លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

១៩២៤ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

១៩២៤ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

នៅ​ខែ​មករា ឆ្នាំ​១៩២៤ ឯកសារ​ប៊ូឡើទិន​(​Bulletin​) a បាន​រៀប​រាប់​ថា​៖ ​«​ដើម​ឆ្នាំ​ថ្មី​ជា​ឱកាស​ដ៏​ល្អ​ដែល​កូន​របស់​ព្រះ​រក​វិធី​ដើម្បី​បង្កើន​កិច្ច​បម្រើ​»។ នៅ​អំឡុង​ឆ្នាំ​នោះ និស្សិត​គម្ពីរ​បាន​ធ្វើ​តាម​យោបល់​នេះ​ដោយ​បង្ហាញ​ចិត្ត​ក្លាហាន និង​ផ្សព្វ​ផ្សាយ​តាម​របៀប​ថ្មី។

បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ផ្សាយ​ដំណឹង​ល្អ​តាម​វិទ្យុ

នៅ​តំបន់​ស្ថាធិនអៃឡេន ក្នុង​រដ្ឋ​ញូវយ៉ក បង​ប្អូន​បេតអែល​បាន​ចំណាយ​ពេល​អស់​មួយ​ឆ្នាំ​ជាង​ដើម្បី​សាង​សង់​ស្ថានីយ​វិទ្យុ​WBBR។ ដំបូង បង​ប្អូន​បាន​កាប់​ឆ្ការ​ព្រៃ រួច​មក​សង់​អាគារ​ធំ​ពីរ។ មួយ​សម្រាប់​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថានីយ​វិទ្យុ ហើយ​មួយ​ទៀត សម្រាប់​ទុក​ឧបករណ៍​ដែល​គេ​ប្រើ​ដើម្បី​ផ្សាយ​វិទ្យុ។ លុះ​សាង​សង់​ចប់​ហើយ បង​ប្អូន​ចាប់​ផ្ដើម​ដំឡើង​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​ផ្សាយ​វិទ្យុ តែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ។

បញ្ហា​មួយ​គឺ​បង​ប្អូន​ពិបាក​ដំឡើង​អង់តែន ដោយ​សារ​អង់តែន​មាន​កម្ពស់​៩១​ម៉ែត្រ ហើយ​ដើម្បី​ទ្រ​វា​ត្រូវ​ដាក់​បង្គោល​ឈើ​ពីរ​ដែល​មាន​កម្ពស់​៦១​ម៉ែត្រ។ នៅ​ពេល​ដែល​ព្យាម​យាម​ដំឡើង​អង់តែន​ជា​លើក​ទី​១ ពួក​គេ​ធ្វើ​មិន​កើត​ទេ។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា បង​ប្អូន​អាច​ដំឡើង​អង់តែន​បាន។ បង​ខាលវិន ប្រាស​សឺ​ដែល​បាន​ចូល​រួម​កិច្ច​ការ​នោះ​បាន​និយាយ​ថា​៖ ​«​បើ​យើង​ដំឡើង​អង់តែន​នោះ​បាន​តាំង​ពី​ដំបូង នោះ​យើង​ប្រហែល​ជា​ចង់​សរសើរ​ខ្លួន​ឯង​»។ តែ​ដោយ​សារ​ពួក​គាត់​បាន​បរាជ័យ​នៅ​ដើម​ដំបូង ពួក​គាត់​ដឹង​ថា​កិច្ច​ការ​នោះ​គឺ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​តែ​មាន​បញ្ហា​ផ្សេង​ទៀត។

ការ​ដំឡើង​អង់តែន​នៅ​ស្ថានីយ​វិទ្យុ​WBBR

បញ្ហា​នោះ​គឺ បច្ចេកទេស​សម្រាប់​ផ្សាយ​វិទ្យុ​ទើប​តែ​ចាប់​ផ្ដើម​មាន​នៅ​សម័យ​នោះ។ ដូច្នេះ មិន​សូវ​មាន​ក្រុម​ហ៊ុន​ដែល​លក់​ឧបករណ៍​សម្រាប់​ផ្សាយ​កម្ម​វិធី​តាម​វិទ្យុ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ប្អូន​បាន​រក​ឃើញ​ម៉ាស៊ីន​កែ​ច្នៃ​ដែល​មាន​កម្លាំង​៥០០​វ៉ាត់ ហើយ​ជា​ជាង​ទិញ​មេក្រូ​ថ្មី ពួក​គេ​ប្រើ​មេក្រូ​ពី​ទូរស័ព្ទ​ដែល​គេ​ប្រើ​នៅ​សម័យ​នោះ។ យប់​មួយ​នៅ​ខែ​កុម្ភៈ បង​ប្អូន​បាន​សម្រេច​ចិត្ត​សាក​ប្រើ​ឧបករណ៍​នោះ​ដោយ​ច្រៀង​ចម្រៀង​រាជាណាចក្រ។ បង​អឺណឺស ឡូ​ក៏​បាន​ចូល​រួម​ការ​សាក​សំឡេង​ឧបករណ៍​នោះ​ដែរ។ ពេល​កំពុង​សាក​នោះ ពួក​គេ​បាន​ទទួល​ទូរស័ព្ទ​ពី​បង​រ៉ូធើហ្វឺត។ b បង​រ៉ូធើហ្វឺត​បាន​ឮ​ចម្រៀង​ដែល​ពួក​គេ​ច្រៀង​នោះ​តាម​វិទ្យុ​នៅ​តំបន់​ប៊្រុគ្លីន ដែល​មាន​ចម្ងាយ​ប្រហែល​២៥​គីឡូ​ម៉ែត្រ។

បង​រ៉ូធើហ្វឺត​និយាយ​ថា​៖ ​«​ឈប់​ច្រៀង​ទៅ ព្រោះ​ច្រៀង​ដូច​ឆ្មា​ខាំ​គ្នា​អ៊ីចឹង!​»។ ពេល​ឮ​ដូច្នេះ ពួក​គេ​មាន​អារម្មណ៍​ខ្មាស​គេ​បន្តិច ហើយ​ក៏​បិទ​ម៉ាស៊ីន​នោះ​ភ្លាម។ ប៉ុន្តែ ពួក​គេ​ជឿ​ជាក់​ថា​ម៉ាស៊ីន​នោះ​អាច​ប្រើ​បាន​ដើម្បី​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ។

នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩២៤ បង​រ៉ូធើហ្វឺត​បាន​សម្ពោធ​ស្ថានីយ​វិទ្យុ​នោះ​ជា​ផ្លូវ​ការ។ គាត់​បាន​ប្រាប់​ថា​៖ ​«​គោល​បំណង​នៃ​ប៉ុស្តិ៍​វិទ្យុ​នោះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​មេស្ស៊ី ហើយ​ប្រើ​គម្ពីរ​ដើម្បី​ជួយ​មនុស្ស​យល់​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​សម័យ​យើង មិន​ថា​ពួក​គេ​កាន់​សាសនា​ណា​ក៏​ដោយ​»។

ខាង​ឆ្វេង​៖ បង​រ៉ូធើហ្វឺត​នៅ​ស្ថានីយ​វិទ្យុ​ទី​១

ខាង​ស្ដាំ​៖ ឧបករណ៍​ដែល​ប្រើ​នៅ​ស្ថានីយ​វិទ្យុ

នេះ​ជា​លើក​ទី​១​ដែល​ប៉ុស្តិ៍​វិទ្យុ​នេះ​បាន​ផ្សាយ​ជា​ផ្លូវ​ការ។ មនុស្ស​ជា​ច្រើន​បាន​ស្ដាប់​កម្ម​វី​ធី​នេះ។ អស់​រយៈ​ពេល​៣៣​ឆ្នាំ ប៉ុស្តិ៍​វិទ្យុ​WBBR ទៅ​ជា​ប៉ុស្តិ៍​វិទ្យុ​ដែល​សំខាន់​បំផុត​សម្រាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

ការ​លាត​ត្រដាង​ដោយ​ចិត្ត​ក្លាហាន​អំពី​កំហុស​របស់​អ្នក​ដឹក​នាំ​សាសនា

នៅ​ខែ​កក្កដា ឆ្នាំ​១៩២៤ និស្សិត​គម្ពីរ​ពី​ទូ​ទាំង​ពិភព​លោក​បាន​ចូល​រួម​មហា​សន្និបាត​មួយ​នៅ​ក្រុង​កូឡុំប៊ុស រដ្ឋ​អូហៃយ៉ូ។ ពួក​គេ​បាន​ស្ដាប់​មហា​សន្និបាត​ជា​ភាសា​អារ៉ាប់ អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិច ហុងគ្រី អ៊ីតាលី លីទុយអានី ប៉ូឡូញ រុស្ស៊ី អ៊ុយក្រែន និង​ភាសា​នានា​នៃ​តំបន់​ស្កង់ឌីណាវី។ សុន្ទរកថា​ខ្លះ​បាន​ផ្សាយ​តាម​វិទ្យុ ហើយ​កាសែត​មួយ​បាន​ចុះ​ព័ត៌មាន​អំ​ពី​មហា​សន្និបាត​នេះ​ជា​រៀង​រាល់​ថ្ងៃ។ (​Ohio State Journal​)

មហា​សន្និបាត​នៅ​ក្រុង​កូឡុំប៊ុស រដ្ឋ​អូហៃយ៉ូ នា​ឆ្នាំ​១៩២៤

អ្នក​ចូល​រួម​មហា​សន្និបាត​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កក្កដា ហើយ​មនុស្ស​ជាង​៥.០០០​នាក់​បាន​ចូល​រួម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ។ ពួក​គេ​បាន​ចែក​ចាយ​សៀវភៅ​ជិត​៣០.០០០​ក្បាល ហើយ​បាន​រក​ឃើញ​សិស្ស​គម្ពីរ​រាប់​ពាន់​នាក់។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​រៀប​រាប់​អំពី​ថ្ងៃ​នោះ​ថា​៖ ​«​ជា​ថ្ងៃ​ដ៏​សប្បាយ​បំផុត​»។

មាន​កម្ម​វិធី​ពិសេស​មួយ​ទៀត​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា។ បង​រ៉ូធើហ្វឺត​បាន​អាន​ឯកសារ​មួយ​ដែល​លាត​ត្រដាង​កំហុស​របស់​អ្នក​ដឹក​នាំ​សាសនា។ ឯកសារ​នោះ​មាន​បែប​បទ​ដូច​ឯកសារ​ក្នុង​តុលាការ។ ឯកសារ​នោះ​ចោទ​ប្រកាន់​អ្នក​ដឹក​នាំ​សាសនា អ្នក​នយោបាយ អ្នក​ពាណិជ្ជកម្ម​ថា​៖ ​«​ពួក​គេ​រា​រាំង​មនុស្ស​មិន​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ​ដែល​លោក​នឹង​ប្រើ​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្សជាតិ​»។ ម្យ៉ាង​ទៀត ឯកសារ​នោះ​ក៏​លើក​បញ្ជាក់​ថា​៖ ​«​អ្នក​ដឹក​នាំ​ទាំង​នេះ​លើក​តម្កើង​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ ហើយ​ប្រកាស​ថា​អង្គការ​នោះ​ជា​តំណាង​រាជាណាចក្រ​របស់​ព្រះ​នៅ​ផែន​ដី​»។ ដូច្នេះ និស្សិត​គម្ពីរ​ពិត​ជា​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​នោះ។

តើ​មហា​សន្និបាត​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​និស្សិត​គម្ពីរ? ទស្សនាវដ្ដី​ប៉ម​យាម​បាន​រៀប​រាប់​ថា​៖ ‹ពួក​គាត់​មាន​ជំនឿ​រឹង​មាំ​ជាង​មុន ហើយ​ទោះ​ជា​សត្រូវ​មាន​អាវុធ​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​គេ​ចុះ​ខ្សោយ​ឡើយ›។ បង​លីអូ ខ្លោស​ដែល​បាន​ចូល​រួម​មហា​សន្និបាត​នោះ​រៀប​រាប់​ថា​៖ ​«​ក្រោយ​ចប់​មហា​សន្និបាត យើង​មាន​ចិត្ត​រំភើប​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​»។

ខិត្តប័ណ្ណ​ការ​លាត​ត្រដាង​កំហុស​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​(​Ecclesiastics Indicted​)​

និស្សិត​គម្ពីរ​បាន​បោះ​ពុម្ព​ខិត្តប័ណ្ណ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ការ​លាត​ត្រដាង​កំហុស​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ (​Ecclesiastics Indicted​)។ ក្នុង​ខិត្តប័ណ្ណ​នោះ​មាន​ពាក្យ​របស់​បង​រ៉ូធើហ្វឺត​ដែល​គាត់​បាន​អាន​នៅ​មហា​សន្និបាត។ រួច​មក នៅ​ខែ​តុលា ពួក​គេ​ចាប់​ផ្ដើម​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ​អស់​រាប់​លាន​សន្លឹក។ ក្នុង​ចំណោម​ពួក​គេ​មាន​បង​ហ្វ្រេង ចនសុន។ គាត់​ចែក​ចាយ​ខិត្តប័ណ្ណ​នៅ​ក្រុង​គ្លីវឡិន រដ្ឋ​អូក្លាហូម៉ា។ ក្រោយ​ចែក​ចាយ​ខិត្តប័ណ្ណ​អស់​មួយ​រយៈ គាត់​ផ្អាក​ចែក​ចាយ​ដើម្បី​រង់​ចាំ​បង​ប្អូន​ដែល​នៅ​តំបន់​ផ្សាយ​ផ្សេង​ឲ្យ​មក​ទទួល​គាត់។ ដូច្នេះ គាត់​ត្រូវ​រង់​ចាំ​២០​នាទី តែ​គាត់​មិន​អាច​រង់​ចាំ​នៅ​ទី​សាធារណៈ​ទេ ព្រោះ​នៅ​ទី​នោះ​មនុស្ស​ផ្ទុះ​កំហឹង​ជា​ខ្លាំង​ពេល​ពួក​គេ​អាន​ខិត្តប័ណ្ណ​ដែល​គាត់​បាន​ចែក​ចាយ ហើយ​ពួក​គេ​តាម​ចាប់​គាត់។ ដូច្នេះ គាត់​បាន​ទៅ​លាក់​ខ្លួន​នៅ​វិហារ​នៅ​ជិត​នោះ។ ពេល​គាត់​ចូល​ទៅ​ក្នុង​វិហារ​គាត់​ឃើញ​ថា គ្មាន​មនុស្ស​នៅ​ទី​នោះ​ទេ។ ដូច្នេះ គាត់​បាន​ទុក​ខិត្តប័ណ្ណ​ក្នុង​គម្ពីរ​របស់​គ្រូ​គង្វាល​ដែល​តម្កល់​ទុក​នៅ​ក្នុង​វិហារ ហើយ​គាត់​ក៏​ទុក​ខិត្តប័ណ្ណ​លើ​កៅអី​នីមួយ​ៗ​របស់​អ្នក​ចូល​រួម​ដែរ។ ក្រោយ​ពី​ទុក​ខិត្តប័ណ្ណ​ហើយ គាត់​បាន​រត់​ចេញ​ពី​វិហារ​នោះ​ភ្លាម​ៗ។ ក្រោយ​មក គាត់​ឃើញ​ថា​បង​ប្អូន​នៅ​តែ​មិន​ទាន់​មក​ទទួល​គាត់ ដូច្នេះ​គាត់​បាន​ចូល​ទៅ​វិហារ​ពីរ​ផ្សេង​ទៀត ហើយ​ទុក​ខិត្តប័ណ្ណ​នៅ​ទី​នោះ​ដែរ។

ក្រោយ​ពី​ទុក​ខិត្តប័ណ្ណ​ក្នុង​វិហារ​ទាំង​នោះ​ហើយ គាត់​ក៏​រូត​រះ​ទៅ​ចាំ​បង​ប្អូន​នៅ​កន្លែង​ដែល​ពួក​គេ​ណាត់​មក​ទទួល​គាត់។ នៅ​ទី​នោះ គាត់​បាន​ទៅ​ពួន​ខ្លួន​នៅ​ខាង​ក្រោយ​កា​រ៉ាស់​សាំង ហើយ​ខំ​រក​មើល​ថា​មាន​អ្នក​មក​តាម​ចាប់​គាត់​ឬ​យ៉ាង​ណា។ ដូច្នេះ ពេល​ពួក​អ្នក​ដែល​តាម​ចាប់​គាត់​ជិះ​កាត់​កន្លែង​ដែល​គាត់​បាន​ពួន​ខ្លួន ពួក​គេ​មិន​ឃើញ​គាត់​ទេ។ លុះ​ពួក​គេ​ជិះ​ទៅ​បាត់ ស្រាប់​តែ​បង​ប្អូន​ដែល​នៅ​តំបន់​ផ្សាយ​ផ្សេង​ក៏​មក​ដល់ ហើយ​បង​ចនសុន​បាន​ឡើង​ជិះ​ឡាន​ទៅ​ជា​មួយ​ពួក​គេ។

បង​ប្រុស​ម្នាក់​ដែល​នៅ​ក្នុង​ឡាន​ជា​មួយ​បង​ចនសុន​និយាយ​ថា​៖ ​«​ពេល​យើង​កំពុង​ជិះ​ចេញ​ពី​ក្រុង យើង​បាន​ជិះ​កាត់​វិហារ​បី​[​ដែល​បង​ចនសុន​បាន​ទុក​ខិត្តប័ណ្ណ​]។ នៅ​មុខ​វិហារ​នីមួយ​ៗ មាន​មនុស្ស​ប្រហែល​៥០​នាក់។ អ្នក​ខ្លះ​កំពុង​អាន​ខិត្តប័ណ្ណ អ្នក​ខ្លះ​ទៀត​កំពុង​បង្ហាញ​ខិត្តប័ណ្ណ​នោះ​ដល់​គ្រូ​គង្វាល។ យើង​ហៀប​នឹង​មាន​បញ្ហា​ធំ! ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​យើង ហើយ​ជួយ​យើង​ឲ្យ​ឆ្លាត​ជាង​សត្រូវ។ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​»។

ការ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន​នៅ​ប្រទេស​ឯ​ទៀត

បង​ចូសែហ្វ ក្រិត

នៅ​ប្រទេស​ផ្សេង​ទៀត និស្សិត​គម្ពីរ​ក៏​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន​ដែរ។ ជា​ឧទាហរណ៍ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង បង​ចូសែហ្វ ក្រិត​បាន​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ប៉ូឡូញ​ដែល​ជា​កម្មករ​ជីក​រ៉ែ។ មាន​ពេល​មួយ​បង​ចូសែហ្វ ក្រិត​បាន​ត្រូវ​សុំ​ឲ្យ​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា​«​មិន​យូរ​ទៀត មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ពេល​បង​ប្អូន​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​នេះ គ្រូ​គង្វាល​ដែល​រស់​នៅ​តំបន់​នោះ​បាន​ព្រមាន​សមាជិក​វិហារ​គាត់​មិន​ឲ្យ​ចូល​រួម។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​ជាង​៥.០០០​នាក់​បាន​ចូល​ស្ដាប់​សុន្ទរកថា​នោះ ហើយ​គ្រូ​គង្វាល​នោះ​ក៏​ចូល​រួម​ដែរ។ ក្នុង​អំឡុង​កម្ម​វិធី បង​ក្រិត​បាន​អញ្ជើញ​គ្រូ​គង្វាល​នោះ​ឲ្យ​ឡើង​មក​ពន្យល់​ជំនឿ​របស់​គាត់។ ប៉ុន្តែ គ្រូ​គង្វាល​នោះ​បាន​បដិសេធ។ ក្រោយ​កម្ម​វិធី​ចប់ បង​ក្រិត​បាន​ចែក​ចាយ​សៀវភៅ​ទាំង​អស់​ដែល​គាត់​មាន ហើយ​គាត់​ឃើញ​ថា​មនុស្ស​នៅ​ទី​នោះ​ពិត​ជា​ចង់​រៀន​ពី​បណ្ដាំ​របស់​ព្រះ។—អេម. ៨:១១

បង​ខ្លូត ប្រោន

នៅ​ទ្វីប​អាហ្វ្រិក បង​ខ្លូត ប្រោន​បាន​នាំ​ដំណឹង​ល្អ​ទៅ​ហ្គូល ខូស ដែល​ឥឡូវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ប្រទេស​ហ្គាណា។ នៅ​ទី​នោះ​សុន្ទរកថា​របស់​គាត់ និង​សៀវភៅ​ដែល​គាត់​បាន​ចែក​ចាយ​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ឮ​សុសសាយ​ក្នុង​ប្រទេស​នោះ​យ៉ាង​ឆាប់​រហ័ស។ នៅ​ពេល​នោះ បង​ប្រុស​ម្នាក់​ឈ្មោះ​ចន ប្លេងសុន​ដែល​ជា​សិស្ស​សិក្សា​ផ្នែក​ឱសថ​សាស្ត្រ​បាន​ចូល​រួម​ស្ដាប់​សុន្ទរកថា​របស់​បង​ប្រោន។ ពេល​ស្ដាប់​សុន្ទរកថា​នោះ គាត់​ទទួល​ស្គាល់​ថា​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត។ បង​ចន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់ ហើយ​ខ្ញុំ​បាន​ប្រាប់​សិស្ស​ឯ​ទៀត​អំពី​សេចក្ដី​ពិត​នោះ​»។

បង​ចន ប្លេងសុន

បង​ចន​បាន​យល់​ច្បាស់​ជាង​ថា​សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​តែ​មួយ​មិន​ស្រប​តាម​គម្ពីរ​ទេ។ ដូច្នេះ នៅ​ថ្ងៃ​មួយ​គាត់​បាន​ទៅ​វិហារ​ដើម្បី​សួរ​គ្រូ​គង្វាល​អំពី​សេចក្ដី​បង្រៀន​នោះ។ លុះ​សួរ​ចប់​ហើយ គ្រូ​គង្វាល​បាន​បណ្ដេញ​គាត់​ចេញ ហើយ​ស្រែក​ដាក់​គាត់​ថា​៖ ​«​អ្នក​មិន​មែន​ជា​គ្រិស្ត​សាសនិក​ពិត​ទេ អ្នក​ជា​កូន​របស់​មេ​កំណាច។ ឆាប់​ចេញ​ទៅ!​»។

ពេល​បង​ចន​បាន​ទៅ​ដល់​ផ្ទះ​វិញ គាត់​បាន​សរសេរ​សំបុត្រ​អញ្ជើញ​គ្រូ​គង្វាល​ដែល​បាន​បណ្ដេញ​គាត់​នោះ​ឲ្យ​ចូល​រួម​កម្ម​វិធី​សាធារណៈ​មួយ​ដើម្បី​និយាយ​អំពី​ព្រះ​បី​រួម​គ្នា​តែ​មួយ។ លុះ​អាន​សំបុត្រ​ចប់​ហើយ គ្រូ​គង្វាល​នោះ​បាន​ទៅ​ប្រាប់​គ្រូ​នៅ​សាលា​របស់​បង​ចន ហើយ​គាត់​បាន​ប្រាប់​បង​ចន​ឲ្យ​ទៅ​ទី​នោះ។ ក្រោយ​មក ពេល​បង​ចន​ទៅ​ដល់ គ្រូ​នោះ​បាន​សួរ​បង​ចន​ថា តើ​ចន​បាន​សរសេរ​សំបុត្រ​នេះ​មែន​ឬ?

បង​ចន​ឆ្លើយ​ថា​៖ ​«​បាទ​លោក​គ្រូ ខ្ញុំ​បាន​សរសេរ​»។

ដូច្នេះ គ្រូ​បាន​ឲ្យ​បង​ចន​សរសេរ​សំបុត្រ​សុំ​ទោស​គ្រូ​គង្វាល។ បង​ចន​សរសេរ​ថា​៖

​«​គ្រូ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​សរសេរ​សំបុត្រ​សុំ​ទោស​លោក។ ខ្ញុំ​នឹង​សុំ​ទោស​លោក លុះ​ត្រា​តែ​លោក​សារភាព​ថា​សេចក្ដី​បង្រៀន​របស់​លោក​គឺ​មិន​ត្រឹម​ត្រូវ​»។

គ្រូ​របស់​គាត់​បាន​សួរ​ទាំង​ហួស​ចិត្ត​ថា​៖ ​«​ប្លេងសុន​ចង់​សរសេរ​អ៊ីចឹង​មែន?​»។

បង​ចន​និយាយ​ថា​៖ ​«​បាទ​លោក​គ្រូ។ ខ្ញុំ​សុខ​ចិត្ត​សរសេរ​តែ​ប៉ុណ្ណឹង​ទេ​»។

គ្រូ​បាន​ឆ្លើយ​ថា​៖ ​«​អ្នក​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា។ អ្នក​គិត​ថា​អ្នក​និយាយ​ប្រឆាំង​គ្រូ​គង្វាល​នៅ​ក្នុង​វិហារ​ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​នៅ​តែ​អាច​ធ្វើ​ការ​ងារ​ឲ្យ​រដ្ឋ​បាន​ឬ?​»។

បង​ចន​និយាយ​ថា​៖ ​«​លោក​គ្រូ . . . ពេល​លោក​គ្រូ​ពន្យល់​មេ​រៀន ហើយ​មាន​ចំណុច​ណា​មួយ​ដែល​យើង​មិន​យល់ យើង​ត្រូវ​សួរ​សំណួរ​មែន​ទេ?​»។

គ្រូ​បាន​និយាយ​ថា​៖ ​«​មែន បើ​ឆ្ងល់​ត្រូវ​សួរ​»។

បង​ចន​និយាយ​ថា​៖ ​«​ដូច្នេះ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​សួរ​សំណួរ​ទៅ​គ្រូ​គង្វាល ដោយ​សារ​គាត់​ជា​អ្នក​បង្រៀន​គម្ពីរ​នៅ​វិហារ ហើយ​ពេល​ខ្ញុំ​មាន​សំណួរ​ខ្ញុំ​ចង់​សួរ​គាត់។ ដូច្នេះ បើ​គាត់​ឆ្លើយ​មិន​រួច ហេតុ​អ្វី​ខ្ញុំ​គួរ​សរសេរ​សំបុត្រ​សុំ​ទោស​គាត់?​»។

នៅ​ទី​បំផុត បង​ចន ប្លេងសុន​មិន​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ទេ ហើយ​គាត់​ក៏​មិន​បាន​សរសេរ​សំបុត្រ​សុំ​ទោស​ដែរ។

និស្សិត​គម្ពីរ​រំភើប​ចិត្ត​បំពេញ​កិច្ច​ការ​ថែម​ទៀត

ទស្សនាវដ្ដី​ប៉ម​យាម​មួយ​បាន​រៀប​រាប់​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​នៅ​ឆ្នាំ​នេះ​ថា​៖ ​«​យើង​អាច​និយាយ​ទាំង​មាន​ទំនុក​ចិត្ត​ដូច​ដាវីឌ​ថា​៖ ‹លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ដើម្បី​ធ្វើ​សឹក​សង្គ្រាម›​»។ (​ចម្រៀង​សរសើរ​ព្រះ ១៨:៣៩​) ឆ្នាំ​នោះ​គឺ​ជា​ឆ្នាំ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដោយ​សារ​យើង​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ដើម្បី​បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​អំណរ​»។

នៅ​ចុង​ឆ្នាំ​១៩២៤ បង​ប្អូន​មាន​គម្រោង​បង្កើត​ស្ថានីយ​វិទ្យុ​ថ្មី​មួយ​ទៀត ដើម្បី​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដូច្នេះ នៅ​ជិត​ក្រុង​ឈីខាកូ បង​ប្អូន​បាន​ចាប់​ផ្ដើម​សាង​សង់​ស្ថានីយ​វិទ្យុ​មួយ​ទៀត។ ស្ថានីយ​វិទ្យុ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​WORD។ ម៉ាស៊ីន​សម្រាប់​ផ្សាយ​កម្ម​វិធី​នៅ​ក្នុង​ស្ថានីយ​វិទ្យុ​ថ្មី​នោះ មាន​កម្លាំង​៥.០០០​វ៉ាត់។ ដូច្នេះ ស្ថានីយ​វិទ្យុ​WORD អាច​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ សូម្បី​តែ​ឆ្ងាយ​ដល់​ប្រទេស​កាណាដា ក៏​អាច​ឮ​ការ​ផ្សាយ​ពី​ប៉ុស្តិ៍​វិទ្យុ​នេះ​ដែរ។

នៅ​ឆ្នាំ​១៩២៥ ព្រះ​យេហូវ៉ា​បាន​ជួយ​និស្សិត​គម្ពីរ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​យល់​ដឹង​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​ស្ដី​អំពី​ការ​បើក​បង្ហាញ ជំពូក​១២។ ការ​យល់​ដឹង​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ជំពប់​ដួល។ ប៉ុន្តែ បង​ប្អូន​ជា​ច្រើន​សប្បាយ​ដែល​បាន​ទទួល​ការ​យល់​ដឹង​ច្បាស់​ជាង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌ និង​របៀប​ដែល​ព្រឹត្តិការណ៍​នេះ​មាន​ឥទ្ធិពល​លើ​រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី។

a ឥឡូវ​ហៅ​ថា​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ។

b បង​ចូសេហ្វ ហ្វ្រេងឃ្លីន រ៉ូធើហ្វឺត​ជា​អ្នក​នាំ​មុខ​និស្សិត​គម្ពីរ​នៅ​សម័យ​នោះ ហើយ​គាត់​ក៏​បាន​ត្រូវ​គេ​ហៅ​ថា​ចៅ​ក្រម​រ៉ូធើហ្វឺត​ដែរ ដោយ​សារ​មុន​គាត់​បម្រើ​នៅ​បេតអែល​គាត់​ធ្លាប់​ជា​ចៅ​ក្រម​ពិសេស​នៅ​តុលាការ​ទី​៨​នៃ​រដ្ឋ​មីហ្សូរី។