ចូរចាំយាម!
កម្ដៅកើនឡើងខុសពីធម្មតានៅទូទាំងពិភពលោក តើគម្ពីរចែងយ៉ាងណា?
ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ កំណត់ត្រាអំពីបម្រែបម្រួលអាកាសធាតុបានរាយការណ៍នៅទូទាំងពិភពលោកដូចតទៅ៖
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានមួយបានរាយការណ៍ថា៖«នេះជាលើកទី២ហើយក្នុងខែនេះ ដែលប្រទេសចិនបានព្រមានមនុស្សនៅប្រមាណ៧០ក្រុង អំពីការកើនឡើងយ៉ាងខ្លាំងនៃកម្ដៅអាកាសធាតុ»(CNN Wire Service)។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានមួយបានរាយការណ៍ថា៖«ដោយសារការកើនឡើងនៃកម្ដៅអាកាសធាតុនៅទូទាំងទ្វីបអឺរ៉ុប នោះធ្វើឲ្យមានភ្លើងឆេះព្រៃក្នុងប្រទេសជាច្រើននៅទ្វីបនោះ»(The Guardian)។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានមួយរៀបរាប់ថា៖«នៅថ្ងៃអាទិត្យ ក្រុងជាច្រើនក្នុងសហរដ្ឋអាម៉េរិក កម្ដៅអាកាសធាតុបានកើនឡើងយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក ពេលដែលរលកកម្ដៅបានរាលដាលនៅទូទាំងតំបន់ឆ្នេរភាគខាងកើត ភាគខាងត្បូង និងតំបន់នៅកណ្ដាលសហរដ្ឋ»(The New York Times)។
តើការប្រែប្រួលនេះមានន័យយ៉ាងណា? នៅទីបំផុត តើផែនដីយើងនៅតែអាចទ្រទ្រង់ជីវិតទាំងឡាយបានទេ? តើគម្ពីរចែងយ៉ាងណា?
តើគម្ពីរបានប្រាប់ទុកជាមុនអំពីការកើនឡើងកម្ដៅខុសពីធម្មតាឬទេ?
គឺប្រាប់។ ការកើនឡើងកម្ដៅអាកាសធាតុខុសពីធម្មតា គឺស្របនឹងអ្វីដែលគម្ពីរចែងអំពីសម័យយើង។ ជាឧទាហរណ៍ លោកយេស៊ូបានប្រកាសទុកជាមុនថាយើងនឹងឃើញ«អ្វីដែលគួរឲ្យខ្លាច»ឬ«អ្វីចម្លែកៗនិងអ្វីដែលគួរឲ្យតក់ស្លុត»។ (លូកា ២១:១១; Good News Translation) ដោយសារការកើនឡើងកម្ដៅនៅទូទាំងពិភពលោក នោះមនុស្សជាច្រើនភ័យខ្លាចថាអ្វីដែលមនុស្សកំពុងធ្វើ អាចបង្ខូចផែនដី។
តើផែនដីយើងនឹងទៅជាកន្លែងដែលមិនអាចរស់នៅបានឬ?
មិនមែនទេ។ ព្រះបានបង្កើតផែនដីជាលំនៅដ៏ស្ថិតស្ថេររបស់មនុស្សជាតិ។ (ចម្រៀងសរសើរព្រះ ១១៥:១៦; អ្នកទូន្មាន ១:៤) លោកនឹងមិនអនុញ្ញាតឲ្យមនុស្សជាតិបំផ្លាញផែនដីទេ។ ផ្ទុយទៅវិញ លោកនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»ដូចលោកបានសន្យា។—ការបើកបង្ហាញ ១១:១៨
សូមពិចារណានូវអ្វីពីរយ៉ាងដែលព្រះបានសន្យាថានឹងធ្វើសម្រាប់ផែនដីយើង៖
«តំបន់ស្ងាត់ជ្រងំនិងតំបន់ហួតហែងនឹងអរសប្បាយ វាលរហោស្ថាននឹងត្រេកអរ ហើយមានផ្ការីកស្គុសស្គាយ»។ (អេសាយ ៣៥:១) ព្រះនឹងមិនអនុញ្ញាតឲ្យផែនដីយើងក្លាយទៅជាទីរហោស្ថានដែលមិនអាចរស់នៅបានទេ។ ផ្ទុយទៅវិញ លោកនឹងធ្វើឲ្យផ្នែកខ្លះនៃផែនដីដែលបានត្រូវបង្ខូចល្អដូចដើមវិញ។
«លោកថែរក្សាផែនដី លោកធ្វើឲ្យផែនដីបង្កើតភោគផលល្អៗយ៉ាងបរិបូរ»។ (ចម្រៀងសរសើរព្រះ ៦៥:៩) ព្រះនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។
ដើម្បីរៀនថែមទៀតថាតើបម្រែបម្រួលអាកាសធាតុបានកើតឡើងដូចគម្ពីរប្រកាសទុកជាមុនតាមរបៀបណា សូមអានអត្ថបទដែលមានចំណងជើងថា«ផលវិបាកពីបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?»។
ដើម្បីស្វែងយល់ថែមទៀតអំពីសេចក្ដីសន្យាដែលថាផែនដីនឹងត្រូវកែលម្អឡើងវិញ សូមមើលអត្ថបទដែលមានចំណងជើងថា«តើអ្នកណានឹងស្រោចស្រង់ផែនដី?»។