លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដីនៅពេលណា?

តើរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដីនៅពេលណា?

ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ខ្លះ​របស់​លោក​យេស៊ូ​ចង់​ដឹង​អំពី​ពេល​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង។ លោក​យេស៊ូ​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ដោយ​ប្រាប់​ថា ពួក​គេ​នឹង​មិន​ដឹង​ពេល​កំណត់​ទេ។ (​សកម្មភាព ១:៦, ៧​) ប៉ុន្តែ មិន​យូរ​មុន​នោះ លោក​បាន​ប្រាប់​ពួក​គេ​ថា ពេល​អ្នក​កាន់​តាម​លោក​ឃើញ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​ដំណាល​គ្នា នោះ​ពួក​គេ​នឹង​«​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»​ ថែម​ទាំង​ដឹង​ថា គឺ​ពេល​ដែល​រាជាណាចក្រ​នោះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ពិភព​លោក។—លូកា ២១:៣១

តើ​លោក​យេស៊ូ​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង?

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​នៅ​កន្លែង​ផ្សេង​ៗ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​និង​រោគ​រាត​ត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ (​លូកា ២១:១០, ១១​) ដូច​ខ្សែ​នៃ​ក្រយៅ​ដៃ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ស្នាម​ម្រាម​ដៃ នោះ​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​ជា​សញ្ញា​សម្គាល់​មួយ​ដ៏​ច្បាស់​លាស់។ ហើយ​ដូច​ស្នាម​ម្រាម​ដៃ​សម្គាល់​បុគ្គល​ណា​ម្នាក់ នោះ​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​ដែល​កើត​ឡើង​ដំណាល​គ្នា​នឹង​បញ្ជាក់​ថា​«​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។ តើ​ពិត​ជា​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ដំណាល​គ្នា និង​នៅ​ទូ​ទាំង​ពិភព​លោក​ឬ​ទេ? សូម​ពិចារណា​ភ័ស្តុតាង។

១. សង្គ្រាម

នៅ​ឆ្នាំ​១៩១៤ សង្គ្រាម​បាន​ផ្ទុះ​ឡើង​ដល់​កម្រិត​ធំ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស! អ្នក​ប្រវត្តិសាស្ត្រ​ច្រើន​តែ​ចាត់​ទុក​ឆ្នាំ​១៩១៤​គឺ​ជា​ឆ្នាំ​ដែល​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​មនុស្ស ពីព្រោះ​នេះ​ជា​ឆ្នាំ​ដែល​មាន​សង្គ្រាម​លោក​លើក​ទី​១។ ក្នុង​សង្គ្រាម​នោះ ជា​លើក​ដំបូង​ហើយ​ដែល​មនុស្ស​ប្រើ​សព្វាវុធ​ដូច​ជា​រថក្រោះ គ្រាប់​បែក​ទម្លាក់​ពី​យន្ត​ហោះ កាំភ្លើង​យន្ត និង​ឧស្ម័ន​ពុល​ជា​ដើម​នៅ​កន្លែង​ជា​ច្រើន​ដើម្បី​សម្លាប់​មនុស្ស។ បន្ទាប់​មក មាន​សង្គ្រាម​លោក​លើក​ទី​២ ជា​សង្គ្រាម​ដែល​មនុស្ស​ចាប់​ផ្ដើម​ប្រើ​អាវុធ​បរិមាណូ។ មនុស្សជាតិ​តែង​តែ​មាន​សង្គ្រាម​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក​តាំង​ពី​ឆ្នាំ​១៩១៤​មក ហើយ​សង្គ្រាម​ទាំង​នោះ​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។

២. រញ្ជួយ​ដី

សព្វវចនាធិប្បាយ​មួយ​ចែង​ថា រាល់​ឆ្នាំ​ប្រហែល​មាន​រញ្ជួយ​ដី​១០០​ដង​ដែល​មាន​កម្លាំង​ខ្លាំង​ល្មម​អាច​នាំ​ឲ្យ​មាន​«​ការ​បែក​បាក់​ខ្ទេច​ខ្ទី​ធ្ងន់​ធ្ងរ​»។ (​Britannica Academic​) អ្នក​វិទ្យា​សាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក​រាយ​ការណ៍​ថា ​«​យោង​ទៅ​តាម​បញ្ជី​ដែល​កត់​ទុក​រញ្ជួយ​ដី​តាំង​ពី​យូរ​មក​ហើយ (​ប្រហែល​តាំង​ពី​ឆ្នាំ​១៩០០​) យើង​ប៉ាន់ស្មាន​ថា​នឹង​មាន​រញ្ជួយ​ដី​ធំ​ៗ​១៦​ដង​រៀង​រាល់​ឆ្នាំ​»។ (​United States Geological Survey​) ទោះ​ជា​មនុស្ស​ខ្លះ​ប្រហែល​ជឿ​ថា សព្វ​ថ្ងៃ​មាន​រញ្ជួយ​ដី​ច្រើន​ជាង ដោយ​សារ​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​អាច​ដឹង​អំពី​រញ្ជួយ​ដី​ល្អ​ជាង​មុន​ក៏​ដោយ តែ​ការ​ពិត​គឺ​ថា មាន​រញ្ជួយ​ដី​ធំ​ៗ​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​កំពុង​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ជាង​មុន​រង​ទុក្ខ​និង​បាត់​បង់​ជីវិត។

៣. ការ​អត់​ឃ្លាន

ការ​អត់​ឃ្លាន​មាន​នៅ​ទូ​ទាំង​ពិភព​លោក​ដោយ​សារ​សង្គ្រាម អំពើ​ពុក​រលួយ វិបត្តិ​សេដ្ឋកិច្ច ការ​គ្រប់​គ្រង​មិន​ល្អ​ទៅ​លើ​វិស័យ​កសិកម្ម ឬ​មិន​បាន​រៀប​ចំ​ទុក​ជា​មុន​ដើម្បី​ការ​ពារ​ពី​ធាតុ​អាកាស​អាក្រក់​ក្រៃ​លែង​ខុស​ពី​ធម្មតា។ ​«​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨​»​របស់​អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​រៀប​រាប់​ថា​៖ ​«​នៅ​ទូ​ទាំង​ពិភព​លោក​មាន​មនុស្ស​៨២១​លាន​នាក់​មិន​មាន​អាហារ​គ្រប់​គ្រាន់ ហើយ​ក្នុង​ចំណោម​នោះ​មាន​១២៤​លាន​នាក់​អត់​អាហារ​សោះ​»។ ការ​បរិភោគ​អាហារ​ដែល​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នាំ​ឲ្យ​កូន​ក្មេង​៣,១​លាន​នាក់​ស្លាប់​រៀង​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​២០១១ នេះ​ក៏​បាន​បណ្ដាល​ឲ្យ​កូន​ក្មេង​ប្រហែល​ជា​៤៥​ភាគ​រយ​នៅ​ទូ​ទាំង​ពិភព​លោក​ស្លាប់​ដែរ។

៤. ជំងឺ​និង​រោគ​រាត​ត្បាត

សៀវភៅ​មួយ​របស់​អង្គការ​សុខភាព​ពិភព​លោក​រៀប​រាប់​ថា​៖ ​«​សតវត្សរ៍​ទី​២១​មាន​រោគ​រាត​ត្បាត​រួច​ទៅ​ហើយ។ ជំងឺ​ចាស់​ៗ​មាន​ឡើង​វិញ ដូច​ជា​អាសន្នរោគ​រាក​រូស ជំងឺ​ប៉េស្ត និង​គ្រុន​លឿង ហើយ​ជំងឺ​ថ្មី​បាន​លេច​មក ដូច​ជា​ជំងឺ​ផ្លូវ​ដក​ដង្ហើម​ធ្ងន់​ធ្ងរ (​SARS​) ជំងឺ​រាត​ត្បាត​គ្រុន​ផ្ដាសាយ​ធំ ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា (​MERS​) ជំងឺ​អ៊ីបូឡា និង​ជំងឺ​ហ្ស៊ីកា​»។ កូវីដ​-​១៩​គឺ​ជា​ជំងឺ​រោគ​រាត​ត្បាត​ថ្មី​បំផុត។ ទោះ​ជា​ពួក​វិទ្យា​សាស្ត្រ​និង​វេជ្ជបណ្ឌិត​បាន​រៀន​ដឹង​ជា​ច្រើន​អំពី​ជំងឺ​ក៏​ដោយ តែ​ពួក​គេ​មិន​បាន​រក​ឃើញ​វិធី​ព្យាបាល​សម្រាប់​ជំងឺ​ទាំង​អស់​ឡើយ។

៥. ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក

លោក​យេស៊ូ​បាន​ប្រាប់​អំពី​ផ្នែក​មួយ​ទៀត​នៃ​សញ្ញា​សម្គាល់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) កាល​ដែល​ពិភព​លោក​កំពុង​រង​ទុក្ខ​ដោយ​សារ​បញ្ហា​អាក្រក់​ផ្សេង​ៗ មនុស្ស​ជាង​៨​លាន​នាក់​ពី​គ្រប់​ប្រជា​ជាតិ​កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​២៤០​ប្រទេស ហើយ​ច្រើន​ជាង​១.០០០​ភាសា។ នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ឡើយ។

តើ​សញ្ញា​សម្គាល់​មាន​ន័យ​អ្វី​សម្រាប់​យើង?

ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​ជា​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ការ​ពិត​នេះ? ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។—លូកា ២១:៣១

បន្តិច​ទៀត រាជាណាចក្រ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី

សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​ផ្ដល់​ឲ្យ ព្រម​ទាំង​កាល​ប្រវត្តិ​វិទ្យា​ក្នុង​គម្ពីរ​ជួយ​ឲ្យ​យើង​យល់​ថា ព្រះ​បាន​តាំង​រាជាណាចក្រ​របស់​លោក​ឡើង​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ a នៅ​ពេល​នោះ ព្រះ​បាន​តាំង​បុត្រ​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​គ្រប់​គ្រង​ជា​ស្ដេច។ (​ចម្រៀង​សរសើរ​ព្រះ ២:២, ៤, ៦​-​៩​) បន្តិច​ទៀត រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែន​ដី ហើយ​នឹង​បំបាត់​ចោល​រដ្ឋាភិបាល​ទាំង​ឡាយ ព្រម​ទាំង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ជា​រៀង​រហូត។

ឆាប់​ៗ​ខាង​មុខ​នេះ ពាក្យ​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​នឹង​ត្រូវ​សម្រេច។ សេចក្ដី​អធិដ្ឋាន​គំរូ​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) ប៉ុន្តែ តាំង​ពី​ពេល​រាជាណាចក្រ​របស់​ព្រះ​បាន​តាំង​ឡើង​នៅ​ឆ្នាំ​១៩១៤ តើ​រាជាណាចក្រ​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? តើ​យើង​អាច​មាន​ជីវិត​យ៉ាង​ណា ពេល​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​លើ​មនុស្សជាតិ?

a ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ឆ្នាំ​១៩១៤ សូម​មើល​មេ​រៀន​ទី​៣២​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។