គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ខ្ញុំមិនចង់ស្លាប់ទេ!
-
ឆ្នាំកំណើត: ១៩៦៤
-
ប្រទេសកំណើត: អង់គ្លេស
-
ប្រវត្ដិ: ម្ដាយវ័យជំទង់ពាលាអាវាសែ
អតីតកាលរបស់ខ្ញុំ
ខ្ញុំកើតនៅក្រុងផេឌីងថិនដែលជាក្រុងមានមនុស្សកកកុញនៅប្រទេសអង់គ្លេស។ ខ្ញុំរស់នៅជាមួយម្ដាយនិងបងស្រីបីនាក់។ ឪពុករបស់ខ្ញុំជាមនុស្សប្រមឹកស្រា គាត់មិនសូវនៅផ្ទះទេ។ ដូច្នេះ ខ្ញុំមិនសូវជិតស្និទ្ធនឹងគាត់ឡើយ។
ពេលខ្ញុំនៅក្មេង ម្ដាយខ្ញុំបង្រៀនខ្ញុំឲ្យអធិដ្ឋានរៀងរាល់យប់។ ខ្ញុំមានគម្ពីរតូចមួយដែលមានតែសៀវភៅទំនុកតម្កើង ហើយខ្ញុំតែងទំនុកនោះជាបទភ្លេងដើម្បីខ្ញុំអាចច្រៀងបាន។ ពេលមួយខ្ញុំបានអានសៀវភៅមួយដែលមានឃ្លាថា«នៅថ្ងៃណាមួយនឹងលែងមានថ្ងៃស្អែកទៀត»។ ខ្ញុំចាំឃ្លានោះមិនភ្លេចទេ ហើយពាក្យទាំងនោះធ្វើឲ្យខ្ញុំគិតអំពីអនាគតរបស់ខ្ញុំ ដូច្នេះខ្ញុំដេកមិនលក់។ ខ្ញុំគិតថា ‹ជីវិតមនុស្សមិនគ្រាន់តែកើតមកហើយស្លាប់ទៅវិញទេ។ ច្បាស់ជាមានន័យខ្លឹមសារជាង។ ហេតុអ្វីខ្ញុំកើតមក?›។ ខ្ញុំមិនចង់ស្លាប់ទេ!
ជាលទ្ធផល ខ្ញុំចាប់ផ្ដើមចង់ដឹងអំពីពួកវិញ្ញាណនិងមន្ដអាគម។ ខ្ញុំព្យាយាមនិយាយទៅកាន់មនុស្សស្លាប់។ ខ្ញុំបានទៅលេងផ្នូរខ្មោចជាមួយនឹងមិត្ដភក្ដិនៅសាលា ហើយមើលរឿងខ្មោចជាមួយពួកគេ។ យើងគិតថាអ្វីដែលយើងធ្វើគឺគួរឲ្យខ្លាច ហើយដំណាលគ្នានោះក៏គួរឲ្យរំភើបចិត្ដដែរ។
ខ្ញុំបានចាប់ផ្ដើមទៅជាពាលាអាវាសែនៅពេលខ្ញុំមានអាយុតែ១០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានចាប់ផ្ដើមជក់បារី ហើយមិនយូរប៉ុន្មានក៏ញៀនបារី។ ក្រោយមក ខ្ញុំជក់កញ្ឆា។ ពេលខ្ញុំមានអាយុ១១ឆ្នាំ ខ្ញុំបានសាកផឹកស្រា។ ទោះជាខ្ញុំមិនចូលចិត្ដរស់ជាតិស្រាក្ដី តែខ្ញុំចូលចិត្ដការស្រវឹងស្រា។ ម្យ៉ាងទៀត ខ្ញុំក៏ចូលចិត្ដបទភ្លេងនិងការរាំរែកដែរ។ ខ្ញុំទៅពិធីជប់លៀងនិងចូលក្លិបរាត្រីពេលណាមានឱកាស។ ខ្ញុំធ្លាប់លួចចេញពីផ្ទះនៅពេលយប់ ហើយចូលផ្ទះវិញមុនពេលព្រលឹម។ ដោយសារខ្ញុំអស់កម្លាំងនៅថ្ងៃបន្ទាប់ ជាញឹកញយខ្ញុំគេចសាលា។ ប៉ុន្ដែ ពេលណាខ្ញុំទៅសាលា ជារឿយៗខ្ញុំផឹកស្រានៅពេលចេញលេង។
ខ្ញុំបានទទួលពិន្ទុខ្សោយក្នុងឆ្នាំចុងក្រោយនៅសាលា។ នេះធ្វើឲ្យម្ដាយខ្ញុំខកចិត្ដនិងខឹងយ៉ាងខ្លាំង។ គាត់មិនសូវដឹងថាខ្ញុំបានប្រព្រឹត្ដពាលាអាវាសែដល់កម្រិតណាទេ។ យើងឈ្លោះគ្នា ហើយខ្ញុំបានរត់ចេញពីផ្ទះ។ អស់មួយរយៈពេល ខ្ញុំស្នាក់នៅជាមួយនឹងសង្សារខ្ញុំឈ្មោះថូនី។ គាត់ជាចោរកំប៉ិកកំប៉ុក និងជាអ្នកលក់គ្រឿងញៀន។ គាត់បានត្រូវគេស្គាល់ថាជាមនុស្សកាចសាហាវណាស់។ មិនយូរក្រោយមក ខ្ញុំចាប់ផ្ដើមមានទម្ងន់ ហើយសម្រាលបានកូនប្រុសមួយ នៅពេលខ្ញុំមានអាយុតែ១៦ឆ្នាំប៉ុណ្ណោះ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត
ខ្ញុំបានជួបសាក្សីព្រះយេហូវ៉ាលើកដំបូង គឺនៅពេលដែលខ្ញុំកំពុងរស់នៅមណ្ឌលមួយដែលរដ្ឋបានរៀបចំ សម្រាប់ម្ដាយដែលមិនទាន់រៀបការនិងកូនង៉ែតរបស់ពួកគាត់។ ជា
ទៀងទាត់ ស្ដ្រីពីរនាក់ដែលជាសាក្សីបានទៅលេងម្ដាយវ័យក្មេងខ្លះនៅទីនោះ។ នៅថ្ងៃមួយ ខ្ញុំបានចូលរួមការពិគ្រោះគ្នាជាមួយពួកគេ។ តាមពិត ខ្ញុំចង់បង្ហាញថាសេចក្ដីបង្រៀនរបស់សាក្សីគឺខុស។ ក៏ប៉ុន្ដែ ពួកគេបានឆ្លើយសំណួរនីមួយៗរបស់ខ្ញុំដោយសុភាព និងយ៉ាងច្បាស់ពីគម្ពីរ។ ពួកគេមានចិត្ដសប្បុរសនិងស្លូតបូតណាស់ ហើយនេះទាក់ទាញចិត្ដខ្ញុំយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំយល់ព្រមឲ្យពួកគេបង្រៀនគម្ពីរខ្ញុំ។មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានរៀនអ្វីមួយពីគម្ពីរដែលកែប្រែជីវិតខ្ញុំ។ ចាប់តាំងពីក្មេងមក ខ្ញុំខ្លាចស្លាប់ ប៉ុន្ដែឥឡូវខ្ញុំបានរៀនដឹងសេចក្ដីបង្រៀនរបស់លោកយេស៊ូ ស្ដីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ! (យ៉ូហាន ៥:២៨, ២៩) មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានរៀនថាព្រះយកចិត្ដទុកដាក់នឹងខ្ញុំផ្ទាល់។ (ពេត្រុសទី១ ៥:៧) ជាពិសេស ពាក្យនៅយេរេមា ២៩:១១ មានឥទ្ធិពលយ៉ាងខ្លាំងមកលើចិត្ដខ្ញុំ។ ពាក្យនោះចែងថា៖ ‹ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ខ្ញុំស្គាល់សេចក្ដីដែលខ្ញុំគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម›។ ខ្ញុំចាប់ផ្ដើមជឿថា ខ្ញុំអាចមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី។—ទំនុកតម្កើង ៣៧:២៩
សាក្សីព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ពិតចំពោះខ្ញុំ។ ពេលខ្ញុំចូលរួមប្រជុំរបស់ពួកគេជាលើកដំបូង ខ្ញុំពិតជាគាប់ចិត្ដណាស់ព្រោះបរិយាកាសនៅទីនោះមានភាពកក់ក្ដៅ ហើយអ្នកចូលរួមទាំងអស់រាក់ទាក់ណាស់! (យ៉ូហាន ១៣:៣៤, ៣៥) ប៉ុន្ដែ ពេលខ្ញុំទៅវិហារមួយជិតតំបន់ខ្ញុំ គេមិនបានស្វាគមន៍ខ្ញុំដូចនេះទេ។ ផ្ទុយទៅវិញ សាក្សីព្រះយេហូវ៉ាបានស្វាគមន៍ខ្ញុំ ទោះជាខ្ញុំស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ពួកគេបានចំណាយពេលជាមួយខ្ញុំ ហើយយកចិត្ដទុកដាក់ចំពោះខ្ញុំ ថែមទាំងជួយខ្ញុំតាមរបៀបផ្សេងៗដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំស្ថិតក្នុងក្រុមគ្រួសារដ៏ធំមួយដែលពេញដោយសេចក្ដីស្រឡាញ់។
តាមរយៈការសិក្សាគម្ពីរ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើការកែប្រែជាច្រើនក្នុងជីវិត ដើម្បីរស់នៅស្របតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះ។ ខ្ញុំពិបាកផ្ដាច់បារីណាស់។ ម្យ៉ាងទៀត ខ្ញុំឃើញថាបទភ្លេងខ្លះធ្វើឲ្យខ្ញុំកាន់តែចង់ជក់កញ្ឆា ដូច្នេះខ្ញុំបានឈប់ស្តាប់បទភ្លេងដូចនោះទៀត។ ខ្ញុំក៏ចង់ផ្ដាច់ស្រាដែរ ហេតុនេះហើយខ្ញុំឈប់ទៅពិធីជប់លៀងនិងឈប់ចូលក្លិបរាត្រី។ ជាលទ្ធផល ខ្ញុំលែងទទួលការល្បួងឲ្យផឹកស្រារហូតដល់ស្រវឹងទៀត។ បន្ថែមទៅទៀត ខ្ញុំរកឃើញមិត្ដភក្ដិថ្មីដែលមានឥទ្ធិពលល្អមកលើខ្ញុំ ហើយជួយខ្ញុំឲ្យមានរបៀបរស់នៅប្រសើរជាង។—សុភាសិត ១៣:២០
ដំណាលគ្នានោះ ថូនីក៏បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ាដែរ។ កាលដែលសាក្សីឆ្លើយសំណួរទាំងអស់របស់គាត់ពីគម្ពីរ គាត់ចាប់ផ្ដើមជឿជាក់លើសេចក្ដីពិតដែលគាត់កំពុងរៀន។ គាត់បានធ្វើការកែប្រែជាច្រើនក្នុងជីវិត។ គាត់ឈប់សេពគប់មនុស្សដែលកាចសាហាវ។ គាត់ឈប់ធ្វើចោរ ព្រមទាំងឈប់ជក់កញ្ឆាផងដែរ។ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដយ៉ាងខ្លាំង យើងទាំងពីរនាក់បានផ្លាស់ប្ដូររបៀបរស់នៅដែលប្រាសចាកសីលធម៌ ហើយព្យាយាមធ្វើឲ្យមានបរិយាកាសល្អនិងមានស្ថិរភាពសម្រាប់កូនប្រុសរបស់យើង។ ដូច្នេះ យើងបានរៀបការនៅឆ្នាំ១៩៨២។
«ខ្ញុំលែងដេកមិនលក់ដោយសារខ្លាចស្លាប់ ឬបារម្ភអំពីថ្ងៃអនាគតទៀត»
ខ្ញុំចាំថាខ្ញុំបានស្រាវជ្រាវរកអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) * ដែលរៀបរាប់អំពីអស់អ្នកដែលមានប្រវត្ដិស្រដៀងខ្ញុំ តែបានកែប្រែជីវិតរបស់ពួកគេ ព្រោះខ្ញុំចង់រៀនពីគំរូរបស់ពួកគេ។ គំរូរបស់ពួកគេបានលើកទឹកចិត្ដខ្ញុំយ៉ាងខ្លាំង! ខ្ញុំបានទទួលកម្លាំងចិត្ដឲ្យបន្ដព្យាយាមទៀត។ ខ្ញុំតែងតែអធិដ្ឋានទៅព្រះយេហូវ៉ាសុំកុំឲ្យលោកបោះបង់ខ្ញុំ។ ខ្ញុំនិងថូនីបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ានៅខែកក្កដា ឆ្នាំ១៩៨២។
ផលប្រយោជន៍ដែលខ្ញុំទទួល
ការមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាបានសង្គ្រោះជីវិតខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំនិងថូនីបានទទួលជំនួយពីព្រះយេហូវ៉ា ពេលយើងជួបទុក្ខលំបាក។ ពេលស្ថិតក្នុងស្ថានភាពពិបាក យើងបានរៀនចេះពឹងផ្អែកលើព្រះ។ យ៉ាងនេះ យើងមានអារម្មណ៍ថាព្រះតែងតែជួយ និងថែរក្សាក្រុមគ្រួសារយើង។—ទំនុកតម្កើង ៥៥:២២
ខ្ញុំសប្បាយរីករាយណាស់ដែលខ្ញុំអាចជួយកូនៗរបស់ខ្ញុំឲ្យស្គាល់ព្រះយេហូវ៉ាដូចខ្ញុំដែរ។ ឥឡូវនេះ ខ្ញុំក៏ត្រេកអរដែរពេលឃើញចៅៗរបស់ខ្ញុំកាន់តែមានចំណេះអំពីព្រះ។
ខ្ញុំលែងដេកមិនលក់ដោយសារខ្លាចស្លាប់ ឬបារម្ភអំពីថ្ងៃអនាគតទៀត។ ឥឡូវនេះ ខ្ញុំនិងថូនីប្រើពេលវេលាទាំងអស់របស់យើង ដើម្បីធ្វើដំណើរទៅលេងនិងលើកទឹកចិត្ដបងប្អូនក្នុងក្រុមជំនុំនានារបស់សាក្សីព្រះយេហូវ៉ារៀងរាល់សប្ដាហ៍។ យើងសហការជាមួយបងប្អូនទាំងនោះដើម្បីបង្រៀនអ្នកឯទៀតឲ្យដឹងថា បើពួកគេបង្ហាញជំនឿលើលោកយេស៊ូ នោះពួកគេអាចទទួលជីវិតដែលគ្មានទីបញ្ចប់។
^ វគ្គ 17 បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។