យើងរៀនអំពីព្រះតាមរយៈអ្នកនាំសាររបស់លោក
នៅសម័យមុន ព្រះបានប្រាប់អ្នកនាំសាររបស់លោកនូវសារដ៏សំខាន់សម្រាប់មនុស្សជាតិ។ តើយើងអាចរៀនអ្វីអំពីព្រះ ពេលលោកមានប្រសាសន៍ជាមួយនឹងអ្នកនាំសាររបស់លោក? សូមឲ្យយើងមើលអំពីអ្វីដែលយើងអាចរៀនពីអ្នកនាំសារដ៏ស្មោះត្រង់បីនាក់របស់ព្រះ។
អាប្រាហាំ
ព្រះមិនរើសមុខនោះទេ លោកចង់ឲ្យមនុស្សទាំងអស់ទទួលពរពីលោក។
ព្រះបានសន្យានឹងអាប្រាហាំថា«គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង»។—លោកុប្បត្តិ ១២:៣
តើយើងអាចរៀនអ្វី? ព្រះស្រឡាញ់យើងខ្លាំងណាស់ ហើយលោកចង់ផ្ដល់ពរដល់គ្រប់ក្រុមគ្រួសារទាំងអស់ដែលស្ដាប់បង្គាប់លោក។
ម៉ូសេ
ព្រះពោរពេញទៅដោយសេចក្ដីមេត្តាករុណា ហើយលោកផ្ដល់ពរដល់អស់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត។
ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានឲ្យម៉ូសេនូវអំណាចដើម្បីធ្វើការអស្ចារ្យ។ ទោះជាយ៉ាងនោះក៏ដោយ ម៉ូសេបានអធិដ្ឋានថា«សូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត»។ (និក្ខមនំ ៣៣:១៣) ព្រះពេញចិត្តនឹងអ្វីដែលម៉ូសេបានសុំ ហើយលោកបានប្រទានពរឲ្យគាត់នូវចំណេះថែមទៀត ហើយម៉ូសេកាន់តែស្គាល់ពីគុណសម្បត្តិរបស់លោក។ ជាឧទាហរណ៍ ម៉ូសេបានរៀនថា ព្រះដែលជាអ្នកបង្កើត«ទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស»។—និក្ខមនំ ៣៤:៦, ៧
តើយើងអាចរៀនអ្វី? ព្រះចង់ផ្ដល់ពរដល់យើងទាំងអស់ ទាំងប្រុស ទាំងស្រី និងកូនក្មេង បើយើងខំប្រឹងស្គាល់លោកឲ្យកាន់តែច្បាស់។ ក្នុងគម្ពីរបរិសុទ្ធលោកបានបង្ហាញយើងអំពីរបៀបគោរពប្រណិប័តន៍លោក និងថាលោកចង់ឲ្យយើងទទួលពរនិងការពេញចិត្តពីលោក។
លោកយេស៊ូ
យើងអាចទទួលពរជារៀងរហូតពីព្រះ បើយើងរៀនអំពីលោកយេស៊ូ ស្វែងយល់អំពីសេចក្ដីបង្រៀនរបស់លោក និងអ្វីដែលលោកបានធ្វើសម្រាប់យើង។
តាមរយៈគម្ពីរបរិសុទ្ធ យើងអាចរៀនអ្វីជាច្រើនអំពីជីវិតរបស់លោកយេស៊ូ និងសេចក្ដីបង្រៀនរបស់លោក។ ព្រះបានឲ្យលោកយេស៊ូនូវឫទ្ធានុភាពដើម្បីធ្វើការអស្ចារ្យជាច្រើនដូចជា ប្រោសមនុស្សពិការភ្នែក មនុស្សថ្លង់ និងមនុស្សខ្វិនឲ្យជាឡើងវិញ។ សូម្បីតែមនុស្សស្លាប់ក៏លោកអាចប្រោសឲ្យរស់ឡើងវិញបានដែរ។ ដូច្នេះ លោកយេស៊ូបានបង្ហាញអំពីពរដ៏អស្ចារ្យដែលព្រះនឹងផ្ដល់ឲ្យដល់មនុស្សជាតិនៅថ្ងៃអនាគត។ លោកបានពន្យល់ពីរបៀបដែលយើងអាចទទួលពរទាំងនោះដោយមានប្រសាសន៍ថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។—យ៉ូហាន ១៧:៣
លោកយេស៊ូមានសេចក្ដីមេត្តាករុណា ស្លូតបូត និងចិត្តសប្បុរស។ មនុស្សទាំងអស់ ទាំងប្រុសទាំងស្រី ទាំងចាស់និងក្មេងៗ បានប្រមូលគ្នាមកឯលោក គឺមកតាមការអញ្ជើញដ៏កក់ក្ដៅរបស់លោក។ លោកបានមានប្រសាសន៍ថា៖ «ចូរ . . . រៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថាយ ១១:២៩) នៅសម័យរបស់លោកយេស៊ូ គេមិនសូវឲ្យតម្លៃចំពោះមនុស្សស្រីនោះទេ តែខុសគ្នាពីមនុស្សនៅសម័យនោះ លោកយេស៊ូបានប្រព្រឹត្តចំពោះមនុស្សស្រីដោយសេចក្ដីថ្លៃថ្នូរ សេចក្ដីសប្បុរស និងដោយការគោរព។
តើយើងអាចរៀនអ្វី? លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមនុស្ស ហើយលោកបានទុកគំរូដ៏ល្អស្ដីអំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។
លោកយេស៊ូមិនមែនជាព្រះទេ
ក្នុងគម្ពីរបរិសុទ្ធបង្រៀនថា«យើងមានព្រះតែមួយទេ» ហើយលោកយេស៊ូគ្រិស្តជាអ្នកនាំពាក្យរបស់ព្រះ។ (កូរិនថូសទី១ ៨:៦) លោកយេស៊ូបានមានប្រសាសន៍យ៉ាងច្បាស់ថា ព្រះគឺធំជាងលោក ហើយថាព្រះបានបញ្ជូនលោកឲ្យមកផែនដីនេះ។—យ៉ូហាន ១១:៤១, ៤២; ១៤:២៨ *
^ វគ្គ 17 ដើម្បីរៀនថែមទៀតអំពីលោកយេស៊ូ សូមមើលទៅផ្នែក៨និង៩ក្នុងសៀវភៅReal Faith Your Key to a Happy Life ដែលមានលើគេហទំព័រ www.mt1130.com។