អត្ថបទសិក្សា ២៦
ចូរជួយអ្នកឯទៀតពេលពួកគេតានតឹងចិត្ត
«ចូរអ្នកទាំងអស់គ្នាមានចិត្តគំនិតតែមួយ ចូរកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្ដា [និង]មានចិត្តរាបទាប»។—១ពេ. ៣:៨
ចម្រៀងលេខ១០៧ គំរូរបស់ព្រះអំពីការបង្ហាញសេចក្ដីស្រឡាញ់
សេចក្ដីសង្ខេប *
១. តើតាមរបៀបណាយើងអាចយកតម្រាប់ព្រះយេហូវ៉ាដែលជាបិតាដែលស្រឡាញ់យើង?
ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់។ (យ៉ូន. ៣:១៦) យើងចង់យកតម្រាប់បិតារបស់យើងដែលស្រឡាញ់យើង។ ដូច្នេះ យើងព្យាយាម«កើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន [និង]មានចិត្តអាណិតមេត្ដា»ចំពោះមនុស្សទាំងអស់ តែជាពិសេសចំពោះ«បងប្អូនរួមជំនឿរបស់យើង»។ (១ពេ. ៣:៨; កាឡ. ៦:១០) យើងចង់ជួយពួកគេ ពេលពួកគេមានការពិបាកដែលធ្វើឲ្យពួកគេតានតឹងចិត្ត។
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ អស់អ្នកដែលចង់ធ្វើជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ានឹងប្រឈមមុខនឹងការពិបាក។ (ម៉ាក. ១០:២៩, ៣០) យើងទំនងជានឹងត្រូវប្រឈមមុខនឹងទុក្ខលំបាកកាន់តែច្រើន កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់។ តើយើងអាចជួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? សូមយើងពិចារណាអ្វីដែលយើងអាចរៀនពីកំណត់ហេតុក្នុងគម្ពីរអំពីឡុត យ៉ូប និងន៉ាអូមី។ យើងក៏នឹងពិចារណាអំពីការពិបាកដែលបងប្អូនរបស់យើងមាននៅសព្វថ្ងៃនេះ និងរបៀបដែលយើងអាចជួយពួកគេ។
ចូរមានចិត្តអត់ធ្មត់
៣. តើពេត្រុសទី២ ២:៧, ៨ជួយយើងឲ្យដឹងអំពីការសម្រេចចិត្តមិនល្អអ្វីរបស់ឡុត ហើយតើនោះមានលទ្ធផលអ្វី?
៣ ឡុតបានធ្វើការសម្រេចចិត្តមិនល្អ ពេលដែលគាត់សម្រេចចិត្តរស់នៅក្នុងចំណោមអ្នកក្រុងសូដុមដែលជាមនុស្សប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដ៏គួរឲ្យស្អប់ខ្ពើម។ (សូមអាន ពេត្រុសទី២ ២:៧, ៨) តំបន់នោះគឺជាតំបន់ដែលសម្បូរសប្បាយ ប៉ុន្តែឡុតបានប្រឈមមុខនឹងការពិបាកជាច្រើនដោយសារគាត់បានរើទៅទីនោះ។ (លោ. ១៣:៨-១៣; ១៤:១២) តាមមើលទៅប្រពន្ធរបស់គាត់បានជាប់ចិត្តនឹងទីក្រុងនោះឬនឹងអ្នកក្រុងនោះ រហូតដល់គាត់មិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ គាត់បានបាត់បង់ជីវិតពេលដែល ព្រះទម្លាក់ភ្លើងនិងស្ពាន់ធ័រលើតំបន់នោះ។ ម្យ៉ាងទៀត សូមគិតអំពីកូនស្រីពីរនាក់របស់ឡុត។ ពួកគេបានភ្ជាប់ពាក្យជាមួយនឹងបុរសដែលក្រោយមកបានស្លាប់ពេលព្រះបំផ្លាញក្រុងសូដុម។ ឡុតបានបាត់បង់ផ្ទះ ទ្រព្យសម្បត្ដិ ហើយរឹតតែឈឺចាប់ជាងនោះគឺគាត់បានបាត់បង់ប្រពន្ធរបស់គាត់។ (លោ. ១៩:១២-១៤, ១៧, ២៦) តើព្រះយេហូវ៉ាលែងមានចិត្តអត់ធ្មត់ចំពោះឡុតក្នុងអំឡុងពេលដ៏គួរឲ្យតានតឹងចិត្តនោះឬទេ? មិនមែនទេ។
៤. តើព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ចំពោះឡុតយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
៤ ទោះជាឡុតបានសម្រេចចិត្តទៅរស់នៅក្រុងសូដុមក្ដី ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីអាណិតមេត្ដាដោយចាត់ទេវតាឲ្យទៅសង្គ្រោះគាត់និងក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែ ជាជាងធ្វើតាមភ្លាមៗនូវបង្គាប់របស់ទេវតាដែលឲ្យចាកចេញពីក្រុងសូដុមជាបន្ទាន់ ឡុតបាន«បង្អែបង្អង់»។ ទេវតាទាំងនោះត្រូវចាប់ដឹកដៃគាត់ ហើយជួយគាត់និងក្រុមគ្រួសាររបស់គាត់ឲ្យរត់ចេញពីក្រុងនោះ។ (លោ. ១៩:១៥, ១៦) បន្ទាប់មកទេវតានោះបានប្រាប់គាត់ឲ្យរត់ទៅតំបន់ភ្នំ។ ប៉ុន្តែជាជាងធ្វើតាមបង្គាប់ព្រះយេហូវ៉ា ឡុតបានសុំរត់ទៅក្រុងជិតនោះវិញ។ (លោ. ១៩:១៧-២០) ដោយចិត្តអត់ធ្មត់ ព្រះយេហូវ៉ាបានស្ដាប់ឡុត ហើយអនុញ្ញាតឲ្យគាត់រត់ទៅក្រុងនោះ។ ក្រោយមកការរស់នៅទីនោះបានធ្វើឲ្យឡុតភ័យខ្លាច ហើយគាត់បានរើទៅតំបន់ភ្នំវិញ ជាកន្លែងដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យទៅពីដំបូង។ (លោ. ១៩:៣០) ព្រះយេហូវ៉ាពិតជាបានបង្ហាញចិត្តអត់ធ្មត់ក្រៃលែង! តើយើងអាចយកតម្រាប់លោកយ៉ាងដូចម្ដេច?
៥-៦. តើយើងអាចយកតម្រាប់ព្រះ ហើយធ្វើតាមយោបល់នៅថែស្សាឡូនិចទី១ ៥:១៤យ៉ាងដូចម្ដេច?
៥ ដូចឡុត ប្រហែលជាបងប្អូនរួមជំនឿណាម្នាក់ធ្វើការសម្រេចចិត្តមិនល្អ ហើយនេះបណ្ដាលឲ្យគាត់មានបញ្ហាធ្ងន់ធ្ងរ។ តើយើងនឹងធ្វើអ្វីបើនោះកើតឡើង? យើងប្រហែលជាចង់ប្រាប់គាត់ថាគាត់ទទួលផលតាមអ្វីដែលគាត់បានសាបព្រោះ ហើយនេះជាការពិតមែន។ (កាឡ. ៦:៧) ប៉ុន្តែ តើនេះជាប្រតិកម្មដ៏ល្អបំផុតឬទេ? គឺជាការល្អជាង បើយើងធ្វើតាមរបៀបដែលព្រះយេហូវ៉ាបានជួយឡុត។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
៦ ព្រះយេហូវ៉ាមិនគ្រាន់តែបានចាត់ទេវតាឲ្យព្រមានឡុតប៉ុណ្ណោះទេ តែក៏បានចាត់ទេវតាដើម្បីជួយគាត់ឲ្យរួចផុតពីអន្តរាយដែលនឹងកើតឡើងនៅក្រុងសូដុម។ ស្រដៀងគ្នាដែរ យើងប្រហែលជាត្រូវព្រមានបងប្អូនណាម្នាក់ បើយើងឃើញថាគាត់កំពុងធ្វើអ្វីដែលអាចនាំឲ្យគាត់មានបញ្ហា។ ប៉ុន្តែ យើងក៏ប្រហែលជាអាចជួយគាត់ដែរ។ ទោះជាគាត់មិនឆាប់ធ្វើតាមយោបល់ដែលគាត់បានទទួលពីគម្ពីរក្ដី យើងត្រូវបង្ហាញចិត្តអត់ធ្មត់។ ចូរធ្វើដូចទេវតាទាំងពីររូបដែលបានជួយឡុត។ ជាជាងឈប់ព្យាយាម ហើយដកខ្លួនចេញពីគាត់ យើងចង់ស្វែងរករបៀបដែលយើងអាចជួយគាត់។ (១យ៉ូន. ៣:១៨) ក្នុងន័យធៀប យើងប្រហែលជាត្រូវ«ចាប់ដៃ»បងប្អូននោះ ដោយស្នើសុំជួយគាត់ដើម្បីគាត់អាចធ្វើតាមយោបល់ដែលគាត់បានទទួល។—សូមអាន ថែស្សាឡូនិចទី១ ៥:១៤
៧. តើតាមរបៀបណាយើងអាចមានទស្សនៈចំពោះអ្នកឯទៀតដូចព្រះយេហូវ៉ាមានចំពោះឡុត?
៧ ព្រះយេហូវ៉ាមិនបានផ្ដោតអារម្មណ៍ទៅលើភាពទន់ខ្សោយរបស់ឡុតទេ។ លោកបានដឹកនាំសាវ័កពេត្រុសឲ្យកត់ទុកក្នុងគម្ពីរថាឡុតជាបុរសសុចរិត។ យើងពិតជាសប្បាយចិត្តដែលព្រះយេហូវ៉ាមិនផ្ដោតអារម្មណ៍ទៅលើកំហុសរបស់យើង! (ទំនុក. ១៣០:៣) តើយើងអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាដោយមានទស្សនៈចំពោះអ្នកឯទៀតដូចលោកមានចំពោះឡុតឬទេ? បើយើងផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិរបស់បងប្អូនយើង យើងនឹងមានចិត្តអត់ធ្មត់ច្រើនជាងចំពោះពួកគេ ហើយពួកគេទំនងជានឹងព្រមទទួលជំនួយពីយើង។
ចូរមានចិត្តអាណិតមេត្ដា
៨. តើសេចក្ដីអាណិតមេត្ដានឹងជំរុញចិត្តយើងឲ្យធ្វើអ្វី?
៨ យ៉ូបបានរងទុក្ខជាខ្លាំង តែខុសពីឡុតនោះមិនមែនដោយសារការសម្រេចចិត្តមិនល្អរបស់គាត់ទេ។ គាត់បានបាត់បង់ទ្រព្យសម្បត្ដិ មុខមាត់ក្នុងសង្គម និងមានបញ្ហាសុខភាព។ លើសពីនេះទៅទៀត គាត់និងប្រពន្ធគាត់បានបាត់បង់កូនទាំងអស់។ យ៉ូប
ក៏បានរងការចោទប្រកាន់ពីមិត្តមិនពិតបីនាក់របស់គាត់។ ហេតុអ្វីមិត្តមិនពិតបីនាក់នោះគ្មានសេចក្ដីអាណិតមេត្ដាចំពោះគាត់? ពីព្រោះពួកគេមិនបានព្យាយាមយល់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ទេ ហើយនេះនាំឲ្យពួកគេសន្និដ្ឋានមិនត្រឹមត្រូវអំពីគាត់ និងវិនិច្ឆ័យគាត់ដោយគ្មានមេត្ដា។ តើយើងអាចជៀសវាងពីកំហុសបែបនេះយ៉ាងដូចម្ដេច? សូមទទួលស្គាល់ថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលដឹងអ្វីៗទាំងអស់អំពីស្ថានភាពរបស់បុគ្គលណាម្នាក់។ សូមស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលបុគ្គលនោះនិយាយ តែមិនគ្រាន់តែស្ដាប់អ្វីដែលគាត់និយាយប៉ុណ្ណោះទេ សូមព្យាយាមយល់អារម្មណ៍និងការឈឺចាប់របស់គាត់។ ទាល់តែធ្វើដូច្នេះ ទើបអ្នកអាចបង្ហាញយ៉ាងស្មោះថាអ្នកកើតទុក្ខជាមួយនឹងគាត់។៩. តើសេចក្ដីអាណិតមេត្ដានឹងជួយយើងឲ្យជៀសវាងពីអ្វី ហើយហេតុអ្វី?
៩ សេចក្ដីអាណិតមេត្ដានឹងធ្វើឲ្យយើងមិននិយាយដើមអ្នកឯទៀតអំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។ បុគ្គលដែលនិយាយដើមគេមិននាំឲ្យក្រុមជំនុំមានភាពរឹងមាំទេ តែគាត់ធ្វើឲ្យរង្គោះរង្គើវិញ។ (សុភ. ២០:១៩; រ៉ូម ១៤:១៩) គាត់មិនប្រព្រឹត្តដោយសប្បុរសទេ តែប្រព្រឹត្តដោយមិនគិតពិចារណា ហើយពាក្យសម្ដីរបស់គាត់អាចធ្វើឲ្យបុគ្គលដែលកំពុងកើតទុក្ខកាន់តែឈឺចិត្ត។ (សុភ. ១២:១៨; អេភ. ៤:៣១, ៣២) គឺល្អប្រសើរជាងបើយើងគិតអំពីគុណសម្បត្ដិរបស់បុគ្គលនោះ ហើយអំពីរបៀបដែលយើងអាចជួយគាត់ឲ្យយកឈ្នះការតានតឹងចិត្ត!
១០. តើយើងរៀនអ្វីពីពាក្យសម្ដីរបស់យ៉ូបនៅយ៉ូប ៦:២, ៣?
១០ សូមអាន យ៉ូប ៦:២, ៣។ ជួនកាល យ៉ូបបាននិយាយអ្វីដែល«ជ្រួសហួស»។ ប៉ុន្តែក្រោយមក គាត់ស្ដាយក្រោយចំពោះអ្វីមួយចំនួនដែលគាត់បាននិយាយ។ (យ៉ូប ៤២:៦) ដូចយ៉ូប នៅសព្វថ្ងៃនេះបុគ្គលដែលមានការតានតឹងចិត្តដោយសារបញ្ហាណាមួយ ប្រហែលជានិយាយជ្រួសហួស ហើយក្រោយមកគាត់ស្ដាយក្រោយចំពោះអ្វីដែលគាត់បាននិយាយ។ តើយើងគួរមានប្រតិកម្មបែបណា? ជាជាងរិះគន់បុគ្គលនោះ យើងគួរមានចិត្តអាណិត មេត្ដាចំពោះគាត់។ សូមចាំថាបញ្ហានិងការតានតឹងចិត្តដែលយើងមាននៅសព្វថ្ងៃនេះ មិនមែនជាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិទេ។ ដូច្នេះ យើងអាចយល់អំពីមូលហេតុដែលអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានិយាយអ្វីដែលខ្វះការពិចារណា ពេលគាត់មានការតានតឹងចិត្តជាខ្លាំង។ ទោះជាគាត់និយាយអ្វីដែលមិនត្រឹមត្រូវអំពីព្រះយេហូវ៉ាឬអំពីយើងក្ដី យើងមិនគួរឆាប់ខឹងគាត់ឬវិនិច្ឆ័យគាត់ចំពោះអ្វីដែលគាត់បាននិយាយនោះទេ។—សុភ. ១៩:១១
១១. តើពួកអ្នកចាស់ទុំអាចយកតម្រាប់អេលីហ៊ូវយ៉ាងដូចម្ដេច ពេលពួកគេឲ្យឱវាទ?
១១ ពេលខ្លះ បុគ្គលដែលមានបញ្ហាដែលនាំឲ្យមានការតានតឹងចិត្តក៏ត្រូវការឱវាទឬការកែតម្រង់ដែរ។ (កាឡ. ៦:១) តើពួកអ្នកចាស់ទុំអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកគេគួរតែយកតម្រាប់អេលីហ៊ូវ ដែលបានស្ដាប់យ៉ូបដោយក្ដីអាណិតអាសូរ។ (យ៉ូប ៣៣:៦, ៧) ក្រោយពីអេលីហ៊ូវយល់អំពីគំនិតរបស់យ៉ូប ទើបគាត់ឲ្យឱវាទយ៉ូប។ ពួកអ្នកចាស់ទុំដែលធ្វើតាមគំរូរបស់អេលីហ៊ូវនឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមយល់អំពីស្ថានភាពរបស់អ្នកដែលមានការតានតឹងចិត្តនោះ។ យ៉ាងនេះ ពេលពួកគេផ្ដល់ឱវាទ នោះទំនងជានឹងមានឥទ្ធិពលច្រើនជាងលើចិត្តរបស់អ្នកនោះ។
ចូរនិយាយអ្វីដែលសម្រាលទុក្ខ
១២. តើការស្លាប់របស់ប្ដីនិងកូនប្រុសពីរនាក់របស់ន៉ាអូមីមានឥទ្ធិពលយ៉ាងណាទៅលើគាត់?
១២ ន៉ាអូមីជាស្ត្រីដ៏ស្មោះត្រង់ម្នាក់ដែលស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែក្រោយពីប្ដីនិងកូនប្រុសទាំងពីរនាក់របស់គាត់បានស្លាប់ គាត់ចង់ប្ដូរឈ្មោះពីន៉ាអូមីទៅ«ម៉ារ៉ា»ដែលមានន័យថា«ជូរល្វីង»។ (រស់. ១:៣, ៥, ២០, ២១) រូថដែលជាកូនប្រសាស្រីរបស់ន៉ាអូមីបាននៅជាប់ជាមួយនឹងគាត់ ពេលគាត់មានទុក្ខលំបាក។ រូថមិនគ្រាន់តែបានផ្ដល់ជំនួយដែលន៉ាអូមីត្រូវការប៉ុណ្ណោះទេ តែគាត់ក៏បាននិយាយសម្រាលទុក្ខន៉ាអូមីដែរ។ ដោយប្រើពាក្យសម្ដីសាមញ្ញដែលស្មោះអស់ពីចិត្ត រូថបានប្រាប់ន៉ាអូមីថាគាត់ស្រឡាញ់ន៉ាអូមី ហើយនឹងគាំទ្រគាត់។—រស់. ១:១៦, ១៧
១៣. ហេតុអ្វីអ្នកដែលបាត់បង់គូអាពាហ៍ពិពាហ៍ត្រូវការការគាំទ្រពីយើង?
១៣ ពេលបងប្អូនរួមជំនឿរបស់យើងបាត់បង់គូអាពាហ៍ពិពាហ៍ គាត់ត្រូវការការគាំទ្រពីយើង។ យើងអាចប្រៀបប្រដូចគូប្ដីប្រពន្ធទៅនឹងដើមឈើពីរដើមដែលដុះនៅក្បែរគ្នា។ យូរៗទៅ ឫសរបស់ដើមឈើទាំងពីរនោះចាក់ប្រទាក់គ្នា។ ពេលដើមឈើមួយដើមរលើងឫស ហើយងាប់ នោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដើមឈើមួយដើមទៀត។ ស្រដៀងគ្នាដែរ ពេលបុគ្គលម្នាក់បាត់បង់គូដោយសារសេចក្ដីស្លាប់ដែលជាសត្រូវរបស់យើង គាត់ប្រហែលជាមានអារម្មណ៍ឈឺចាប់ជាខ្លាំងអស់រយៈពេលយូរ។ ជាឧទាហរណ៍ ប្ដីរបស់បងស្រីផូឡា *បានស្លាប់ភ្លាមៗ។ គាត់និយាយថា៖ «ជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរទាំងស្រុង ហើយខ្ញុំមានអារម្មណ៍ថាគ្មានអ្វីអាចស្រោចស្រង់ស្ថានភាពនេះបានទេ។ ខ្ញុំបានបាត់បង់មិត្តជិតស្និទ្ធរបស់ខ្ញុំ។ ខ្ញុំបាននិយាយជាមួយនឹងប្ដីរបស់ខ្ញុំគ្រប់រឿង។ ពេលខ្ញុំសប្បាយចិត្ត គាត់ក៏សប្បាយចិត្តដែរ ហើយពេលខ្ញុំជួបការពិបាក គាត់ជួយខ្ញុំ។ គាត់តែងតែស្ដាប់ខ្ញុំពេលខ្ញុំនិយាយអំពីការខ្វល់ខ្វាយដែលខ្ញុំមាន។ ខ្ញុំពិតជាមានអារម្មណ៍ថាខ្ញុំបានត្រូវគេកាត់ផ្ដាច់ជាពីរចំណែក»។
១៤-១៥. តើតាមរបៀបណាយើងអាចសម្រាលទុក្ខបុគ្គលដែលបានបាត់បង់គូអាពាហ៍ពិពាហ៍?
១៤ តើតាមរបៀបណាយើងអាចសម្រាលទុក្ខបុគ្គលដែលបានបាត់បង់គូអាពាហ៍ពិពាហ៍? ដំបូងយើងគួរនិយាយជាមួយនឹងបុគ្គលនោះ ទោះជាយើងមានអារម្មណ៍មិនស្រួលឬមិនដឹងថាយើងគួរនិយាយអ្វីក៏ដោយ។ បងផូឡាដែលបានត្រូវរៀបរាប់ខាងលើនិយាយថា៖ «ខ្ញុំយល់ថា តាមធម្មតាការនិយាយអំពីការស្លាប់របស់អ្នកណាម្នាក់ធ្វើឲ្យមនុស្សមានអារម្មណ៍មិនស្រួល។ ពួកគេបារម្ភថាពួកគេនឹងនិយាយអ្វីដែលធ្វើឲ្យអ្នកដែលកំពុងកើតទុក្ខទើសចិត្ត។ តែការឮអ្វីដែលទើសចិត្តគឺល្អជាងការមិនឮអ្វីទាល់តែសោះ»។ អ្នកដែលកំពុងកើតទុក្ខទំនងជាមិនរំពឹងថាយើងនឹងនិយាយអ្វីដែលវិសេសវិសាលនោះទេ។ បងផូឡានិយាយថា៖ «ខ្ញុំសប្បាយចិត្តពេលមិត្តភក្ដិគ្រាន់តែនិយាយថា ‹ខ្ញុំសូមចូលរួមសោកស្ដាយផង›»។
១៥ ប្រពន្ធរបស់បងវីល្លាមបានស្លាប់ប៉ុន្មានឆ្នាំមុន។ គាត់និយាយថា៖ «ខ្ញុំសប្បាយចិត្តពេលអ្នកឯទៀតរៀបរាប់អ្វីល្អៗអំពីប្រពន្ធរបស់ខ្ញុំ។ នេះពង្រឹងទំនុកចិត្តខ្ញុំថា គាត់បានត្រូវគេគោរពនិងស្រឡាញ់។ ការនិយាយបែបនោះជួយខ្ញុំច្រើនណាស់។ ពាក្យសម្ដីរបស់ពួកគេបានសម្រាលទុក្ខខ្ញុំយ៉ាងខ្លាំង ដោយសារប្រពន្ធរបស់ខ្ញុំក៏មានតម្លៃយ៉ាងខ្លាំងចំពោះខ្ញុំ ហើយជាចំណែកដ៏សំខាន់ណាស់ក្នុងជីវិតរបស់ខ្ញុំ»។ បងប៊ីអាន់កាដែលជាស្ត្រីមេម៉ាយម្នាក់ពន្យល់ថា៖ «ពេលបងប្អូនអធិដ្ឋានជាមួយនឹងខ្ញុំ ហើយបង្ហាញខគម្ពីរមួយឬពីរដល់ខ្ញុំ នោះសម្រាលទុក្ខខ្ញុំ។ ខ្ញុំធូរស្រាលក្នុងចិត្តពេលពួកគេនិយាយអំពីប្ដីរបស់ខ្ញុំ ហើយពេលពួកគេស្ដាប់ខ្ញុំនិយាយអំពីគាត់»។
១៦. (ក) តើយើងគួរធ្វើអ្វីចំពោះបុគ្គលដែលបានបាត់បង់មនុស្សជាទីស្រឡាញ់? (ខ) យោងទៅតាមយ៉ាកុប ១:២៧ តើយើងមានភារកិច្ចអ្វី?
១៦ ដូចរូថបាននៅជាប់ជាមួយនឹងន៉ាអូមីដែលជាស្ត្រីមេម៉ាយ យើងត្រូវបន្តគាំទ្រពួកអ្នកដែលបាត់បង់បុគ្គលជាទីស្រឡាញ់។ បងផូឡាដែលបានត្រូវរៀបរាប់ខាងលើនិយាយថា៖ «ភ្លាមៗក្រោយពីប្ដីខ្ញុំបានស្លាប់ ខ្ញុំបានទទួលការគាំទ្រជាច្រើនពីអ្នកឯទៀត។ ប៉ុន្តែយូរៗទៅ ពួកគេចាប់ផ្ដើមធ្វើកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដូចធម្មតាវិញ។ តែជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរទាំងស្រុង។ គឺជួយខ្ញុំច្រើនណាស់ ពេលអ្នកឯទៀតទទួលស្គាល់ថាអ្នកដែលកើតទុក្ខត្រូវការការគាំទ្រក្នុងប៉ុន្មានខែឬប៉ុន្មានឆ្នាំបន្ទាប់ពីបុគ្គលជាទីស្រឡាញ់បានស្លាប់»។ មនុស្សម្នាក់ៗគឺខុសគ្នា។ តាមមើលទៅ អ្នកខ្លះមិនត្រូវការពេលយូរប៉ុន្មានដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មីទេ។ រីឯអ្នកខ្លះទៀត ពេលពួកគេធ្វើអ្វីផ្សេងៗដែលពួកគេធ្លាប់ធ្វើជាមួយនឹងបុគ្គលជាទីស្រឡាញ់ នោះរំលឹកពួកគេអំពីការបាត់បង់បុគ្គលនោះ។ របៀបដែលបុគ្គលម្នាក់ៗកើតទុក្ខគឺខុសៗគ្នា។ សូមយើងចាំថា ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឯកសិទ្ធិនិងភារកិច្ចថែរក្សាពួកអ្នកដែលបានបាត់បង់គូអាពាហ៍ពិពាហ៍។—សូមអាន យ៉ាកុប ១:២៧
១៧. ហេតុអ្វីពួកអ្នកដែលគូអាពាហ៍ពិពាហ៍បានបោះបង់ចោលត្រូវការការគាំទ្រពីយើង?
១៧ អ្នកខ្លះត្រូវប្រឈមមុខនឹងការតានតឹងចិត្តនិងការឈឺចាប់ជាខ្លាំង ពេលដែលគូរបស់ពួកគេបោះបង់ចោលពួកគេ។ ប្ដីរបស់បងចូអ៊ីសបានបោះបង់ចោលគាត់ ហើយទៅយកស្រីថ្មី។ គាត់និយាយថា៖ «បើប្ដីរបស់ខ្ញុំស្លាប់ ខ្ញុំប្រហែលជាមិនសូវឈឺចាប់ដូចពេលយើងលែងលះគ្នាទេ។ បើគាត់ស្លាប់ដោយសារគ្រោះថ្នាក់ណាមួយឬដោយសារជំងឺ នោះមិនមែនជាការសម្រេចចិត្តរបស់គាត់ទេ។ ប៉ុន្តែក្នុងករណីនេះ ប្ដីរបស់ខ្ញុំសម្រេចចិត្តបោះបង់ចោលខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់ណាស់»។
១៨. តើយើងអាចធ្វើអ្វីដើម្បីជួយពួកអ្នកដែលលែងមានគូអាពាហ៍ពិពាហ៍ទៀត?
១៨ ពេលយើងប្រព្រឹត្តដោយសប្បុរសចំពោះពួកអ្នកដែលលែងមានគូអាពាហ៍ពិពាហ៍ទៀត យើងបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ។ ជាងពេលមុនៗទៅទៀត ពួកគេត្រូវការមិត្តល្អ។ (សុភ. ១៧:១៧) តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកជាមិត្តរបស់បងប្អូននោះ? អ្នកអាចអញ្ជើញពួកគេមកផ្ទះរបស់អ្នកដើម្បីបរិភោគអាហារសាមញ្ញ។ ម្យ៉ាងទៀត អ្នកអាចអញ្ជើញពួកគេឲ្យទៅផ្សព្វផ្សាយជាមួយឬចូលរួមការកម្សាន្តណាមួយជាមួយគ្នា។ ម្យ៉ាងវិញទៀត ម្ដងម្កាលអ្នកក៏អាចអញ្ជើញពួកគេឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយនឹងអ្នក។ បើអ្នកធ្វើដូច្នេះ អ្នកនឹងធ្វើឲ្យព្រះយេហូវ៉ារីករាយ ដោយសារលោក«គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង» និងជា«ចៅក្រមដល់ពួកមេម៉ាយ»។—ទំនុក. ៣៤:១៨; ៦៨:៥
១៩. ស្របតាមពេត្រុសទី១ ៣:៨ តើអ្នកតាំងចិត្តធ្វើអ្វី?
១៩ មិនយូរទៀត ពេលរាជាណាចក្រព្រះគ្រប់គ្រងលើផែនដី រាល់‹សេចក្ដីវេទនាពីជាន់មុននឹងភ្លេចទៅ›។ យើងទន្ទឹងរង់ចាំពេលដែល«របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ (អេ. ៦៥:១៦, ១៧) តែទម្រាំដល់ពេលនោះ សូមយើងគាំទ្រគ្នាទៅវិញទៅមក ហើយបង្ហាញដោយការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើងថា យើងស្រឡាញ់បងប្អូនរួមជំនឿទាំងអស់។—សូមអាន ពេត្រុសទី១ ៣:៨
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
^ វគ្គ 5 ឡុត យ៉ូប និងន៉ាអូមីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ប៉ុន្តែពួកគាត់នៅតែមានពេលខ្លះក្នុងជីវិតដែលពួកគាត់តានតឹងចិត្ត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកគាត់។ យើងក៏នឹងពិចារណាអំពីមូលហេតុដែលការមានចិត្តអត់ធ្មត់ ចិត្តអាណិតមេត្ដា និងការនិយាយអ្វីដែលសម្រាលទុក្ខបងប្អូនរបស់យើងគឺសំខាន់ ពេលដែលពួកគេប្រឈមមុខនឹងបញ្ហាផ្សេងៗ។
^ វគ្គ 13 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 57 ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់ស្ដាប់ដោយចិត្តអត់ធ្មត់ កាលដែលបងប្រុសម្នាក់ដែលខឹងនិយាយអ្វីដែល«ជ្រួសហួស»។ ក្រោយពីគាត់ត្រជាក់ចិត្ត អ្នកចាស់ទុំឲ្យឱវាទគាត់យ៉ាងសប្បុរស។
^ វគ្គ 59 ការពណ៌នាអំពីរូបភាព: ប្ដីប្រពន្ធវ័យក្មេងមួយគូចំណាយពេលជាមួយនឹងបងប្រុសម្នាក់ដែលប្រពន្ធរបស់គាត់ទើបតែស្លាប់។ ពួកគេនិយាយគ្នាអំពីអនុស្សាវរីយ៍សប្បាយៗដែលទាក់ទងនឹងប្រពន្ធគាត់។