លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​លោក​យេស៊ូ​ពិត​ជា​មាន​រូប​រាង​បែប​ណា?

តើ​លោក​យេស៊ូ​ពិត​ជា​មាន​រូប​រាង​បែប​ណា?

គ្មាន​អ្នក​ណា​មាន​រូប​លោក​យេស៊ូ​ទេ។ លោក​យេស៊ូ​មិន​ដែល​ឲ្យ​គេ​គូរ​គំនូរ​ឬ​ឆ្លាក់​រូប​លោក​ឡើយ។ ប៉ុន្ដែ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ជាង​គំនូរ​ជា​ច្រើន​នាក់​បាន​គូរ​រូប​លោក។

ការ​ពិត ជាង​គំនូរ​ទាំង​នោះ​មិន​ដឹង​ថា​លោក​យេស៊ូ​ពិត​ជា​មាន​រូប​រាង​បែប​ណា​ឡើយ។ វប្បធម៌​ល្បី​ៗ ជំនឿ​សាសនា និង​បំណង​ចិត្ដ​របស់​បុគ្គល​ដែល​ចង់​បាន​រូប​គំនូរ ច្រើន​តែ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​ជាង​គំនូរ​គូរ​រូប​លោក​យេស៊ូ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គំនូរ​និង​រូប​ចម្លាក់​របស់​ពួក​គេ អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​លោក​យេស៊ូ​និង​សេចក្ដី​បង្រៀន​របស់​លោក។

ជាង​គំនូរ​ខ្លះ​គូរ​រូប​លោក​យេស៊ូ​ជា​មនុស្ស​ទន់​ខ្សោយ​ដែល​មាន​សក់​វែង​និង​ពុក​ចង្កា​រ​ស្ដើង ឬ​មាន​ទឹក​មុខ​កំសត់។ ខ្លះ​ទៀត​គូរ​រូប​លោក​ជា​ទេវតា​ដែល​មាន​ពន្លឺ​រស្មី​នៅ​ជុំ​វិញ​ក្បាល ឬ​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​លោក។ តើ​គំនូរ​និង​ចម្លាក់​ទាំង​នេះ​បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​ឬ​ទេ? តើ​យើង​អាច​ដឹង​ចម្លើយ​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ពិនិត្យ​ពិចារណា​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ថា​តើ​លោក​អាច​មាន​រូប​រាង​បែប​ណា។ ការ​ធ្វើ​ដូច្នេះ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លោក​ដែរ។

​«​លោក​បាន​រៀប​ចំ​រូប​កាយ​មួយ​ឲ្យ​ខ្ញុំ​»​

ពាក្យ​ទាំង​នេះ​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ ពេល​លោក​ទទួល​ការ​ជ្រមុជ​ទឹក។ (​ហេប្រឺ ១០:៥; ម៉ាថាយ ៣:១៣​-​១៧​) តើ​រូប​កាយ​នោះ​មាន​រូប​រាង​បែប​ណា? មុន​កំណើត​លោក​យេស៊ូ ទេវតា​កាព្រីយ៉ែល​បាន​បើក​បង្ហាញ​ដល់​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​ថា​៖ ​«​នាង​នឹង​មាន​ផ្ទៃ​ពោះ ក៏​នឹង​បង្កើត​បុត្រ​មួយ . . . ជា​បុត្រ​របស់​ព្រះ​»។ (​លូកា ១:៣១, ៣៥​) ដូច្នេះ លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ដូច​អាដាម *ពេល​ដែល​ព្រះ​បង្កើត​គាត់​នៅ​ដើម​ដំបូង។ (​លូកា ៣:៣៨; កូរិនថូស​ទី១ ១៥:៤៥​) លោក​យេស៊ូ​ច្បាស់​ជា​មាន​រូប​កាយ​មាំ​មួន ហើយ​លោក​ទំនង​ជា​មាន​មុខ​មាត់​ស្រដៀង​នឹង​ម៉ារៀ​ដែល​ជា​ជន​ជាតិ​យូដា​និង​ជា​ម្ដាយ​របស់​លោក។

លោក​យេស៊ូ​មាន​ពុក​ចង្កា​រ ដូច​ទំនៀម​ទម្លាប់​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ខុស​ពី​ជន​ជាតិ​រ៉ូម។ ពុក​ចង្កា​រ​បែប​នោះ​បង្ហាញ​ពី​ភាព​ថ្លៃ​ថ្នូរ​និង​គួរ​ឲ្យ​គោរព តែ​មិន​មែន​វែង​និង​ស្មូញ​ទេ។ លោក​យេស៊ូ​ច្បាស់​ជា​យក​ចិត្ដ​ទុក​ដាក់​និង​តម្រឹម​ពុក​ចង្កា​រ​របស់​លោក ហើយ​សក់​របស់​លោក​ក៏​រៀប​រយ​និង​ខ្លី​ល្មម​ដែរ។ មាន​តែ​ពួក​អ្នក​ដែល​ជា​ន៉ាសារីត​ទេ ដូច​ជា​សាំសុន​ជា​ដើម មិន​កាត់​សក់​ឡើយ។—ជន​គណនា ៦:៥; ពួក​ចៅហ្វាយ ១៣:៥

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ លោក​យេស៊ូ​ជា​ជាង​ឈើ ពេល​នោះ​គ្មាន​ឧបករណ៍​ទំនើប​ៗ​ឡើយ។ (​ម៉ាកុស ៦:៣​) យ៉ាង​ណា​មិញ លោក​ប្រាកដ​ជា​មាន​កាយ​សម្បទា​មាំ​មួន។ ក្នុង​អំឡុង​ពេល​លោក​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក ដោយ​គ្មាន​ជំនួយ​លោក​បាន​ដេញ​មនុស្ស​ក្នុង​វិហារ​«​ចេញ​ពី​វិហារ​ជា​មួយ​នឹង​ចៀម​និង​គោ​របស់​ពួក​គេ ហើយ​បាន​ចាក់​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចោល ក៏​ផ្កាប់​តុ​របស់​ពួក​គេ​»។ (​យ៉ូហាន ២:១៤​-​១៧​) ដើម្បី​ប្រព្រឹត្ដ​ដោយ​ចិត្ដ​ក្លាហាន​ដូច​នោះ នោះ​ត្រូវ​ការ​មនុស្ស​ដែល​មាន​កម្លាំង​និង​ថាមពល។ លោក​យេស៊ូ​បាន​ប្រើ​រូប​កាយ​ដែល​ព្រះ​បាន​រៀប​ចំ​ឲ្យ​លោក​ដើម្បី​បំពេញ​ភារកិច្ច​ពី​ព្រះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:៤៣​) នោះ​ត្រូវ​ការ​កម្លាំង​ដែល​លើស​ពី​ធម្មតា​ដើម្បី​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទូ​ទាំង​ស្រុក​ប៉ាឡេស្ទីន ហើយ​ប្រកាស​ដំណឹង​ល្អ​នោះ។

​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ​»​

ទឹក​មុខ​ដ៏​កក់​ក្ដៅ​និង​គុណ​សម្បត្ដិ​របស់​លោក​យេស៊ូ​ច្បាស់​ជា​ទាក់​ទាញ​ពួក​អ្នក​ដែល​«​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​»​ឲ្យ​មក​ឯ​លោក។ (​ម៉ាថាយ ១១:២៨​-​៣០​) ភាព​កក់​ក្ដៅ​និង​ចិត្ដ​សប្បុរស​របស់​លោក​ពង្រឹង​ទំនុក​ចិត្ដ​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា លោក​នឹង​ធ្វើ​ឲ្យ​ពួក​អ្នកដែល​ចង់​រៀន​ពី​លោក​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ សូម្បី​តែ​កូន​ក្មេង​ក៏​ចង់​ទៅ​ជិត​លោក​យេស៊ូ​ដែរ យើង​យល់​ដូច្នេះ ដោយ​សារ​គម្ពីរ​ចែង​ថា​៖ ​«​លោក​ឱប​កូន​ក្មេង​ទាំង​នោះ​»។—ម៉ាកុស ១០:១៣​-​១៦

ទោះ​ជា​លោក​យេស៊ូ​ធ្លាប់​រង​ការ​ឈឺ​ចាប់​មុន​លោក​ស្លាប់​ក្ដី លោក​មិន​មែន​ជា​មនុស្ស​កើត​ទុក្ខ​ទេ។ ជា​ឧទាហរណ៍ នៅ​ពិធី​មង្គល​ការ​មួយ​នា​ស្រុក​កាណា លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ល្អ។ (​យ៉ូហាន ២:១​-​១១​) នៅ​ការ​ជួប​ជុំ​គ្នា​ផ្សេង​ទៀត លោក​បាន​បង្រៀន​មេ​រៀន​ដែល​ចង​ចាំ​មិន​ភ្លេច។—ម៉ាថាយ ៩:៩​-​១៣; យ៉ូហាន ១២:១​-​៨

សំខាន់​បំផុត កិច្ច​ផ្សព្វ​ផ្សាយ​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ូហាន ១១:២៥, ២៦; ១៧:៣​) ពេល​អ្នក​កាន់​តាម​លោក​៧០​នាក់​បាន​ប្រាប់​លោក​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ លោក​បាន​«​ត្រេក​អរ​ពន់​ពេក​»​ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ត្រេក​អរ​ពី​ព្រោះ​ឈ្មោះ​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ចារឹក​ទុក​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។—លូកា ១០:២០, ២១

​«​ឯ​អ្នក​រាល់​គ្នា​វិញ អ្នក​មិន​ត្រូវ​ដូច្នេះ​ឡើយ​»​

នៅ​សម័យ​លោក​យេស៊ូ អ្នក​ដឹក​នាំ​សាសនា​ដែល​ជា​មនុស្ស​លាក់​ពុត​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​ខ្លួន ហើយ​ប្រើ​អំណាច​ដើម្បី​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត។ (​ជន​គណនា ១៥:៣៨​-​៤០; ម៉ាថាយ ២៣:៥​-​៧​) ខុស​ពី​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ លោក​យេស៊ូ​បាន​ណែនាំ​សាវ័ក​របស់​លោក​មិន​ឲ្យ​«​ត្រួត​ត្រា​»​លើ​មនុស្ស​ឯ​ទៀត។ (​លូកា ២២:២៥, ២៦​) តាម​ពិត លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចង់​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ សម្ដែង​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ​»។—ម៉ាកុស ១២:៣៨

ផ្ទុយ​ទៅ​វិញ ពេល​លោក​យេស៊ូ​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ជួន​កាល​គ្មាន​អ្នក​ណា​ដឹង​ថា​លោក​នៅ​ទី​នោះ​ទេ។ (​យ៉ូហាន ៧:១០, ១១​) សូម្បី​តែ​ពេល​ដែល​លោក​នៅ​ក្នុង​ចំណោម​សាវ័ក​ស្មោះ​ត្រង់​១១​នាក់​របស់​លោក ក៏​លោក​មិន​មាន​រូបសម្បត្ដិ​ដែល​បាន​ធ្វើ​ឲ្យ​លោក​លេច​ធ្លោ​ជាង​គេ​ឡើយ។ ជា​ឧទាហរណ៍ យូដាស​បាន​ថើប​ជា​«​សញ្ញា​សម្គាល់​»​ដើម្បី​បង្ហាញ​ថា​អ្នក​ណា​ជា​លោក​យេស៊ូ​ក្នុង​ចំណោម​បណ្ដា​ជន។—ម៉ាកុស ១៤:៤៤, ៤៥

ដូច្នេះ ទោះ​ជា​មិន​មាន​ព័ត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​ក៏​ដោយ ក៏​មាន​ទី​សំអាង​ថា​លោក​យេស៊ូ​មិន​មែន​មាន​រូប​រាង​ដូច​ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​រូប​ផ្សេង​ៗ​នោះ​ទេ។ ប៉ុន្ដែ ទោះ​ជា​លោក​ពិត​ជា​មាន​រូប​រាង​បែប​ណា​ក្ដី នោះ​មិន​សូវ​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​ទស្សនៈ​របស់​យើង​ចំពោះ​លោក​នៅ​ឥឡូវ​នេះ។

​«​បន្ដិច​ទៀត​ពិភព​លោក​នេះ នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​»​

ប៉ុន្មាន​ម៉ោង​ក្រោយ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នូវ​ពាក្យ​ទាំង​នេះ លោក​បាន​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​បញ្ចុះ។ (​យ៉ូហាន ១៤:១៩​) លោក​បាន​ឲ្យ​ជីវិត​ខ្លួន​ជា​«​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថាយ ២០:២៨​) នៅ​ថ្ងៃ​ទី៣ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​«​ជា​វិញ្ញាណ​»​ ហើយ​បាន​«​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន​»​ចំពោះ​អ្នក​កាន់​តាម​ខ្លះ​របស់​លោក។ (​ពេត្រុស​ទី១ ៣:១៨; សកម្មភាព ១០:៤០​) ដូច្នេះ តើ​លោក​យេស៊ូ​មាន​រូប​រាង​បែប​ណា​ពេល​លោក​បង្ហាញ​ខ្លួន​ចំពោះ​អ្នក​កាន់​តាម​លោក? នោះ​ច្បាស់​ជា​ខុស​គ្នា​ឆ្ងាយ​ពី​រូប​រាង​ដើម​របស់​លោក សូម្បី​តែ​អ្នក​កាន់​តាម​ជិត​ស្និទ្ធ​បំផុត​របស់​លោក ក៏​មិន​បាន​ស្គាល់​លោក​ភ្លាម​ៗ​ដែរ។ ម៉ារៀ ម៉ាក់ដាឡេន​គិត​ស្មានថា​លោក​ជា​អ្នក​ថែ​សួន​ច្បារ ហើយ​អ្នក​កាន់​តាម​ពីរ​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ាស​មិន​ស្គាល់​លោក​ទេ។—លូកា ២៤:១៣​-​១៨; យ៉ូហាន ២០:១, ១៤, ១៥

នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​គួរ​គិត​ថា​លោក​យេស៊ូ​មាន​រូប​រាង​បែប​ណា? ជាង​៦០​ឆ្នាំ​ក្រោយ​លោក​យេស៊ូ​បាន​ស្លាប់ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​លោក​យេស៊ូ​ឲ្យ​ឃើញ​លោក​យេស៊ូ​នៅ​ក្នុង​គំនិត។ យ៉ូហាន​មិន​បាន​ឃើញ​ថា​លោក​ជា​បុគ្គល​ដែល​កំពុង​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឃើញ​លោក​ជា​«​ស្ដេច​លើ​ស្ដេច​ទាំង​អស់ និង​ម្ចាស់​លើ​ម្ចាស់​ទាំង​អស់​»​ ពោល​គឺ​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ ដែល​មិន​យូរ​ទៀត​នឹង​យក​ឈ្នះ​លើ​វិញ្ញាណ​កំណាច​និង​មនុស្ស​អាក្រក់​ដែល​ជា​សត្រូវ​របស់​ព្រះ ហើយ​ផ្ដល់​ពរ​ជា​រៀង​រហូត​ដល់​មនុស្សជាតិ។—ការ​បើក​បង្ហាញ ១៩:១៦; ២១:៣, ៤

^ វគ្គ 6 អាដាម​ជា​បុរស​ដំបូង​ដែល​ព្រះ​បាន​បង្កើត។