លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ខ្ញុំ​បាន​រៀន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ

ខ្ញុំ​បាន​រៀន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ

ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​ខ្ញុំ​មាន​លោក​ជា​«​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​»។ (​អេ. ៣០:២០​) លោក​បង្រៀន​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក និង​អង្គការ​របស់​លោក។ លោក​ក៏​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​បង្រៀន​យើង​ដែរ។ ទោះ​ជា​ខ្ញុំ​មាន​អាយុ​ជិត​១០០​ឆ្នាំ​ហើយ​ក្ដី ខ្ញុំ​នៅ​តែ​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ទាំង​អស់​នេះ។ សូម​ឲ្យ​ខ្ញុំ​ពន្យល់​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ។

ខ្ញុំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​នា​ឆ្នាំ​១៩៤៨

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩២៧ ក្នុង​ភូមិ​មួយ​ជិត​ក្រុង​ឈីខាកូ រដ្ឋ​អ៊ីលីណយ សហរដ្ឋ​អាម៉េរិក។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​កូន​ប្រាំ​នាក់​គឺ ទី​១​ចិតថា ទី​២​ដន ទី​៣​ខ្ញុំ ទី​៤​ខាល និង​ទី​៥​ជយ។ យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត។ ចិតថា​ដែល​ជា​បង​ស្រី​របស់​ខ្ញុំ​បាន​ចូល​រួម​វគ្គ​សិក្សា​សាលា​គីលាត​ជំនាន់​ទី​២​ក្នុង​ឆ្នាំ​១៩៤៣។ រីឯ​បង​ដន ខាល និង​ជយ បាន​ចូល​បម្រើ​នៅ​បេតអែល​ប៊្រុគ្លីន នា​រដ្ឋ​ញូវយ៉ក។ បង​ដន​បាន​ចូល​បម្រើ​នៅ​បេតអែល​ប៊្រុគ្លីន​នៅ​ឆ្នាំ​១៩៤៤ ខាល​នៅ​ឆ្នាំ​១៩៤៧ ហើយ​ជយ​នៅ​ឆ្នាំ​១៩៥១។ គំរូ​ល្អ​របស់​ពួក​គាត់ ព្រម​ទាំង​គំរូ​ល្អ​របស់​ឪពុក​ម្ដាយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ថែម​ទៀត។

ក្រុម​គ្រួសារ​យើង​រៀន​សេចក្ដី​ពិត

ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​អ្នក​ដែល​ចូល​ចិត្ត​អាន​គម្ពីរ​និង​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ ហើយ​ពួក​គាត់​ក៏​បង្រៀន​កូន​ៗ​ឲ្យ​ស្រឡាញ់​ព្រះ​ដែរ។ ប៉ុន្តែ ក្រោយ​ពី​បម្រើ​ជា​ទាហាន​នៅ​ទ្វីប​អឺរ៉ុប​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ឪពុក​របស់​ខ្ញុំ​លែង​ឲ្យ​តម្លៃ​ចំពោះ​វិហារ។ ម្ដាយ​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ឪពុក​របស់​ខ្ញុំ​មាន​ជីវិត ហើយ​ត្រឡប់​មក​ផ្ទះ​វិញ។ ដូច្នេះ ម្ដាយ​និយាយ​ទៅ​ឪពុក​ថា​៖ ​«​ខាល តោះ​យើង​ទៅ​វិហារ​ដូច​ដែល​យើង​ធ្លាប់​ទៅ​ពី​មុន​»។ ឪពុក​តប​ទៅ​វិញ​ថា​៖ ​«​បង​អាច​ដើរ​ជូន​អូន​ទៅ តែ​បង​មិន​ចូល​ក្នុង​វិហារ​ទេ​»។ ម្ដាយ​ខ្ញុំ​ក៏​សួរ​គាត់​ថា​៖ ​«​ម៉េច​អ៊ីចឹង​បង?​»។ ឪពុក​ក៏​ឆ្លើយ​ថា​៖ ​«​នៅ​អំឡុង​ពេល​ធ្វើ​សង្គ្រាម ពួក​អ្នក​ដឹក​នាំ​សាសនា​ពី​សាសនា​ដូច​គ្នា​បាន​សុំ​ព្រះ​ឲ្យ​ពរ​លើ​ពួក​ទាហាន​ដែល​ចូល​ធ្វើ​សង្គ្រាម​ច្បាំង​គ្នា។ តើ​ព្រះ​គាំទ្រ​ទាំង​សង​ខាង​ឬ​ទេ?​»។

ក្រោយ​មក​ពេល​ដែល​ម្ដាយ​នៅ​វិហារ មាន​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​ផ្ទះ​របស់​យើង។ ពួក​គេ​បាន​ស្នើ​ផ្ដល់​សៀវភៅ​សិក្សា​គម្ពីរ​ពីរ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ពន្លឺ​(​Light​)​ដល់​ឪពុក​ខ្ញុំ។ សៀវភៅ​ទាំង​នោះ​ពន្យល់​អំពី​សៀវភៅ​ការ​បើក​បង្ហាញ។ ប៉ា​ចាប់​អារម្មណ៍ ហើយ​ព្រម​ទទួល​យក​សៀវភៅ​ទាំង​នោះ។ ក្រោយ​មក ពេល​ម្ដាយ​ឃើញ​សៀវភៅ​ទាំង​នោះ គាត់​បាន​អាន។ នៅ​ថ្ងៃ​មួយ គាត់​ឃើញ​គេ​ផ្សាយ​ក្នុង​កាសែត​នូវ​ការ​អញ្ជើញ​អស់​អ្នក​ដែល​ចាប់​អារម្មណ៍​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ពន្លឺ។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​ចូល​រួម។ ពេល​គាត់​ទៅ​ដល់ ស្ត្រី​វ័យ​ចាស់​ម្នាក់​បាន​បើក​ទ្វារ​ឲ្យ​គាត់។ ម្ដាយ​បាន​លើក​សៀវភៅ​ពន្លឺ​មួយ​ក្បាល ហើយ​បាន​សួរ​ថា​៖ ​«​នៅ​ទី​នេះ​សិក្សា​សៀវភៅ​នេះ​ទេ?​»។ ស្ត្រី​នោះ​ឆ្លើយ​ថា​៖ ​«​ចាស សូម​ចូល​មក​»។ នៅ​សប្ដាហ៍​ក្រោយ ម្ដាយ​បាន​នាំ​ពួក​យើង​ជា​កូន​ៗ​ទៅ​ជា​មួយ ហើយ​ក្រោយ​មក​យើង​បាន​ចូល​រួម​ជា​ទៀង​ទាត់។

នៅ​កិច្ច​ប្រជុំ​មួយ បង​ប្រុស​ដែល​ជា​អ្នក​ដឹក​នាំ​បាន​សុំ​ខ្ញុំ​ឲ្យ​អាន​ចម្រៀង​សរសើរ​ព្រះ ១៤៤:១៥​ដែល​ចែង​ថា ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ហើយ។ ខ្ញុំ​ចូល​ចិត្ត​ខ​គម្ពីរ​នេះ ព្រម​ទាំង​ធីម៉ូថេ​ទី​១ ១:១១​ដែល​ចែង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ហើយ​មួយ​ទៀត​គឺ​អេភេសូរ ៥:១​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​យក​តម្រាប់​ព្រះ​»។ ខ្ញុំ​យល់​ថា ខ្ញុំ​គួរ​អរ​សប្បាយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ព្រះ​ដែល​ជា​អ្នក​បង្កើត ហើយ​អរគុណ​លោក​សម្រាប់​ឯកសិទ្ធិ​នេះ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​ទាំង​ពីរ​នេះ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ។

ក្រុម​ជំនុំ​ដែល​នៅ​ជិត​ផ្ទះ​របស់​យើង​បំផុត​គឺ​នៅ​ក្រុង​ឈីខាកូ ហើយ​មាន​ចម្ងាយ​៣២​គីឡូ​ម៉ែត្រ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​បាន​ចូល​រួម ហើយ​ខ្ញុំ​ស្គាល់​គម្ពីរ​កាន់​តែ​ច្បាស់។ ខ្ញុំ​ចាំ​ពេល​មួយ បង​ប្រុស​ដែល​ជា​អ្នក​ដឹក​នាំ​បាន​ហៅ​បង​ចិតថា​ឲ្យ​ឆ្លើយ​ចម្លើយ។ ពេល​ស្ដាប់​ចម្លើយ​គាត់​ខ្ញុំ​គិត​ថា ‹ខ្ញុំ​ស្គាល់​ចម្លើយ​នោះ​ដែរ​តើ។ ម៉េច​ខ្ញុំ​អត់​លើក​ដៃ​ឆ្លើយ​អ៊ីចឹង›។ ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​រៀប​ចំ ហើយ​ឆ្លើយ​ចេញ​ពី​ចិត្ត។ សំខាន់​បំផុត ខ្ញុំ​បាន​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដូច​បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដែរ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤១។

ការ​រៀន​ពី​ព្រះ​យេហូវ៉ា​នៅ​មហា​សន្និបាត

ខ្ញុំ​ចាំ​មិន​ភ្លេច​អំ​ពី​មហា​សន្និបាត​ដែល​យើង​បាន​ចូល​រួម​នៅ​ក្រុង​គ្លីវឡិន រដ្ឋ​អូហៃយ៉ូ ក្នុង​ឆ្នាំ​១៩៤២។ គ្រួសារ​របស់​យើង​បាន​ស្នាក់​នៅ​ក្នុង​តង់​ជា​មួយ​នឹង​គ្រួសារ​ជា​ច្រើន​ទៀត នៅ​ជិត​កន្លែង​មហា​សន្និបាត​នោះ។ ម្យ៉ាង​ទៀត បង​ប្អូន​ពី​ជាង​៥០​ក្រុង​ទៀត​ក្នុង​សហរដ្ឋ​អាម៉េរិក​បាន​ស្ដាប់​កម្ម​វិធី​នោះ​តាម​ប្រព័ន្ធ​ទូរស័ព្ទ។ នោះ​គឺ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ហើយ​ការ​ប្រឆាំង​សាក្សី​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ នៅ​ពេល​ល្ងាច ខ្ញុំ​បាន​ឃើញ​បង​ប្រុស​ៗ​បាន​ចត​ឡាន​តម្រៀប​គ្នា ដោយ​ឲ្យ​ចង្កៀង​ឡាន​បែរ​មុខ​ចេញ​ពី​ជំរំ។ ពួក​គេ​ទាំង​អស់​គ្នា​និយាយ​គ្នា​ថា​ក្នុង​ឡាន​នីមួយ​ៗ​នឹង​មាន​បង​ប្រុស​ម្នាក់​យាម។ បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង បង​ប្រុស​ទាំង​នោះ​នឹង​ចុច​ស៊ីផ្លេ ហើយ​បើក​ភ្លើង​ឡាន​ដើម្បី​ឲ្យ​អ្នក​ដែល​មក​វាយ​ប្រហារ​នោះ​ចាំង​ភ្នែក រួច​អ្នក​ឯ​ទៀត​អាច​រត់​មក​ជួយ​ការ​ពារ​យើង​បាន។ ខ្ញុំ​បាន​គិត​ថា ‹រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​យ៉ាង​ល្អ​សព្វ​គ្រប់!›។ ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព ហើយ​គេង​លក់​ស្រួល។ យើង​គ្មាន​បញ្ហា​ណា​កើត​ឡើង​ទេ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​គិត​អំពី​មហា​សន្និបាត​នោះ​ខ្ញុំ​យល់​ថា​ម្ដាយ​របស់​ខ្ញុំ​មិន​បាន​ព្រួយ​បារម្ភ​ឬ​ភ័យ​ខ្លាច​ឡើយ។ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ទាំង​ស្រុង។ ខ្ញុំ​នឹង​មិន​ភ្លេច​គំរូ​ល្អ​របស់​គាត់​ឡើយ។

មិន​យូរ​មុន​មហា​សន្និបាត​នោះ ម្ដាយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ដូច្នេះ នៅ​មហា​សន្និបាត​នោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ជា​ពិសេស​សុន្ទរកថា​អំពី​កិច្ច​បម្រើ​ពេញ​ពេល។ នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្ដាយ​និយាយ​ថា​៖ ​«​ម៉ាក់​ចង់​បន្ដ​ត្រួស​ត្រាយ ប៉ុន្តែ​ម៉ាក់​មិន​អាច​ធ្វើ​ដូច្នោះ​ផង និង​ថែ​រក្សា​ផ្ទះ​បាន​យ៉ាង​ល្អ​ផង​បាន​ទេ​»។ ដូច្នេះ ម្ដាយ​បាន​សួរ​យើង​បើ​យើង​ជា​កូន​ៗ​ចង់​ជួយ​គាត់ ហើយ​យើង​ឆ្លើយ​ថា យើង​ជួយ​បាន។ រួច​គាត់​បាន​ចែក​កិច្ច​ការ​ឲ្យ​យើង​ម្នាក់​ៗ​សម្អាត​បន្ទប់​មួយ​ឬ​ពីរ មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក។ ក្រោយ​ពី​យើង​ចេញ​ទៅ​សាលា ម្ដាយ​ពិនិត្យ​មើល​ផ្ទះ​ថា​មាន​របៀប​រៀប​រយ​ឬ​យ៉ាង​ណា ហើយ​ក្រោយ​មក​គាត់​ចេញ​ទៅ​ផ្សព្វ​ផ្សាយ។ ម្ដាយ​ខ្ញុំ​ជា​ស្ត្រី​រវល់​ណាស់។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ គាត់​មិន​ដែល​ទុក​កូន​ចោល​ទេ។ ពេល​យើង​មក​ផ្ទះ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់ និង​ក្រោយ​ចេញ​ពី​សាលា​នៅ​ពេល​រសៀល​គាត់​តែង​តែ​នៅ​ផ្ទះ។ ថ្ងៃ​ខ្លះ ក្រោយ​ពី​សាលា​យើង​បាន​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់ ហើយ​នោះ​ជួយ​យើង​ឲ្យ​យល់​ថា​កិច្ច​ការ​ត្រួស​ត្រាយ​គឺ​យ៉ាង​ណា។

ខ្ញុំ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល

ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ។ ទោះ​ជា​ឪពុក​របស់​ខ្ញុំ​មិន​ទាន់​ទៅ​ជា​សាក្សី​ក៏​ដោយ គាត់​ចាប់​អារម្មណ៍​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្ញុំ។ នៅ​ល្ងាច​មួយ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​រៀន​គម្ពីរ​ជា​មួយ​ខ្ញុំ​ទាល់​តែ​សោះ។ ក្រោយ​ពី​ផ្អាក​បន្តិច ខ្ញុំ​បាន​សួរ​គាត់​ថា​៖ ​«​តើ​ប៉ា​សុខ​ចិត្ត​រៀន​គម្ពីរ​ជា​មួយ​កូន​ទេ?​»។ គាត់​គិត​មួយ​សន្ទុះ ហើយ​បាន​យល់​ព្រម​រៀន​គម្ពីរ​ជា​មួយ​ខ្ញុំ។ ដូច្នេះ សិស្ស​គម្ពីរ​ដំបូង​របស់​ខ្ញុំ​គឺ​ជា​ឪពុក​ខ្ញុំ។ នេះ​ពិត​ជា​ឯកសិទ្ធិ​ណាស់!

យើង​បាន​សិក្សា​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ‹សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព›​(​“The Truth Shall Make You Free”​)។ ក្រោយ​ពី​យើង​សិក្សា​សៀវភៅ​នោះ​អស់​មួយ​រយៈ ខ្ញុំ​យល់​ថា​ដោយ​ធ្វើ​ដូច្នេះ ឪពុក​របស់​ខ្ញុំ​ជួយ​ខ្ញុំ​ឲ្យ​ចេះ​សិក្សា​គម្ពីរ​និង​បង្រៀន​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ នៅ​ល្ងាច​មួយ​ក្រោយ​ពី​អាន​វគ្គ​ណា​មួយ គាត់​បាន​និយាយ​ថា​៖ ​«​ប៉ា​ដឹង​ថា​សៀវភៅ​ហ្នឹង​ចែង​អ៊ីចឹង ប៉ុន្តែ​តើ​តាម​របៀប​ណា​កូន​ដឹង​ថា​សៀវភៅ​ហ្នឹង​គឺ​ត្រឹម​ត្រូវ?​»។ ខ្ញុំ​មិន​បាន​រំពឹង​ថា​គាត់​នឹង​សួរ​សំណួរ​នោះ​ទេ ដូច្នេះ​ខ្ញុំ​និយាយ​ថា​៖ ​«​កូន​មិន​អាច​បង្ហាញ​ភ័ស្តុតាង​នៅ​ឥឡូវ​នេះ​ទេ ប៉ុន្តែ​កូន​នឹង​ព្យាយាម​ឆ្លើយ​សំណួរ​របស់​ប៉ា​ពេល​រៀន​លើក​ក្រោយ​»។ នៅ​ការ​សិក្សា​លើក​ក្រោយ ខ្ញុំ​បាន​ឆ្លើយ​សំណួរ​នោះ​មែន។ ខ្ញុំ​បាន​រក​ឃើញ​ខ​គម្ពីរ​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​អ្វី​ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា​នៅ​ពេល​នោះ។ ក្រោយ​មក ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​ខ្ញុំ​អាច​រៀប​ចំ​បាន​ល្អ​ប្រសើរ​ជាង​សម្រាប់​ការ​សិក្សា​របស់​យើង។ ការ​ធ្វើ​ដូច្នោះ​ជួយ​ខ្ញុំ​ឲ្យ​រីក​ចម្រើន ហើយ​ក៏​ជួយ​ឪពុក​ខ្ញុំ​ដែរ។ គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥២។

នៅ​បេតអែល​ខ្ញុំ​ក៏​រៀន​ថែម​ទៀត

ពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ​ខ្ញុំ​បាន​រើ​ចេញ​ពី​ផ្ទះ។ នៅ​ពេល​នោះ បង​ចិតថា​ចាប់​ផ្ដើម​បម្រើ​ជា​សាសនទូត ហើយ​បង​ដន​បម្រើ​នៅ​បេតអែល។ ពួក​គាត់​ទាំង​ពីរ​នាក់​ស្រឡាញ់​ភារកិច្ច​របស់​ពួក​គាត់​ខ្លាំង​ណាស់។ នេះ​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ដូច្នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​សម្រាប់​សាលា​គីលាត​និង​ដាក់​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ឲ្យ​សម្រេច​ចិត្ត​ថា​ខ្ញុំ​គួរ​បម្រើ​នៅ​កន្លែង​ណា។ ជា​លទ្ធផល នៅ​ឆ្នាំ​១៩៤៦ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល។

អស់​ជា​ច្រើន​ឆ្នាំ​នៅ​បេតអែល​ខ្ញុំ​មាន​ភារកិច្ច​ផ្សេង​ៗ​ជា​ច្រើន ដូច្នេះ​ខ្ញុំ​អាច​រៀន​អ្វី​ថ្មី​ច្រើន។ ខ្ញុំ​បម្រើ​នៅ​បេតអែល​៧៥​ឆ្នាំ​ហើយ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ខ្ញុំ​បាន​រៀន​អំពី​គណនេយ្យ​និង​របៀប​បោះ​ពុម្ព​សៀវភៅ។ ខ្ញុំ​ក៏​រៀន​អំពី​របៀប​ទិញ​របស់​របរ​ដែល​បេតអែល​ត្រូវ​ការ និង​របៀប​ដឹក​ជញ្ជូន​អ្វី​ដ៏​សំខាន់​ទៅ​កន្លែង​ផ្សេង​ទៀត។ ប៉ុន្តែ​លើស​ពី​នេះ ខ្ញុំ​ចូល​ចិត្ត​ការ​អប់រំ​ពី​គម្ពីរ​នៅ​ឯ​បេតអែល​ដែល​យើង​ទទួល​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍​ពេល​ព្រឹក​និង​សុន្ទរកថា​ផ្សេង​ៗ។

ខ្ញុំ​បង្រៀន​នៅ​សាលា​អ្នក​ចាស់​ទុំ

ខ្ញុំ​ក៏​បាន​រៀន​ពី​ខាល​ដែល​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ ដែល​បាន​មក​បេតអែល​នៅ​ឆ្នាំ​១៩៤៧។ គាត់​ពូកែ​សិក្សា​និង​បង្រៀន​គម្ពីរ។ នៅ​ពេល​មួយ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​គាត់​ចំពោះ​សុន្ទរកថា​ដែល​ខ្ញុំ​ត្រូវ​ថ្លែង។ ខ្ញុំ​បាន​ពន្យល់​គាត់​ថា​ខ្ញុំ​មាន​ព័ត៌មាន​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ប្រើ​វា​តាម​របៀប​ណា​ទេ។ ខាល​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ត្រូវ​ធ្វើ​អ្វី​ដោយ​សួរ​សំណួរ​តែ​មួយ​ប៉ុណ្ណោះ។ គាត់​បាន​សួរ​ខ្ញុំ​ថា​៖ ​«​ជោអែល តើ​អ្វី​ជា​ប្រធាន​សុន្ទរកថា​របស់​បង?​»។ ភ្លាម​ៗ​ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​ប្រើ​តែ​ព័ត៌មាន​ដែល​ជាប់​ទាក់​ទង​នឹង​ប្រធាន​សុន្ទរកថា​ប៉ុណ្ណោះ ហើយ​អ្វី​ផ្សេង​ទៀត​មិន​ចាំ​បាច់​ប្រើ​ទេ។ ខ្ញុំ​មិន​ដែល​ភ្លេច​មេ​រៀន​នោះ​ឡើយ។

ដើម្បី​មាន​អំណរ​ក្នុង​ការ​បម្រើ​នៅ​បេតអែល យើង​ក៏​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​អាច​មាន​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ខ្ញុំ​ចាំ​បទ​ពិសោធន៍​ដ៏​ល្អ​នៅ​ព្រលប់​មួយ​នៅ​តំបន់​ប្រនស៍ នា​ក្រុង​ញូវយ៉ក។ ខ្ញុំ​នឹង​បង​ប្រុស​ម្នាក់​បាន​ទៅ​ជួប​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ពី​មុន។ យើង​បាន​ណែនាំ​ខ្លួន ហើយ​និយាយ​ថា​៖ ​«​ល្ងាច​នេះ​យើង​មក​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្គាល់​អ្វី​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​»។ ស្ត្រី​នោះ​តប​ទៅ​វិញ​ថា​៖ ​«​បើ​ចង់​និយាយ​អំពី​គម្ពីរ សូម​ចូល​មក​»។ យើង​បាន​អាន​និង​ពិភាក្សា​គ្នា​ខ​គម្ពីរ​មួយ​ចំនួន​អំពី​រាជាណាចក្រ​ព្រះ និង​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់។ នេះ​ច្បាស់​ជា​នាំ​ឲ្យ​ស្ត្រី​នោះ​កោត​ស្ងើច​ជា​ខ្លាំង ដោយ​សារ​សប្តាហ៍​បន្ទាប់ ស្ត្រី​នោះ​បាន​អញ្ជើញ​មិត្ត​ភក្ដិ​ខ្លះ​របស់​គាត់​ឲ្យ​ចូល​រួម​ការ​សន្ទនា​នោះ​ដែរ។ ក្រោយ​មក ស្ត្រី​នោះ​នឹង​ប្ដី​របស់​គាត់​បាន​ទៅ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។

ខ្ញុំ​រៀន​ពី​ប្រពន្ធ​ខ្ញុំ

ខ្ញុំ​សម្រេច​ចិត្ត​ថា​ខ្ញុំ​ចង់​រៀប​ការ។ ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​រក​ឃើញ​ប្អូន​ស្រី​ម្នាក់​ដែល​ស័ក្តិ​សម​នឹង​ខ្ញុំ។ តើ​អ្វី​បាន​ជួយ​ខ្ញុំ​ឲ្យ​រក​ឃើញ​ប្រពន្ធ​ល្អ? ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា និង​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​មួយ​ប្រពន្ធ​របស់​ខ្ញុំ​ក្រោយ​ពី​យើង​រៀប​ការ​ហើយ។

ខ្ញុំ​និង​មេរី​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល

ក្រោយ​មហា​សន្និបាត​ឆ្នាំ​១៩៥៣​នៅ​កីឡាដ្ឋាន​យ៉ាងគី ខ្ញុំ​បាន​ជួប​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​មេរី អាន់យ៉ល។ មេរី​និង​បង​ស្រី​ខ្ញុំ​ចិតថា​បាន​រៀន​នៅ​សាលា​គីលាត​ជំនាន់​ទី​២​ជា​មួយ​គ្នា ហើយ​ក្រោយ​មក​ពួក​គាត់​បម្រើ​ជា​សាសនទូត​ជា​មួយ​គ្នា។ មេរី​បាន​ប្រាប់​ខ្ញុំ​យ៉ាង​រំភើប​អំពី​ភារកិច្ច​ជា​សាសនទូត​របស់​នាង​នៅ​ប្រជុំ​កោះ​ការីប និង​សិស្ស​គម្ពីរ​ដែល​នាង​បាន​បង្រៀន​អស់​ប៉ុន្មាន​ឆ្នាំ។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​គ្នា យើង​ទទួល​ស្គាល់​ថា​យើង​មាន​គោល​ដៅ​ដូច​គ្នា​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​កាន់​តែ​កើន​ឡើង ហើយ​យើង​បាន​រៀប​ការ​នៅ​ខែ​មេសា ឆ្នាំ​១៩៥៥។ ខ្ញុំ​ឃើញ​ថា តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន​មេរី​គឺ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​និង​ជា​គំរូ​ដែល​គួរ​ឲ្យ​ចង់​ធ្វើ​តាម។ នាង​សប្បាយ​នឹង​ភារកិច្ច​ណា​ក៏​ដោយ​ដែល​នាង​បាន​ទទួល។ នាង​បាន​ខិត​ខំ​ធ្វើ​ការ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត និង​តែង​តែ​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​នាង។ (​ម៉ាថ. ៦:៣៣​) យើង​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​អស់​បី​ឆ្នាំ ហើយ​នៅ​ឆ្នាំ​១៩៥៨ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល។

ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ពី​មេរី។ ជា​ឧទាហរណ៍ មិន​យូរ​ក្រោយ​ពី​យើង​បាន​រៀប​ការ យើង​សម្រេច​ចិត្ត​ថា​អាន​គម្ពីរ​ជា​មួយ​គ្នា​ដោយ​អាន​ប្រហែល​១៥​ខ​ក្នុង​មួយ​ថ្ងៃ។ ក្រោយ​ពី​អាន​ផ្នែក​ណា​មួយ យើង​ពិគ្រោះ​គ្នា​អំពី​ខ​គម្ពីរ​ទាំង​នោះ ហើយ​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ក្នុង​ជីវិត​របស់​យើង។ មេរី​ច្រើន​តែ​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​គាត់​បាន​រៀន​នៅ​សាលា​គីលាត ឬ​ពី​កិច្ច​បម្រើ​ជា​សាសនទូត។ ការ​ពិគ្រោះ​គ្នា​ដូច​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​សមត្ថភាព​យល់​ធ្លុះ​ជ្រៅ និង​ជួយ​ខ្ញុំ​ឲ្យ​ថ្លែង​សុន្ទរកថា​ល្អ​ជាង ហើយ​ក៏​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​អំពី​របៀប​លើក​ទឹក​ចិត្ត​បង​ប្អូន​ស្រី​ច្រើន​ជាង​ដែរ។—សុភ. ២៥:១១

មេរី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៣។ ខ្ញុំ​ពិត​ជា​រង់​ចាំ​ជួប​នាង​ម្ដង​ទៀត​នៅ​ក្នុង​ពិភព​លោក​ថ្មី! ទម្រាំ​ដល់​ពេល​នោះ ខ្ញុំ​តាំង​ចិត្ត​បន្ត​រៀន ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត។ (​សុភ. ៣:៥, ៦​) ខ្ញុំ​ទទួល​ការ​សម្រាល​ទុក្ខ​និង​អំណរ​ដោយ​គិត​អំពី​អ្វី​ថ្មី​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ពិភព​លោក​ថ្មី។ នោះ​ច្បាស់​ជា​នឹង​រួម​បញ្ចូល​ការ​រៀន​ពី​គ្រូ​បង្រៀន​ដ៏​ឧត្តម​បំផុត និង​ការ​រៀន​អំពី​លោក! មែន​ហើយ ខ្ញុំ​មិន​អាច​រក​ពាក្យ​ណា​មក​ថ្លែង​អំណរ​គុណ​ឲ្យ​គ្រប់​គ្រាន់​ឡើយ ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បង្រៀន​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ និង​របៀប​ជា​ច្រើន​ដែល​លោក​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​ខ្ញុំ។