លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ?

តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ?

បើ​អ្នក​ចង់​ស្គាល់​អ្នក​ណា​ម្នាក់​ឲ្យ​បាន​ច្បាស់ អ្នក​ត្រូវ​ស្គាល់​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​និង​ការ​ពិបាក​ដែល​គាត់​បាន​យក​ឈ្នះ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​ចង់​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់ អ្នក​ត្រូវ​រៀន​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​អ្វី​ជា​ច្រើន​ដែល​លោក​បាន​ធ្វើ​កន្លង​មក ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។

ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​យើង

ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​«​ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​ព្រះ​ក៏​ដោយ តែ​ពេល​ពួក​គេ​ពិចារណា​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត នោះ​ពួក​គេ​ឃើញ​ច្បាស់​នូវ​គុណ​សម្បត្តិ​របស់​លោក តាំង​ពី​ពេល​ដែល​លោក​បាន​បង្កើត​ពិភព​លោក​មក​ម្ល៉េះ​»។ (​រ៉ូម ១:២០​) ​«​លោក​ជា​អ្នក​បង្កើត​ផែន​ដី​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា លោក​បាន​បង្កើត​ដី​ដោយ​ប្រាជ្ញា ថែម​ទាំង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដោយ​ការ​យល់​ដឹង​របស់​លោក​ផង​»។ (​យេរេមា ១០:១២​) អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត​ក៏​បង្ហាញ​ថា​លោក​រមែង​គិត​អំពី​យើង។

សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ជីវិត​យើង គឺ​ដោយ​បង្កើត​មនុស្ស​យើង​ឲ្យ​«​មាន​ភាព​ដូច​លោក​»។ (​ដើម​កំណើត ១:​២៧​) នោះ​មាន​ន័យ​ថា​លោក​ឲ្យ​យើង​អាច​មាន​គុណ​សម្បត្តិ​ដ៏​ប្រសើរ​ដូច​លោក​មួយ​កម្រិត។ លោក​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​យក​តម្រាប់​លោក ក្នុង​ន័យ​ថា​យើង​អាច​យល់​អំពី​ទស្សនៈ​និង​គោល​ការណ៍​របស់​លោក។ ពេល​យើង​ព្យាយាម​ធ្វើ​ដូច្នេះ យើង​នឹង​កាន់​តែ​មាន​សុភមង្គល​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ ម្យ៉ាង​វិញ​ទៀត លោក​បាន​ឲ្យ​យើង​មាន​សមត្ថភាព​ដើម្បី​បង្កើត​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។

ពេល​យើង​សង្កេត​មើល​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​នៅ​លើ​ផែន​ដី យើង​យល់​ថា​ព្រះ​មាន​អារម្មណ៍​បែប​ណា​ចំពោះ​យើង។ សាវ័ក​ប៉ូល​បាន​និយាយ​ថា ព្រះ​«​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ល្អ​ចំពោះ​[​យើង​] ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​[​យើង​]​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។ (​សកម្មភាព ១៤:១៧​) ព្រះ​មិន​គ្រាន់​តែផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​ផ្ដល់​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ឲ្យ​យើង​សប្បាយ​រីករាយ។ ប៉ុន្តែ​ព្រះ​មាន​គោល​បំណង​ឯ​ទៀត​សម្រាប់​យើង។

ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែន​ដី​ដើម្បី​មនុស្ស​អាច​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី​នេះ។ គម្ពីរ​ចែង​ថា​៖ ​«​លោក​បាន​ប្រគល់​ផែន​ដី​ឲ្យ​មនុស្សជាតិ​»​ ហើយ​«​លោក​មិន​បាន​បង្កើត​ផែន​ដី​ឲ្យ​នៅ​ទទេ​នោះ​ទេ តែ​បាន​បង្កើត​ផែន​ដី​ជា​ទី​អាស្រ័យ​នៅ​វិញ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៥:១៦; អេសាយ ៤៥:​១៨​) តើ​អ្នក​ណា​នឹង​អាស្រ័យ​នៅ ហើយ​សម្រាប់​រយៈ​ពេល​យូរ​ប៉ុណ្ណា? ​«​មនុស្ស​សុចរិត​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង គឺ​អាដាម​និង​អេវ៉ា ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​សួន​ឧទ្យាន​ដើម្បី​«​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​ទាំ​សួន​នោះ​»។ (​ដើម​កំណើត ២:៨, ១៥​) ព្រះ​បាន​ឲ្យ​ពួក​គេ​នូវ​ភារកិច្ច​ពីរ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត គឺ​‹បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី ហើយ​គ្រប់​គ្រង​ផែន​ដី›។ (​ដើម​កំណើត ១:២៨​) ដូច្នេះ អាដាម​និង​អេវ៉ា​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បាត់​បង់​ឱកាស​«​បាន​ផែន​ដី​ជា​មរដក​»​នៅ​ក្នុង​ចំណោម​«​មនុស្ស​សុចរិត​»។ ក៏​ប៉ុន្តែ យើង​នឹង​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​យើង​ឬ​ផែន​ដី​ឡើយ។ ដំបូង សូម​យើង​ពិចារណា​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ព្រះ​បាន​ធ្វើ។

ព្រះ​បាន​ផ្ដល់​បណ្ដាំ​របស់​លោក

គម្ពីរ​បាន​ត្រូវ​ស្គាល់​ថា​ជា​បណ្ដាំ​របស់​ព្រះ។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​គម្ពីរ​ឲ្យ​យើង? មូលហេតុ​សំខាន់​បំផុត​គឺ​ដើម្បី​យើង​អាច​រៀន​អំពី​លោក។ (​សុភាសិត ២:១​-​៥​) ពិត​មែន គម្ពីរ​មិន​មាន​ចម្លើយ​រាល់​សំណួរ​ទាំង​អស់​ដែល​យើង​ឆ្ងល់​អំពី​ព្រះ​នោះ​ទេ ហើយ​ក៏​គ្មាន​សៀវភៅ​ណា​ដែល​អាច​ឆ្លើយ​ដែរ។ (​អ្នក​ទូន្មាន ៣:១១​) ក៏​ប៉ុន្តែ អ្វី​ទាំង​អស់​ដែល​គម្ពីរ​ចែង ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ។ ជា​ឧទាហរណ៍ យើង​ស្គាល់​ថា​លោក​ជា​ព្រះ​បែប​ណា​តាម​រយៈ​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្ស។ យើង​រៀន​ថា​មនុស្ស​ប្រភេទ​ណា​ដែល​លោក​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត។ (​ចម្រៀង​សរសើរ​ព្រះ ១៥:១​-​៥​) យើង​យល់​អំពី​ទស្សនៈ​របស់​លោក​អំពី​ការ​គោរព​ប្រណិប័តន៍ សីលធម៌ និង​ទ្រព្យ​សម្បត្តិ។ ម្យ៉ាង​វិញ​ទៀត គម្ពីរ​រៀប​រាប់​យ៉ាង​ច្បាស់​បំផុត​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។—យ៉ូហាន ១៤:៩

មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក គឺ​ដើម្បី​យើង​អាច​ស្គាល់​អំពី​របៀប​មាន​ជីវិត​ដ៏​រីករាយ​និង​មាន​ន័យ​ខ្លឹម​សារ។ តាម​រយៈ​គម្ពីរ ព្រះ​យេហូវ៉ា​ប្រាប់​យើង​អំពី​របៀប​មាន​ក្រុម​គ្រួសារ​ដ៏​មាន​សុភមង្គល របៀប​ស្កប់​ចិត្ត និង​របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​កង្វល់។ នៅ​អត្ថបទ​បន្ទាប់​ក្នុង​ទស្សនាវដ្ដី​នេះ គម្ពីរ​ប្រាប់​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​បំផុត​ក្នុង​ជីវិត​ដូច​ជា​៖ ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ? តើ​ថ្ងៃ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា? គម្ពីរ​ក៏​ពន្យល់​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ប្រាកដ​ថា​គោល​បំណង​ដើម​របស់​លោក​នឹង​សម្រេច​ដែរ។

មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ថា​គម្ពីរ​ជា​សៀវភៅ​ពិសេស​ណាស់​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ជា​អ្នក​និពន្ធ។ គម្ពីរ​បាន​ត្រូវ​សរសេរ​អស់​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ ដោយ​បុរស​ជាង​៤០​នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​មាន​ប្រធានបទ​សំខាន់​តែ​មួយ ដោយ​សារ​ព្រះ​គឺ​ជា​អ្នក​និពន្ធ។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ខុស​ពី​សៀវភៅ​បុរាណ​ឯ​ទៀត អត្ថន័យ​ដើម​នៃ​គម្ពីរ​បាន​ត្រូវ​រក្សា​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​ដឹង​ដោយ​សារ​មាន​ឯកសារ​គម្ពីរ​សម័យ​បុរាណ​ជា​ច្រើន​រាប់​ពាន់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​នៅ​តែ​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​ជា​មាន​អ្នក​ព្យាយាម​បញ្ឈប់​មនុស្ស​មិន​ឲ្យ​បក​ប្រែ ចែក​ចាយ និង​អាន​គម្ពីរ​ក៏​ដោយ។ គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​បក​ប្រែ​និង​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​នៅ​សព្វ​ថ្ងៃ​នេះ។ កាល​ដែល​គម្ពីរ​នៅ​តែ​មាន នោះ​បញ្ជាក់​ថា​«​បណ្ដាំ​របស់​ព្រះ​នៃ​យើង​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​»។—អេសាយ ៤០:៨

ព្រះ​ធានា​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច

ព្រះ​បាន​ធ្វើ​អ្វី​មួយ​ទៀត​ដើម្បី​ធានា​ថា​គោល​បំណង​របស់​លោក​សម្រាប់​យើង​នឹង​សម្រេច។ ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​មុន​នោះ ព្រះ​មាន​គោល​បំណង​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេល​អាដាម​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ នោះ​នាំ​ឲ្យ​មាន​ភាព​ខុស​ឆ្គង ហើយ​គាត់​បាន​បាត់​បង់​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ នេះ​មិន​គ្រាន់​តែ​គាត់​ប៉ុណ្ណោះ​ទេ តែ​កូន​ចៅ​របស់​គាត់​ក្រោយ​ៗ​មក​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ (​រ៉ូម ៥:១២​) ដោយ​សារ​អាដាម​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ នោះ​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែន​ដី មើល​ទៅ​មិន​អាច​សម្រេច​បាន​ឡើយ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ស្រប​តាម​គុណ​សម្បត្តិ​របស់​លោក។ ដោយ​យុត្តិធម៌ លោក​បាន​ឲ្យ​អាដាម​និង​អេវ៉ា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​លោក​បាន​ចាត់​វិធានការ​ដើម្បី​ប្រយោជន៍​កូន​ចៅ​ក្រោយ​ៗ​របស់​ពួក​គេ។ ដោយ​ប្រាជ្ញា ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ចំពោះ​ស្ថានភាព​នោះ ហើយ​ភ្លាម​ៗ​លោក​បាន​ប្រកាស​អំពី​ដំណោះ​ស្រាយ​មួយ។ (​ដើម​កំណើត ៣:១៥​) របៀប​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​គឺ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ។ តើ​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ដើម្បី​លោះ​មនុស្ស​ពី​ឥទ្ធិពល​នៃ​ការ​បះ​បោរ​របស់​អាដាម ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​បង្រៀន​មនុស្ស​អំពី​ផ្លូវ​ទៅ​ឯ​ជីវិត និង​ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង​»។ a (​ម៉ាថាយ ២០:២៨; យ៉ូហាន ១៤:៦​) លោក​យេស៊ូ​អាច​ផ្ដល់​ថ្លៃ​លោះ ដោយ​សារ​លោក​ល្អ​ឥត​ខ្ចោះ​ដូច​អាដាម​ធ្លាប់​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ខុស​ពី​អាដាម លោក​យេស៊ូ​បាន​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ រហូត​ដល់​លោក​ស្លាប់។ លោក​យេស៊ូ​មិន​សម​នឹង​ស្លាប់​ទេ ហេតុ​នេះ​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​ទៅ​ស្ថាន​សួគ៌។ បន្ទាប់​មក លោក​យេស៊ូ​អាច​ធ្វើ​អ្វី​ដែល​អាដាម​មិន​អាច​ធ្វើ ពោល​គឺ​ផ្ដល់​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់ នូវ​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ គម្ពីរ​រៀប​រាប់​ថា​៖ ​«​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​នោះ​មិន​បាន​ស្ដាប់​បង្គាប់ នោះ​មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ​បាន​ស្ដាប់​បង្គាប់​»។ (​រ៉ូម ៥:​១៩​) តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ដែល​ឲ្យ​មនុស្សជាតិ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី។

យើង​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា​ពី​របៀប​ដែល​លោក​បាន​ដោះ​ស្រាយ​បញ្ហា​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​អាដាម។ យើង​ឃើញ​ថា​គ្មាន​អ្វី​អាច​រា​រាំង​ព្រះ​យេហូវ៉ា​ពី​ការ​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក​បាន​«​សម្រេច​គ្រប់​ជំពូក​»​ឡើយ។ (​អេសាយ ៥៥:១១​) យើង​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ ​«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង ពីព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។ ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​លោះ​ការ​ខុស​ឆ្គង​របស់​យើង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង មិន​មែន​ដោយ​សារ​យើង​ស្រឡាញ់​លោក​ទេ​»។—យ៉ូហាន​ទី​១ ៤:៩, ១០

ព្រះ​«​មិន​ទាំង​បាន​រា​រាំង​កុំ​ឲ្យ​បុត្រ​របស់​លោក​ផ្ទាល់​រង​ទុក្ខ តែ​បាន​ប្រគល់​បុត្រ​លោក​ដើម្បី​យើង​ទាំង​អស់​គ្នា​»​ ដូច្នេះ​យើង​ជឿ​ជាក់​ថា​ព្រះ​នឹង​«​មេត្តា​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ឯ​ទៀត​»​ដែល​លោក​បាន​សន្យា។ (​រ៉ូម ៨:​៣២​) តើ​ព្រះ​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​អ្វី​សម្រាប់​យើង? សូម​អាន​បន្ត។

តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ? ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី។ លោក​បាន​ផ្ដល់​គម្ពីរ​ដើម្បី​យើង​អាច​រៀន​អំពី​លោក។ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ថ្លៃ​លោះ ដើម្បី​ប្រាកដ​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ថ្លៃ​លោះ សូម​មើល​មេ​រៀន​ទី​២៧​នៃ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​អាច​ថត​ចម្លង​តាម​គេហទំព័រ​www.mt1130.com/km។