លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣៤

ចម្រៀង​លេខ​១០៧ គំរូ​របស់​ព្រះ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

«​សេចក្ដី​សប្បុរស​របស់​ព្រះ​កំពុង​ព្យាយាម​ជំរុញ​អ្នក​ឲ្យ​ប្រែ​ចិត្ត​»។រ៉ូម ២:៤

ចំណុច​ផ្ដោត

របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

១. តើ​អ្វី​អាច​កើត​ឡើង​ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

 នៅ​ក្នុង​អត្ថបទ​មុន​យើង​បាន​រៀន​អំពី​អ្វី​ដែល​ប៉ូល​ប្រាប់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ឲ្យ​ធ្វើ ពេល​បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ បុរស​នោះ​មិន​បាន​ប្រែ​ចិត្ត ហើយ​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ ប៉ុន្តែ ដូច​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ​បង្ហាញ​ថា ព្រះ​អាច​ជំរុញ​ចិត្ត​បុគ្គល​ណា​ម្នាក់​ឲ្យ​ប្រែ​ចិត្ត។ (​រ៉ូម ២:៤​) ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត?

២​-​៣. តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ហេតុ​អ្វី?

បើ​ពួក​អ្នក​ចាស់​ទុំ​មិន​ដឹង​ថា​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ នោះ​ពួក​គេ​មិន​អាច​ជួយ​បុគ្គល​នោះ​បាន​ទេ។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​អាច​នាំ​ឲ្យ​គាត់​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ? យើង​គួរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។—អេ. ១:១៨; សកម្ម. ២០:២៨; ១ពេ. ៥:២

ចុះ​យ៉ាង​ណា បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​ព្រម​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ? នោះ​យើង​នឹង​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​បុគ្គល​នោះ​នឹង​ទទួល​ជំនួយ​ដែល​គាត់​ត្រូវ​ការ។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​គាត់ ព្រោះ​យើង​មិន​ចង់​បាត់​បង់​គាត់​ជា​បង​ប្អូន​ទេ។ បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​ប្រេះ​ឆា។ ម្យ៉ាង​ទៀត បើ​អ្នក​ឯ​ទៀត​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ ពួក​គេ​ប្រហែល​ជា​និយាយ​អ្វី​មិន​ល្អ​អំពី​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​លោក។ ដូច្នេះ ទោះ​ជា​មិន​ស្រួល​ក្ដី យើង​នឹង​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​នោះ។—ចសព. ២៧:១៤

របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ

៤. តើ​អ្នក​ចាស់​ទុំ​មាន​គោល​ដៅ​អ្វី​ពេល​ពួក​គេ​ជួប​ជា​មួយ​នឹង​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

ពេល​ដែល​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ក្រុម​អ្នក​ចាស់​ទុំ​នឹង​ជ្រើស​រើស​បង​ប្រុស​បី​នាក់​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ពី​ចំណោម​ពួក​គេ​ឲ្យ​បម្រើ​ជា​គណៈ​កម្មាធិការ​មួយ។ a បុរស​ទាំង​នោះ​ត្រូវ​មាន​ចិត្ត​សុភាព​និង​ចិត្ត​រាប​ទាប។ ពួក​អ្នក​ចាស់​ទុំ​ទាំង​នោះ​នឹង​ខំ​ព្យាយាម​ជួយ​បុគ្គល​ដែល​ធ្វើ​ខុស​ឲ្យ​ប្រែ​ចិត្ត តែ​ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​កែ​ប្រែ​ទេ។ (​បច. ៣០:១៩​) ពួក​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​តែង​តែ​មាន​ប្រតិកម្ម​ល្អ​ដូច​ស្ដេច​ដាវីឌ​ទេ។ (​២សាំ. ១២:១៣​) បុគ្គល​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រហែល​ជា​សម្រេច​ចិត្ត​មិន​អើពើ​នឹង​ដំបូន្មាន​របស់​ព្រះ​យេហូវ៉ា។ (​ដក. ៤:៦​-​៨​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គោល​ដៅ​របស់​អ្នក​ចាស់​ទុំ​គឺ​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត។ ដូច្នេះ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ចាំ​អំពី​អ្វី​ពេល​ដែល​ពួក​គេ​ជួប​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

៥. តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ចិត្ត​គំនិត​បែប​ណា​ពេល​ពួក​គេ​ជួប​ជា​មួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? (​ធីម៉ូថេ​ទី​២ ២:២៤​-​២៦​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពួក​អ្នក​ចាស់​ទុំ​ចាត់​ទុក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ថា​ជា​ចៀម​ដ៏​មាន​តម្លៃ​ដែល​វង្វេង​បាត់។ (​លូក. ១៥:៤,​) ដូច្នេះ ពេល​អ្នក​ចាស់​ទុំ​ជួប​ជា​មួយ​បុគ្គល​នោះ ពួក​គេ​មិន​និយាយ​ដោយ​គ្មាន​មេត្តា​ឬ​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ទៅ​កាន់​គាត់​ឡើយ។ អ្នក​ចាស់​ទុំ​ក៏​មិន​គិត​ថា​ពួក​គេ​គ្រាន់​តែ​ទៅ​ដើម្បី​សួរ​សំណួរ​និង​ស្វែង​រក​ការ​ពិត​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​បង្ហាញ​គុណ​សម្បត្តិ​ដូច​ដែល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី​២ ២:​២៤​-​២៦។ (​សូម​អាន​) ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​ចង់​ជួយ​បុគ្គល​នោះ​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ​របស់​គាត់ ពួក​គេ​រក្សា​ចិត្ត​ស្លូត​បូត ចិត្ត​សុភាព និង​ចិត្ត​សប្បុរស។

ដូច​គង្វាល​នៅ​សម័យ​បុរាណ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ចៀម​ដែល​វង្វេង​បាត់ ​(​សូម​មើល​វគ្គ​៥​)​


៦. មុន​ជួប​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​ពួក​អ្នក​ចាស់​ទុំ​នឹង​ត្រៀម​ចិត្ត​យ៉ាង​ដូច​ម្ដេច? (​រ៉ូម ២:៤​)

ពួក​អ្នក​ចាស់​ទុំ​ត្រៀម​ចិត្ត​ឬ​លៃ​ទុក​ពេល​ដើម្បី​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា។ ពួក​គេ​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​នឹក​ចាំ​ពាក្យ​របស់​ប៉ូល​ថា​៖ ​«​សេចក្ដី​សប្បុរស​របស់​ព្រះ​កំពុង​ព្យាយាម​ជំរុញ​អ្នក​ឲ្យ​ប្រែ​ចិត្ត​»។ (​សូម​អាន រ៉ូម ២:៤) ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​គង្វាល ហើយ​ពួក​គេ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រិស្ត​និង​យក​តម្រាប់​តាម​លោក​ក្នុង​របៀប​ដែល​ពួក​គេ​ថែ​រក្សា​ក្រុម​ជំនុំ។ (​អេ. ១១:៣, ៤; ម៉ាថ. ១៨:១៨​-​២០​) មុន​គណៈ​កម្មាធិការ​ពួក​អ្នក​ចាស់​ទុំ​ជួប​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពួក​គេ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ពួក​គេ​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​ប្រែ​ចិត្ត។ ពួក​គេ​នឹង​ស្រាវ​ជ្រាវ​ខ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ហើយ​ក៏​អធិដ្ឋាន​សុំ​ឲ្យ​មាន​សមត្ថភាព​វែក​ញែក​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​នឹង​គិត​ពិចារណា​ដែរ​ថា ពួក​គេ​ត្រូវ​ដឹង​អ្វី​ខ្លះ​អំពី​ប្រវត្តិ​របស់​បុគ្គល​នោះ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​គាត់​មាន​របៀប​គិត​គូរ ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​បែប​នោះ។—សុភ. ២០:៥

៧​-​៨. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ពេល​ពួក​គេ​ជួប​ជា​មួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យេហូវ៉ា។ ពួក​គេ​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ព្យាយាម​ជួយ​មនុស្ស​នៅ​សម័យ​មុន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​វែក​ញែក​យ៉ាង​អត់​ធ្មត់​ជា​មួយ​កាអ៊ីន​ដោយ​ព្រមាន​គាត់​អំពី​ផល​វិបាក​នៃ​ការ​ខុស​ឆ្គង ហើយ​ថា​គាត់​នឹង​ទទួល​ពរ​បើ​គាត់​ស្ដាប់​បង្គាប់។ (​ដក. ៤:៦, ៧​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ណាថាន់​ឲ្យ​ទៅ​ដាស់​តឿន​ដាវីឌ ហើយ​គាត់​បាន​លើក​ឧទាហរណ៍​ដែល​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ដាវីឌ។ (​២សាំ. ១២:១​-​៧​) មួយ​វិញ​ទៀត ព្រះ​យេហូវ៉ា​«​បាន​ចាត់​»​អ្នក​ប្រកាស​ទំនាយ​របស់​លោក​«​ម្ដង​ហើយ​ម្ដង​ទៀត​»​ឲ្យ​ទៅ​ជួប​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ចិត្ត​វៀច​វេរ។ (​យេ. ៧:២៤, ២៥​) ព្រះ​យេហូវ៉ា​មិន​បាន​រង់​ចាំ​ឲ្យ​រាស្ត្រ​របស់​លោក​ប្រែ​ចិត្ត​ហើយ ទើប​លោក​ជួយ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចាត់​វិធានការ​ជា​មុន​ដោយ​ដាស់​តឿន​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត។

ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ពេល​ដែល​ពួក​គេ​ព្យាយាម​ជួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ដូច​ដែល​បាន​ចែង​នៅ​ធីម៉ូថេ​ទី​២ ៤:២ ពួក​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​មក​លើ​ពួក​អ្នក​ទាំង​នោះ​«​ដោយ​មាន​ចិត្ត​អត់​ធ្មត់​»។ ដូច្នេះ អ្នក​ចាស់​ទុំ​តែង​តែ​ត្រូវ​មាន​ចិត្ត​ស្ងប់​និង​អត់​ធ្មត់​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ បើ​អ្នក​ចាស់​ទុំ​ខឹង​ឬ​ធុញ​ទ្រាន់ បុគ្គល​នោះ​ប្រហែល​ជា​មិន​ស្ដាប់​ដំបូន្មាន​ឬ​មិន​ព្រម​ប្រែ​ចិត្ត​ទេ។

៩​-​១០. តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​វែក​ញែក​អំពី​ការ​សម្រេច​ចិត្ត​ដែល​បាន​នាំ​ឲ្យ​គាត់​ធ្វើ​ខុស?

ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​នាំ​ឲ្យ​បុគ្គល​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ជា​ឧទាហរណ៍ តើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ខ្សោយ​ទៅ​ៗ ដោយ​សារ​គាត់​មិន​បាន​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​រឿយ​ៗ​ឬ​ទេ? តើ​គាត់​បាន​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​ឬ? តើ​គាត់​បាន​ឈប់​ព្យាយាម​ត​យុទ្ធ​នឹង​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ឬ​ទេ? តើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ឈ្លាស​វៃ​ស្ដី​អំពី​ការ​សេព​គប់​ឬ​ការ​កម្សាន្ត​ឬ? តើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចិត្ត​របស់​គាត់? តើ​គាត់​យល់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ?

១០ ពួក​អ្នក​ចាស់​ទុំ​អាច​សួរ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នូវ​សំណួរ​ដែល​ជួយ​គាត់​ឲ្យ​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ ហើយ​នាំឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​សប្បុរស និង​ដោយ​មិន​សួរ​អំពី​រឿង​ផ្ទាល់​ខ្លួន​ដែល​ពួក​គេ​មិន​ចាំ​បាច់​ដឹង។ (​សុភ ២០:៥​) បន្ថែម​ទៅទៀត ដូច​ណាថាន់​បាន​លើក​ឧទាហរណ៍​ដើម្បី​ជួយ​ដាវីឌ ពួក​គេ​ប្រហែល​ជា​លើក​ឧទាហរណ៍​ដើម្បី​ជួយ​បុគ្គល​នោះឲ្យ​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​មូលហេតុ​ដែល​ការ​ប្រព្រឹត្ត​នោះ​គឺ​ខុស។ ពេល​ជួប​គ្នា​ជា​លើក​ដំបូង បុគ្គល​នោះ​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​សោក​ស្ដាយ​អំពី​ការ​សម្រេច​ចិត្ត​និង​របៀប​គិត​គូរ​របស់​គាត់។ គាត់​ក៏​ប្រហែល​ជា​ប្រែ​ចិត្ត​ដែរ។

១១. តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

១១ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​ជួយ​ប៉ូល​ដោយ​សួរ​គាត់​នូវ​សំណួរ​ដ៏​ឈ្លាស​វៃ​ថា​៖ ​«​សុល សុល ហេតុ​អ្វី​អ្នក​បៀតបៀន​ខ្ញុំ?​»។ យ៉ាង​នេះ លោក​យេស៊ូ​បាន​ជួយ​ប៉ូល​ឲ្យ​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​គឺ​ខុស។ (​សកម្ម ៩:៣​-​៦​) ស្ដី​អំពី​«​យេសិបិល ជា​ស្ត្រី​»​ bនៅ​សតវត្សរ៍​ទី​១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ទុក​ពេល​ឲ្យ​នាង​ប្រែ​ចិត្ត​»។—បប. ២:២០, ២១

១២​-​១៣. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ទុក​ពេល​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ដូច​លោក​យេស៊ូ ពួក​អ្នក​ចាស់​ទុំ​មិន​ឆាប់​សន្និដ្ឋាន​ថា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​មិន​ប្រែ​ចិត្ត​ទេ។ បុគ្គល​ខ្លះ​ប្រហែល​ជា​ប្រែ​ចិត្ត ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ជួប​ពួក​គេ​នៅ​លើក​ដំបូង។ ប៉ុន្តែ បុគ្គល​ខ្លះ​ទៀត​ប្រហែល​ជា​ត្រូវ​ការ​ពេល​យូរ​ជាង។ ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​រៀប​ចំ​ជួប​ជា​មួយ​នឹង​បុគ្គល​នោះ​លើស​ពី​ម្ដង។ ប្រហែល​ជា​ក្រោយ​ពី​ជួប​គ្នា​លើក​ដំបូង គ្រិស្ត​សាសនិក​ដែល​ប្រព្រឹត្ត​ខុស​នោះ​នឹង​ចាប់​ផ្ដើម​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​អ្នក​ចាស់​ទុំ​បានប្រាប់គាត់។ គាត់​ប្រហែល​ជា​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់។ (​ចសព. ៣២:៥; ៣៨:១៨​) ដូច្នេះ ពេល​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ជួប​ពួក​អ្នក​ចាស់​ទុំ​នៅ​លើក​ក្រោយ គាត់​ប្រហែល​ជា​មាន​ចិត្ត​គំនិត​ខុស​គ្នា​ពី​ពេល​ដែល​ជួប​លើក​ដំបូង។

១៣ ដើម្បី​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​អ្នក​ចាស់​ទុំ​បង្ហាញ​ការ​យល់​អារម្មណ៍​និង​ចិត្ត​សប្បុរស។ ពួក​គេ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គេ​និង​សង្ឃឹម​ថា​បង​ប្អូន​ម្នាក់​នោះ​នឹង​ភ្ញាក់​ខ្លួន ហើយ​ប្រែ​ចិត្ត។—២ធី. ២:២៥, ២៦

ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ជួប​ជា​មួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​លើស​ពី​ម្ដង ដើម្បី​ទុក​ពេល​ឲ្យ​គាត់​ប្រែ​ចិត្ត ​(​សូម​មើល​វគ្គ​១២​)​


១៤. តើ​អ្នក​ណា​ជា​បុគ្គល​ដែល​ពិត​ជា​ជួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត ហើយ​ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ?

១៤ បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត នោះ​យើង​ពិត​ជា​ត្រេក​អរ​ខ្លាំង​ណាស់! (​លូក. ១៥:៧, ១០​) ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​កែ​តម្រង់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក្ដី តើ​អ្នក​ណា​ជា​បុគ្គល​ដែល​ពិត​ជា​ជួយ​អ្នក​នោះ​ឲ្យ​កែ​ប្រែ? សូម​នឹក​ចាំ​អ្វី​ដែល​ប៉ូល​បាន​សរសេរ​អំពី​បុគ្គល​ដែល​បាន​ប្រែ​ចិត្ត​ថា​៖ ​«​ប្រហែល​ជា​ព្រះ​នឹង​ឲ្យ​ឱកាស​ពួក​គេ​ប្រែ​ចិត្ត​»។ (​២ធី. ២:២៥​) ដូច្នេះ​អ្នក​ដែល​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​ចិត្ត​គំនិត​គឺ​ព្រះ​យេហូវ៉ា មិន​មែន​មនុស្ស​ណា​ម្នាក់​ទេ។ ប៉ូល​ពន្យល់​អំពី​អ្វី​ល្អ​ៗ​ដែល​កើត​ឡើង​ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​ប្រែ​ចិត្ត។ បុគ្គល​នោះ​អាច​ទទួល​ចំណេះ​កាន់​តែ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត ភ្ញាក់​ខ្លួន និង​អាច​ចេញ​ពី​អន្ទាក់​របស់​សាថាន។—២ធី. ២:២៦

១៥. តើ​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​បន្ត​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​ករណី​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត ពួក​អ្នក​ចាស់​ទុំ​នឹង​បន្ត​ជួប​គាត់​ដើម្បី​ជួយ​គាត់​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្លួន ហើយ​ជួយ​គាត់​ឲ្យ​បន្ត​ជៀស​វាង​ពី​អន្ទាក់​របស់​សាថាន ព្រម​ទាំង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើង​វិញ។ (​ហេ. ១២:១២, ១៣​) អ្នក​ចាស់​ទុំ​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ទេ។ ក៏​ប៉ុន្តែ តើ​ក្រុម​ជំនុំ​ប្រហែល​ជា​ត្រូវ​ដឹង​អំពី​អ្វី?

​‹ចូរ​ប្រដៅ​តម្រង់​នៅ​មុខ​អស់​អ្នក​ដែល​នៅ​ទី​នោះ›

១៦. នៅ​ធីម៉ូថេ​ទី​១ ៥:២០ តើ​ពាក្យ​«​អ្នក​ដែល​នៅ​ទី​នោះ​»​សំដៅ​ទៅ​លើ​អ្នក​ណា?

១៦ សូម​អាន ធីម៉ូថេ​ទី​១ ៥:២០ ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​ធីម៉ូថេ​ដែល​ជា​អ្នក​ចាស់​ទុំ​ដូច​គាត់ ស្ដី​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​«​ពួក​អ្នក​ដែល​ធ្វើ​ខុស​ជា​ទម្លាប់​»។ តើ​ពាក្យ​«​អ្នក​ដែល​នៅ​ទី​នោះ​»​មាន​ន័យ​ថា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​គួរ​ទទួល​ការ​ប្រដៅ​តម្រង់​នៅ​មុខ​ក្រុម​ជំនុំ​ទាំង​មូល​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ូល​សំដៅ​ទៅ​លើ​បុគ្គល​តែ​ប៉ុន្មាន​នាក់​ដែល​ដឹង​អំពី​អំពើ​ខុស​ឆ្គង​នោះ​ប៉ុណ្ណោះ។ ពួក​គេ​ប្រហែល​ជា​បាន​ឃើញ​បុគ្គល​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ផ្ទាល់ ឬ​ប្រហែល​ជា​បុគ្គល​នោះ​បាន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ។ ពួក​អ្នក​ចាស់​ទុំ​នឹង​ប្រាប់​តែ​ពួក​អ្នក​ទាំង​នោះ​ប៉ុណ្ណោះ​ថា រឿង​នេះ​បាន​ត្រូវ​ដោះ​ស្រាយ​ហើយ។

១៧. បើ​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​ដឹង​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ឬ​ពួក​គេ​ទំនង​ជា​នឹង​ដឹង​នៅ​ពេល​ក្រោយ​មក តើ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​អ្វី ហើយ​ហេតុ​អ្វី?

១៧ ក្នុង​ករណី​ខ្លះ ប្រហែល​ជា​ក្រុម​ជំនុំ​ទាំង​មូល​ដឹង​អំពី​អំពើ​ខុស​ឆ្គង ឬ​ក្រុម​ជំនុំ​ទំនង​ជា​នឹង​ដឹង​នៅ​ពេល​ក្រោយ​មក។ ក្នុង​ករណី​បែប​នេះ​«​អ្នក​ដែល​នៅ​ទី​នោះ​»​នឹង​រួម​បញ្ចូល​ក្រុម​ជំនុំ​ទាំង​មូល។ ដូច្នេះ អ្នក​ចាស់​ទុំ​ម្នាក់​នឹង​ជូន​ដំណឹង​ដល់​ក្រុម​ជំនុំ​ថា​បង​ប្រុស​ម្នាក់​នេះ​ឬ​បង​ស្រី​ម្នាក់​នោះ​បាន​ត្រូវ​ប្រដៅ​តម្រង់។ ហេតុ​អ្វី? ប៉ូល​បាន​ឆ្លើយ​ថា​៖ ​«​ដើម្បី​ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត​»​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

១៨. បើ​បុគ្គល​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ពួក​អ្នក​ចាស់​ទុំ​នឹង​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៨ ចុះ​យ៉ាង​ណា​អំពី​បុគ្គល​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​និង​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ពួក​អ្នក​ចាស់​ទុំ​នឹង​រៀប​ចំ​ឲ្យ​អ្នក​ចាស់​ទុំពីរ​នាក់​ទៅ​ជួប​ក្មេង​នោះ​ទាំង​មាន​ឪពុក​ម្ដាយ​របស់​គាត់​ដែល​ជា​គ្រិស្ត​សាសនិក​នៅ​ជា​មួយ​គាត់។ c អ្នក​ចាស់​ទុំ​នឹង​សួរ​ឪពុក​ម្ដាយ​នោះ​ថា តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ណា​ខ្លះ​រួច​ហើយ​ដើម្បី​ជួយ​កូន​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​និង​ប្រែ​ចិត្ត? បើ​ក្មេង​នោះ​ស្ដាប់​តាម​ដំបូន្មាន​របស់​ឪពុក​ម្ដាយ ហើយ​ព្យាយាម​កែ​ប្រែ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​គាត់ នោះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​គឺ​មិន​ចាំ​បាច់​បង្កើត​គណៈ​កម្មាធិការ​ពួក​អ្នក​ចាស់​ទុំ​ទេ។ ពួក​អ្នក​ចាស់​ទុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​ជា​អ្នក​កែ​តម្រង់​កូន​របស់​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់។ (​បច. ៦:៦, ៧; សុភ. ៦:២០; ២២:៦; អេភ. ៦:២​-​៤​) ក្រោយ​មក ម្ដង​ម្កាល​អ្នក​ចាស់​ទុំ​នឹង​ទាក់​ទង​ជា​មួយ​ឪពុក​ម្ដាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​របស់​ពួក​គេ​កំពុង​ទទួល​ជំនួយ​ដែល​ចាំ​បាច់។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នោះ​មិន​ព្រម​កែ​ប្រែ? ក្នុង​ករណី​បែប​នោះ គណៈ​កម្មាធិការ​ពួក​អ្នក​ចាស់​ទុំ​នឹង​ជួប​គាត់​ជា​មួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់​ដែល​ជា​គ្រិស្ត​សាសនិក។

ពេល​បុគ្គល​វ័យ​ក្មេង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ជួប​ជា​មួយ​គាត់ និង​ឪពុក​ម្ដាយ​របស់​គាត់​ដែល​ជា​គ្រិស្ត​សាសនិក ​(​សូម​មើល​វគ្គ​១៨​)​


​«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»​

១៩. ពេល​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៩ ពួក​អ្នក​ចាស់​ទុំ​ដែល​បម្រើ​ក្នុង​គណៈ​កម្មាធិការ​មាន​ភារកិច្ច​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ដើម្បី​រក្សា​ក្រុម​ជំនុំ​ឲ្យ​ស្អាត​ស្អំ។ (​១កូ. ៥:៧​) ពួក​គេ​ក៏​ខំ​អស់​ពី​សមត្ថភាព​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​ដែរ។ ហេតុ​នេះ ពេល​ពួក​គេ​ជួយ​បុគ្គល​នោះ ពួក​គេ​សង្ឃឹម​ជា​និច្ច​ថា​បុគ្គល​នោះ​នឹង​កែ​ប្រែ។ ហេតុ​អ្វី? ដោយ​សារ​ពួក​គេ​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»។ (​យ៉ា. ៥:១១​) សូម​កត់​សម្គាល់​អំពី​របៀប​ដែល​សាវ័ក​យ៉ូហាន​បាន​បង្ហាញ​ចិត្ត​គំនិត​ដូច​នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​កូន​ៗ​អើយ! ខ្ញុំ​សរសេរ​រឿង​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ខុស​អ្វី​មួយ​ឡើយ។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ភ្លាត់​ធ្វើ​ខុស​អ្វី​មួយ នោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​នៅ​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​និង​ជា​អ្នក​សុចរិត នឹង​ជួយ​យើង​»។—១យ៉ូន. ២:១

២០. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​ចុង​ក្រោយ​នៃ​អត្ថបទ​ត​ភាគ​ទាំង​នេះ?

២០ គួរ​ឲ្យ​ស្ដាយ​ណាស់ ពេល​ខ្លះ​មាន​គ្រិស្ត​សាសនិក​ដែល​មិន​ព្រម​ប្រែ​ចិត្ត។ បើ​ដូច្នេះ គាត់​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ តើ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​អ្វី​បើ​រឿង​នេះ​កើត​ឡើង? យើង​នឹង​ពិចារណា​រឿង​នេះ​នៅ​អត្ថបទ​ចុង​ក្រោយ​នៃ​អត្ថបទ​ត​ភាគ​ទាំង​នេះ។

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

a ពី​មុន​ក្រុម​ទាំង​នេះ​បាន​ត្រូវ​ហៅ​ថា​គណៈ​កម្មាធិការ​វិនិច្ឆ័យ។ ប៉ុន្តែ ដោយ​សារ​ការ​វិនិច្ឆ័យ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការ​របស់​ពួក​គេ យើង​នឹង​លែង​ប្រើ​ពាក្យ​នោះ​ទៀត។ ដូច្នេះ ឥឡូវ​យើង​នឹង​ហៅ​ក្រុម​នោះ​ថា​គណៈ​កម្មាធិការ​ពួក​អ្នក​ចាស់​ទុំ។

b ពាក្យ​«​យេសិបិល ជា​ស្ត្រី​»​ប្រហែល​ជា​សំដៅ​ទៅ​លើ​ស្ត្រី​ម្នាក់​ឬ​ក្រុម​ស្ត្រី​ដែល​ជះ​ឥទ្ធិពល​អាក្រក់​លើ​ក្រុម​ជំនុំ។

c នេះ​ក៏​សំដៅ​លើ​អាណាព្យាបាល​ស្រប​ច្បាប់​ឬ​បុគ្គល​ឯ​ទៀត​ដែល​មាន​ភារកិច្ច​ចិញ្ចឹម​អប់រំ​ក្មេង​នោះ។