អ្វីដែលខុសនិងអ្វីដែលត្រូវ៖ សំណួរមួយដែលយើងត្រូវពិចារណា
បើអ្នកចង់ធ្វើដំណើរទៅកន្លែងណាមួយដែលអ្នកមិនធ្លាប់ទៅពីមុន តើអ្នកនឹងធ្វើអ្វី?
១. ទៅតាមទិសដៅដែលអ្នកគិតថាអ្នកគួរទៅ។
២. ទៅតាមអ្នកឯទៀតដោយសង្ឃឹមថាពួកគេស្គាល់ផ្លូវ។
៣. ធ្វើតាមអ្វីដែលអ្នកអាចទុកចិត្តបានដូចជា GPS ផែនទី ឬមិត្តភក្តិដែលស្គាល់ផ្លូវ។
បើយើងជ្រើសរើសជម្រើសទី១ឬទី២ យើងនឹងទៅដល់កន្លែងណាមួយ តែប្រហែលមិនមែនជាកន្លែងដែលយើងចង់ទៅនោះទេ។ ប៉ុន្តែបើយើងជ្រើសរើសយកជម្រើសទី៣ យើងអាចជឿជាក់ថាយើងនឹងទៅដល់កន្លែងដែលយើងចង់ទៅពិតប្រាកដ។
ជីវិតរបស់យើងគឺប្រៀបដូចជាការធ្វើដំណើរមួយដែលយើងសង្ឃឹមថានឹងនាំឲ្យយើងមានអនាគតដ៏សប្បាយ។ ការមានអនាគតបែបនោះគឺអាស្រ័យថាយើងនឹងទទួលយកការណែនាំពីកន្លែងណាពេលយើងធ្វើការសម្រេចចិត្ត។
ការសម្រេចចិត្តរបស់យើងភាគច្រើនមិនមានឥទ្ធិពលខ្លាំងមកលើជីវិតយើងទេ តែខ្លះទៀតពិតជាមានឥទ្ធិពលខ្លាំង ព្រោះការសម្រេចចិត្តរបស់យើងបង្ហាញអំពីអ្វីដែលយើងចាត់ទុកថាខុសនិងត្រូវ។ ការសម្រេចចិត្តរបស់យើងនឹងមានឥទ្ធិពលមកលើយើងនិងមនុស្សជាទីស្រឡាញ់របស់យើងអស់រយៈពេលយូរ មិនថាល្អឬអាក្រក់ក្ដី។ ការសម្រេចចិត្តទាំងនេះរួមមាន៖
ការរួមភេទ និងអាពាហ៍ពិពាហ៍
ភាពស្មោះត្រង់ ការងារ និងលុយកាក់
របៀបចិញ្ចឹមអប់រំកូន
របៀបប្រព្រឹត្តចំពោះអ្នកឯទៀត
តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាការសម្រេចចិត្តរបស់អ្នកក្នុងរឿងទាំងនោះនឹងនាំឲ្យអ្នកនិងក្រុមគ្រួសាររបស់អ្នកមានអនាគតដ៏សប្បាយ?
សំណួរមួយដែលយើងគ្រប់គ្នាត្រូវពិចារណាគឺ៖ តើអ្វីអាចជួយខ្ញុំឲ្យធ្វើការសម្រេចចិត្តល្អអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ?
ទស្សនាវដ្ដីនេះនឹងពន្យល់អំពីមូលហេតុដែលគម្ពីរមានការណែនាំដែលអាចទុកចិត្តបានស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយនឹងពន្យល់អំពីរបៀបដែលគម្ពីរអាចជួយអ្នក។