សំណួរពីអ្នកអាន
តើសាលនៃវិហាររបស់សាឡូម៉ូនមានកម្ពស់ប៉ុន្មាន?
សាលស្ថិតនៅច្រកចូលបន្ទប់បរិសុទ្ធនៃវិហារ។ ក្នុងគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីដែលបានត្រូវបោះពុម្ពមុនឆ្នាំ២០២៣ចែងថា៖ «សាលដែលនៅជាប់ខាងមុខវិហារមានបណ្ដោយ២០ហត្ថ ស្មើប្រវែងទទឹងវិហារ ហើយមានកម្ពស់១២០»។ (២ប្រ. ៣:៤) សេចក្ដីបកប្រែឯទៀតក៏ចែងដែរថា៖ «សាលនោះមានកម្ពស់១២០ហត្ថគឺស្មើនឹងប៉មដែលមានកម្ពស់៥៣ម៉ែត្រ!
ក៏ប៉ុន្តែ ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាអង់គ្លេស ដែលបានបោះពុម្ពនៅឆ្នាំ២០២៣ចែងអំពីសាលនៃវិហារសាឡូម៉ូនថា៖ «នោះមានកម្ពស់២០ហត្ថ» ឬប្រហែលជា៩ម៉ែត្រ។ a សូមពិចារណាអំពីមូលហេតុមួយចំនួនដែលនាំឲ្យមានការកែតម្រូវនេះ។
កម្ពស់នៃសាលនោះមិនបានត្រូវរៀបរាប់នៅបណ្ដាស្ដេចទី១ ៦:៣ទេ។ ក្នុងខនោះ យេរេមាសរសេរប្រវែងនិងទទឹងនៃសាលនោះ មិនបានសរសេរអំពីកម្ពស់របស់សាលនោះទេ។ ក្នុងជំពូកបន្ទាប់ គាត់រៀបរាប់ពីផ្នែកផ្សេងទៀតនៃវិហាររួមមាន អាងទឹកធ្វើពីស្ពាន់ រទេះ១០ និងសរសរស្ពាន់ពីរដែលនៅខាងក្រៅសាលនោះ។ (១បស. ៧:១៥-៣៧) ដូច្នេះ បើសាលនោះពិតជាមានកម្ពស់៥០ម៉ែត្រ ហើយគឺខ្ពស់ជាងវិហារមែន ហេតុអ្វីយេរេមាមិនលើកឡើងអំពីកម្ពស់របស់សាលនោះ? សូម្បីតែច្រើនសតវត្សរ៍ក្រោយមក ក៏ប្រវត្តិវិទូជនជាតិយូដាបានសរសេរថា សាលនោះមិនមានកម្ពស់ខ្ពស់ជាងវិហាររបស់សាឡូម៉ូនឡើយ។
បណ្ឌិតគម្ពីរសង្ស័យថាជញ្ជាំងវិហារមិនអាចទ្រទ្រង់សាលដែលមានកម្ពស់១២០ហត្ថនោះទេ។ តាមធម្មតា សំណង់ខ្ពស់ៗដែលធ្វើឡើងពីថ្មនិងឥដ្ឋនៅសម័យបុរាណដូចជាខ្លោងទ្វារវិហារនៅស្រុកអេហ្ស៊ីប មានផ្ទៃបាតធំ ហើយចាប់ពីបាត កម្ពស់របស់វារួមតូចទៅៗរហូតដល់កំពូល។ ប៉ុន្តែ វិហាររបស់សាឡូម៉ូនមិនមានរាងដូច្នេះទេ។ បណ្ឌិតគម្ពីរជឿថា ជញ្ជាំងវិហាររបស់សាឡូម៉ូនមិនមានកម្រាស់លើសពី៦ហត្ថឬ២,៧ម៉ែត្រឡើយ។ ដូច្នេះ ប្រវត្តិវិទូខាងសំណង់ឈ្មោះថេអូដ័រ ប៊ីយូស៊ីងសន្និដ្ឋានថា៖ «ដោយផ្អែកទៅតាមកម្រាស់ជញ្ជាំងនៃច្រកចូលវិហារ សាលនោះមិនអាចមាន[កម្ពស់]១២០ហត្ថទេ»។
ពាក្យនៅប្រវត្តិហេតុទី២ ៣:៤ ប្រហែលជាបានត្រូវចម្លងខុស។ ទោះជាឯកសារបុរាណខ្លះចែងថា«១២០»ក្នុងខនេះក្ដី ឯកសារបុរាណផ្សេងទៀតដែលគួរឲ្យទុកចិត្តដូចជា ឯកសារខូឌីក អាឡិចសាន់ទ្រីណាសពីសតវត្សរ៍ទី៥ និងឯកសារបុរាណខូឌីក អេមប្រូសៀនុសពីសតវត្សរ៍ទី៦ចែងថា«២០ហត្ថ»។ ដូច្នេះ ហេតុអ្វីអ្នកចម្លងគម្ពីរបែរជាសរសេរខុសថា៖ «១២០»ទៅវិញ? ដោយសារភាសាហេប្រឺពាក្យ«មួយរយ»និងពាក្យ«ហត្ថ»មើលទៅស្រដៀងគ្នា។ ហេតុនេះហើយបានជាអ្នកចម្លងគម្ពីរបានសរសេរពាក្យ«មួយរយ»ជាជាង«ហត្ថ»។
ពិតមែន ទោះជាយើងព្យាយាមយល់ព័ត៌មានផ្សេងៗអំពីវិហាររបស់សាឡូម៉ូនឲ្យបានត្រឹមត្រូវក្ដី យើងផ្ដោតអារម្មណ៍ជាពិសេសទៅលើអ្វីដែលវិហារនោះជាតំណាង ពោលគឺវិហារដ៏រុងរឿងរបស់ព្រះក្នុងន័យធៀប។ យើងពិតជាមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាណាស់ ដោយសារលោកបានអញ្ជើញអ្នកបម្រើទាំងអស់របស់លោកឲ្យមកគោរពប្រណិប័តន៍លោកនៅវិហារនេះ!—ហេ. ៩:១១-១៤; បប. ៣:១២; ៧:៩-១៧
a កំណត់សម្គាល់មួយបញ្ជាក់ថា«ឯកសារបុរាណខ្លះថា‹១២០› រីឯឯកសារផ្សេងទៀតនិងការបកប្រែខ្លះទៀតថា‹២០ហត្ថ›ទៅវិញ»។