លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់យកចិត្តទុកដាក់ចំពោះយើង

អ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់យកចិត្តទុកដាក់ចំពោះយើង

១. លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​ឡើង

តើ​អ្នក​អាច​ស្រមៃ​គិត​បាន​ទេ​ថា ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​គ្មាន​ពន្លឺ​ព្រះ​អាទិត្យ? ពន្លឺ​ព្រះ​អាទិត្យ​ផ្ដល់​ថាមពល​ឲ្យ​រុក្ខជាតិ​បង្កើត​ស្លឹក ផ្កា ផ្លែ និង​គ្រាប់។ ពន្លឺ​ព្រះ​អាទិត្យ​ក៏​ផ្ដល់​លទ្ធភាព​ឲ្យ​រុក្ខជាតិ​ទាញ​យក​ទឹក​ពី​ក្នុង​ដី​តាម​រយៈ​ឫស​ឡើង​ទៅ​ដល់​ស្លឹក ហើយ​ស្លឹក​បាន​បំលែង​ទឹក​ទៅ​ក្នុង​ខ្យល់ ដោយ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ចំហាយ។

២. លោក​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់

ព្រះ​បាន​ផ្ដល់​ទឹក​ភ្លៀង​ឲ្យ​យើង ហើយ​ដោយ​សារ​ភ្លៀង ដី​អាច​បង្កើត​អាហារ​សម្រាប់​យើង​បរិភោគ។ ព្រះ​ធ្វើ​ឲ្យ​មាន​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល មាន​អាហារ​ជា​បរិបូរ និង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីក​រាយ។

៣. លោក​ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់

ឪពុក​ជា​ច្រើន​ខ្វល់​ខ្វាយ​អំពី​ការ​ផ្គត់​ផ្គង់​អាហារ​និង​សម្លៀក​បំពាក់​ដល់​ក្រុម​គ្រួសារ។ តែ​សូម​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ចែង​៖ ​«​ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ក៏​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា។ តើ​អ្នក​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ?​»។—ម៉ាថាយ ៦:២៥, ២៦

​«​ចូរ​ទាញ​យក​មេ​រៀន​ពី​របៀប​ដែល​ផ្កា​នៅ​ឯ​វាល​ដុះ​ឡើង។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​[​ស្ដេច​]​សាឡូម៉ូន​កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង។ ម្ល៉ោះ​ហើយ ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល . . . បើ​ដូច្នេះ ព្រះ​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា . . . មែន​ទេ?​»។—ម៉ាថាយ ៦:២៨​-​៣០

ដោយ​សារ​ព្រះ​អាច​ផ្ដល់​ឲ្យ​យើង​នូវ​អាហារ​និង​សម្លៀក​បំពាក់ នោះ​លោក​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ។ បើ​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក នោះ​លោក​នឹង​ផ្ដល់​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​យើង ឬ​លោក​អាច​ជួយ​យើង​ឲ្យ​រក​ការងារ​ធ្វើ​ដើម្បី​យើង​អាច​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ។—ម៉ាថាយ ៦:៣២, ៣៣

ពិត​ណាស់ ពេល​យើង​រំពឹង​គិត​អំពី​ព្រះ​អាទិត្យ ទឹក​ភ្លៀង សត្វ​ស្លាប​និង​ផ្កា យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ដែល​ឲ្យ​ស្រឡាញ់​ព្រះ​ជា​អ្នក​បង្កើត​យើង។ អត្ថបទ​បន្ទាប់​នេះ នឹង​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​អ្នក​បង្កើត​ទាក់​ទង​ជា​មួយ​នឹង​មនុស្សជាតិ។