អត្ថបទអំពីក្របទស្សនាវដ្ដី | តើគម្ពីរចែងយ៉ាងណាអំពីជីវិតនិងសេចក្ដីស្លាប់?
អ្វីដែលគម្ពីរចែងអំពីជីវិតនិងសេចក្ដីស្លាប់
ពេលអានកំណត់ហេតុអំពីការបង្កើតក្នុងសៀវភៅលោកុប្បត្ដិ យើងរៀនថាព្រះបានប្រាប់អាដាមដែលជាបុរសដំបូងថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ដ។ តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្ដិ ២:១៦, ១៧) ប្រសាសន៍ដែលច្បាស់ហើយស្រួលយល់នោះ បង្ហាញថាបើអាដាមស្តាប់បង្គាប់ព្រះ គាត់នឹងមិនស្លាប់ទេ តែនឹងបន្ដរស់នៅក្នុងសួនអេដែន។
គួរឲ្យស្តាយណាស់ ជាជាងស្តាប់បង្គាប់ព្រះនិងរស់នៅជារៀងរហូត អាដាមបានសម្រេចចិត្ដមិនធ្វើតាមបង្គាប់របស់ព្រះ ហើយបានបរិភោគផ្លែឈើដែលព្រះបានហាម។ អាដាមបានបរិភោគផ្លែនោះពេលដែលអេវ៉ាដែលជាប្រពន្ធរបស់គាត់បានឲ្យដល់គាត់។ (លោកុប្បត្ដិ ៣:១-៦) លទ្ធផលនៃការមិនស្តាប់បង្គាប់គឺនៅតែមានឥទ្ធិពលមកលើយើងនៅសព្វថ្ងៃនេះ។ សាវ័កប៉ូលបានពន្យល់តាមរបៀបនេះថា៖ «ដូចភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) «បុរសតែម្នាក់»នោះគឺជាអាដាម។ ក៏ប៉ុន្ដែ តើអំពើខុសឆ្គងជាអ្វី ហើយហេតុអ្វីនោះនាំឲ្យស្លាប់?
អ្វីដែលអាដាមបានធ្វើ ពោលគឺការមានចេតនាមិនស្តាប់បង្គាប់ឬការបំពានច្បាប់របស់ព្រះគឺជាអំពើខុសឆ្គង។ (យ៉ូហានទី១ ៣:៤) ម្យ៉ាងទៀត ការដាក់ទោសនៃអំពើខុសឆ្គងគឺជាសេចក្ដីស្លាប់ ដូចព្រះបានប្រាប់អាដាម។ ដរាបណាអាដាមនិងកូនចៅជំនាន់ក្រោយៗរបស់គាត់បន្ដស្តាប់បង្គាប់ព្រះ ពួកគេនឹងគ្មានភាពខុសឆ្គង និងមិនដែលស្គាល់រស ជាតិនៃសេចក្ដីស្លាប់ឡើយ។ ព្រះមិនបានបង្កើតមនុស្សដើម្បីឲ្យស្លាប់ទេ តែដើម្បីរស់ជារៀងរហូត។
ដូចគម្ពីរបានចែង សេចក្ដីស្លាប់«បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។ ប៉ុន្ដែ តើមានអ្វីមួយទៀតបន្ដរស់នៅក្រោយពីយើងស្លាប់ឬទេ? មនុស្សជាច្រើននឹងឆ្លើយថាមាន នោះគឺជាអ្វីដែលគេហៅថាព្រលឹងអមតៈ។ ក៏ប៉ុន្ដែ នេះហាក់ដូចជាមានន័យថាព្រះបានកុហកអាដាម។ តើតាមរបៀបណា? ដោយសារបើមានអ្វីមួយបន្ដរស់នៅក្នុងភពផ្សេងទៀតក្រោយពីយើងស្លាប់ នោះសេចក្ដីស្លាប់នឹងមិនមែនជាការដាក់ទោសចំពោះអំពើខុសឆ្គង ដូចដែលព្រះបានមានប្រសាសន៍ឡើយ។ គម្ពីរចែងថា៖ «ព្រះមិនអាចកុហកបាន»។ (ហេប្រឺ ៦:១៨) តាមពិត គឺសាថានដែលជាអ្នកកុហកពេលវាបានប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។—លោកុប្បត្ដិ ៣:៤
នោះនាំឲ្យមានសំណួរថា បើសេចក្ដីបង្រៀនអំពីព្រលឹងអមតៈគឺជាសេចក្ដីភូតភរ ដូច្នេះតើអ្វីកើតឡើងនៅពេលដែលស្លាប់?
គម្ពីរធ្វើឲ្យត្រឹមត្រូវឡើងវិញ
កំណត់ហេតុអំពីការបង្កើតក្នុងសៀវភៅកំណើតពិភពលោកឬលោកុប្បត្ដិចែងថាព្រះយេហូវ៉ា«បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង»។ ពាក្យ‹មនុស្សមានជីវិតរស់ឡើង›បានត្រូវបកប្រែពីពាក្យភាសាហេប្រឺនីហ្វែស * ដែលមានន័យត្រង់ថា«មនុស្សឬសត្វដែលរស់ដោយដកដង្ហើម»។—កំណើតពិភពលោក [លោកុប្បត្ដិ] ២:៧; ខ.ស.
គម្ពីរបានបង្ហាញយ៉ាងច្បាស់ថាមនុស្សមិនបានត្រូវបង្កើតមកឲ្យមានព្រលឹងអមតៈនោះទេ។ ផ្ទុយទៅវិញ បុគ្គលម្នាក់ៗគឺ«ជីវិត»។ នេះជាមូលហេតុដែលទោះជាអ្នកខំរកមើលកន្លែងណាក៏ដោយ អ្នកនឹងមិនឃើញពាក្យ«ព្រលឹងអមតៈ»ក្នុងគម្ពីរឡើយ។
ដោយហេតុថាគម្ពីរមិនបានចែងថាមនុស្សមានព្រលឹងអមតៈជាអ្វីដែលមនុស្សខ្លះហៅ ដូច្នេះហេតុអ្វីសាសនាជាច្រើនបង្រៀនផ្ទុយពីនោះ? ដើម្បីដឹងចម្លើយ សូមពិចារណាអ្វីដែលបានកើតឡើងនៅអេស៊ីបសម័យបុរាណ។
សេចក្ដីបង្រៀនមិនពិតរីកសុសសាយ
ហ៊ីរ៉ូដូថុសដែលជាប្រវត្ដិវិទូជនជាតិក្រិចនៅសតវត្សរ៍ទី៥មុន គ.ស. បាននិយាយថាជនជាតិអេស៊ីបគឺជា«មនុស្សដំបូងដែលបានការពារសេចក្ដីបង្រៀនអំពីព្រលឹងអមតៈ»។ ក្នុងវប្បធម៌បុរាណមួយទៀត ជនជាតិបាប៊ីឡូនក៏មិនប្រាកដអំពីសេចក្ដីបង្រៀននៃព្រលឹងអមតៈដែរ។ មុនពេលអាឡិចសេនដឺដ៏ខ្លាំងក្លាបានវាយយកមជ្ឈិមបូព៌ាប្រទេសនៅឆ្នាំ៣៣២មុន គ.ស. ទស្សនវិទូជនជាតិក្រិចបានធ្វើឲ្យសេចក្ដីបង្រៀននោះកាន់តែល្បីល្បាញ ហើយមិនយូរក្រោយមកបានរីកសុសសាយពេញចក្រភពក្រិច។
អ្នកនឹងមិនឃើញពាក្យ«ព្រលឹងអមតៈ»ក្នុងគម្ពីរឡើយ
នៅសតវត្សរ៍ទី១ គ.ស. និកាយអ៊ីសិន្សនិងនិកាយផារិស៊ីដែលជានិកាយយូដាដ៏ល្បីល្បាញ បានបង្រៀនថាពេលស្លាប់ ព្រលឹងបន្ដរស់នៅ។ សព្វវចនាធិប្បាយជនជាតិយូដាមួយរៀបរាប់ថា៖ «ជំនឿអំពីព្រលឹងអមតៈចូលមកយូដាដោយព្រោះទស្សនៈរបស់ក្រិច ហើយភាគច្រើនតាមទស្សនវិជ្ជារបស់ប្លាតុង»។ ស្រដៀងគ្នាដែរ យ៉ូសេហ្វឺសជាប្រវត្ដិវិទូជនជាតិយូដានៅសតវត្សរ៍ទី១ បាននិយាយថាសេចក្ដីបង្រៀននោះមិនមែនមកពីបទគម្ពីរបរិសុទ្ធទេ តែមកពី«ជំនឿរបស់ពួកក្រិច» ដែលគាត់បានចាត់ទុកជាប្រជុំរឿងព្រេង។
កាលដែលឥទ្ធិពលនៃវប្បធម៌ក្រិចបន្ដរីករាលដាល អ្នកដែលអះអាងថាខ្លួនជាគ្រិស្ដសាសនិកបានទទួលយកសេចក្ដីបង្រៀនមិនពិតនេះដែរ។ យោងទៅតាមប្រវត្ដិវិទូម្នាក់ឈ្មោះយ៉ូណា ឡេនដឺរីង បាននិយាយថា៖ «ទ្រឹស្ដីរបស់ប្លាតុងដែលថាព្រលឹងធ្លាប់នៅកន្លែងដែលប្រសើរជាង ហើយឥឡូវរស់នៅក្នុងពិភពលោកដ៏ដុនដាប បានធ្វើឲ្យងាយស្រួលក្នុងការបញ្ចូលទស្សនវិជ្ជារបស់ប្លាតុងជាមួយនឹងគ្រិស្ដសាសនា»។ ដូច្នេះ សេចក្ដីបង្រៀនអំពីព្រលឹងអមតៈដែលជាសេចក្ដីបង្រៀនមិនពិតបានជ្រាបចូលក្នុងវិហារនៃគ្រិស្ដសាសនិកក្លែងក្លាយ ហើយបានទៅជាមូលដ្ឋានគ្រឹះនៃជំនឿរបស់វិហារទាំងនោះ។
«សេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»
នៅសតវត្សរ៍ទី១ សាវ័កប៉ូលបានព្រមានថា៖ «បណ្ដាំពីសកម្មពលរបស់ព្រះថា នៅអនាគតប្រាកដជាមានគ្រាដែលអ្នកខ្លះនឹងបោះបង់ជំនឿ ដោយស្តាប់តាមបណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ ព្រមទាំងស្តាប់តាមសេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច»។ (ធីម៉ូថេទី១ ៤:១) ពាក្យទាំងនោះពិតជាក្លាយទៅជាការពិតមែន! សេចក្ដីបង្រៀនអំពីព្រលឹងអមតៈគឺជាសេចក្ដីបង្រៀនមួយនៃ«សេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច»។ សេចក្ដីបង្រៀននេះគ្មានមូលដ្ឋានក្នុងគម្ពីរទេ ហើយមានឫសគល់ពីសាសនាមិនពិតនិងទស្សនវិជ្ជានៅសម័យបុរាណ។
យើងសប្បាយចិត្ដ ដោយសារលោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូហាន ៨:៣២) ដោយទទួលចំណេះត្រឹមត្រូវពីសេចក្ដីពិតក្នុងគម្ពីរ យើងបានត្រូវរំដោះពីសេចក្ដីបង្រៀនដែលមិនលើកកិត្ដិយសព្រះ និងពីការប្រព្រឹត្ដផ្សេងៗដែលលើកស្ទួយដោយសាសនាជាច្រើនក្នុងពិភពលោកនេះ។ លើសពីនេះទៅទៀត សេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះរំដោះយើងឲ្យមានសេរីភាពពីទំនៀមទម្លាប់និងជំនឿឆ្វេងដែលទាក់ទងនឹងសេចក្ដីស្លាប់ (សូមមើលប្រអប់ដែលមានចំណងជើងថា« តើមនុស្សស្លាប់ទៅទីណា?»)។
ព្រះដែលជាអ្នកបង្កើតរបស់យើងមិនមានបំណងឲ្យមនុស្សជាតិរស់នៅលើផែនដីគ្រាន់តែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះទេ ហើយក្រោយមកបន្ដរស់នៅជារៀងរហូតនៅពិភពមួយទៀតឡើយ។ គោលបំណងដើមរបស់លោកគឺឲ្យមនុស្សជាតិដែលលោកបានបង្កើតរស់នៅជារៀងរហូតនៅលើផែនដីនេះក្នុងនាមជាកូនដែលស្តាប់បង្គាប់។ គោលបំណងនេះគឺជារបៀបដែលព្រះបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ ហើយនឹងមិនប្រែប្រួលឡើយ។ (ម៉ាឡាគី ៣:៦) អ្នកតែងទំនុកតម្កើងបានប្រកាសដោយមានទំនុកចិត្ដថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩
^ វគ្គ 9 គម្ពីរដែលបោះពុម្ពដោយសមាគមព្រះគម្ពីរកម្ពុជាបានបកប្រែពាក្យភាសាហេប្រឺនីហ្វែស ថា«ព្រលឹងរស់» តែគម្ពីរថ្មីៗនេះបកប្រែពាក្យនោះ ដែលមានន័យ«មនុស្សឬសត្វដែលរស់ដោយដកដង្ហើម»។