លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ

ការទស្សនាកម្មវិធីមហាសន្និបាត

ការទស្សនាកម្មវិធីមហាសន្និបាត

នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១

 មហា​សន្និបាត​តាម​ភូមិ​ភាគ​ឆ្នាំ​២០២០ គឺ​ជា​មហា​សន្និបាត​ប្រវត្តិ​សាស្ត្រ​របស់​យើង។ នោះ​គឺ​ជា​មហា​សន្និបាត​ទី​១​ដែល​បាន​ថត​ទុក​និង​អាច​មើល​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែ នៅ​ប្រទេស​ម៉ាឡាវី​និង​ប្រទេស​ម៉ូសំប៊ិក បង​ប្អូន​ភាគ​ច្រើន​អាច​មើល​កម្ម​វិធី​មហា​សន្និបាត​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​អ៊ីនធឺណិត។ តើ​តាម​របៀប​ណា?

 គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង​និង​គណៈ​កម្មាធិការ​ខាង​បង្រៀន​នៃ​គណៈ​អភិបាល បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​មហា​សន្និបាត​តាម​ទូរទស្សន៍​និង​វិទ្យុ​នៅ​ប្រទេស​ម៉ាឡាវី​និង​ប្រទេស​ម៉ូសំប៊ិក។ នោះ​ជា​ករណី​លើក​លែង។ ហេតុ​អ្វី​ចាំ​បាច់​មាន​ករណី​លើក​លែង​បែប​នេះ? ប្រទេស​ម៉ាឡាវី​គឺ​ជា​ប្រទេស​មួយ​ដែល​អ៊ីនធឺណិត​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ទូ​ទាំង​ពិភព​លោក ហើយ​មាន​តែ​សាក្សី​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។ បង​វីល្លាម ឆូមប៊ី ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ម៉ាឡាវី បាន​ប្រាប់​ថា​៖​«​វិទ្យុ​និង​ទូរទស្សន៍ គឺ​ជា​របៀប​មួយ​ប៉ុណ្ណោះ​ដែល​បង​ប្អូន​របស់​យើង​អាច​មើល​មហា​សន្និបាត​បាន​»។ បង​លូកា ស៊ីប៊េកូ​ដែល​បម្រើ​ជា​គណៈ​កម្មាធិការ​ការិយាល័យ​ម៉ាឡាវី បាន​បន្ថែម​ថា​៖​«​បើ​យើង​មិន​អាច​មើល​មហា​សន្និបាត​តាម​ទូរទស្សន៍​ឬ​តាម​វិទ្យុ​ទេ នោះ​មាន​តែ​បង​ប្អូន​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​ការិយាល័យ​របស់​យើង អាច​ទទួល​ប្រយោជន៍​ពី​មហា​សន្និបាត​»។ នៅ​ប្រទេស​ម៉ូសំប៊ិក​ក៏​ដូច​គ្នា​ដែរ មាន​តែ​បង​ប្អូន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អាច​ទិញ​គ្រឿង​អេឡិចត្រូនិក​និង​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។

ធ្វើ​ការ​រៀបចំ​ផ្សេង​ៗ​

 ដោយ​សារ​រោគ​រាត​ត្បាត​កូវីដ​១៩ ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុ​ខ្លះ​បាន​ចាក់​ផ្សាយ​កម្ម​វិធី​កិច្ច​ប្រជុំ​របស់​យើង​រួច​ហើយ។ a ដូច្នេះ បង​ប្អូន​របស់​យើង​បាន​ទាក់​ទង​ស្ថានីយ​ទាំង​នោះ​ដើម្បី​សុំ​ចាក់​ផ្សាយ​បន្ថែម​នូវ​កម្ម​វិធី​មហា​សន្និបាត​របស់​យើង។

 នៅ​ប្រទេស​ម៉ាឡាវី បង​ប្អូន​យើង​បាន​ជួប​ការ​ពិបាក​មួយ។ ធម្មតា អតិថិជន​ដែល​សុំ​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុ នោះ​មាន​កម្រិត​ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។ ស្ថានីយ​នោះ​បារម្ភ​ថា​បើ​យើង​ចាក់​ផ្សាយ​កម្ម​វិធី​យូរ​ជាង ប្រហែល​គ្មាន​អ្នក​ស្ដាប់​ឬ​អ្នក​ទស្សនា​ទេ។ ប៉ុន្តែ បង​ប្អូន​របស់​យើង​បាន​ពន្យល់​ថា កិច្ច​ការ​របស់​យើង​គឺ​ជា​កិច្ចការ​ដែល​ជួយ​មនុស្ស​ក្នុង​សហគមន៍។ ទោះ​ជា​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ក្ដី យើង​នៅ​តែ​ផ្ដល់​ដំណឹង​ល្អ​អំពី​ការ​សម្រាល​ទុក្ខ​ពី​គម្ពីរ​ដល់​សាធារណជន។ ដំណឹង​នោះ​អាច​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។ ក្រោយ​ពី​ឮ​ដូច្នេះ ស្ថានីយ​នោះ​បាន​ទទួល​យក​ការ​ស្នើ​សុំ​របស់​បង​ប្អូន​យើង​ឲ្យ​ចាក់​ផ្សាយ​បន្ថែម​ទៀត។

 នៅ​ប្រទេស​ម៉ាឡាវី កម្ម​វិធី​មហា​សន្និបាត​របស់​យើង​បាន​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​និង​ស្ថានីយ​វិទ្យុ​មួយ ហើយ​ស្ថានីយ​ទាំង​ពីរ​អាច​ចាក់​ផ្សាយ​ពេញ​ប្រទេស ហើយ​មនុស្ស​រាប់​លាន​នាក់​អាច​មើល​និង​ស្ដាប់​កម្ម​វិធី​នោះ​បាន។ នៅ​ប្រទេស​ម៉ូសំប៊ិក កម្ម​វិធី​មហា​សន្និបាត​របស់​យើង​បាន​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​និង​ស្ថានីយ​វិទ្យុ​៨៥។

 សម្រាប់​ប្រទេស​ទាំង​ពីរ យើង​បាន​ចំណាយ​សម្រាប់​ការ​ចាក់​ផ្សាយ​កម្ម​វិធី​មហា​សន្និបាត​តាម​ស្ថានីយ​ទូរទស្សន៍ អស់​២៨.២២៧​ដុល្លារ b ហើយ​ចំណាយ​ជិត​២០.០០០​ដុល្លារ​សម្រាប់​ចាក់​ផ្សាយ​តាម​វិទ្យុ។ ការ​ចំណាយ​សម្រាប់​ចាក់​ផ្សាយ​តាម​វិទ្យុ​គឺ​ចាប់​ពី​១៥​ដុល្លារ​សម្រាប់​ស្ថានីយ​តូច​ៗ រហូត​ដល់​២.៧៧៧​ដុល្លារ​សម្រាប់​ស្ថានីយ​វិទ្យុជាតិ។

 បង​ប្អូន​របស់​យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ប្រើ​ប្រាស់​វិភាគទាន​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។ ជា​ឧទាហរណ៍​នៅ​ប្រទេស​ម៉ាឡាវី ពួក​គេ​បាន​សុំ​ស្ថានីយ​ផ្សេង​ៗ​បញ្ចុះ​តម្លៃ ហើយ​មាន​ស្ថានីយ​មួយ​បាន​បញ្ចុះ​តម្លៃ​រហូត​ដល់​៣០​ភាគ​រយ​ទៀត​ផង។ ហើយ​ការ​បញ្ចុះ​តម្លៃ​នោះ​បាន​សន្សំ​ប្រាក់​សរុប​១.៧១១​ដុល្លារ។ នៅ​ប្រទេស​ម៉ូសំប៊ិក ស្ថានីយ​ខ្លះ​បាន​សុខ​ចិត្ត​បញ្ចុះ​តម្លៃ​ឲ្យ​យើង ដោយ​សារ​យើង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ការ​ប្រព្រឹត្ត​ទៀង​ត្រង់​និង​បង់​ថ្លៃ​ទៀង​ពេល។

ការ​បង្ហាញ​ចិត្ត​ដឹង​គុណ

 បង​ប្អូន​របស់​យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ខ្លាំង​ណាស់​ដែល​បាន​ស្ដាប់​និង​ទស្សនា​កម្ម​វិធី​មហា​សន្និបាត​របស់​យើង តាម​ស្ថានីយ​ក្នុង​តំបន់​របស់​ពួក​គេ។ បង​ផាទ្រីក​ដែល​ជា​អ្នក​ចាស់​ទុំ​ក្នុង​ប្រទេស​ម៉ាឡាវី​បាន​និយាយ​ថា​៖​«​យើង​ពិត​ជា​អរគុណ​បង​ប្រុស​ៗ​ដែល​ជា​គណៈ​អភិបាល​ចំពោះ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គាត់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​អំឡុង​រោគ​រាត​ត្បាត​នេះ។ បង​អៃ​សាក​ដែល​មក​ពី​ប្រទេស​ម៉ាឡាវី ក៏​និយាយ​ថា​៖​«​យើង​មិន​មាន​គ្រឿង​អេឡិចត្រូនិក​ទេ ដូច្នេះ​យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ណាស់​សម្រាប់​ការ​រៀបចំ​ដ៏​ពិសេស​នេះ​ពី​អង្គការ​ព្រះ​យេហូវ៉ា ដែល​ឲ្យ​យើង​អាច​ស្ដាប់​កម្ម​វិធី​មហា​សន្និបាត​តាម​រយៈ​វិទ្យុ​នេះ។ ដោយ​សារ​ការ​រៀបចំ​នេះ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​អាច​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​មហា​សន្និបាត។ នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក​»។

 មហា​សន្និបាត​ឆ្នាំ​២០២០​គឺ​ជា​មហា​សន្និបាត​ដំបូង​របស់​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​នៅ​ប្រទេស​ម៉ូសំប៊ិក។ គាត់​បាន​និយាយ​ថា​៖​«​ការ​ទស្សនា​កម្ម​វិធី​មហា​សន្និបាត​តាម​ទូរទស្សន៍ បាន​រំលឹក​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ រោគ​រាត​ត្បាត​នេះ​មិន​បាន​រា​រាំង​លោក​ពី​ការ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ឡើយ ហើយ​យើង​អាច​ទស្សនា​នៅ​ក្នុង​បន្ទប់​យើង​តែ​ម្ដង។ ខ្ញុំ​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​នេះ​ជា​សាសនា​ពិត​»។

 អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​វីសិន​បាន​និយាយ​ថា​៖​«​ខ្ញុំ​ពិត​ជា​ចង់​បង្ហាញ​ចិត្ត​ដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ក្នុង​អំឡុង​រោគ​រាត​ត្បាត​នេះ។ ការ​រៀបចំ​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍ បាន​ជួយ​យើង​ជា​ច្រើន​នាក់​ដែល​មិន​សូវ​មាន​លុយ​ក្នុង​ប្រទេស​ដែល​ក្រី​ក្រ​នេះ អាច​ទស្សនា​និង​ទទួល​ប្រយោជន៍​ពី​មហា​សន្និបាត​នេះ​»។

 សម្រាប់​មហា​សន្និបាត​តាម​ភូមិ​ភាគ​ឆ្នាំ​២០២១ គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង​និង​គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន បាន​អនុញ្ញាត​ឲ្យ​មាន​ករណី​លើក​លែង​ម្ដង​ទៀត​ដើម្បី​ចាក់​ផ្សាយ​មហា​សន្និបាត​របស់​យើង​តាម​ទូរទស្សន៍​និង​វិទ្យុ​នៅ​ក្នុង​សហគមន៍​ខ្លះ។ តើ​យើង​អាច​ចំណាយ​ចំពោះ​ការ​ចាក់​ផ្សាយ​កម្ម​វិធី​មហា​សន្និបាត​របស់​យើង​តាម​របៀប​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​តាម​រយៈ​វិភាគទាន​ទូ​ទាំង​ពិភព​លោក។ វិភាគទាន​ជា​ច្រើន​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ​ក្នុង​គេហទំព័រ​donate.mt1130.com។ យើង​អរគុណ​ដែល​បង​ប្អូន​បាន​ជូន​វិភាគទាន​ដោយ​ចិត្ត​ទូលាយ។

a នៅ​ដើម​ឆ្នាំ​២០២០ គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង​បាន​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​កម្ម​វិធី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ តាម​ទូរទស្សន៍​និង​វិទ្យុ​ក្នុង​តំបន់​ខ្លះ​ក្នុង​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត​កូវីដ​១៩។ ការ​រៀបចំ​នេះ​បាន​ជួយ​ពួក​អ្នក​ដែល​មិន​អាច​ត​ភ្ជាប់​កិច្ច​ប្រជុំ​តាម​ក្រុម​ជំនុំ​របស់​ខ្លួន​ឬ​តាម​JW​ផ្សាយ​ឡើង​វិញ ដោយ​សារ​ពួក​គេ​រស់​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​សេវា​អ៊ីនធឺណិត ហើយ​ទូរស័ព្ទ​របស់​ពួក​គេ​មិន​មាន​សេវា​ឬ​ថ្លៃ​ពេក។ ប៉ុន្តែ ការ​រៀបចំ​នេះ​មិន​មែន​សម្រាប់​តំបន់​ដែល​អាច​ភ្ជាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ឡើយ។

b ចំនួន​ទឹក​ប្រាក់​ដុល្លារ​ក្នុង​អត្ថបទ​នេះ​គឺ​សំដៅ​ទៅ​លើ​ដុល្លារ​អាម៉េរិក។