លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រាជ្ញា​ពី​បុរាណ​មាន​ប្រយោជន៍​សម្រាប់​សម័យ​យើង

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ

គោល​ការណ៍​គម្ពីរ: ​«​ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​»។—ម៉ាថាយ ៦:២៥

តើ​នេះ​មាន​ន័យ​យ៉ាង​ណា? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ។ យោង​តាម​វចនានុក្រម​គម្ពីរ​មួយ កិរិយា​ស័ព្ទ​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ខ្វល់​ខ្វាយ​»​ សំដៅ​លើ​«​ប្រតិកម្ម​ដែល​មនុស្ស​មាន​ជា​ធម្មតា ពេល​ពួក​គេ​ជួប​នឹង​ភាព​ក្រី​ក្រ ការ​អត់​ឃ្លាន និង​បញ្ហា​ផ្សេង​ទៀត​ដែល​ពួក​គេ​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​»។ ការ​ខ្វល់​ខ្វាយ​ច្រើន​តែ​ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​នៅ​ថ្ងៃ​ខាង​មុខ។ គឺ​ជា​ការ​ត្រឹម​ត្រូវ​និង​ជា​ការ​ធម្មតា​ទេ ដែល​យើង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន និង​ការ​ទំនុក​បម្រុង​អ្នក​ដែល​យើង​ស្រឡាញ់។ (​ភីលីព ២:២០​) ប៉ុន្ដែ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ​»​ លោក​ចង់​ឲ្យ​ដំបូន្មាន​ពួក​អ្នក​កាន់​តាម​លោក​កុំ​ឲ្យ​មាន​ការ​ខ្វល់​ខ្វាយ​ណា​ដែល​មិន​ចាំ​បាច់ ពោល​គឺ​ការ​ខ្លាច​ហួស​ហេតុ​ពេក​ថា​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​សម្រាប់​ថ្ងៃ​ស្អែក​ឬ​យ៉ាង​ណា។ ការ​បារម្ភ​ខ្លាច​បែប​នោះ​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​អំណរ​ចំពោះ​ការ​រស់​នៅ​ថ្ងៃ​នេះ។—ម៉ាថាយ ៦:៣១, ៣៤

តើ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ជា​ការ​ល្អ​ឲ្យ​យើង​ស្តាប់​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ។ ហេតុ​អ្វី? ឯកសារ​យោង​ខ្លះ​ជូន​យោបល់​ថា ពេល​មនុស្ស​ព្រួយ​បារម្ភ​ខ្លាំង​ពេក ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ពួក​គេ​មាន​ដំណើរ​ការ​ឥត​ឈប់ ហើយ​នោះ​បណ្ដាល​ឲ្យ​ពួក​គេ​«​មាន​បញ្ហា​សុខភាព រួម​មាន​ដំបៅ​ក្រពះ ជំងឺ​បេះ​ដូង និង​ជំងឺ​ហឺត​ជា​ដើម​»។

លោក​យេស៊ូ​បាន​ផ្ដល់​មូលហេតុ​មួយ​ដែល​ជំរុញ​ចិត្ដ​យើង​កុំ​ឲ្យ​មាន​កង្វល់​ដែល​មិន​ចាំ​បាច់ ព្រោះ​នោះ​អត់​ប្រយោជន៍​ទេ។ លោក​យេស៊ូ​បាន​សួរ​ថា​៖ ​«​បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុជីវិត​ខ្លួន​វែង​ជាង សូម្បី​តែ​បន្ដិច​បាន​ឬ​ទេ?​»។ (​ម៉ាថាយ ៦:២៧​) ការ​ចេះ​តែ​ព្រួយ​បារម្ភ​គឺ​មិន​អាច​ពន្យារ​អាយុជីវិត​របស់​យើង​ឲ្យ​បាន​វែង​ជាង សូម្បី​តែ​មួយ​វិនាទី​បាន​ឡើយ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ប្រសើរ​ជាង​បាន​ដែរ។ ម្យ៉ាង​វិញ​ទៀត អ្វី​ៗ​ច្រើន​តែ​មិន​កើត​ឡើង​ដូច​ដែល​យើង​បារម្ភ​ខ្លាច​នោះ​ទេ។ បណ្ឌិត​ម្នាក់​បាន​និយាយ​ថា​៖ ​«​ការ​បារម្ភ​អំពី​ថ្ងៃ​ខាង​មុខ​គឺ​នាំ​ឲ្យ​តែ​ខាត​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​គឺ​កម្រ​ដូច​អ្វី​ដែល​យើង​បារម្ភ​នោះ​ណាស់​»។

តើ​ធ្វើ​ដូច​ម្ដេច​កុំ​ឲ្យ​យើង​ខ្វល់​ខ្វាយ? ទី១ ទុក​ចិត្ដ​ទៅ​លើ​ព្រះ។ បើ​ព្រះ​ផ្ដល់​ចំណី​ឲ្យ​សត្វ​ស្លាប​និង​តុបតែង​ផ្កា​យ៉ាង​ស្អាត លោក​ច្បាស់​ជា​ផ្ដល់​អ្វី​ដែល​ចាំ​បាច់​ជា​មិន​ខាន​ដល់​មនុស្ស​ដែល​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ (​ម៉ាថាយ ៦:២៥, ២៦, ២៨​-​៣០​) ទី២ គិត​មួយ​ថ្ងៃ​ៗ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក​»។ ម្យ៉ាង​ទៀត ​«​សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​»​ មែន​ទេ?—ម៉ាថាយ ៦:៣៤

បើ​យើង​ធ្វើ​តាម​ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​លោក​យេស៊ូ យើង​អាច​រួច​ពី​បញ្ហា​សុខភាព​មួយ​ចំនួន។ លើស​ពី​នោះ​ទៅ​ទៀត យើង​នឹង​មាន​ចិត្ដ​ស្ងប់​ដែល​គម្ពីរ​ហៅ​ថា​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»។—ភីលីព ៤:៦, ៧