ចូរចាំយាម!
អ្នកនយោបាយព្រមានអំពីសង្គ្រាមអាម៉ាគេដូន តើគម្ពីរចែងយ៉ាងណា?
នាព្រឹកថ្ងៃច័ន្ទទី១០ ខែតុលា ឆ្នាំ២០២២ ទាហានរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងផ្សេងៗនៅប្រទេសអ៊ុយក្រែនដើម្បីធ្វើការសងសឹក។ ហេតុការណ៍នេះបានកើតឡើងពីរថ្ងៃ ក្រោយពីមានការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយដែលតភ្ជាប់តំបន់គ្រីមានិងប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងមិនយូរ ក្រោយពីអ្នកនយោបាយខ្លះបានព្រមានថា សង្គ្រាមអាម៉ាគេដូនប្រហែលជាកើតឡើងនាពេលឆាប់ៗខាងមុខនេះ។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកចូ បៃដិនបាននិយាយថា៖«យើងមិនដែលនៅកៀកនឹងសង្គ្រាមអាម៉ាគេដូនដូចនេះទេ តាំងពីគ្រាលោកកិនណាឌី(ប្រធានាធិបតីសហរដ្ឋអាម៉េរិក) និងប្រទេសគុយបាមានវិបត្តិមីស៊ីលមកម្ល៉េះ។ . . . ខ្ញុំគិតថា បើប្រើអាវុធនុយក្លេអ៊ែរគឺអាចនាំឲ្យមានសង្គ្រាមអាម៉ាគេដូន»។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានBBC បានរាយការណ៍ថា ពេលគេសួរប្រធានាធិបតី វូឡូឌីមៀ ហ្សេលេនស្គី អំពីផលវិបាកនៃការប្រើអាវុធនុយក្លេអ៊ែរ គាត់បាននិយាយថា៖«ខ្ញុំយល់ស្របថាយើងអាចមានសង្គ្រាមអាម៉ាគេដូនឆាប់ៗនេះ ហើយភពផែនដីទាំងមូលនឹងប្រឈមគ្រោះថ្នាក់»។
តើអាចទៅរួចទេដែលការប្រើអាវុធនុយក្លេអ៊ែរអាចនាំឲ្យមានសង្គ្រាមអាម៉ាគេដូន? តើគម្ពីរចែងយ៉ាងណា?
តើអាវុធនុយក្លេអ៊ែរនឹងបណ្ដាលឲ្យមានសង្គ្រាមអាម៉ាគេដូនឬ?
អត់ទេ! ពាក្យ«អាម៉ាគេដូន»មានតែម្ដងគត់ក្នុងគម្ពីរនៅសៀវភៅការបើកបង្ហាញ ជំពូកទី១៦ ខ១៦។ នេះមិនសំដៅទៅលើសង្គ្រាមរវាងប្រជាជាតិនានានោះទេ តែជាសង្គ្រាមរវាងព្រះនិង«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ការបើកបង្ហាញ ១៦:១៤) ព្រះនឹងប្រើសង្គ្រាមអាម៉ាគេដូនដើម្បីបំផ្លាញការគ្រប់គ្រងរបស់មនុស្ស។—ដានីយ៉ែល ២:៤៤
ដើម្បីរៀនថែមទៀតថាតើសង្គ្រាមអាម៉ាគេដូនមានឥទ្ធិពលយ៉ាងណាទៅលើផែនដី សូមអានអត្ថបទដែលមានចំណងជើងថា«តើសង្គ្រាមអាម៉ាគេដូនជាអ្វី?»។
តើភពផែនដីនិងមនុស្សយើងនឹងត្រូវបំផ្លាញដោយសង្គ្រាមនុយក្លេអ៊ែរឬ?
អត់ទេ! ទោះជាពួកអ្នកគ្រប់គ្រងអាចប្រើអាវុធនុយក្លេអ៊ែរនៅថ្ងៃអនាគតក៏ដោយ ព្រះនឹងមិនអនុញ្ញាតឲ្យផែនដីត្រូវបំផ្លាញឡើយ។ គម្ពីរចែងថា៖
«ផែនដីនៅស្ថិតស្ថេរជារៀងរហូត»។—អ្នកទូន្មាន ១:៤
«មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។—ចម្រៀងសរសើរព្រះ ៣៧:២៩
ប៉ុន្តែ ទំនាយក្នុងគម្ពីរនិងព្រឹត្តិការណ៍ថ្មីៗនេះបង្ហាញថាមិនយូរទៀតនឹងមានការផ្លាស់ប្ដូរយ៉ាងធំលើផែនដី។ (ម៉ាថាយ ២៤:៣-៧; ធីម៉ូថេទី២ ៣:១-៥) សូមស្វែងយល់នូវអ្វីដែលគម្ពីរចែងអំពីអនាគត តាមរយៈវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃ។