកាយដ៏ធំមួយនៃសាសនាយូដានៅសតវត្សរ៍ទី១ គ.ស.