លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វី​ដែល​មនុស្ស​និយាយ​អំពី​សេចក្ដី​អធិដ្ឋាន

អ្វី​ដែល​មនុស្ស​និយាយ​អំពី​សេចក្ដី​អធិដ្ឋាន

ម៉ារៀ​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អធិដ្ឋាន ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​នៅ​ក្បែរ​ខ្ញុំ ហាក់​ដូច​ជា​លោក​កាន់​ដៃ​ខ្ញុំ ហើយ​ណែនាំ​ខ្ញុំ​ពេល​ខ្ញុំ​វង្វេង​»។

រ៉ាអ៊ូល​បាន​រៀប​រាប់​ថា​៖ ​«​ប្រពន្ធ​របស់​ខ្ញុំ​បាន​ស្លាប់​ក្រោយ​ពី​មាន​ជំងឺ​មហា​រីក​អស់​រយៈ​ពេល​១៣​ឆ្នាំ។ ខ្ញុំ​ចាំ​ថា​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​រាល់​ថ្ងៃ ហើយ​មាន​អារម្មណ៍​ថា​លោក​កំពុង​ស្ដាប់​ខ្ញុំ ជា​ពិសេស​ពេល​ដែល​ខ្ញុំ​កំពុង​ឈឺ​ចាប់។ នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខ​សាន្ត​»។

អារណឺ​ក៏​ប្រាប់​ដែរ​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ឲ្យ​ដល់​មនុស្ស​»។

សម្រាប់​ម៉ារៀ រ៉ាអ៊ូល អារណឺ និង​មនុស្ស​ជា​ច្រើន​ទៀត ការ​អធិដ្ឋាន​គឺ​ជា​អំណោយ​ដ៏​ពិសេស​មួយ។ ពួក​គេ​មាន​អារម្មណ៍​ថា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន ពួក​គេ​អាច​និយាយ​ទៅ​កាន់​ព្រះ អរគុណ​លោក និង​សុំ​ជំនួយ​ពី​លោក។ ពួក​គេ​ជឿ​ជាក់​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​គម្ពីរ​ចែង​ស្ដី​អំពី​ការ​អធិដ្ឋាន​ទៅ​ព្រះ​ដែល​ថា​៖ ​«​យើង​មាន​ទំនុក​ចិត្ត​ថា អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។—យ៉ូហាន​ទី​១ ៥:១៤

ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ច្រើន​មិន​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​ស្ដី​អំពី​សេចក្ដី​អធិដ្ឋាន​ទេ។ ស្ទេវ​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ស្ដី​អំពី​សេចក្ដី​អធិដ្ឋាន​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ មិត្ត​ភក្ដិ​បី​នាក់​របស់​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ម្នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ពីរ​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​សមុទ្រ​»។ តើ​ស្ទេវ​បាន​ធ្វើ​អ្វី? គាត់​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​ដឹង​អំពី​មូលហេតុ​ដែល​អ្វី​ទាំង​នេះ​កើត​ឡើង។ ប៉ុន្តែ​ព្រះ​មិន​បាន​ឆ្លើយ​តប​នោះ​ទេ ដូច្នេះ​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​‹អធិដ្ឋាន​ធ្វើ​អី?›​»។ ការ​អធិដ្ឋាន​ដែល​មើល​ទៅ​គ្មាន​ការ​តប​ឆ្លើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​សួរ​ថា តើ​គួរ​បន្ត​អធិដ្ឋាន​ឬ​យ៉ាង​ណា?

មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​មនុស្ស​ខ្លះ​គិត​ថា សេចក្ដី​អធិដ្ឋាន​គ្មាន​ប្រយោជន៍​ចំពោះ​ពួក​គេ។ អ្នក​ខ្លះ​និយាយ​ថា យើង​មិន​ចាំ​បាច់​ប្រាប់​លោក​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​និង​បញ្ហា​របស់​យើង​ទេ ដោយ​សារ​ព្រះ​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​រួច​ទៅ​ហើយ។

អ្នក​ខ្លះ​ទៀត​ជឿ​ថា ព្រះ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​ទេ​ដោយ​សារ​តែ​កំហុស​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ ជេននី​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​តម្លៃ។ ខ្ញុំ​បាន​ធ្វើ​រឿង​ដែល​ខ្ញុំ​សោក​ស្ដាយ ដូច្នេះ​ខ្ញុំ​ប្រាប់​ខ្លួន​ថា សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​មិន​សម​នឹង​ឲ្យ​ព្រះ​ស្ដាប់​ទេ​»។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​អធិដ្ឋាន? ប្រសិន​បើ​អ្នក​ធ្លាប់​មាន​កង្វល់​និង​ការ​សង្ស័យ​ស្រដៀង​គ្នា​នេះ​អំពី​ការ​អធិដ្ឋាន អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​គម្ពីរ​អាច​ផ្ដល់​ចម្លើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងប់​ចិត្ត។ យើង​អាច​ទុក​ចិត្ត​អ្វី​ដែល​គម្ពីរ​បាន​ចែង​អំពី​ការ​អធិដ្ឋាន a ហើយ​គម្ពីរ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ព្រះ​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​ទេ?

  • ហេតុ​អ្វី​ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​អស់?

  • តើ​អ្នក​ត្រូវ​អធិដ្ឋាន​តាម​របៀប​ណា​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់?

  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

a គម្ពីរ​បាន​រៀប​រាប់​អំពី​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ រួម​ទាំង​របស់​លោក​យេស៊ូ​គ្រិស្ត​ដែរ។ បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​ជា​ទូទៅ​បាន​ត្រូវ​ហៅ​ថា សញ្ញា​ចាស់ រួម​បញ្ចូល​សេចក្ដី​អធិដ្ឋាន​ជាង​១៥០។