តើនឹងមានថ្ងៃមួយដែលលែងមានអំពើភេរវកម្មទៀតឬទេ?
បើអ្នកឃើញឬរងអំពើភេរវកម្ម អ្នកប្រហែលជាឆ្ងល់ថា៖‹តើព្រះឃើញឬទេ? ហេតុអ្វីរឿងបែបនេះកើតឡើង? តើពេលណាភេរវកម្ម aនឹងលែងមានទៀត? តើខ្ញុំអាចស៊ូទ្រាំនឹងភាពភ័យខ្លាចយ៉ាងដូចម្ដេច?› គម្ពីរមានចម្លើយដ៏គាប់ចិត្តចំពោះសំណួរទាំងនេះ។
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះអំពើភេរវកម្ម?
ព្រះស្អប់អំពើឃោរឃៅនិងភេរវកម្ម។ (ចម្រៀងសរសើរព្រះ ១១:៥; សុភាសិត ៦:១៦, ១៧) លោកយេស៊ូដែលជាតំណាងព្រះក៏ស្អប់អំពើទាំងនោះដែរ ពីព្រោះពេលដែលពួកអ្នកកាន់តាមលោកបានប្រព្រឹត្តយ៉ាងឃោរឃៅ លោកបានស្ដីបន្ទោសឲ្យពួកគេ។ (ម៉ាថាយ ២៦:៥០-៥២) ទោះជាអ្នកខ្លះបានអះអាងថាពួកគេប្រព្រឹត្តអំពើហិង្សាដើម្បីការពារនាមរបស់ព្រះក៏ដោយ តែព្រះមិនបានបង្គាប់ពួកគេឲ្យធ្វើដូច្នេះទេ ហើយលោកថែមទាំងមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេទៀតផង។—អេសាយ ១:១៥
ព្រះរមែងគិតអំពីអស់អ្នកដែលរងទុក្ខ រួមទាំងអស់អ្នកដែលរងទុក្ខដោយសារអំពើភេរវកម្មដែរ។ (ចម្រៀងសរសើរព្រះ ៣១:៧; ពេត្រុសទី១ ៥:៧) មិនត្រឹមតែប៉ុណ្ណោះ គម្ពីរក៏ប្រាប់ថាព្រះនឹងបំបាត់ចោលអំពើហិង្សាទាំងឡាយ។—អេសាយ ៦០:១៨
ដើមហេតុដែលនាំឲ្យមានភេរវកម្ម
គម្ពីរប្រាប់អំពីដើមហេតុដែលនាំឲ្យមានអំពើភេរវកម្ម។ គម្ពីរចែងថា៖«មនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា»។ (អ្នកទូន្មាន ៨:៩) អស់រាប់រយឆ្នាំមកហើយ មនុស្សដែលមានអំណាចបង្កើតភេរវកម្មឬប្រព្រឹត្តយ៉ាងឃោរឃៅដើម្បីគាបសង្កត់អ្នកឯទៀត។ ហេតុនេះហើយបានជាមនុស្សមួយចំនួនរើបម្រាស់ ដោយបង្កើតភេរវកម្មតបតទៅវិញ។—អ្នកទូន្មាន ៧:៧
ទីបញ្ចប់នៃភេរវកម្ម
ព្រះសន្យាថានឹងបំបាត់ចោលអំពើឃោរឃៅទាំងអស់។ បន្ថែមទៅទៀត លោកនឹងធ្វើឲ្យមនុស្សលែងភ័យខ្លាច ហើយរស់នៅដោយមានភាពសុខសាន្តពេញផែនដី។ (អេសាយ ៣២:១៨; មីកា ៤:៣, ៤) លោកនឹង . . .
បំបាត់ចោលដើមហេតុដែលនាំឲ្យមានភេរវកម្ម។ ព្រះនឹងជំនួសរដ្ឋាភិបាលទាំងឡាយរបស់មនុស្សដោយរដ្ឋាភិបាលរបស់លោក។ អ្នកគ្រប់គ្រងនៃរដ្ឋាភិបាលនោះ គឺជាលោកយេស៊ូគ្រិស្ត។ លោកនឹងប្រព្រឹត្តដោយយុត្តិធម៌ដល់មនុស្សគ្រប់រូប ហើយលោកនឹងបំបាត់ចោលការសង្កត់សង្កិននិងអំពើឃោរឃៅ។ (ចម្រៀងសរសើរព្រះ ៧២:២, ១៤) ក្រោមការគ្រប់គ្រងរបស់លោក នឹងគ្មានអ្នកណាបង្កឲ្យមានភេរវកម្មទេ។ នៅគ្រានោះ មនុស្ស«នឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
បំបាត់ចោលផលវិបាកទាំងអស់ដែលមកពីភេរវកម្ម។ ព្រះនឹងធ្វើឲ្យមនុស្សដែលរងផលវិបាកពីអំពើភេរវកម្មបានជាសះស្បើយ មិនថារបួសផ្លូវកាយឬរបួសផ្លូវចិត្ត។ (អេសាយ ៦៥:១៧; ការបើកបង្ហាញ ២១:៣, ៤) លោកក៏បានសន្យាថានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយឲ្យពួកគេរស់នៅយ៉ាងសុខសាន្តលើផែនដី។—យ៉ូហាន ៥:២៨, ២៩
គម្ពីរមិនគ្រាន់តែប្រាប់អំពីសេចក្ដីសន្យារបស់ព្រះ តែក៏ផ្ដល់ទីសំអាងបញ្ជាក់ថា មិនយូរទៀតព្រះនឹងបំបាត់ចោលដើមហេតុនិងផលវិបាកដែលមកពីភេរវកម្ម។ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ‹មកដល់ឥឡូវ ហេតុអ្វីព្រះនៅតែមិនទាន់បំបាត់ចោលអំពើភេរវកម្មទៀត?›។ ដើម្បីស្វែងរកចម្លើយចំពោះសំណួរនេះ សូមទស្សនាវីដេអូដែលមានចំណងជើងថា ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
a ជាទូទៅ ភេរវកម្មសំដៅទៅលើបទល្មើសទាំងឡាយណា ដែលប្រព្រឹត្តឡើងដោយចេតនាដើម្បីប្រឆាំងនឹងជនស៊ីវិល ក្រោមគោលបំណងបំផុសបំផុលឲ្យមានការគំរាមកំហែងឬការប្រើហិង្សាដើម្បីបំភ័យប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរនយោបាយ សាសនា ឬសង្គម។ ប៉ុន្តែ មនុស្សមួយចំនួនប្រហែលជាមិនយល់ស្របថា ទង្វើទាំងនេះគឺជាអំពើភេរវកម្មទេ។