លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលអ្នកមានអារម្មណ៍ថាលែងចង់រស់ទៀត

ពេលអ្នកមានអារម្មណ៍ថាលែងចង់រស់ទៀត

អាទ្រីអាណា​ដែល​មក​ពី​ប្រទេស​ប្រេស៊ីល​សារភាព​ថា​៖ ​«​អារម្មណ៍​ទាំង​នេះ​នៅ​តែ​ដដែល ដូច្នេះ​ខ្ញុំ​សន្មត​ថា​គឺ​ល្អ​ជាង​បើ​ខ្ញុំ​ស្លាប់​»។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពិបាក​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​អ្នក​លែង​ចង់​រស់​ទៀត​ឬ​ទេ? យ៉ាង​នេះ​អ្នក​អាច​យល់​អារម្មណ៍​របស់​អាទ្រីអាណា។ នាង​ពិបាក​ចិត្ត​ដោយ​សារ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ហើយ​មាន​អារម្មណ៍​សោកសៅ​និង​អស់​សង្ឃឹម។ អាទ្រីអាណា​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឲ្យ​នាង​មាន​ទុក្ខ​សោក​គ្រប់​ពេល។

សូម​ពិចារណា​ផង​ដែរ​អំពី​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ខាអូរូ​ដែល​ថែ​រក្សា​ឪពុក​ម្ដាយ​វ័យ​ចាស់​និង​មាន​ជំងឺ។ គាត់​ពន្យល់​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​ទទួល​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​លែង​ចង់​ញ៉ាំ​បាយ ហើយ​គេង​មិន​សូវ​លក់។ ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​បើ​ខ្ញុំ​ស្លាប់ បញ្ហា​ទាំង​អស់​របស់​ខ្ញុំ​នឹង​លែង​មាន​ទៀត​»។

បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ឈ្មោះ​អូចេបូដេ​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​យំ។ ដូច្នេះ​ខ្ញុំ​បាន​ស្វែង​រក​វិធី​បញ្ចប់​ជីវិត​របស់​ខ្ញុំ​»។ គឺ​ល្អ​ណាស់​ដែល​អូចេបូដេ ខាអូរូ និង​អាទ្រីអាណា​មិន​បាន​សម្លាប់​ខ្លួន។ ប៉ុន្តែ​រាល់​ឆ្នាំ​មនុស្ស​រាប់​ពាន់​នាក់​បាន​សម្លាប់​ខ្លួន។

តើ​រក​ជំនួយ​នៅ​ឯ​ណា?

មនុស្ស​ភាគ​ច្រើន​ដែល​សម្លាប់​ខ្លួន​គឺ​ជា​បុរស ពួក​គេ​ជា​ច្រើន​នាក់​មាន​អារម្មណ៍​អៀន​ខ្មាស​ពេក​មិន​ហ៊ាន​សុំ​ជំនួយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ដែល​ឈឺ​ត្រូវ​ការ​គ្រូ​ពេទ្យ។ (​លូកា ៥:​៣១​) ដូច្នេះ បើ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​រហូត​គិត​ចង់​បញ្ចប់​ជីវិត​របស់​អ្នក សូម​កុំ​អៀន​ខ្មាស​ស្វែង​រក​ជំនួយ​ឡើយ។ មនុស្សជា​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​បាន​ឃើញ​ថា​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាច​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ អូចេបូដេ ខាអូរូ​និង​អាទ្រីអាណា​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ហើយ​ឥឡូវ​ពួក​គាត់​បាន​ធូរ​ច្រើន។

គ្រូ​ពេទ្យ​ប្រហែល​ជា​ប្រើ​ថ្នាំ ឬ​ផ្ដល់​ប្រឹក្សា ឬ​ទាំង​ពីរ​ដើម្បី​ព្យាបាល​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត។ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​ការ​ឲ្យ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​យល់​អារម្មណ៍ អត់​ធ្មត់ យក​ចិត្ត​ទុក​ដាក់​និង​គាំទ្រ​ពួក​គាត់។ មិត្ត​សម្លាញ់​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​មាន​នោះ​គឺ​ព្រះ​យេហូវ៉ា។ លោក​ផ្ដល់​ជំនួយ​ដ៏​អស្ចារ្យ​តាម​រយៈ​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។

តើ​មាន​វិធី​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច​ឬ​ទេ?

អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន​តែ​ត្រូវ​ការ​ការ​ព្យាបាល​រយៈ​ពេល​យូរ ហើយ​ប្រហែល​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ពួក​គេ។ ប៉ុន្តែ​បើ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត អ្នក​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​រីករាយ ដូច​អូចេបូដេ​ដែរ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​សម្រេច​នៅ​អេសាយ ៣៣:២៤ ដែល​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​គ្មាន​មនុស្ស​ណា​និយាយ​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»។ ដូច​អូចេបូដេ សូមទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​«​ផែនដី​ថ្មី​»​ដែល​នឹង​លែង​មាន​«​ការ​ឈឺ​ចាប់​»​ទៀត។ (​ការ​បើក​បង្ហាញ ២១:១,​) សេចក្ដី​សន្យា​នោះ​មាន​ន័យ​ថា​នឹង​លែង​មាន​ការ​ឈឺ​ចាប់​ទៀត​ទាំង​ផ្លូវ​ចិត្ត​និង​សតិ​អារម្មណ៍។ ការ​ឈឺ​ចាប់​របស់​អ្នក​នឹង​បាត់​ទៅ​ជា​រៀង​រហូត។ អ្នក​នឹង​មិន​«​នឹក​ឃើញ​»​អារម្មណ៍​ឈឺ​ចាប់​ទៀត​ទេ ​«​ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​[​របស់​អ្នក​]​ទៀត​ដែរ​»។—អេសាយ ៦៥:១៧