គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ខ្ញុំបានរៀនចេះគោរពមនុស្សស្រីនិងខ្លួនឯង
-
ឆ្នាំកំណើត: ១៩៦០
-
ប្រទេសកំណើត: បារាំង
-
ប្រវត្ដិ: អ្នកប្រើគ្រឿងញៀនដែលកាចសាហាវនិងមិនគោរពមនុស្សស្រី
អតីតកាលរបស់ខ្ញុំ:
ខ្ញុំបានកើតនៅតំបន់មួយដែលគេស្គាល់ថាជាកន្លែងដែលមានអំពើហិង្សា ក្នុងក្រុងមូលហាវទិសខាងជើងឆៀងខាងកើតនៃប្រទេសបារាំង។ ខ្ញុំចាំថាកាលនៅក្មេង ខ្ញុំឃើញជម្លោះយ៉ាងសាហាវរវាងគ្រួសារនិងគ្រួសារនៅតំបន់នោះ។ ក្រុមគ្រួសាររបស់ខ្ញុំមិនឲ្យតម្លៃទៅលើមនុស្សស្រីទេ ហើយបុរសក៏មិនសូវសួរយោបល់ពីពួកគេដែរ។ ខ្ញុំបានទទួលការបង្ហាត់បង្រៀនថាមុខងាររបស់ស្រីគឺនៅចង្ក្រានបាយ ហើយមើលថែបុរសនិងកូនៗ។
កាលនៅក្មេង ជីវិតខ្ញុំមិនស្រួលទេ។ ពេលខ្ញុំមានអាយុ១០ឆ្នាំ ឪពុកខ្ញុំបានស្លាប់ដោយសារជំងឺប្រមឹកស្រា។ ប្រាំឆ្នាំក្រោយមក បងប្រុសខ្ញុំម្នាក់បានធ្វើអត្ដឃាត។ នៅឆ្នាំដដែលនោះ ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវឃាតកម្មក្នុងអំឡុងជម្លោះរបស់ក្រុមគ្រួសារមួយ។ នេះបានធ្វើឲ្យខ្ញុំរន្ធត់ចិត្ដណាស់។ សមាជិកក្រុមគ្រួសារខ្ញុំបានបង្រៀនខ្ញុំឲ្យចេះវាយការពារខ្លួន ហើយចេះប្រើកាំបិតនិងកាំភ្លើងពេលមានជម្លោះជាមួយនឹងអ្នកឯទៀត។ ខ្ញុំតែងតែមិនសប្បាយចិត្ដទេ។ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមសាក់ពេញខ្លួន ថែមទាំងផឹកស្រាទៀតផង។
មកដល់អាយុ១៦ឆ្នាំ ខ្ញុំមានទម្លាប់ផឹកស្រាបៀរចំនួន១០ទៅ១៥ដបក្នុងមួយថ្ងៃ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំចាប់ផ្ដើមប្រើគ្រឿងញៀន។ ខ្ញុំបានលក់គ្រឿងដែកអេតចាយនិងលួចគេដើម្បីយកលុយមកប្រព្រឹត្ដអំពើទាំងនោះ។ ពេលមានអាយុ១៧ឆ្នាំ ខ្ញុំធ្លាប់ជាប់គុកហើយ។ បើសរុបទៅ ខ្ញុំបានទទួលការកាត់ទោស១៨ដងពីបទលួចនិងបទបង្ករបួសស្នាម។
ពេលខ្ញុំមានអាយុ២០ប្លាយ របៀបរស់នៅរបស់ខ្ញុំកាន់តែអាក្រក់ជាងមុន។ ខ្ញុំបានជក់កញ្ឆាដល់ទៅ២០ដើមក្នុងមួយថ្ងៃ ហើយប្រើហេរ៉ូអ៊ីននិងគ្រឿងញៀនឯទៀត។ ជាលទ្ធផល ខ្ញុំជិតស្លាប់ប៉ុន្មានដងដោយប្រើគ្រឿងញៀនហួសកម្រិត។ បន្ថែមទៅទៀត ខ្ញុំចាប់ផ្ដើមជួញដូរគ្រឿងញៀន ដូច្នេះខ្ញុំតែងតែដាក់កាំបិតនិងកាំភ្លើងតាមខ្លួន។ នៅពេលមួយ ខ្ញុំបានបាញ់បុរសម្នាក់ តែសំណាងល្អគ្រាប់កាំភ្លើងត្រូវក្បាលខ្សែក្រវាត់គាត់ទៅវិញ! ពេលខ្ញុំមានអាយុ២៤ឆ្នាំ ម្ដាយខ្ញុំបានស្លាប់។ នេះបានធ្វើឲ្យខ្ញុំកាន់តែឆេវឆាវ។ ពេលអ្នកដំណើរតាមផ្លូវឃើញខ្ញុំដើរមកជិត ពួកគេភ័យខ្លាចហើយឆ្លងទៅចិញ្ចើមថ្នល់ម្ខាងទៀត។ ដោយសារការវាយតប់គ្នា ជាញឹកញយនៅចុងសប្ដាហ៍ ខ្ញុំជាប់ឃុំឃាំងនៅឯប៉ុស្តិ៍ប៉ូលិសឬចូលមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យដេរមុខរបួសខ្ញុំ។
ខ្ញុំបានរៀបការពេលមានអាយុ២៨ឆ្នាំ។ ដូចដែលអ្នកបានរំពឹងទុក ខ្ញុំមិនបានប្រព្រឹត្ដទៅលើប្រពន្ធរបស់ខ្ញុំដោយគោរពឡើយ។ ខ្ញុំបានជេរគាត់ហើយវាយគាត់ទៀតផង។ យើងមិនបានចំណាយពេលជាមួយគ្នាជាប្ដីប្រពន្ធទេ។ ខ្ញុំបានគិតថាគឺជាការគ្រប់គ្រាន់ហើយបើខ្ញុំឲ្យគាត់នូវគ្រឿងអលង្ការជាច្រើនដែលខ្ញុំបានលួច។ នៅថ្ងៃមួយ មានរឿងមួយកើតឡើងដែលខ្ញុំមិនបានរំពឹងទុកជាមុន។ ប្រពន្ធខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ក្រោយពីការសិក្សានៅលើកដំបូង គាត់ឈប់ជក់បារី ឈប់ទទួលយកលុយដែលខ្ញុំបានលួចពីគេ ហើយឲ្យគ្រឿងអលង្ការរបស់គាត់មកខ្ញុំវិញ។ ខ្ញុំខឹងខ្លាំងណាស់ ហើយខ្ញុំបានប្រឆាំងគាត់យ៉ាងខ្លាំង
ថែមទាំងបានផ្លុំផ្សែងបារីដាក់មុខគាត់ទៀតផង។ ខ្ញុំក៏បាននិយាយតិះដៀលគាត់នៅមុខអ្នកជិតខាងពេញតំបន់ដែលយើងរស់នៅ។នៅយប់មួយ ខ្ញុំស្រវឹងយ៉ាងជោកជាំហើយបានដុតផ្ទះរបស់យើង។ ពេលនោះ ប្រពន្ធខ្ញុំបានជួយសង្គ្រោះខ្ញុំនិងកូនស្រីរបស់យើងដែលមានអាយុ៥ឆ្នាំ។ ពេលខ្ញុំស្វាងពីស្រាវិញ ខ្ញុំបន្ទោសខ្លួនខ្លាំងណាស់។ ក្នុងចិត្ដ ខ្ញុំមានអារម្មណ៍ថាព្រះមិនអាចអភ័យទោសឲ្យខ្ញុំបានទេ។ ខ្ញុំចាំថានៅពេលមួយខ្ញុំបានឮបូជាចារ្យម្នាក់និយាយថាមនុស្សអាក្រក់នឹងទៅស្ថាននរក។ សូម្បីតែពេទ្យខាងចិត្ដសាស្ដ្រក៏ប្រាប់ខ្ញុំដែរថា៖ «អស់សង្ឃឹមហើយ! គ្មាននរណាអាចជួយអ្នកបានទេ»។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ក្រោយពីភ្លើងឆេះផ្ទះ យើងបានរើទៅនៅជាមួយនឹងឪពុកម្ដាយក្មេក។ ពេលសាក្សីព្រះយេហូវ៉ាមកជួបប្រពន្ធខ្ញុំ ខ្ញុំបានសួរពួកគេថា៖ «តើព្រះអាចអភ័យទោសឲ្យខ្ញុំចំពោះអំពើខុសឆ្គងរបស់ខ្ញុំបានទេ?»។ ពួកគេបានបង្ហាញខ្ញុំពីគម្ពីរនៅ កូរិនថូសទី១ ៦:៩-១១។ បទគម្ពីររៀបរាប់អំពីការប្រព្រឹត្ដផ្សេងៗដែលព្រះស្អប់ តែបទគម្ពីរនោះក៏ប្រាប់ដែរថា៖ «អ្នករាល់គ្នាខ្លះធ្លាប់ជាមនុស្សបែបនោះ»។ ពាក្យទាំងនោះធ្វើឲ្យខ្ញុំមានទំនុកចិត្ដថាខ្ញុំអាចកែប្រែបាន។ រួចមក សាក្សីព្រះយេហូវ៉ាលើកទឹកចិត្ដខ្ញុំថាព្រះស្រឡាញ់ខ្ញុំដោយបង្ហាញបទគម្ពីរនៅយ៉ូហានទី១ ៤:៨។ ខ្ញុំបានទទួលការលើកទឹកចិត្ដហើយបានសុំសាក្សីព្រះយេហូវ៉ាឲ្យបង្រៀនគម្ពីរខ្ញុំពីរដងក្នុងមួយសប្ដាហ៍។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមចូលរួមកិច្ចប្រជុំគ្រិស្ដសាសនិករបស់ពួកគេ។ ខ្ញុំតែងតែអធិដ្ឋានទៅព្រះយេហូវ៉ា។
ក្នុងរយៈពេលមួយខែ ខ្ញុំបានផ្ដាច់គ្រឿងញៀននិងឈប់ផឹកស្រាទៀត។ មិនយូរក្រោយមក ខ្ញុំមានអារម្មណ៍ហាក់ដូចជាមានសង្គ្រាមមួយបានផ្ទុះឡើងក្នុងខ្លួនរបស់ខ្ញុំ! ខ្ញុំមានសុបិនអាក្រក់នៅពេលយប់ ឈឺក្បាល ឈឺសាច់ដុំ និងមានជំងឺផ្សេងៗទៀតដែលមកពីការផ្ដាច់គ្រឿងញៀន។ ប៉ុន្ដែ នៅដំណាលគ្នានោះ ខ្ញុំដឹងថាព្រះយេហូវ៉ាកំពុងកាន់ដៃខ្ញុំហើយផ្ដល់កម្លាំងឲ្យខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចសាវ័កប៉ូល ពេលដែលគាត់បានទទួលជំនួយពីព្រះ។ ប៉ូលបានសរសេរថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភីលីព ៤:១៣) ក្រោយមក ខ្ញុំក៏បានផ្ដាច់បារីដែរ។—កូរិនថូសទី២ ៧:១
ក្រៅពីជួយខ្ញុំឲ្យកាន់កាប់ជីវិតខ្ញុំវិញ គម្ពីរក៏បានផ្លាស់ប្ដូរបរិយាកាសក្នុងក្រុមគ្រួសារខ្ញុំដែរ។ ចិត្ដគំនិតរបស់ខ្ញុំចំពោះប្រពន្ធខ្ញុំបានត្រូវកែប្រែ។ ខ្ញុំបានចាប់ផ្ដើមបង្ហាញការគោរពថែមទៀតចំពោះគាត់ ហើយចេះនិយាយថា«សូម»និង«អរគុណ»។ ម្យ៉ាងទៀត ខ្ញុំបានបំពេញភារកិច្ចជាឪពុកចំពោះកូនស្រីរបស់យើង។ ក្រោយពីបានសិក្សាគម្ពីរអស់រយៈពេលមួយឆ្នាំ ខ្ញុំបានធ្វើតាមគំរូរបស់ប្រពន្ធខ្ញុំ ដោយប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយទទួលការជ្រមុជទឹក។
ផលប្រយោជន៍ដែលខ្ញុំទទួល:
ខ្ញុំជឿជាក់ថាគោលការណ៍គម្ពីរបានជួយសង្គ្រោះជីវិតខ្ញុំ។ សូម្បីតែក្រុមគ្រួសារខ្ញុំដែលមិនមែនជាសាក្សីព្រះយេហូវ៉ា ក៏ទទួលស្គាល់ដែរថាបើខ្ញុំមិនបានកែប្រែជីវិត នោះខ្ញុំទំនងជាស្លាប់ដោយសារការប្រើគ្រឿងញៀនហួសប្រមាណឬក៏ស្លាប់ក្នុងការវាយតប់គ្នា។
ជីវិតក្រុមគ្រួសារខ្ញុំបានត្រូវផ្លាស់ប្ដូរទាំងស្រុងដោយសារសេចក្ដីបង្រៀនពីគម្ពីរបានពន្យល់ខ្ញុំអំពីភារកិច្ចជាប្ដីនិងជាឪពុក។ (អេភេសូរ ៥:២៥; ៦:៤) យើងបានចាប់ផ្ដើមធ្វើអ្វីៗជាមួយគ្នាជាក្រុមគ្រួសារ។ ឥឡូវនេះ ជាជាងគ្រាន់តែឲ្យប្រពន្ធខ្ញុំធ្វើការនៅផ្ទះបាយប៉ុណ្ណោះ ខ្ញុំរីករាយគាំទ្រគាត់ក្នុងកិច្ចការរបស់គាត់ជាអ្នកផ្សព្វផ្សាយដំណឹងល្អពេញពេល។ ម្យ៉ាងទៀត គាត់រីករាយគាំទ្រខ្ញុំក្នុងភារកិច្ចរបស់ខ្ញុំជាអ្នកចាស់ទុំក្នុងក្រុមជំនុំ។
សេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាបានមានឥទ្ធិពលខ្លាំងណាស់មកលើជីវិតរបស់ខ្ញុំ។ ខ្ញុំមានបំណងយ៉ាងខ្លាំងដើម្បីប្រាប់អំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដល់អស់អ្នកដែលមនុស្សចាត់ទុកថាជាពួកអ្នកអស់សង្ឃឹម ពីព្រោះខ្ញុំធ្លាប់ត្រូវគេចាត់ទុកថាជាមនុស្សដែលមិនអាចជួយបាន។ ខ្ញុំដឹងថាគម្ពីរមានឫទ្ធានុភាពដើម្បីជួយអ្នកណាក៏បានឲ្យរកឃើញនូវជីវិតដែលស្អាតស្អំនិងមានន័យខ្លឹមសារ។ គម្ពីរមិនគ្រាន់តែបង្រៀនខ្ញុំឲ្យស្រឡាញ់និងគោរពមនុស្សប្រុសនិងមនុស្សស្រីឯទៀតប៉ុណ្ណោះទេ តែក៏បានជួយខ្ញុំឲ្យចេះគោរពខ្លួនឯងដែរ។