លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៣

ចូរស្រឡាញ់គ្នាឲ្យខ្លាំង

ចូរស្រឡាញ់គ្នាឲ្យខ្លាំង

​«​ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។—១ពេ. ១:២២

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះពី​ចិត្ត

សេចក្ដី​សង្ខេប *

នៅ​យប់​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក លោក​បាន​លើក​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់ (​សូម​មើល​វគ្គ​១​-​២​)

១. តើ​លោក​យេស៊ូ​បាន​ឲ្យ​បង្គាប់​ដ៏​ជាក់​លាក់​អ្វី​ដល់​អ្នក​កាន់​តាម​លោក? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

នៅ​យប់​មុន​ដែល​លោក​យេស៊ូ​ស្លាប់ លោក​បាន​ឲ្យ​បង្គាប់​ដ៏​ជាក់​លាក់​មួយ​ដល់​អ្នក​កាន់​តាម​លោក។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ​»។ បន្ទាប់​មក​លោក​បាន​បន្ថែម​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូន ១៣:​៣៤, ៣៥

២. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​គ្រប់​គ្នា​អាច​សម្គាល់​ថា​អ្នក​ណា​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក បើពួក​គេ​ស្រឡាញ់​មនុស្ស​ដូច​ដែល​លោក​បាន​ស្រឡាញ់។ នៅ​សតវត្សរ៍ទី១ មនុស្ស​បាន​សម្គាល់​អ្នក​កាន់​តាម​ពិត​របស់​លោក​តាម​របៀប​នេះ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ហេតុ​នេះ គឺ​សំខាន់​ណាស់​ដែល​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ទោះ​ជា​នៅ​ពេល​ពិបាក​ក្ដី!

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ យើង​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។ ក៏​ប៉ុន្តែ យើង​ត្រូវ​ព្យាយាម​យក​តម្រាប់​គ្រិស្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ជួយ​យើង​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព មិន​រើស​មុខ និង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ កាល​ដែល​អ្នក​សិក្សា​អត្ថបទ​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​បង​ប្អូន​ដែល​បាន​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ទោះ​ជា​ពិបាក​ក្ដី?›។

ចូរ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព

៤. យោង​ទៅ​តាម​ម៉ាថាយ ៥:២៣, ២៤ ហេតុ​អ្វី​យើង​គួរ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​ដែល​កំពុង​ប្រកាន់​ទោស​យើង?

លោក​យេស៊ូ​បាន​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ការ​ខំ​ព្យាយាម​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​ដែល​កំពុង​ប្រកាន់​ទោស​យើង។ (​សូម​អាន ម៉ាថាយ ៥:២៣, ២៤) លោក​បាន​លើក​បញ្ជាក់​ថា​យើង​ត្រូវ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត បើ​យើង​ចង់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ លោក​នឹង​មិន​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ទេ បើ​យើង​នៅតែ​ទើស​ចិត្ត​នឹង​អ្នក​ណា​ម្នាក់ ហើយ​ថែម​ទាំង​មិន​ព្រម​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។—១យ៉ូន. ៤:២០

៥. តើ​អ្វី​នាំ​ឲ្យ​បង​ប្រុស​ម្នាក់​ពិបាក​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព?

យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ ហេតុ​អ្វី? សូម​ពិចារណា​អំពី​អ្វីដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​ម៉ាក។ * គាត់​ឈឺ​ចិត្ត​ពេល​បង​ប្រុស​ម្នាក់​បាន​រិះ​គន់​គាត់ ហើយ​បាន​និយាយ​មិន​ល្អ​អំពី​គាត់​ប្រាប់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ តើ​បង​ម៉ាក​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​នឹក​ចាំ​ថា​៖ ​«​ខ្ញុំ​បាន​តប​ទៅវិញ​ទាំង​កំហឹង​»។ ប៉ុន្តែ​ក្រោយ​មក បង​ម៉ាក​ស្ដាយ​ក្រោយ​ចំពោះ​អ្វីដែល​គាត់​បាន​ធ្វើ ហើយ​បាន​ព្យាយាម​សុំ​ទោស​បង​ប្រុស​នោះ ព្រម​ទាំង​ខំ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ឡើង​វិញ​ជា​មួយ​នឹង​គាត់។ ក៏​ប៉ុន្តែ​បង​ប្រុស​នោះ​មិន​ចង់​ផ្សះ​ផ្សា​ជា​មួយ​នឹង​បង​ម៉ាក​ទេ។ ដំបូង បង​ម៉ាក​បាន​គិត​ថា ‹ម៉េច​ខ្ញុំគួរ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព បើ​គាត់​មិន​ចង់​ផង?›។ ប៉ុន្តែ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​លើក​ទឹក​ចិត្ត​គាត់​មិន​ឲ្យ​ឈប់​ព្យាយាម។ តើ​បង​ម៉ាក​បាន​ធ្វើ​អ្វី?

៦. (​ក​) តើ​បង​ម៉ាក​បាន​ធ្វើ​អ្វី​ដើម្បី​ព្យាយាម​ឲ្យ​មាន​សន្ដិ​ភាព? (​ខ​) តើ​បង​ម៉ាក​ធ្វើ​តាម​កូឡុស ៣:១៣, ១៤​យ៉ាង​ដូច​ម្ដេច?

បង​ម៉ាក​បាន​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​គាត់ ហើយ​បាន​ឃើញ​ថា​ជួន​កាល​គាត់​គិត​ថា​គាត់​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ គាត់​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់។ (​កូឡ. ៣:៨, ៩, ១២​) ដោយ​ចិត្ត​រាប​ទាប គាត់​បាន​ទៅ​ជួប​បង​ប្រុស​នោះ​ម្ដង​ទៀត ហើយ​សុំ​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គាត់។ បង​ម៉ាក​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​បង​ប្រុស​នោះ ដោយ​រៀប​រាប់​ថា​គាត់​ពិត​ជា​សោក​ស្ដាយ​ជា​ខ្លាំង ហើយ​ថា​គាត់​ចង់​មាន​មិត្តភាព​សារ​ជា​ថ្មី​ជា​មួយ​នឹង​បង​ប្រុស​នោះ​ណាស់។ បង​ម៉ាក​ថែម​ទាំង​បាន​ឲ្យ​អំណោយ​បន្ដិច​បន្តួច​ទៅ​បង​ប្រុស​នោះ​ដែល​គាត់​នឹង​ចូល​ចិត្ត។ គួរ​ឲ្យ​ស្ដាយ​ណាស់ បង​ប្រុស​នោះ​នៅតែ​ប្រកាន់​ទោស​គាត់​ដដែល។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បង​ម៉ាក​បន្ត​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ស្រឡាញ់​បង​ប្អូន ហើយ​អភ័យ​ទោស​ឲ្យ​គ្នា។ (​សូម​អាន កូឡុស ៣:១៣, ១៤) ទោះ​ជា​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​មិន​សូវ​បាន​ផល​ក្ដី សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ជា​គ្រិស្ត​សាសនិក​នឹង​ជួយ​យើង​ឲ្យ​បន្ត​អភ័យ​ទោស​ឲ្យ​បង​ប្អូន ហើយ​អធិដ្ឋាន​ឲ្យ​មាន​សន្ដិ​ភាព​ឡើង​វិញ​ជា​មួយ​នឹង​ពួក​គេ។—ម៉ាថ. ១៨:២១, ២២; កាឡ. ៦:៩

បើ​អ្នក​ណា​ម្នាក់​ប្រកាន់​ទោស​យើង យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​មាន​សន្ដិ​ភាព​ឡើង​វិញ​ជា​មួយ​នឹង​អ្នក​នោះ (​សូម​មើល​វគ្គ​៧​-​៨​) *

៧. (​ក​) តើ​លោក​យេស៊ូ​បាន​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​អ្វី? (​ខ​) តើ​បង​ស្រី​ម្នាក់​ជួប​ស្ថានភាព​ពិបាក​អ្វី?

លោក​យេស៊ូ​បាន​ដាស់​តឿន​យើង​ឲ្យ​បន្ត​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​យើង​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​យើង។ លោក​ក៏​បាន​បន្ថែម​ថា​យើង​មិន​គួរ​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​យើង​វិញ​នោះ​ទេ។ (​លូក. ៦:៣១​-​៣៣​) ចុះ​យ៉ាង​ណា​បើ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដើរ​គេច​អ្នក​ដោយ​មិន​ទាំង​និយាយ​សួស្តី​ទៅ​អ្នក? រឿង​នេះ​កម្រ​កើត​ឡើង តែ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម្នាក់​ឈ្មោះ​ឡា​រ៉ា។ គាត់​ពន្យល់​ថា​៖ ​«​បង​ស្រី​ម្នាក់​គេច​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា​មក​ពី​ហេតុ​អី​ទេ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល ហើយ​មិន​សូវ​ចង់​ទៅ​កិច្ច​ប្រជុំ​»។ ដំបូង បង​ឡា​រ៉ា​បាន​លើក​ហេតុ​ផល​ថា ‹ខ្ញុំ​មិន​មែន​ជា​អ្នក​ខុស​ទេ។ បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ក៏​មាន​អារម្មណ៍​ថា​បង​ស្រី​នោះ​ខុស​ប្លែក​ពី​គេ​ដែរ›។

៨. តើ​បង​ឡា​រ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​មាន​សន្ដិ​ភាព ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​គាត់?

បង​ឡា​រ៉ា​បាន​ចាត់​វិធានការ​ដើម្បី​មាន​សន្ដិ​ភាព។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សម្រេច​ចិត្ត​ទៅ​និយាយ​ជា​មួយ​នឹង​បង​ស្រី​នោះ។ ពួក​គាត់​បាន​និយាយ​គ្នា​អំពី​បញ្ហា​នោះ ឱប​គ្នា ហើយ​មាន​សន្ដិ​ភាព។ អ្វី​ៗ​ទាំង​អស់​មើល​ទៅ​រលូន​ល្អ។ បង​ឡា​រ៉ា​រៀប​រាប់​ថា​៖ ​«​ប៉ុន្តែ​ក្រោយ​មក បង​ស្រី​នោះ​បាន​ធ្វើ​ដាក់​ខ្ញុំ​ដូច​គាត់​ធ្លាប់​ធ្វើ​ពី​មុន។ ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ណាស់​»។ ដំបូង បង​ឡា​រ៉ា​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​សប្បាយ​រីក​រាយ​ឡើយ បើ​បង​ស្រី​ម្នាក់​ទៀត​នោះ​មិន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ទេ។ ប៉ុន្តែ​នៅ​ទី​បំផុត បង​ឡារ៉ា​បាន​ទទួល​ស្គាល់​ថា​អ្វី​ល្អ​បំផុត​ដែល​គាត់​អាច​ធ្វើ​គឺ​បន្ត​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ស្រី​នោះ ហើយ​‹អភ័យ​ទោស​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ›។ (​អេភ. ៤:៣២–៥:២​) បង​ឡា​រ៉ា​បាន​នឹក​ចាំ​ថា​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ជា​គ្រិស្ត​សាសនិក​«​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វីដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ (​១កូ. ១៣:៥,​) ដូច្នេះ បង​ឡា​រ៉ា​លែង​ព្រួយ​បារម្ភ​អំពី​រឿង​នោះ ហើយ​យូរ​ទៅ​ៗ បង​ស្រី​នោះ​រួស​រាយ​ដាក់​គាត់​ជាង​មុន។ ពេល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន ហើយ​បន្ត​ស្រឡាញ់​ពួក​គេ អ្នក​អាច​ប្រាកដ​ថា​«​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សន្ដិ​ភាព នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។—២កូ. ១៣:១១

ចូរ​កុំ​រើស​មុខ

៩. យោង​ទៅ​តាម​សកម្មភាព ១០:៣៤, ៣៥ ហេតុ​អ្វី​យើង​មិន​ត្រូវ​រើស​មុខ?

ព្រះ​យេហូវ៉ា​មិន​រើស​មុខ​ទេ។ (​សូម​អាន សកម្មភាព ១០:​៣៤, ៣៥) ពេល​យើង​មិន​រើស​មុខ យើង​បង្ហាញ​ថា​យើង​ជា​កូន​របស់​លោក។ យើង​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​យើង​រក្សា​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង។—រ៉ូម ១២:៩, ១០; យ៉ា. ២:៨, ៩

១០​-​១១. តើ​បង​ស្រី​ម្នាក់​បាន​បំបាត់​ចោល​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១០ សម្រាប់​បង​ប្អូន​ខ្លះ ការ​មិន​រើស​មុខ​គឺ​មិន​ស្រួល​ទេ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អ្វីដែល​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​រូថ។ ពេល​គាត់​នៅ​វ័យ​ជំទង់ គាត់​ធ្លាប់​មាន​រឿង​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ដែល​មក​ពី​ប្រទេស​ផ្សេង។ តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​គាត់? បង​រូថ​សារភាព​ថា​៖ ​«​ខ្ញុំ​ស្អប់​អ្វី​ៗ​ទាំង​អស់​អំពី​ប្រទេស​នោះ។ ខ្ញុំ​បាន​គិត​ថា​មនុស្ស​ទាំង​អស់​ពី​ប្រទេស​នោះ​គឺ​ដូច​តែ​គ្នា សូម្បីតែ​បង​ប្អូន​ក៏​អ៊ីចឹង​ដែរ​»។ តើ​បង​រូថ​បាន​បំបាត់​ចោល​ទស្សនៈ​មិន​ត្រឹម​ត្រូវ​នេះ​យ៉ាង​ដូច​ម្ដេច?

១១ បង​រូថ​បាន​យល់​ថា​គាត់​ត្រូវ​ព្យាយាម​ឈប់​គិត​បែប​នោះ។ គាត់​អាន​បទ​ពិសោធន៍​និង​សេចក្ដី​រាយ​ការណ៍​អំពី​ប្រទេស​នោះ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ(​Yearbook​)។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​មនុស្ស​ដែល​មក​ពី​ប្រទេស​នោះ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​កត់​សម្គាល់​ឃើញ​ថា​បង​ប្អូន​ពី​ប្រទេស​នោះ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ឃើញ​ច្បាស់​ថា​ពួក​គេ​ក៏​ជា​បង​ប្អូន​រួម​ជំនឿ​នៅ​ក្នុង​ក្រុម​គ្រួសារ​ទូ​ទាំង​ពិភព​លោក​របស់​យើង​ដែរ​»។ បន្ដិច​ម្ដង​ៗ បង​រូថ​បាន​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ធ្វើ​លើស​ពី​នេះ​ទៀត។ គាត់​ពន្យល់​ថា​៖ ​«​ពេល​ណា​ដែល​ខ្ញុំ​ជួប​បង​ប្អូន​ពី​ប្រទេស​នោះ ខ្ញុំ​ព្យាយាម​ខ្លាំង​ជាង​ធម្មតា​ដើម្បី​រាក់​ទាក់​ពួក​គេ។ ខ្ញុំ​បាន​សន្ទនា​ជា​មួយ​នឹង​ពួក​គេ ហើយ​ស្គាល់​ពួក​គេ​ច្បាស់​ជាង​»។ តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? បង​រូថ​និយាយ​ថា​៖ ​«​យូរ​ៗ​ទៅ ខ្ញុំ​លែង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ទៀត​»។

បើ​យើង​«​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»​យ៉ាង​ខ្លាំង យើង​នឹង​មិន​រើស​មុខ​ឡើយ (​សូម​មើល​វគ្គ​១២​-​១៣​) *

១២. តើ​បង​សារ៉ា​មាន​បញ្ហា​អ្វី?

១២ បង​ប្អូន​ខ្លះ​ប្រហែល​ជា​រើស​មុខ​ដោយ​មិន​ដឹង​ខ្លួន។ ជា​ឧទាហរណ៍ បង​ស្រី​សារ៉ា​បាន​គិត​ថា​គាត់​មិន​បាន​រើស​មុខ​ទេ ដោយ​សារ​គាត់​មិន​បាន​វាយ​តម្លៃ​មនុស្ស​ទៅ​តាម​ពូជ​សាសន៍ ទ្រព្យ​សម្បត្ដិ ឬ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ប៉ុន្តែ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ខ្ញុំ​ពិត​ជា​បាន​រើស​មុខ​មែន​»។ តើ​តាម​របៀប​ណា? បង​សារ៉ា​មក​ពី​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​ចេះ​ដឹង ហើយ​គាត់​ចូល​ចិត្ត​សេពគប់​ជា​មួយ​នឹង​អ្នក​ដែល​បាន​រៀន​ចេះ​ដឹង​ខ្ពង់​ខ្ពស់​ដូច​គាត់។ គាត់​ថែម​ទាំង​ធ្លាប់​ប្រាប់​មិត្ត​ម្នាក់​របស់​គាត់​ថា​៖ ​«​ខ្ញុំ​សេពគប់​តែ​បង​ប្អូន​រួម​ជំនឿ​ដែល​រៀន​ចេះ​ដឹង មិន​មែន​អ្នក​ដែល​មិន​បាន​រៀន​សូត្រ​ខ្ពង់​ខ្ពស់​ទេ​»។ បង​សារ៉ា​ច្បាស់​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​គាត់។ ដូច្នេះ តើ​គាត់​ត្រូវ​ធ្វើ​អ្វី?

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​បង​សារ៉ា​បាន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​គាត់?

១៣ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​ជួយ​បង​សារ៉ា​ឲ្យ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​គាត់។ បង​សារ៉ា​រៀប​រាប់​ថា​៖ ​«​គាត់​បាន​សរសើរ​ខ្ញុំ​ចំពោះ​កិច្ច​បម្រើ​ស្មោះ​ត្រង់​របស់​ខ្ញុំ ចម្លើយ​ល្អ​ៗ និង​ចំណេះ​របស់​ខ្ញុំ​ពី​បទ​គម្ពីរ។ រួច​មក គាត់​បាន​ពន្យល់​ថា​កាល​ដែល​យើង​មាន​ចំណេះ​កាន់​តែ​ច្រើន យើង​ក៏​ត្រូវ​បណ្ដុះ​គុណ​សម្បត្ដិ​ជា​គ្រិស្ត​សាសនិក​ដូច​ជា​ចិត្ត​រាប​ទាប ចិត្ត​សុភាព និង​សេចក្ដី​មេត្ដា​ករុណា​»។ បង​សារ៉ា​បាន​ធ្វើ​តាម​យោបល់​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នោះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ថា​អ្វី​សំខាន់​បំផុត​គឺ​យើង​ត្រូវ​បង្ហាញ​ចិត្ត​សប្បុរស​និង​សេចក្ដី​ស្រឡាញ់​»។ ជា​លទ្ធផល គាត់​បាន​ចាប់​ផ្ដើម​មាន​ទស្សនៈ​ផ្សេង​ចំពោះ​បង​ប្អូន។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​ព្យាយាម​ស្វែង​យល់​អំពី​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​»។ ចុះ​យ៉ាង​ណា​យើង​វិញ? យើង​មិន​ចង់​គិត​ថា​យើង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ដោយ​សារ​ការ​អប់រំ​ដែល​យើង​បាន​ទទួល​ទេ។ បើ​យើង​«​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»​យ៉ាង​ខ្លាំង យើង​នឹង​មិន​រើស​មុខ​ឡើយ។—១ពេ. ២:១៧

ចូរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់

១៤. យោង​ទៅ​តាម​ហេប្រឺ ១៣:១៦ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់?

១៤ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ (​សូម​អាន ហេប្រឺ ១៣:១៦) លោក​ចាត់​ទុក​ថា​នេះជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង ជា​ពិសេស​ពេល​យើង​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ (​យ៉ា. ១:២៧; ២:​១៤​-​១៧​) ម្ល៉ោះ​ហើយ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​រ៉ូម ១២:១៣​) ពេល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ យើង​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​យ៉ាង​ស្មោះ ស្រឡាញ់​ពួក​គេ និង​ចង់​ធ្វើ​ជា​មិត្ត​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​ចែក​រំលែក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត មិន​ថា​នោះ​ជា​អាហារ​សម្រន់ ភេសជ្ជៈ អាហារ​មួយ​ពេល ឬ​ពេល​វេលា​របស់​យើង​ក្ដី។ (​១ពេ. ៤:៨​-​១០​) ក៏​ប៉ុន្តែ មាន​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។

​«​កាល​ពី​មុន ខ្ញុំ​មិន​សូវ​ចង់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ទេ ប៉ុន្តែ​ខ្ញុំ​បាន​កែ​ប្រែ ហើយ​នោះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់​»​ (​សូម​មើល​វគ្គ​១៦​) *

១៥​-​១៦. (​ក​) ហេតុ​អ្វី​បង​ប្អូន​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់? (​ខ​) តើ​អ្វី​បាន​ជួយ​បង​អ៊ី​ឌីត​ឲ្យ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់?

១៥ យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ដោយ​សារ​កាលៈទេសៈ​របស់​យើង។ សូម​ពិចារណា​អំពី​គំរូ​របស់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ឈ្មោះ​អ៊ី​ឌីត។ មុន​គាត់​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា គាត់​មិន​សូវ​ចូល​ចិត្ត​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឡើយ។ បង​អ៊ី​ឌីត​មាន​អារម្មណ៍​ថា​បុគ្គល​ផ្សេង​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ជាង​គាត់។

១៦ ក្រោយ​ពី​បង​អ៊ី​ឌីត​បាន​ទៅ​ជា​សាក្សី គាត់​បាន​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់។ គាត់​បាន​ចាត់​វិធានការ​ដើម្បី​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ គាត់​រៀប​រាប់​ថា​៖ ​«​ពេល​សាល​ប្រជុំ​ថ្មី​របស់​យើង​បាន​ត្រូវ​សាង​សង់ អ្នក​ចាស់​ទុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មក​ជួយ​ធ្វើ​កិច្ច​ការ​សាង​សង់​នោះ ហើយ​គាត់​បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​អាច​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​ពួក​គាត់​សម្រាប់​ពីរ​សប្ដាហ៍​បាន​ឬ​ទេ។ ខ្ញុំ​បាន​នឹក​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ស្ត្រី​មេ​ម៉ាយ​នៅ​ក្រុង​សេរ៉ាផាត​»។ (​១ព. ១៧:១២​-​១៦​) បង​អ៊ី​ឌីត​បាន​យល់​ព្រម​ឲ្យ​ប្ដី​ប្រពន្ធ​នោះ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។ តើ​គាត់​បាន​ទទួល​ពរ​ឬ​ទេ? គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ពួក​គាត់​មិន​គ្រាន់​តែ​ស្នាក់​នៅ​ពីរ​សប្ដាហ៍​ទេ តែ​បាន​ស្នាក់​នៅ​អស់​ពីរ​ខែ។ ក្នុង​អំឡុង​ពេល​នោះ យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​»។ ឥឡូវ​គាត់​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ចូល​ចិត្ត​អញ្ជើញ​បង​ប្អូន​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​ឲ្យ​មក​ផ្ទះ​របស់​គាត់។ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ទៅ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​បង​អ៊ី​ឌីត។ គាត់​និយាយ​ថា​៖ ​«​ការ​ឲ្យ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ! តាម​ការ​ពិត​ខ្ញុំ​ទទួល​ពរ​ជា​ច្រើន​មក​វិញ​»។—ហេ. ១៣:១, ២

១៧. តើ​បង​លូក​និង​ប្រពន្ធ​របស់​គាត់​បាន​ទទួល​ស្គាល់​អ្វី?

១៧ យើង​ប្រហែល​ជា​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​រួច​ហើយ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បាន​ឬ​ទេ? ជា​ឧទាហរណ៍ បង​លូក​និង​ប្រពន្ធ​របស់​គាត់​ចូល​ចិត្ត​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ ពួក​គាត់​មាន​ទម្លាប់​អញ្ជើញ​ឪ​ពុក​ម្ដាយ សាច់​ញាតិ មិត្ត​ជិត​ស្និទ្ធ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​គាត់​ឲ្យ​មក​ផ្ទះ​របស់​ពួក​គាត់។ ក៏​ប៉ុន្តែ បង​លូក​និយាយ​ថា​៖ ​«​យើង​បាន​ទទួល​ស្គាល់​ថា​យើង​អញ្ជើញ​តែ​អ្នក​ដែល​យើង​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​»។ តើ​បង​លូក​និង​ប្រពន្ធ​របស់​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ជាង?

១៨. តើ​បង​លូក​និង​ប្រពន្ធ​របស់​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ជាង?

១៨ បង​លូក​និង​ប្រពន្ធ​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ពួក​គាត់ ក្រោយ​ពី​បាន​រំពឹង​គិត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​មាន​ប្រយោជន៍​អ្វី?​»។ (​ម៉ាថ. ៥:៤៥​-​៤៧​) ពួក​គាត់​យល់​ថា​ពួក​គាត់​ត្រូវ​យក​តម្រាប់​ព្រះ​យេហូវ៉ា ដែល​មាន​ចិត្ត​ទូលាយ​ចំពោះ​មនុស្ស​ទាំង​អស់។ ដូច្នេះ ពួក​គាត់​បាន​សម្រេច​ចិត្ត​អញ្ជើញ​បង​ប្អូន​ដែល​ពួក​គាត់​មិន​ធ្លាប់​បាន​អញ្ជើញ។ បង​លូក​និយាយ​ថា​៖ ​«​ឥឡូវ​យើង​ទាំង​អស់​គ្នា​រីក​រាយ​ខ្លាំង​ណាស់​កាល​ដែល​យើង​ចំណាយ​ពេល​ជា​មួយ​គ្នា។ យើង​ទាំង​អស់​គ្នា​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​ពី​គ្នា​ទៅវិញ​ទៅ​មក​»។

១៩. តើ​យើង​បង្ហាញ​យ៉ាង​ណា​ថា​យើង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ យើង​បាន​ពិចារណា​អំពី​របៀប​ដែល​ការ​មាន​សេចក្ដី​ស្រឡាញ់​ឲ្យ​ខ្លាំង​ចំពោះ​គ្នា អាច​ជួយ​យើង​ឲ្យ​មាន​សន្ដិ​ភាព មិន​រើស​មុខ និង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ បើ​យើង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​យើង​ត្រូវ​បំបាត់​វា​ចោល ហើយ​ស្រឡាញ់​បង​ប្អូន​របស់​យើង​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​សប្បាយ​ចិត្ត ហើយ​យើង​នឹង​បង្ហាញ​ថា​យើង​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។—យ៉ូន. ១៣:១៧, ៣៥

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

^ វគ្គ 5 លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​លក្ខណៈ​សម្គាល់​របស់​គ្រិស្ត​សាសនិក​ពិត។ សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​មាន​សន្ដិ​ភាព មិន​រើស​មុខ និង​ទទួល​ពួក​គេ​ដោយ​រាក់​ទាក់។ ការ​ធ្វើ​ដូច្នេះ​មិន​តែង​តែ​ស្រួល​ទេ។ យោបល់​ក្នុង​អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត។

^ វគ្គ 5 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ ដំបូង​មិន​បាន​ជោគ​ជ័យ​ទេ ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម។ ជា​លទ្ធផល ការ​ខំ​ព្យាយាម​របស់​គាត់​ក្នុង​ការ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ឡើង​វិញ​ជា​មួយ​គ្នា។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​វ័យ​ចាស់​ម្នាក់​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​មិន​រាប់​អាន​គាត់។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ដែល​ដំបូង​បាន​ស្ទាក់​ស្ទើរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់ ហើយ​ការ​ផ្លាស់​ប្ដូរ​នោះ​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ជាង។