អត្ថបទអំពីក្របទស្សនាវដ្ដី | ពេលមនុស្សជាទីស្រឡាញ់ស្លាប់
មនុស្សស្លាប់នឹងរស់ឡើងវិញ!
អ្នកប្រហែលជានៅចាំស្ដ្រីឈ្មោះហ្កេលដែលបានត្រូវរៀបរាប់នៅអត្ថបទមុន គាត់មិនដឹងច្បាស់ថាគាត់អាចឈប់កើតទុក្ខចំពោះការបាត់បង់រ៉ូបឺតដែលជាប្ដីគាត់ឬយ៉ាងណាទេ។ ទោះជាយ៉ាងនោះក៏ដោយ គាត់ទន្ទឹងចាំជួបប្ដីរបស់គាត់ម្ដងទៀតក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។ គាត់និយាយថា៖ «ខគម្ពីរដែលខ្ញុំចូលចិត្ដគឺការបើកបង្ហាញ ២១:៣, ៤ ដែលចែងថា៖ ‹ព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ›»។
ហ្កេលនិយាយទៀតថា៖ «សេចក្ដីសន្យានេះប្រាប់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគត។ ខ្ញុំពិតជាអាណិតអស់អ្នកដែលបានបាត់បង់អ្នកជាទីស្រឡាញ់ តែមិនបានដឹងអំពីសេចក្ដីសង្ឃឹមដែលគាត់អាចជួបអ្នកជាទីស្រឡាញ់ម្ដងទៀត»។ ហ្កេលបានធ្វើតាមជំនឿរបស់គាត់ដោយធ្វើកិច្ចការស្ម័គ្រចិត្ដជាអ្នកផ្សព្វផ្សាយដំណឹងល្អពេញពេល ហើយប្រាប់អ្នកជិតខាងអំពីសេចក្ដីសន្យារបស់ព្រះអំពីអនាគតនៅពេលដែល«សេចក្ដីស្លាប់នឹងលែងមានទៀត»។
អ្នកប្រហែលជានិយាយថា ‹នេះមិនគួរឲ្យជឿទេ!›។ ប៉ុន្ដែ សូមគិតអំពីបទពិសោធន៍របស់បុរសម្នាក់ឈ្មោះយ៉ូបនៅសម័យបុរាណ។ គាត់បានឈឺធ្ងន់ធ្ងរ។ (យ៉ូប ២:៧) ទោះជាគាត់ប្រាថ្នាចង់ស្លាប់ក្ដី តែគាត់នៅតែមានជំនឿថាព្រះមានឫទ្ធានុភាពប្រោសគាត់ឲ្យរស់ឡើងវិញនៅផែនដី។ គាត់និយាយដោយមានទំនុកចិត្ដថា៖ «ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ផ្នូរ]ទៅអេះ . . . នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ (យ៉ូប ១៤:១៣, ១៥) យ៉ូបមានទំនុកចិត្ដថាព្រះរបស់គាត់នឹងនឹកគាត់ ហើយពិតជាចង់ប្រោសគាត់ឲ្យមានជីវិតរស់ឡើងវិញ។
មិនយូរទៀត ព្រះនឹងធ្វើដូច្នេះសម្រាប់យ៉ូបនិងមនុស្សរាប់មិនអស់ឯទៀត ពេលផែនដីនេះនឹងត្រូវធ្វើឲ្យក្លាយទៅជាសួនឧទ្យាន។ (លូកា ២៣:៤២, ៤៣) គម្ពីរបញ្ជាក់អំពីរឿងនេះក្នុងសកម្មភាព ២៤:១៥ ថា៖ ‹មនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។ ម្យ៉ាងទៀត លោកយេស៊ូមានប្រសាសន៍ថា៖ «កុំឲ្យពាក្យទាំងនេះធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលឡើយ ព្រោះនឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។ (យ៉ូហាន ៥:២៨, ២៩) យ៉ូបនឹងឃើញសេចក្ដីសន្យានេះក្លាយទៅជាការពិត។ គាត់នឹងមានឱកាស«ប្រែទៅដូចកាលនៅក្មេងវិញ»ហើយសាច់របស់គាត់នឹង«ស្រស់ជាងសាច់របស់កូនក្មេង»ជារៀងរហូត។ (យ៉ូប ៣៣:២៤, ២៥) សេចក្ដីសន្យានេះក៏នឹងកើតឡើងចំពោះអស់អ្នកដែលឲ្យតម្លៃទៅលើសេចក្ដីមេត្ដាករុណារបស់ព្រះដែលលោកបានរៀបចំឲ្យមានការប្រោសឲ្យរស់ឡើងវិញនៅផែនដី។
បើអ្នកបានបាត់បង់អ្នកជាទីស្រឡាញ់ ព័ត៌មានដែលយើងទើបតែបានពិចារណាប្រហែលជាមិនអាចជួយអ្នកឲ្យលែងកើតទុក្ខនោះទេ។ យ៉ាងណាក្ដី បើអ្នករំពឹងគិតអំពីសេចក្ដីសន្យារបស់ព្រះដែលមានក្នុងគម្ពីរ នោះអ្នកអាចរកឃើញសេចក្ដីសង្ឃឹមពិតហើយមានកម្លាំងចិត្ដឡើងវិញ ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាករបស់អ្នក។—ថែស្សាឡូនិចទី១ ៤:១៣
បើអ្នកចង់រៀនថែមទៀតអំពីវិធីដែលអាចជួយអ្នកឲ្យរសាយទុក្ខ ឬបើអ្នកមានសំណួរផ្សេងៗទៀតដូចជា«ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់?»។ សូមចូលគេហទំព័ររបស់យើងjw.org/kmដើម្បីទទួលចម្លើយនិងការសម្រាលទុក្ខពីគម្ពីរ។