លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំ​សុំ​សេចក្ដី​សុខ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ

ខ្ញុំ​សុំ​សេចក្ដី​សុខ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ
  • ឆ្នាំ​កំណើត: ១៩៧១

  • ប្រទេស​កំណើត: បារាំង

  • ប្រវត្ដិ: ធ្លាប់​ប្រឡូក​ក្នុង​បទ​ឧក្រិដ្ឋ​ឃោរ​ឃៅ ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​សេព​គ្រឿង​ញៀន

អតីតកាល​របស់​ខ្ញុំ:

ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ​ភូមិ​មួយ​ឈ្មោះ​តែលឡង់គួ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​ប្រទេស​បារាំង។ ឪ​ពុក​ខ្ញុំ​ជា​ជន​ជាតិ​បារាំង ហើយ​ម្ដាយ​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីតាលី។ ពេល​ខ្ញុំ​មាន​អាយុ​៨​ឆ្នាំ ក្រុម​គ្រួសារ​យើង​បាន​រើ​ទៅ​នៅ​ជាយ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ក្នុង​តំបន់​ក្រី​ក្រ​ដែល​មាន​សុទ្ធតែ​កម្មករ។ ការ​រស់​នៅ​ទី​នោះ​ពិបាក​ណាស់។ ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ៗ ដោយ​សារ​តែ​រឿង​លុយ។

ពេល​ខ្ញុំ​អាយុ​១៥​ឆ្នាំ ម្ដាយ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ទៅ​រាប់​អាន​មិត្ដ​ភក្ដិ​ខ្លះ។ ដូច្នេះ ខ្ញុំ​ក៏​បាន​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​កាន់​តែ​យូរ​ទៅ​ៗ។ មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​ចាប់​ផ្ដើម​មាន​ការ​សេពគប់​អាក្រក់។ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​ដែល​មើល​ទៅ​ជា​មនុស្ស​រួស​រាយ​បាន​ចូល​មក​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ គាត់​បាន​ឲ្យ​គ្រឿង​ញៀន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​គេ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ពេញ​វ័យ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ ខ្ញុំ​ក៏​បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សង្គម​គ្រឿង​ញៀន និង​អំពើ​ប្រាស​ចាក​សីលធម៌។ ខ្ញុំ​បាន​ត្រូវ​គេ​ប្រព្រឹត្ដ​អំពើ​អនាចារ​មក​លើ​ជា​ច្រើន​លើក​ច្រើន​សា។ ខ្ញុំ​លែង​ចាត់​ទុក​ជីវិត​ខ្លួន​ថា​សំខាន់​ទៀត​ហើយ ទោះ​ស្លាប់​ឬ​រស់ ខ្ញុំ​មិន​ខ្វល់​ឡើយ។ ខ្ញុំ​ពិត​ជា​ឯកោ​ខ្លាំង​ណាស់។ ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ ខ្ញុំ​បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ដោយ​ផឹក​ស្រា​មួយ​ដប រួច​លោត​ចូល​ទៅ​ក្នុង​បឹង។ ជា​លទ្ធផល ខ្ញុំ​បាន​សន្លប់​អស់​រយៈ​ពេល​បី​ថ្ងៃ។

ក្រោយ​ពី​នោះ​មក ខ្ញុំ​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ចំពោះ​ជីវិត។ ប៉ុន្ដែ​ដំណាល​គ្នា​នោះ ខ្ញុំ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​សាហាវ និង​ជា​អ្នក​បោក​បញ្ឆោត​គេ។ ខ្ញុំ​បបួល​គេ​រួម​ភេទ រួច​ដាក់​ថ្នាំ​សណ្ដំ​គេ ហើយ​លួច​របស់​មាន​តម្លៃ​ដែល​នៅ​ក្នុង​ផ្ទះ​គេ។ ក្រុម​បង​ធំ​ដែល​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ប្រើ​ខ្ញុំ​ឲ្យ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ទូ​ទាំង​ប្រទេស​អ៊ីតាលី។ ជា​ញឹក​ញយ​ខ្ញុំ​ត្រូវ​ប៉ូលិស​ចាប់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​ខ្ញុំ​គ្មាន​ន័យ​ខ្លឹម​សារ​សោះ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​ម្ចាស់​លើ​ជីវិត​របស់​ខ្ញុំ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​ជឿ​ថា​គឺ​ត្រូវ​តែ​មាន​មូលហេតុ​ដែល​ខ្ញុំ​រស់​នៅ។ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​សុំ​លោក​ឲ្យ​សេចក្ដី​សុខ​ដល់​ខ្ញុំ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត:

ពេល​ខ្ញុំ​អាយុ​២៤​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ដ​ផ្លាស់​ទៅ​នៅ​ប្រទេស​អង់គ្លេស តែ​ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ជីវិត​របស់​ខ្ញុំ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ មុន​នឹង​ខ្ញុំ​ផ្លាស់​ទៅ ខ្ញុំ​បាន​ទៅ​លេង​ម្ដាយ​របស់​ខ្ញុំ។ ពេល​ទៅ​ដល់​ទី​នោះ ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​បាន​ជួប​អតីត​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ​អាណឺនស៊ីអាតូ លូហ្គារ៉ា។ * ពេល​នោះ គាត់​កំពុង​និយាយ​ជា​មួយ​ម្ដាយ​ខ្ញុំ​អំពី​គម្ពីរ​បរិសុទ្ធ។ ដោយ​សារ​ខ្ញុំ​ស្គាល់​ប្រវត្ដិ​របស់​គាត់ ខ្ញុំ​ចាប់​ផ្ដើម​ភ័យ ហើយ​បាន​សួរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​មក​ផ្ទះ​ម្ដាយ​ខ្ញុំ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​បាន​កែ​ប្រែ​ជីវិត​ទាំង​ស្រុង ដើម្បី​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​ឲ្យ​ខ្ញុំ​សន្យាថា ខ្ញុំ​នឹង​ទៅ​រក​សាក្សី​ព្រះ​យេហូវ៉ា ពេល​ខ្ញុំ​ទៅ​ដល់​ប្រទេស​អង់គ្លេស។ ខ្ញុំ​ក៏​បាន​សន្យា​នឹង​គាត់។ ប៉ុន្ដែ ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ភ្លាម ខ្ញុំ​មាន​របៀប​រស់​នៅ​ដូច​ពី​មុន​ដដែល។

ថ្ងៃ​មួយ ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​កំពុង​ផ្សព្វ​ផ្សាយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ក្រុង​ឡុងដ៍​ដែល​មាន​មនុស្ស​ជា​ច្រើន​ដើរ​ឆ្លង​កាត់ ពេល​នោះ​គាត់​កំពុង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​)។ ពេល​នោះ ខ្ញុំ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​ជា​មួយ​នឹង​អាណឺនស៊ីអាតូ។ ដូច្នេះ ខ្ញុំ​ក៏​បាន​សុំ​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​នោះ។

អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ណាស់។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​រំជួល​ចិត្ដ​ពេល​អាន​អំពី​អារម្មណ៍​របស់​ព្រះ​នៅ​យ៉ូហាន​ទី១ ១:៩ ដែល​ថា​៖ ​«​បើ​យើង​ទទួល​សារភាព​ការ​ខុស​ឆ្គង​របស់​យើង នោះ​ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ ហើយ​សម្អាត​យើង​»។ ខ​នេះ​មាន​ឥទ្ធិពល​មក​លើ​ចិត្ដ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ពេល​ដឹង​ថា​ព្រះ​អាច​សម្អាត​ខ្ញុំ​បាន ទោះ​ជា​របៀប​រស់​នៅ​របស់​ខ្ញុំ​សែន​ស្មោក​គ្រោក​ក៏​ដោយ។ ភ្លាម​ៗ​នោះ ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​នៅ​ទី​នោះ​បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ។ ពេល​ខ្ញុំ​សង្កេត​ឃើញ​ពួក​គេ​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​នឹង​គ្នា ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ ខ្ញុំ​ពិត​ជា​ចង់​នៅ​ក្នុង​ចំណោម​ពួក​គេ​ណាស់ ព្រោះ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ជា​យូរ​មក​ហើយ។

ការ​ផ្ដាច់​គ្រឿង​ញៀន​និង​កែ​ប្រែ​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​របស់​ខ្ញុំ មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ ខ្ញុំ​ឃើញ​ថា​អ្វី​ដែល​ពិបាក​ខ្លាំង​ជាង គឺ​ការ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ។ ខ្ញុំ​ត្រូវ​រៀន​ឲ្យ​ចេះ​គោរព​និង​ចេះ​គិត​ដល់​អ្នក​ឯ​ទៀត។ តាម​ពិត រហូត​មក​ដល់​ឥឡូវ​ខ្ញុំ​នៅ​តែ​ត្រូវ​យក​ឈ្នះ​ទំនោរ​ចិត្ដ​អាក្រក់​ខ្លះ​ៗ​របស់​ខ្ញុំ។ ប៉ុន្ដែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​រីក​ចម្រើន​បន្ដិច​ម្ដង​ៗ។ ក្រោយ​ពី​ខ្ញុំ​បាន​រៀន​គម្ពីរ​អស់​រយៈ​ពេល​៦​ខែ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា គឺ​នៅ​ឆ្នាំ​១៩៩៧។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល:

ក្រោយ​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​យុវនារី​ម្នាក់​ឈ្មោះ​បាប្រឺ ដែល​ពេល​នោះ​ទើប​តែ​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​មិត្ដ​ភក្ដិ​ចាស់​ម្នាក់​របស់​ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​ខុស​គ្នា​ឆ្ងាយ បើ​ប្រៀប​នឹង​ពី​មុន នោះ​បាន​នាំ​ឲ្យ​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ មិន​យូរ​ប៉ុន្មាន គាត់​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា រួម​ទាំង​បង​ស្រី​របស់​គាត់​ផង​ដែរ។ ក្រោយ​មក បង​ស្រី​របស់​យាយ​ខ្ញុំ​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មុន​នឹង​គាត់​ស្លាប់។

សព្វ​ថ្ងៃ​នេះ ខ្ញុំ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ហើយ​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល ដើម្បី​ជួយ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​អ៊ីតាលី​នៅ​ក្រុង​ឡុងដ៍។ ពេល​ខ្លះ​ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​របៀប​រស់​នៅ​ពី​មុន​របស់​ខ្ញុំ ប៉ុន្ដែ​ប្រពន្ធ​ខ្ញុំ​បាន​ផ្ដល់​កម្លាំង​ចិត្ដ​យ៉ាង​ខ្លាំង​ដល់​ខ្ញុំ។ នៅ​ទី​បំផុត ខ្ញុំ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សេចក្ដី​សុខ និង​មាន​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​ចង់​មាន​តាំង​ពី​យូរ​មក​ហើយ។ ខ្ញុំ​បាន​សុំ​ព្រះ​ឲ្យ​សេចក្ដី​សុខ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​លោក​បាន​ឲ្យ​ខ្ញុំ​ច្រើន​ជាង​នោះ​ឆ្ងាយ​ណាស់!

នៅ​ទី​បំផុត ខ្ញុំ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សេចក្ដី​សុខ និង​មាន​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​ចង់​មាន​តាំង​ពី​យូរ​មក​ហើយ

^ វគ្គ 10 សូម​មើល​អត្ថបទ“The Bible Changes Lives—I Never Went Anywhere Without My Gun” រៀប​រាប់​ដោយ​អាណឺនស៊ីអាតូ លូហ្គារ៉ា ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៤ ទំព័រ​៨​-​៩។