លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក​១

គោលការណ៍នៃការបកប្រែគម្ពីរ

ដំបូង គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ អេរ៉ាម និង​ក្រិច។ សព្វ​ថ្ងៃ​នេះ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល ឬផ្នែកខ្លះ ជាង​៣.០០០​ភាសា។ មនុស្ស​ភាគ​ច្រើន​ដែល​អាន​គម្ពីរ មិនយល់​គម្ពីរ​ភាសា​ដើម​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​ពឹង​ផ្អែក​លើ​សេចក្ដី​បក​ប្រែ​វិញ។ តើ​ត្រូវ​ពិចារណា​គោល​ការណ៍​អ្វី​ខ្លះ​ពេល​បក​ប្រែ​គម្ពីរ? ហើយ​តើ​គោល​ការណ៍​ទាំង​នេះ​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច​ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដីបក​ប្រែ​ពិភព​លោក​ថ្មី?

អ្នក​ខ្លះ​គិត​ថា​ការ​បក​ប្រែ​តាម​ពាក្យ​នីមួយ​ៗ អាច​ជួយ​អ្នក​អាន​ឲ្យ​យល់​អត្ថន័យ​ជិត​ភាសា​ដើម​បំផុត។ ប៉ុន្តែ មិន​តែង​តែ​ដូច្នោះ​ទេ។ សូម​ពិចារណា​មូលហេតុ​មួយ​ចំនួន​៖

  • គ្មាន​ភាសា​ណា​ដែល​មាន​វេយ្យាករណ៍ ពាក្យ និង​ទម្រង់​ឃ្លា​ដូច​គ្នា​ទាំង​ស្រុង​ទេ។ សាស្ត្រាចារ្យ​ម្នាក់​ខាង​ភាសា​ហេប្រឺ​ឈ្មោះ​អេស អ័រ ដ្រាយវើ បាន​សរសេរ​ថា ភាសា​«​មិន​គ្រាន់​តែ​មាន​វេយ្យាករណ៍ ឬ​មាន​ឫសគល់​ភាសា​ខុស​គ្នា​ប៉ុណ្ណោះ​ទេ តែ . . . ក៏​ខុស​គ្នា​ត្រង់​ការ​រៀប​គំនិត​ក្នុង​ឃ្លា​ដែរ​»។ ភាសា​នីមួយ​ៗ​មាន​របៀប​គិត​គូរ​ខុស​ៗ​គ្នា។ សាស្ត្រាចារ្យ​ដ្រាយវើ បន្ត​និយាយ​ទៀត​ថា​៖ ​«​ហេតុ​នេះ ទម្រង់​ឃ្លា​នៃ​ភាសា​នីមួយ​ៗ​ក៏​មិន​ដូច​គ្នា​ដែរ​»។

  • នៅ​សព្វ​ថ្ងៃ​នេះ មិន​មាន​ភាសា​ណា​ដែល​មាន​ពាក្យ​ឬ​វេយ្យាករណ៍​ដូច​គ្នា​បេះ​បិទ​នឹង​ភាសា​ហេប្រឺ អេរ៉ាម និង​ក្រិច​នៅ​សម័យ​គម្ពីរ​នោះ​ទេ។ ដូច្នេះ ការ​បក​ប្រែ​គម្ពីរ​តាម​ពាក្យ​នីមួយ​ៗ អាច​ធ្វើ​ឲ្យ​យល់​ន័យ​មិន​ច្បាស់ ឬ​ពេល​ខ្លះ​អាច​យល់​ន័យ​ខុស​ទៀត​ផង។

  • អត្ថន័យ​នៃ​ពាក្យ​ឬ​កន្សោម​ពាក្យ​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​បរិបទ​ដែល​គេ​ប្រើ។

ក្នុង​កំណត់​ហេតុ​ខ្លះ អ្នក​បក​ប្រែ​ប្រហែល​ជា​អាច​បក​ន័យ​ត្រង់​តាម​ភាសា​ដើម​បាន តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។

មាន​ឧទាហរណ៍​ខ្លះ​ស្ដី​អំពី​ការ​បក​ប្រែ​តាម​ពាក្យ​នីមួយ​ៗ ដែល​អាច​នាំ​ឲ្យ​យល់​អត្ថន័យ​ខុស​៖

  • ក្នុង​បទ​គម្ពីរ​ប្រើ​ពាក្យ​«​ដេក​លក់​»​សំដៅ​លើ​ការ​ដេក​លក់​ធម្មតា ឬ​សំដៅ​លើ​ការ​ស្លាប់។ (​ម៉ាថាយ ២៨:១៣; សកម្មភាព ៧:៦០​) ពេល​មាន​ពាក្យ​ដូច​នេះ​ក្នុង​កំណត់​ហេតុ​ដែល​សំដៅ​លើ​ការ​ស្លាប់ អ្នក​បក​ប្រែ​គម្ពីរ​អាច​ប្រើ​ពាក្យ​«​ស្លាប់​»​ ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​យល់​អត្ថន័យ​ត្រឹម​ត្រូវ។—កូរិនថូស​ទី​១ ៧:៣៩; ថែស្សាឡូនិច​ទី​១ ៤:១៣; ពេត្រុស​ទី​២ ៣:៤

  • ក្នុង​អេភេសូរ ៤:១៤ សាវ័ក​ប៉ូល​បាន​ប្រើ​ឃ្លា​មួយ​ដែល​បក​ត្រង់​ថា​«​ក្នុង​ការ​លេង​គ្រាប់​ឡុកឡាក់​របស់​មនុស្ស​»។ នៅ​សម័យ​បុរាណ គេ​ប្រើ​ឃ្លា​នេះ​ដើម្បី​សំដៅ​លើ​ការ​បោក​បញ្ឆោត​អ្នក​ឯ​ទៀត​ដោយ​ប្រើ​គ្រាប់​ឡុកឡាក់។ ក្នុង​ភាសា​ភាគ​ច្រើន ការ​បក​ប្រែ​ត្រង់​ដូច​នេះ​មិន​មាន​អត្ថន័យ​អ្វី​ទេ។ ដូច្នេះ បើ​បក​ប្រែ​ឃ្លា​នេះ​ថា​«​អ្នក​បោក​បញ្ឆោត​»​ នោះ​ជួយ​បញ្ជាក់​អត្ថន័យ​ច្បាស់​ជាង។

  • នៅ​យ៉ូហាន​ទី​១ ៣:១៧ មាន​ពាក្យ​ជា​ភាសា​ក្រិច ន័យ​ត្រង់​ថា​«​ពោះ​វៀន​»។ ប៉ុន្តែ ក្នុង​ភាសា​ខ្មែរ បើ​បក​ប្រែ​តាម​ន័យ​ត្រង់​ដូច​នេះ មិន​អាច​យល់​ន័យ​ត្រឹម​ត្រូវ​ដូច​ភាសា​ដើម​បាន​ទេ។ ម្ល៉ោះ​ហើយ ក្នុង​គម្ពីរ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​ចិត្ត​អាណិត​មេត្តា​»។

  • ម៉ាថាយ ៥:៣

    បក​ប្រែ​ន័យ​ត្រង់​ថា​៖ ​«​អ្នក​ក្រ​ខ្សត់​ក្នុង​វិញ្ញាណ​»​

    បក​ប្រែ​គំនិត​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»​

    ពេល​លោក​យេស៊ូ​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​ប្រើ​ឃ្លា​មួយ​ដែល​ជា​ញឹក​ញយ​បាន​ត្រូវ​បក​ប្រែ​ថា​«​មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ​»។ (​ម៉ាថាយ ៥:៣, សមាគម​ព្រះ​គម្ពីរ​) ក៏​ប៉ុន្តែ ចំពោះ​ភាសា​ជា​ច្រើន ការ​បក​ប្រែ​ត្រង់​ដូច​នេះ​គឺ​ពិបាក​យល់។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​នេះ លោក​យេស៊ូ​កំពុង​បង្រៀន​មនុស្ស​ថា សុភមង្គល​ពិត​ប្រាកដ​មិន​មែន​បាន​មក​ពី​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​ទេ តែ​បាន​មក​ពី​ការ​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ។ (​លូកា ៦:២០​) ផ្ទុយ​ទៅ​វិញ ការ​បក​ប្រែ​ថា​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»​ ឬ​«​អស់​អ្នក​ដែល​ដឹង​ថា​ពួក​គេ​ត្រូវ​ការ​ព្រះ​»​ បញ្ជាក់​អត្ថន័យ​ភាសា​ដើម​បាន​ត្រឹម​ត្រូវ​ជាង។—ម៉ាថាយ ៥:៣

  • ក្នុង​កំណត់​ហេតុ​ជា​ច្រើន ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ប្រច័ណ្ឌ​»​ ឬ​«​ច្រណែន​»​ គឺ​ដូច​គ្នា​នឹង​ភាសា​ខ្មែរ​ដែល​មាន​ន័យ​ថា ការ​ខឹង​ចំពោះ​មនុស្ស​ជំនិត​ដែល​មើល​ទៅ​មិន​ស្មោះ​ត្រង់ ឬ​ការ​ច្រណែន​អ្នក​ឯ​ទៀត​ដែល​មាន​ទ្រព្យ​សម្បត្តិ។ (​សុភាសិត ៦:៣៤; អេសាយ ១១:១៣​) ក៏​ប៉ុន្តែ ពាក្យ​ភាសា​ហេប្រឺ​នេះ​ក៏​មាន​ន័យ​វិជ្ជមាន​ដែរ។ ជា​ឧទាហរណ៍ ពេល​រៀប​រាប់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពាក្យ​ភាសា​ហេប្រឺ​នេះ សំដៅ​លើ​«​ចិត្ត​ខ្នះ​ខ្នែង​»​របស់​លោក ឬ​ការ​ការ​ពារ​អ្នក​បម្រើ​របស់​លោក ឬ​ការ​«​តម្រូវ​ឲ្យ​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ​»។ (​ដំណើរ​ចាក​ចេញ ៣៤:១៤; បណ្ដា​ស្ដេច​ទី​២ ១៩:៣១; អេសេគាល ៥:១៣; សាការី ៨:២​) ពាក្យ​ហេប្រឺ​នេះ ក៏​សំដៅ​លើ​ចិត្ត​«​ខ្នះ​ខ្នែង​»​ដែល​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​មាន​ចំពោះ​លោក និង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​លោក ហើយ​ក៏​សំដៅ​លើ​ការ​«​មិន​ត្រា​ប្រណី​ចំពោះ​អស់​អ្នក​ដែល​ប្រឆាំង​»​នឹង​លោក​ដែរ។—ចម្រៀង​សរសើរ​ព្រះ ៦៩:៩; ១១៩:១៣៩; ជំរឿន​បណ្ដា​ជន ២៥:១១

  • ពាក្យ​ភាសា​ហេប្រឺ​យ៉ាត ធម្មតា​បាន​ត្រូវ​បក​ប្រែ​ថា«ដៃ» ប៉ុន្តែ​អាស្រ័យ​លើ​សាច់​រឿង ជួន​កាល​អាច​ត្រូវ​បក​ប្រែ​ថា«កម្លាំង» «ចិត្ត​ទូលាយ» ឬ«ឫទ្ធានុភាព» ហើយ​ក៏​អាច​បក​ប្រែ​តាម​របៀប​ជា​ច្រើន​ទៀត​ដែរ

    ពាក្យ​ភាសា​ហេប្រឺ​ដែល​ធម្មតា​សំដៅ​លើ​«​ដៃ​»​អាច​មាន​ន័យ​ផ្សេង​ៗ​អាស្រ័យ​លើ​សាច់​រឿង ជួន​កាល​បាន​ត្រូវ​បក​ប្រែ​ថា​«​កម្លាំង​»​ ​«​ចិត្ត​ទូលាយ​»​ ឬ​«​ឫទ្ធានុភាព​»។ (​សាំយូអែល​ទី​២ ៨:៣; បណ្ដា​ស្ដេច​ទី​១ ១០:១៣; ការ​បំភ្លឺ​ច្បាប់ ៧:៨​) ហេតុនេះ ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជា​ភាសា​ខ្មែរ ពាក្យ​នេះ​បាន​ត្រូវ​បក​ប្រែ​តាម​របៀប​ជា​ច្រើន។

ដោយ​គិត​ដល់​ចំណុច​ទាំង​នេះ អ្នក​បក​ប្រែ​គម្ពីរ​មិន​អាច​បក​ពាក្យ​ដដែល​ៗ​ដូច​ភាសា​ដើម​រាល់​ដង​ទេ។ ដូច្នេះ អ្នក​បក​ប្រែ​ត្រូវ​ពិចារណា​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​ជ្រើស​រើស​ពាក្យ​ដែល​មាន​គំនិត​ជិត​បំផុត​នឹង​ភាសា​ដើម។ បន្ថែម​ទៅ​ទៀត អ្នក​បក​ប្រែ​ត្រូវ​រៀប​ឃ្លា​ឲ្យ​សម​ត្រឹម​ត្រូវ​តាម​វេយ្យាករណ៍ ដើម្បី​ស្រួល​អាន។

ដំណាល​គ្នា​នោះ​ដែរ អ្នក​បក​ប្រែ​មិន​គួរ​កែ​សម្រួល​ឃ្លា​ហួស​ហេតុ​ពេក​ទេ។ អ្នក​បក​ប្រែ​ដែល​ចេះ​តែ​សង្ខេប​សេចក្ដី​តាម​ដែល​គាត់​យល់ នោះ​អាច​ធ្វើ​ឲ្យ​ខុស​អត្ថន័យ​កំណត់​ហេតុ​ទាំង​មូល​ក្នុង​គម្ពីរ។ តើ​តាម​របៀប​ណា? អ្នក​បក​ប្រែ​ប្រហែល​ជា​បញ្ចូល​គំនិត​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​កំណត់​ហេតុ ឬ​ដក​ចេញ​ព័ត៌មាន​សំខាន់​ដែល​មាន​នៅ​ក្នុង​នោះ។ ពិត​មែន​តែ​ការ​សង្ខេប​ព័ត៌មាន​ប្រហែល​ជា​ជួយ​ឲ្យ​ស្រួល​អាន តែ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​អាន​យល់​អត្ថន័យ​មិន​ត្រឹម​ត្រូវ។

លទ្ធិ​នៃ​ជំនឿ​របស់​អ្នក​បក​ប្រែ ក៏​ងាយ​ឲ្យ​គាត់​បក​ប្រែ​ដោយ​លម្អៀង​ដែរ។ ជា​ឧទាហរណ៍ ម៉ាថាយ ៧:១៣ ចែង​ថា​៖ ‹ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ› តែ​ដោយ​សារ​អ្នក​បក​ប្រែ​ខ្លះ​ប្រកាន់​ជំនឿ​ផ្ទាល់​ខ្លួន ពួក​គេ​បាន​ប្រើ​ពាក្យ​«​ស្ថាន​នរក​»​ ជំនួស​ពាក្យ​«​ការ​វិនាស​ជីវិត​»​ ទោះ​ជា​ពាក្យ​«​ការ​វិនាស​ជីវិត​»​ជា​អត្ថន័យ​ពិត​ប្រាកដ​ក្នុង​ភាសា​ក្រិច​ក៏​ដោយ។

ម្យ៉ាង​ទៀត អ្នក​បក​ប្រែ​គម្ពីរ​ត្រូវ​ចាំ​ជា​និច្ច​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ដែល​មនុស្ស​សាមញ្ញ​ដូច​ជា កសិករ គង្វាល និង​អ្នក​នេសាទ តែង​តែ​និយាយ​រាល់​ថ្ងៃ។ (​នេហេមា ៨:៨, ១២; សកម្មភាព ៤:១៣​) ដូច្នេះ សេចក្ដី​បក​ប្រែ​ល្អ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ ទោះ​ជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។ អ្នក​បក​ប្រែ​គួរ​ប្រើ​ពាក្យ​សាមញ្ញ ស្រួល​យល់ និង​ស្រួល​ឃើញ​រូប​ភាព មិន​មែន​ជា​ពាក្យ​ដែល​មនុស្ស​ធម្មតា​កម្រ​ប្រើ​នោះ​ទេ។

អ្នក​បក​ប្រែ​គម្ពីរ​មួយ​ចំនួន​ធំ​បាន​បំពាន​សិទ្ធិ ដោយ​ដក​នាម​របស់​ព្រះ គឺ​យេហូវ៉ា ចេញ​ពីសេចក្ដី​បក​ប្រែ​សម័យ​ទំនើប ទោះ​ជា​នាម​នោះ​មាន​នៅ​ក្នុង​ឯកសារ​គម្ពីរ​សម័យ​បុរាណ​ក៏​ដោយ។ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤​) សេចក្ដី​បក​ប្រែ​ជា​ច្រើន​បាន​ជំនួស​នាម​របស់​ព្រះ ដោយ​ដាក់​ពាក្យ​ដូច​ជា​«​ព្រះ​អម្ចាស់​»​វិញ ហើយ​ការ​បក​ប្រែ​ខ្លះ​ទៀត​បាន​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដឹង​ថា​ព្រះ​មាន​នាម​ឬ​មិន​មាន។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ខ្លះ​បាន​បក​ប្រែ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១៧:២៦ ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​លោក​»​ ហើយ​នៅ​យ៉ូហាន ១៧:៦ ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​លោក​ដល់​ពួក​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ​»។ ក៏​ប៉ុន្តែ សេចក្ដី​បក​ប្រែ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម បាន​បក​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក​»​ ហើយ​‹ខ្ញុំ​បាន​បង្ហាញ​នាម​របស់​លោកដល់​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ›។

ដូច​បាន​លើក​ឡើង​ក្នុង​ពាក្យ​ផ្ដើម​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជា​ភាសា​អង់គ្លេស​ដែល​ចេញ​ជា​លើក​ដំបូង​ថា​៖ ​«​យើង​មិន​បាន​សង្ខេប​សេចក្ដី​ក្នុង​បទ​គម្ពីរ​ឡើយ។ បើ​អាចបក​ប្រែ​ន័យ​ត្រង់​ជា​ភាសា​អង់គ្លេស ដោយ​មិន​ធ្វើ​ឲ្យ​បាត់​គំនិត​ឬ​ស្ដាប់​ទៅ​ឆ្គង នោះ​យើងខំព្យាយាម​បក​ប្រែ​តាម​ន័យ​ត្រង់ ពេល​ដែល​អាច​ធ្វើ​ទៅ​បាន​»។ ដូច្នេះ គណៈ​កម្មាធិការ​ខាង​ការ​បក​ប្រែ​គម្ពីរ​ពិភព​លោក​ថ្មី​បាន​ប្រឹង​ប្រែង​ប្រើ​ពាក្យ ឬ​ប្រយោគ​ដែល​មាន​អត្ថន័យ​ដូច​ភាសា​ដើម តែ​ដំណាល​គ្នា​នោះ​ជៀស​វាង​ប្រើ​ពាក្យ​ដែល​ឆ្គង ឬ​ពាក្យ​ដែល​នាំ​ឲ្យ​បាត់​គំនិត​សំខាន់។ ជា​លទ្ធផល មនុស្ស​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​អាន​គម្ពីរ ហើយ​អ្នក​អាន​អាច​ជឿ​ជាក់​ថា បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ។—ថែស្សាឡូនិច​ទី​១ ២:១៣