ពេលគូអាពាហ៍ពិពាហ៍មិនស្មោះត្រង់
ពេលគូមិនស្មោះត្រង់ នោះអាចធ្វើឲ្យឈឺចិត្តខ្លាំងណាស់។ ពិតមែន ប្ដីឬប្រពន្ធខ្លះបានសម្រេចចិត្តអភ័យទោសឲ្យគូដែលបានប្រែចិត្ត ហើយផ្សះផ្សាគ្នាវិញ។ ប៉ុន្តែ ទោះជាអាពាហ៍ពិពាហ៍បានត្រូវផ្សះផ្សាវិញឬអត់ក៏ដោយ អ្នកដែលដឹងថាគូរបស់ពួកគេមិនស្មោះត្រង់នៅតែឈឺចិត្តខ្លាំងណាស់។ តើអ្វីអាចជួយអ្នកដែលជួបរឿងទុក្ខសោកបែបនេះ?
ខគម្ពីរដែលអាចជួយ
ទោះជាមានទុក្ខប៉ុនភ្នំក្ដី ប្ដីឬប្រពន្ធជាច្រើនដែលត្រូវគូរបស់ខ្លួនក្បត់បានទទួលការសម្រាលទុក្ខពីបទគម្ពីរ។ ពួកគេបានរៀនថាព្រះឃើញទឹកភ្នែករបស់ពួកគេ ហើយយល់អារម្មណ៍ឈឺចាប់របស់ពួកគេ។—ម៉ាឡាគី ២:១៣-១៦
«ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ»។—ចម្រៀងសរសើរព្រះ ៩៤:១៩
បៀលនឹកចាំថា៖ «ពេលខ្ញុំអានខនេះ ខ្ញុំស្រមៃឃើញព្រះយេហូវ៉ាសម្រាលទុក្ខខ្ញុំ ដូចជាឪពុកដែលមានមនោសញ្ចេតនាយ៉ាងកក់ក្ដៅ»។
«លោកបង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព»។—ចម្រៀងសរសើរព្រះ ១៨:២៥
ខាមែនដែលមានប្ដីមិនស្មោះត្រង់អស់រយៈពេលជាច្រើនខែ ប្រាប់ថា៖ «ប្ដីខ្ញុំមិនបានស្មោះត្រង់នឹងខ្ញុំទេ តែខ្ញុំអាចទុកចិត្តថាព្រះយេហូវ៉ាបង្ហាញភក្ដីភាពចំពោះខ្ញុំជានិច្ច លោកនឹងមិនធ្វើឲ្យខ្ញុំខកចិត្តទេ»។
«កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ . . . យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ត . . . របស់អ្នករាល់គ្នា»។—ភីលីព ៤:៦, ៧
សាហ្សានិយាយថា៖ «ខ្ញុំអានបទគម្ពីរនេះម្ដងហើយម្ដងទៀត។ កាលដែលខ្ញុំអធិដ្ឋានកាន់តែច្រើន ព្រះធ្វើឲ្យខ្ញុំមានសេចក្ដីសុខសាន្ត»។
ពាក្យសម្ដីទាំងអស់ខាងលើនេះបង្ហាញថាជួនកាលពួកគេក៏លែងចង់ស៊ូទ្រាំដែរ។ ប៉ុន្តែពួកគេទុកចិត្តព្រះយេហូវ៉ា ហើយទទួលកម្លាំងចិត្តដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។ បៀលរៀបរាប់ថា៖ «ជំនឿរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានគោលបំណងក្នុងជីវិតទោះជាពេលមើលទៅអ្វីៗដូចជាបានត្រូវរលាយសាបសូន្យក្ដី។ ទោះជាខ្ញុំដើរ‹ក្នុងជ្រលងងងឹតសូន្យសុងក៏ដោយ› ព្រះនៅជាមួយខ្ញុំជានិច្ច»។—ចម្រៀងសរសើរព្រះ ២៣:៤