តើលោកអ្នកដឹងឬទេ?
នៅអ៊ីស្រាអែលសម័យបុរាណ តើចម្រៀងសំខាន់ប៉ុណ្ណា?
ចម្រៀងគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ជនជាតិអ៊ីស្រាអែល។ គម្ពីរច្រើនតែលើកឡើងអំពីអ្នកដែលលេងឧបករណ៍តន្ត្រីនិងច្រៀងចម្រៀង។ មួយផ្នែកធំនៃគម្ពីរគឺជាចម្រៀង។ ជាឧទាហរណ៍ សៀវភៅចម្រៀងសរសើរព្រះ បទចម្រៀងសាឡូម៉ូន និងបទទំនួញបានត្រូវសរសេរជាលក្ខណៈចម្រៀង។ សៀវភៅមួយដែលរៀបរាប់អំពីជីវិតនៅសម័យគម្ពីររៀបរាប់ថា៖ «គម្ពីរបានចែងយ៉ាងច្បាស់ថាជនជាតិអ៊ីស្រាអែលបានប្រើតន្ត្រីក្នុងសកម្មភាពជាច្រើនរបស់ពួកគេ»។ (Music in Biblical Life)
តន្ត្រីក្នុងជីវិតប្រចាំថ្ងៃ។ ជនជាតិអ៊ីស្រាអែលលេងឧបករណ៍តន្ត្រីនិងច្រៀងចម្រៀងដើម្បីបង្ហាញអំពីអារម្មណ៍របស់ពួកគេ។ (អេ. ៣០:២៩) តាមធម្មតា ពួកស្ត្រីវាយស្គរ រាំ និងច្រៀងយ៉ាងសប្បាយរីករាយនៅពេលអបអរស្ដេចថ្មី ពេលដែលកងទ័ពឈ្នះសង្គ្រាម និងនៅពិធីបុណ្យដើម្បីគោរពប្រណិប័តន៍ព្រះ។ (អសក. ១១:៣៤; ១សាំ. ១៨:៦, ៧; ១បស. ១:៣៩, ៤០) ជនជាតិអ៊ីស្រាអែលក៏ច្រៀងចម្រៀងដើម្បីបញ្ចេញអារម្មណ៍កើតទុក្ខ ពេលដែលអ្នកណាម្នាក់ស្លាប់។ (២ប្រ. ៣៥:២៥) សព្វវចនាធិប្បាយមួយចែងថា៖ «ជនជាតិអ៊ីស្រាអែលងប់ងុលនឹងតន្ត្រី»។ (McClintock and Strong’s Cyclopedia)
តន្ត្រីក្នុងវិមានស្ដេច។ ស្ដេចអ៊ីស្រាអែលចូលចិត្តស្ដាប់តន្ត្រី។ ជាឧទាហរណ៍ ស្ដេចសុលបានហៅដាវីឌឲ្យមកវិមានរបស់គាត់ដើម្បីដេញពិណឲ្យគាត់ស្ដាប់។ (១សាំ. ១៦:១៨, ២៣) ក្រោយមក ពេលដាវីឌបានឡើងទៅជាស្ដេច គាត់បានបង្កើតឧបករណ៍ភ្លេង តែងចម្រៀងពីរោះៗ និងរៀបចំឲ្យមានក្រុមចម្រៀងដើម្បីលេងនៅវិហាររបស់ព្រះយេហូវ៉ា។ (២ប្រ. ៧:៦; អេម. ៦:៥) ស្ដេចសាឡូម៉ូនក៏មានក្រុមអ្នកចម្រៀងទាំងប្រុសទាំងស្រីនៅវិមានរបស់គាត់ដែរ។—អទ. ២:៨
តន្ត្រីក្នុងការគោរពប្រណិប័តន៍។ ការច្រៀងចម្រៀងក្នុងការគោរពប្រណិប័តន៍ព្រះគឺសំខាន់បំផុត។ ជនជាតិអ៊ីស្រាអែលលេងឧបករណ៍ភ្លេងនិងច្រៀងចម្រៀងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ មានបុរស៤.០០០នាក់លេងឧបករណ៍ភ្លេងនៅវិហារក្រុងយេរូសាឡិម។ (១ប្រ. ២៣:៥) ពួកគេលេងឧបករណ៍ផ្សេងៗដូចជា ឆាប ត្រែ ពិណ និងឧបករណ៍ភ្លេងមានខ្សែ។ (២ប្រ. ៥:១២) ប៉ុន្តែ មិនមែនមានតែពួកអ្នកទាំងនោះប៉ុណ្ណោះទេដែលច្រៀងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជនជាតិអ៊ីស្រាអែលជាច្រើននាក់ទៀតក៏ច្រៀងចម្រៀងដែរ។ ជាឧទាហរណ៍ ពួកគេច្រៀងកាលដែលធ្វើដំណើរទៅពិធីបុណ្យប្រចាំឆ្នាំនៅក្រុងយេរូសាឡិម។ ចម្រៀងទាំងនោះបានត្រូវហៅថា ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ (ចសព. ១២០–១៣៤) យោងទៅតាមសំណេររបស់ជនជាតិយូដា ពួកអ៊ីស្រាអែលច្រៀងចម្រៀងហាឡេ aក្នុងអំឡុងអាហារបុណ្យរំលង។
ចម្រៀងនៅតែសំខាន់សម្រាប់រាស្ត្រព្រះនៅសព្វថ្ងៃនេះ។ (យ៉ា. ៥:១៣) ចម្រៀងគឺជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ (អេភ. ៥:១៩) ចម្រៀងជួយយើងឲ្យមានសាមគ្គីភាពជាគ្រិស្តសាសនិក។ (កូឡ. ៣:១៦) ពេលយើងពិបាកចិត្ត ចម្រៀងធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ។ (សកម្ម. ១៦:២៥) ការច្រៀងជារបៀបដ៏ល្អមួយដើម្បីបង្ហាញជំនឿនិងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។
a ចម្រៀងហាឡេគឺសំដៅទៅលើចម្រៀងសរសើរព្រះ ១១៣ដល់១១៨ ដែលជនជាតិយូដាច្រៀងដើម្បីសរសើរតម្កើងព្រះយេហូវ៉ា។