លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន

របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន

 តើ​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដែល​នឹក​ស្មាន​មិន​ដល់​ទេ? បើ​ដូច្នេះ​មែន នោះ​ច្បាស់​ជា​មាន​ឥទ្ធិពល​មក​លើ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក ហើយ​អ្នក​ក៏​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ដែរ។ តើ​អ្នក​អាច​ប្រឈម​មុខ​នឹង​ស្ថានភាព​នោះ​តាម​របៀប​ណា? តើ​អ្នក​អាច​ជួយ​មិត្ត​ភក្តិ​ឬ​សមាជិក​គ្រួសារ​ដែល​កំពុង​មាន​បញ្ហា​សុខភាព​យ៉ាង​ដូច​ម្ដេច? ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ខាង​ពេទ្យ​ក្ដី តែ​គម្ពីរ​មាន​គោល​ការណ៍​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យោបល់​ដែល​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព

  •   ស្វែង​រក​ការ​ព្យាបាល

     អ្វី​ដែល​គម្ពីរ​ចែង​៖​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»។—ម៉ាថាយ ៩:១២

     របៀប​អនុវត្ត​៖ សូម​ស្វែង​រក​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជំនាញ។

     សូម​សាក​ធ្វើ​ដូច្នេះ​៖ សូម​ស្វែង​រក​ការ​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក។ ពេល​ខ្លះ​ប្រហែល​ជា​ល្អ​ជាង​ឲ្យ​យើង​សុំ​យោបល់​ពី​គ្រូ​ពេទ្យ​ផ្សេង​ទៀត។ (​សុភាសិត ១៤:១៥​) សូម​ពិភាក្សា​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​យល់​អ្វី​ដែល​គាត់​ពន្យល់ និង​ដើម្បី​គាត់​អាច​យល់​ស្ថានភាព​ទាំង​អស់​នៃ​ជំងឺ​របស់​អ្នក។ (​សុភាសិត ១៥:២២​) សូម​ស្វែង​យល់​ពី​ជំងឺ​របស់​អ្នក រួម​ទាំង​វិធី​ព្យាបាល​ផង​ដែរ។ ពេល​អ្នក​ដឹង​ច្បាស់​អំពី​ស្ថានភាព​ជំងឺ​របស់​អ្នក នោះ​នឹង​ស្រួល​ឲ្យ​អ្នក​ទទួល​យក​ស្ថានភាព​នោះ​ជាង ហើយ​ក៏​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ស្ដី​អំពី​វិធី​ព្យាបាល​ដែរ។

  •   មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថែ​រក្សា​សុខភាព

     អ្វី​ដែល​គម្ពីរ​ចែង​៖​«​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»​ដល់​រាង​កាយ។—ធីម៉ូថេ​ទី​១ ៤:៨

     របៀប​អនុវត្ត​៖ អ្នក​អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថែ​ទាំ​សុខភាព ដូច​ជា​ហាត់​ប្រាណ​ជា​ទៀង​ទាត់​ជា​ដើម។

     សូម​សាក​ធ្វើ​ដូច្នេះ​៖ សូម​ហាត់​ប្រាណ​ជា​ទៀង​ទាត់ បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ អ្នក​ប្រហែល​ជា​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ជំងឺ​របស់​ខ្លួន ហើយ​អ្នក​ជំនាញ​ខាង​សុខភាព​បាន​យល់​ស្រប​ថា​បើ​យើង​ខំ​ព្យាយាម​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថែ​ទាំ​សុខភាព យើង​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន។ ប៉ុន្តែ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​នោះ​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​កាន់​តែ​ដុនដាប និង​ខុស​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ឡើយ។

  •   ស្វែង​រក​ជំនួយ​ពី​អ្នក​ឯ​ទៀត

     អ្វី​ដែល​គម្ពីរ​ចែង​៖​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

     របៀប​អនុវត្ត​៖ មិត្ត​ភក្តិ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក។

     សូម​សាក​ធ្វើ​ដូច្នេះ​៖ សូម​ប្រាប់​អស់​ពី​ចិត្ត​នូវ​អារម្មណ៍​របស់​អ្នក​ដល់​មិត្ត​ភក្តិ​ដែល​អ្នក​ទុក​ចិត្ត។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត ហើយ​មាន​អារម្មណ៍​ល្អ​ជាង។ មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​ទំនង​ជា​ចង់​ជួយ​អ្នក​តាម​របៀប​ផ្សេង​ៗ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ។ ដូច្នេះ សូម​ប្រាប់​ពួក​គេ​ចំ​ៗ​ថា​អ្នក​ត្រូវ​ការ​ជំនួយ​អ្វី​ខ្លះ។ សូម​កុំ​រំពឹង​ពី​ពួក​គេ​ច្រើន​ពេក ហើយ​សូម​មាន​អំណរ​គុណ​ជា​និច្ច។ ម្យ៉ាង​ទៀត សូម​ចាំ​ថា​សូម្បី​តែ​មិត្ត​ភក្តិ​ចង់​ជួយ​អ្នក​ក៏​ដោយ ពេល​ខ្លះ​ពួក​គេ​ប្រហែល​ជា​ធ្វើ​ច្រើន​ពេក​ដល់​អ្នក។ ដូច្នេះ អ្នក​ប្រហែល​ជា​ត្រូវ​ដាក់​កម្រិត ដូច​ជា​ពួក​គេ​អាច​មក​សួរ​សុខ​ទុក្ខ​ប៉ុន្មាន​ដង និង​អាច​នៅ​យូរ​ប៉ុន​ណា។

  •   រក្សា​ចិត្ត​គំនិត​វិជ្ជមាន

     អ្វី​ដែល​គម្ពីរ​ចែង​៖​«​ចិត្ត​រីករាយ​ជា​ថ្នាំ​វិសេស តែ​ចិត្ត​ខ្ទេច​ខ្ទាំ​ធ្វើ​ឲ្យ​អស់​កម្លាំង​រលីង​»។—សុភាសិត ១៧:២២

     របៀប​អនុវត្ត​៖ ការ​មាន​គំនិត​វិជ្ជមាន​និង​មិន​អស់​សង្ឃឹម អាច​ជួយ​អ្នក​រក្សា​ចិត្ត​ស្ងប់​ដើម្បី​អ្នក​អាច​ស៊ូ​ទ្រាំ​បញ្ហា​សុខភាព​នោះ។

     សូម​សាក​ធ្វើ​ដូច្នេះ​៖ ពេល​អ្នក​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន មិន​មែន​ទៅ​លើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ សូម​កុំ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ឬ​ប្រៀប​ធៀប​ជា​មួយ​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ​ពេល​អ្នក​មាន​សុខភាព​ល្អ​នោះ​ឡើយ។ (​កាឡាទី ៦:៤​) សូម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន ព្រោះ​នោះ​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​គំនិត​វិជ្ជមាន​ជា​និច្ច។ (​សុភាសិត ២៤:១០​) បើ​កាលៈទេសៈ​អំណោយ​ផល សូម​រក​ឱកាស​ធ្វើ​ល្អ​ដល់​អ្នក​ឯ​ទៀត ព្រោះ​ការ​ឲ្យ​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​នោះ​ក៏​អាច​ជួយ​អ្នក​កុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បញ្ហា​របស់​ខ្លួន​ដែរ។—សកម្មភាព ២០:៣៥

តើ​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ឬ​ទេ?

 គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា aអាច​ជួយ​អ្នក​ជំងឺ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព។ យើង​មិន​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ព្យាបាល​យើង​ដោយ​អព្ភូតហេតុ​ទេ តែ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​អាច​ទទួល​ជំនួយ​ពី​លោក​តាម​របៀប​ដូច​ខាង​ក្រោម​៖

 សេចក្ដី​សុខ​សាន្ត។ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភីលីព ៤:៦, ៧​) សេចក្ដី​សុខ​សាន្ត​ឬ​ចិត្ត​ស្ងប់​នេះ អាច​ជួយ​បុគ្គល​ម្នាក់​កុំ​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក ហើយ​ព្រះ​ផ្ដល់​សេចក្ដី​សុខ​សាន្ត​នេះ​ទៅ​អ្នក​ដែល​អធិដ្ឋាន​ទៅ​លោក និង​អ្នក​ដែល​ប្រាប់​ពី​ទុក្ខ​កង្វល់​ដល់​លោក។—ពេត្រុស​ទី​១ ៥:៧

 ប្រាជ្ញា។ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ប្រាជ្ញា​ដល់​យើង​បាន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ។ (​យ៉ាកុប ១:៥​) បុគ្គល​ម្នាក់​អាច​ទទួល​ប្រាជ្ញា​នេះ​បាន លុះ​ត្រា​តែ​គាត់​រៀន​និង​អនុវត្ត​តាម​គោល​ការណ៍​គម្ពីរ។

 សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត។ ព្រះ​យេហូវ៉ា​សន្យា​ថា​នៅ​ថ្ងៃ​អនាគត​«​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ពួក​គេ​នឹង​មិន​និយាយ​ថា​៖‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។ (​អេសាយ ៣៣:២៤​) សេចក្ដី​សង្ឃឹម​នេះ​នឹង​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រក្សា​ចិត្ត​គំនិត​វិជ្ជមាន សូម្បី​តែ​ពួក​គេ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ក៏​ដោយ។—យេរេមា ២៩:១១, ១២

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨