លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក​៤

នាមរបស់ព្រះក្នុងបទគម្ពីរភាសាហេប្រឺ

នាម​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ​នៅ​សម័យ​បុរាណ មុន​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន

នាម​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​លែង​ជា​ឈ្លើយ​នៅ​បាប៊ីឡូន

ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ នាម​របស់​ព្រះ​មាន​ជិត​៧.០០០​ដង តំណាង​ដោយ​អក្សរ​បួន​តួ יהוה ដែល​ច្រើន​តែ​ហៅ​ថា​តេត្រាក្រាម ហើយ​អក្សរ​បួន​តួ​នោះ​គឺ​«​យេហូវ៉ា​»។ នាម​យេហូវ៉ា​មាន​ច្រើន​ជាង​ឈ្មោះ​ផ្សេង​ៗ​ទៀត​ក្នុង​គម្ពីរ។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ពាក្យ​ផ្សេង​ៗ​ដើម្បី​ពណ៌នា​អំពី​ងារ​របស់​ព្រះ​ដូច​ជា ​«​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ ​«​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​ និង​«​ព្រះ​ជា​ម្ចាស់​»​ជា​ដើម។ ប៉ុន្តែ មាន​តែ​អក្សរ​តេត្រាក្រាម​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ប្រើ​សម្រាប់​នាម​របស់​ព្រះ។

ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​ប្រើ​នាម​របស់​លោក។ ជា​ឧទាហរណ៍ លោក​បាន​ដឹក​នាំ​អ្នក​ប្រកាស​ទំនាយ​យ៉ូអែល​ឲ្យ​សរសេរ​ថា​៖ ​«​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា នឹង​ត្រូវ​សង្គ្រោះ​»។ (​យ៉ូអែល ២:៣២​) បន្ថែម​ទៅ​ទៀត លោក​បាន​ធ្វើ​ឲ្យ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ សរសេរ​ថា​៖ ​«​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) តាម​ការ​ពិត គ្រាន់​តែ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ​ប៉ុណ្ណោះ មាន​នាម​របស់​ព្រះ​ប្រហែល​ជា​៧០០​ដង។ សៀវភៅ​នោះ​ជា​កម្រង​កំណាព្យ​ដែល​រាស្ត្រ​របស់​ព្រះ​ប្រើ​ដើម្បី​អាន​និង​ច្រៀង។ បើ​ដូច្នេះ ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន​គ្មាន​នាម​របស់​ព្រះ? ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​នេះ​ប្រើ​នាម​«​យេហូវ៉ា​»​? ហើយ​តើ​នាម​យេហូវ៉ា​ដែល​ជា​នាម​របស់​ព្រះ​មាន​អត្ថន័យ​អ្វី?

ពាក្យ​ផ្សេង​ៗ​ពី​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ​ក្នុង​រមូរ​សមុទ្រ​ស្លាប់ ដែល​មក​ពី​ដើម​សតវត្សរ៍​ទី​១ គ.ស.។ ពាក្យ​សរសេរ​ជា​អក្សរ​ហេប្រឺ​ដែល​បាន​ត្រូវ​ប្រើ​ជា​ទូទៅ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ពី​បាប៊ីឡូន។ ប៉ុន្តែ តេត្រាក្រាម​មាន​ម្ដង​ហើយ​ម្ដង​ទៀត​ជា​អក្សរ​ដែល​ស្រួល​សម្គាល់ថា ជា​អក្សរ​ហេប្រឺ​សម័យ​បុរាណ

ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន​គ្មាន​នាម​ព្រះ? មាន​មូលហេតុ​ផ្សេង​ៗ។ មនុស្ស​ខ្លះ​មាន​ទស្សនៈ​ថា ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ត្រូវ​ការ​នាម​ពិសេស​ណា​មួយ​ដើម្បី​សម្គាល់​លោក​ទេ។ តាម​មើល​ទៅ មនុស្ស​ខ្លះ​ទៀត​បាន​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​ជនជាតិ​យូដា​ដែល​មិន​ឲ្យ​ប្រើ​នាម​របស់​ព្រះ ប្រហែល​ជា​ដោយ​សារ​ពួក​គេ​ខ្លាច​ថា​នោះ​ជា​ការ​ប្រមាថ​មើល​ងាយ​លោក។ ប៉ុន្តែ អ្នក​ផ្សេង​ទៀត​ជឿ​ថា យើង​គួរ​ប្រើ​តែ​ងារ​របស់​ព្រះ​ដូច​ជា ​«​ព្រះ​ជា​ម្ចាស់​»​ ឬ​«​ព្រះ​»​ប៉ុណ្ណោះ ដោយ​សារ​គ្មាន​អ្នក​ណា​ដឹង​ពិត​ប្រាកដ​ថា​ត្រូវ​បញ្ចេញ​សំឡេង​នាម​របស់​ព្រះ​ដូច​ម្ដេច​ទេ។ ក៏​ប៉ុន្តែ ទស្សនៈ​ទាំង​នេះ​គ្មាន​មូលដ្ឋាន​ឡើយ ដោយ​សារ​មូលហេតុ​ដូច​ខាង​ក្រោម​៖

  • មនុស្ស​ដែល​អះអាង​ថា ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ត្រូវ​ការ​នាម​ពិសេស​ណា​មួយ បាន​មើល​រំលង​នូវ​ឯកសារ​ចម្លង​ផ្សេង​ៗ​នៃ​បណ្ដាំ​របស់​ព្រះ​ពី​សម័យ​ដើម​ដែល​មាន​នាម​របស់​ព្រះ ហើយ​សូម្បី​តែ​ឯកសារ​មុន​ជំនាន់​លោក​យេស៊ូ​ក៏​មាន​នាម​របស់​ព្រះ​ដែរ។ ដូច​បាន​រៀប​រាប់​ខាង​ដើម ព្រះ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​នាម​របស់​លោក​ក្នុង​បណ្ដាំ​របស់​លោក​ប្រហែល​ជា​៧.០០០​ដង។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​ចង់​ឲ្យ​យើង​ស្គាល់​លោក ហើយ​ប្រើ​នាម​របស់​លោក។

  • អ្នក​បក​ប្រែ​ដែល​បាន​ដក​នាម​របស់​ព្រះ​ចេញ​ពី​គម្ពីរ​ដោយ​សារ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជនជាតិ​យូដា មិន​បាន​ពិចារណា​អំពី​ការ​ពិត​ដ៏​សំខាន់​មួយ​គឺ ទោះ​ជា​ពួក​អ្នក​ចម្លង​ឯកសារ​គម្ពីរ​ខ្លះ​របស់​ជនជាតិ​យូដា មិន​ព្រម​ពោល​នាម​របស់​ព្រះ​ក៏​ដោយ តែ​ពួក​គេ​មិន​បាន​ដក​នាម​នោះ​ចេញ​ពី​គម្ពីរ​របស់​ពួក​គេ​ទេ។ ក្នុង​រមូរ​សម័យ​បុរាណ​ដែល​បាន​ត្រូវ​រក​ឃើញ​នៅ​ខាំរ៉ាន​ជិត​សមុទ្រ​ស្លាប់ មាន​នាម​របស់​ព្រះ​ជា​ច្រើន​ដង។ ដើម្បី​បង្ហាញ​ថា​នាម​របស់​ព្រះ​មាន​នៅ​ក្នុង​ឯកសារ​ដើម នោះ​អ្នក​បក​ប្រែ​ខ្លះ​បាន​ដាក់​ជំនួស​ដោយ​ពាក្យ​«​ព្រះ​ជា​ម្ចាស់​»​ជា​អក្សរ​ធំ​ៗ​វិញ។ ក៏​ប៉ុន្តែ បើ​អ្នក​បក​ប្រែ​ទាំង​នេះ​ទទួល​ស្គាល់​ថា មាន​នាម​របស់​ព្រះ​រាប់​ពាន់​ដង​ក្នុង​ឯកសារ​ដើម​នៃ​គម្ពីរ ហេតុ​អ្វី​ពួក​គេ​ហ៊ាន​ដក​ចេញ​ឬ​ដាក់​ពាក្យ​ផ្សេង​ជំនួស​នាម​របស់​ព្រះ? តើ​ពួក​គេ​គិត​ថា​អ្នក​ណា​ឲ្យ​សិទ្ធិ​ពួក​គេ​ធ្វើ​ដូច្នេះ? មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​បាន។

  • ចំណែក​មនុស្ស​ដែល​និយាយ​ថា​មិន​គួរ​ប្រើ​នាម​របស់​ព្រះ ដោយ​សារ​គ្មាន​អ្នក​ណា​ដឹង​ពិត​ប្រាកដ​ថា​ត្រូវ​បញ្ចេញ​សំឡេង​នាម​របស់​លោក​ដូច​ម្ដេច​ឡើយ ពួក​គេ​នៅ​តែ​ប្រើ​ឈ្មោះ​យេស៊ូ​ដោយ​ឥត​ស្ទាក់​ស្ទើរ។ ក៏​ប៉ុន្តែ អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ បាន​ហៅ​ឈ្មោះ​របស់​លោក​ខុស​គ្នា​ឆ្ងាយ​ពី​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។ គ្រិស្ត​សាសនិក​ដែល​ជា​ជនជាតិ​យូដា ប្រហែល​ជា​ហៅ​ឈ្មោះ​របស់​លោក​យេស៊ូ​ថា​យេសួ។ ចំណែក​ពាក្យ​«​គ្រិស្ត​»​វិញ បាន​ត្រូវ​ហៅ​ថា​ម៉ាសៀក ឬ​«​មេស្ស៊ី​»។ រីឯ​គ្រិស្ត​សាសនិក​ដែល​និយាយ​ភាសា​ក្រិច​ហៅ​លោក​យេស៊ូ​ថា​អ៊ីអេស៊ូស គ្រិស្តុស ហើយ​គ្រិស្ត​សាសនិក​ដែល​និយាយ​ភាសា​ឡាតាំង​ហៅ​លោក​យេស៊ូ​ថា​អៀស៊ូស គ្រិស្ទុស។ បទ​គម្ពីរ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ មាន​ឈ្មោះ​របស់​លោក​យេស៊ូ​តាម​របៀប​ដែល​ជន​ជាតិ​ក្រិច​ហៅ​ឈ្មោះ​របស់​លោក។ នេះ​បង្ហាញ​ថា​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​មាន​គំនិត​សម​ហេតុ​ផល ដោយ​ហៅ​ឈ្មោះ​របស់​លោក​យេស៊ូ​តាម​របៀប​ធម្មតា​សម្រាប់​ភាសា​របស់​ពួក​គេ។ ស្រដៀង​គ្នា​ដែរ គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​យល់​ថា គឺ​ជា​ការ​សម​ហេតុ​ផល​ដែល​ប្រើ​នាម​«​យេហូវ៉ា​»​ ទោះ​ជា​ការ​បញ្ចេញ​សំឡេង​នាម​របស់​លោក​មិន​ដូច​គ្នា​បេះ​បិទ​នឹង​ជន​ជាតិ​ហេប្រឺ​នៅ​សម័យ​បុរាណ​ក៏​ដោយ។

ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មីប្រើ​នាម​«​យេហូវ៉ា​»​? ជា​ភាសា​ខ្មែរ តេត្រាក្រាម​ដែល​ជា​អក្សរ​បួន​តួ (​יהוה​) បាន​ត្រូវ​តំណាង​ដោយ​ព្យញ្ជនៈ យ​ហ​វ​ហ។ នៅ​សម័យ​បុរាណ ពាក្យ​ភាសា​ហេប្រឺ​ទាំង​អស់​បាន​ត្រូវ​សរសេរ​ដោយ​គ្មាន​ស្រៈ​ទេ។ ដូច្នេះ តេត្រាក្រាម​ក៏​គ្មាន​ស្រៈ​ដែរ។ អ្នក​ដែល​ចេះ​អាន​ភាសា​ហេប្រឺ​ស្រួល​ដឹង​ថា​គួរ​ប្រកប​ព្យញ្ជនៈ​ទាំង​នោះ​ជា​មួយ​នឹង​ស្រៈ​មួយ​ណា។

ប្រហែល​មួយ​ពាន់​ឆ្នាំ​ក្រោយ​ពី​បញ្ចប់​បទ​គម្ពីរ​ភាសា​ហេប្រឺ បណ្ឌិត​ជនជាតិ​យូដា​បាន​បង្កើត​សញ្ញា​ផ្សេង​ៗ​ដែល​បញ្ជាក់​ថា គួរ​ប្រកប​អក្សរ​ហេប្រឺ​ជា​មួយ​នឹង​ស្រៈ​មួយ​ណា។ ប៉ុន្តែ នៅ​ពេល​នោះ​ជនជាតិ​យូដា​ជា​ច្រើន​មាន​ជំនឿ​ឆ្វេង​ថា ការ​ពោល​នាម​របស់​ព្រះ​គឺ​ខុស។ ដូច្នេះ ពួក​គេ​បាន​ប្រើ​ពាក្យ​ផ្សេង​ជំនួស​នាម​របស់​ព្រះ​វិញ។ ហេតុ​នេះ តាម​មើល​ទៅ​ពេល​ដែល​ពួក​គេ​ចម្លង​តេត្រាក្រាម​នោះ ពួក​គេ​បាន​យក​ព្យញ្ជនៈ​បួន​តួ​ដែល​ជា​តំណាង​នាម​របស់​ព្រះ មក​ប្រកប​ជា​មួយ​នឹង​ស្រៈ​ក្នុង​ពាក្យ​ដែល​ពួក​គេ​បាន​ដាក់​ជំនួស​នាម​របស់​ព្រះ។ ម្ល៉ោះ​ហើយ ឯកសារ​ដែល​មាន​សញ្ញា​បញ្ជាក់​ស្រៈ​ទាំង​នោះ មិន​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​របៀប​បញ្ចេញ​សំឡេង​នាម​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​តាម​ភាសា​ហេប្រឺ​ដើម​ទេ។ មនុស្ស​ខ្លះ​គិត​ថា នាម​របស់​ព្រះ​បាន​ត្រូវ​ពោល​ថា​«​យ៉ាវេ​»​ រីឯ​អ្នក​ខ្លះ​ទៀត​គិត​ថា​នាម​របស់​លោក​បាន​ត្រូវ​ពោល​ខុស​ពី​នេះ។ រមូរ​មួយ​ពី​សមុទ្រ​ស្លាប់​មាន​ផ្នែក​ខ្លះ​នៃ​សៀវភៅ​ច្បាប់​លេវី​ជា​ភាសា​ក្រិច។ ក្នុង​រមូរ​នោះ​នាម​របស់​ព្រះ​បាន​ត្រូវ​សរសេរ​ថា​អ៊ីយ៉ាអូ។ អ្នក​និពន្ធ​ជន​ជាតិ​ក្រិច​ឯ​ទៀត​ពី​សម័យ​បុរាណ​ឲ្យ​យោបល់​ថា នាម​របស់​ព្រះ​ត្រូវ​ពោល​ថា​អ៊ីយ៉ាអេ ឬ​អ៊ីយ៉ាបេ ឬ​អ៊ីយ៉ាអ៊ូអេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្នក​ណា​អាច​និយាយ​យ៉ាង​ដាច់​ខាត​ថា ត្រូវ​ពោល​នាម​របស់​ព្រះ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ទេ។ យើង​មិន​អាច​ដឹង​ថា អ្នក​បម្រើ​ព្រះ​ដែល​និយាយ​ភាសា​ហេប្រឺ​នៅ​សម័យ​បុរាណ ធ្លាប់​បញ្ចេញ​សំឡេង​នាម​របស់​លោក​ដូច​ម្ដេច​ឡើយ។ (​ដើម​កំណើត ១៣:៤; ដំណើរ​ចាក​ចេញ ៣:១៥​) ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​គឺ​ថា ព្រះ​បាន​ប្រើ​នាម​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ពេល​ដែល​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក ហើយ​ពួក​គេ​ក៏​និយាយ​ទៅ​លោក​ដោយ​ប្រើ​នាម​លោក ថែម​ទាំង​ប្រើ​នាម​របស់​លោក​ក្នុង​ពេល​ពួក​គេ​និយាយ​គ្នា​ដែរ។—ដំណើរ​ចាក​ចេញ ៦:២; បណ្ដា​ស្ដេច​ទី១ ៨:២៣; ចម្រៀង​សរសើរ​ព្រះ ៩៩:៩

បើ​ដូច្នេះ ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​នេះ​ប្រើ​នាម​«​យេហូវ៉ា​»​? ពី​ព្រោះ​នាម​«​យេហូវ៉ា​»​បាន​ត្រូវ​ប្រើ​ជា​យូរ​យារ​មក​ហើយ​ក្នុង​ភាសា​ជា​ច្រើន រួម​ទាំង​ភាសា​ខ្មែរ​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ភាសា​ខ្មែរ​ដែល​បាន​ត្រូវ​បក​ប្រែ​ដោយ​អាថឺ អិល ហាម៉ូន ហើយ​បាន​ត្រូវ​បោះ​ពុម្ព​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៣ មាន​នាម​«​យេហ៊ូ​វ៉ា​»​ពេញ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ មនុស្ស​ជា​ច្រើន​នៅ​ប្រើ​សេចក្ដី​បក​ប្រែ​នោះ​នៅ​សព្វ​ថ្ងៃ​នេះ។

នាម​របស់​ព្រះ​នៅ​សៀវភៅ​ដើម​កំណើត ១៥:២ ក្នុង​សេចក្ដី​បក​ប្រែ​របស់ វីល្លាម ធីនដេល ពី​សៀវភៅ​ដើម​កំណើត​ដល់​ការ​បំភ្លឺ​ច្បាប់​នៅ​ឆ្នាំ​១៥៣០

លើក​ទី​១​ដែល​មាន​នាម​របស់​ព្រះ​ក្នុង​គម្ពីរ​ភាសា​អង់គ្លេស គឺ​នៅ​ឆ្នាំ​១៥៣០ ពេល​វីល្លាម ធីនដេល បក​ប្រែ​សៀវភៅ​ដើម​កំណើត​ដល់​ការ​បំភ្លឺ​ច្បាប់។ គាត់​បាន​ប្រើ​នាម​«​អ៊ីយេហោវ៉ា​»។ យូរ​ៗ​ទៅ ភាសា​អង់គ្លេស​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​របៀប​ប្រកប​នាម​របស់​ព្រះ​ក៏​បាន​ផ្លាស់​ប្ដូរ​ដែរ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៦១២ ហេនរី អេនស្វឺត បាន​ប្រើ​នាម​«​អ៊ី​យេហូវ៉ា​»​ ពេល​គាត់​បក​ប្រែ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ។ បន្ទាប់​មក នៅ​ឆ្នាំ​១៦៣៩ ពេល​សេចក្ដី​បក​ប្រែ​របស់​គាត់​បាន​ត្រូវ​កែ​សម្រួល​និង​បោះ​ពុម្ព​ជា​មួយ​នឹង​សៀវភៅ​ដើម​កំណើត​ដល់​ការ​បំភ្លឺ​ច្បាប់ នោះ​នាម​«​យេហូវ៉ា​»​បាន​ត្រូវ​ប្រើ​ក្នុង​សេចក្ដី​បក​ប្រែ​នោះ។ នៅ​ឆ្នាំ​១៩០១ ពួក​អ្នក​បក​ប្រែ​គម្ពីរ​បមាណីយ​អាម៉េរិក (​American Standard Version​) បាន​ប្រើ​នាម​«​យេហូវ៉ា​»​នៅ​គ្រប់​កន្លែង​ដែល​មាន​នាម​នោះ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។

នៅ​ឆ្នាំ​១៩១១ ចូសេហ្វ ប្រាយ៉ាន រ៉ូថឺរ៉ាម ដែល​ជា​បណ្ឌិត​គម្ពីរ​ល្បី​ឈ្មោះ​ម្នាក់ បាន​សរសេរ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា សៀវភៅ​សិក្សា​ចម្រៀង​សរសើរ​ព្រះ (​Studies in the Psalms​)។ ក្នុង​សៀវភៅ​នោះ​គាត់​បាន​ប្រើ​នាម​«​យេហូវ៉ា​»​ជា​ជាង​«​យ៉ាវេ​»។ គាត់​ប្រាប់​អំពី​មូលហេតុ​ដែល​គាត់​ប្រើ​នាម​យេហូវ៉ា ព្រោះ​គាត់​ចង់​«​ប្រើ​នាម​មួយ​ដែល​អ្នក​អាន​គម្ពីរ​ទូទៅ​ធ្លាប់​ស្គាល់​ហើយ​ទទួល​យក​»។ នៅ​ឆ្នាំ​១៩៣០ បណ្ឌិត អេ អេហ្វ ខឺកផាទ្រីក ក៏​បាន​បញ្ជាក់​ចំណុច​ស្រដៀង​គ្នា​ដែរ ស្ដី​អំពី​នាម​«​យេហូវ៉ា​»។ គាត់​បាន​និយាយ​ថា​៖ ​«​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ជំនាញ​ខាង​វេយ្យាករណ៍​ប្រកែក​ថា នាម​នោះ​គួរ​អាន​ថា​យ៉ាវេ ឬ​យ៉ាហាវេ។ ប៉ុន្តែ តាម​មើល​ទៅ នាម​យេហូវ៉ា​ជា​នាម​ដែល​បាន​ត្រូវ​ប្រើ​ជា​យូរ​មក​ហើយ​ក្នុង​ភាសា​អង់គ្លេស។ ការ​ទទួល​ស្គាល់​នាម​នោះ​ថា​ជា​នាម​របស់​ព្រះ គឺ​សំខាន់​ជាង​ការ​បញ្ចេញ​សំឡេង​ត្រឹម​ត្រូវ ហើយ​មិន​មែន​ជា​ការ​ប្រើ​ងារ​ណា​មួយ​ដូច​ជា​‹ព្រះ​ជា​ម្ចាស់› មក​ជំនួស​នាម​របស់​ព្រះ​នោះ​ទេ​»។

តេត្រាក្រាម យ​ហ​វ​ហ មាន​ន័យ​ថា៖«លោក​ធ្វើ​ឲ្យ​ក្លាយ​ជា»ឬ«លោក​ធ្វើ​ឲ្យ​កើត​មក»

កិរិយាសព្ទ ហ​វ​ហ មាន​ន័យ​ថា៖«ក្លាយ​ជា»ឬ«កើត​មក»

តើ​នាម​យេហូវ៉ា​មាន​អត្ថន័យ​អ្វី? ក្នុង​ភាសា​ហេប្រឺ នាម​យេហូវ៉ា​មក​ពី​កិរិយាសព្ទ​ដែល​មាន​ន័យ​ថា​«​ក្លាយ​ជា​»​ឬ​«​កើត​មក​»។ បណ្ឌិត​មួយ​ចំនួន​យល់​ថា កិរិយាសព្ទ​ហេប្រឺ​នេះ​បញ្ជាក់​អំពី​ការ​ធ្វើ​ឲ្យ​កើត​មក ឬ​ការ​ធ្វើ​ឲ្យ​ក្លាយ​ជា។ ហេតុ​នេះ គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​យល់​ថា នាម​របស់​ព្រះ​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។ បណ្ឌិត​ផ្សេង​ៗ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​រឿង​នេះ ដូច្នេះ​យើង​មិន​អាច​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ស្ដី​អំពី​អត្ថន័យ​នៃ​នាម​របស់​ព្រះ​បាន​ឡើយ។ ក៏​ប៉ុន្តែ អត្ថន័យ​នេះ​គឺ​សម​នឹង​តួ​នាទី​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ និង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រេច។ លោក​មិន​គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​កើត​មាន​សកល​លោក បុគ្គល​វិញ្ញាណ និង​មនុស្សជាតិ​ប៉ុណ្ណោះ​ទេ តែ​បន្តិច​ម្ដង​ៗ លោក​បន្ត​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​និង​គោល​បំណង​របស់​លោក​ក្លាយ​ជា​ការ​ពិត។

ម្ល៉ោះ​ហើយ អត្ថន័យ​នៃ​នាម​យេហូវ៉ា​រួម​បញ្ចូល​ច្រើន​ជាង​អ្វី​ដែល​មាន​នៅ​ក្នុង​បទ​គម្ពីរ​ដំណើរ​ចាក​ចេញ ៣:១៤ ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»។ ពាក្យ​ទាំង​នោះ​មិន​បញ្ជាក់​អត្ថន័យ​ពេញ​លេញ​នៃ​នាម​របស់​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​ទាំង​នោះ​បង្ហាញ​អំពី​គុណ​សម្បត្តិ​មួយ​របស់​ព្រះ ដោយ​បង្ហាញ​ថា លោក​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ស្រប​តាម​កាលៈទេសៈ​នី​មួយ​ៗ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រេច។ ដូច្នេះ ទោះ​ជា​នាម​យេហូវ៉ា​រួម​បញ្ចូល​អត្ថន័យ​នេះ​ក៏​ដោយ អត្ថន័យ​នៃ​នាម​លោក​មិន​បញ្ជាក់​តែ​អំពី​អ្វី​ដែល​លោក​ចង់​ក្លាយ​ទៅ​ជា​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​បញ្ចូល​អ្វី​ដែល​លោក​ធ្វើ​ឲ្យ​កើត​ឡើង​ចំពោះ​អ្វី​ៗ​ដែល​លោក​បង្កើត​ដែរ ព្រម​ទាំង​អ្វី​ដែល​លោក​ធ្វើ​ឲ្យ​កើត​ឡើង​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។