របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
តើពិតជាអាចរកផ្លូវនោះឃើញឬទេ?
តើអ្នកជាមនុស្សដែលមានសុភមង្គលឬទេ? បើមែន តើអ្វីធ្វើឲ្យអ្នកមានសុភមង្គល? តើជាក្រុមគ្រួសាររបស់អ្នក ការងាររបស់អ្នក ជំនឿសាសនារបស់អ្នក? ប្រហែលជាអ្នកកំពុងទន្ទឹងរង់ចាំអ្វីមួយដែលធ្វើឲ្យអ្នករីករាយ ដូចជារៀនចប់ ទទួលការងារប្រាក់ខែល្អ ឬទិញម៉ូតូថ្មី។
មនុស្សជាច្រើនសប្បាយចិត្ដពេលពួកគេសម្រេចគោលដៅឬទទួលបានរបស់ដែលខ្លួនចង់បាន។ ប៉ុន្ដែ តើអារម្មណ៍សប្បាយនោះអាចនៅយូរប៉ុនណា? ភាគច្រើន នោះគ្រាន់តែបណ្ដោះអាសន្ន ដូច្នេះអាចនាំឲ្យពួកគេខកចិត្ដ។
គេធ្លាប់ឲ្យនិយមន័យពាក្យសុភមង្គលថា ជាសេចក្ដីសុខក្នុងចិត្ដដែលស្ថិតស្ថេរ ក៏អាចជាការស្កប់ចិត្ដឬការរីករាយខ្លាំងក្នុងជីវិត និងជាអារម្មណ៍ដែលយើងចង់មានរហូត។
បន្ថែមទៅទៀត ដោយសារសុភមង្គលជាសេចក្ដីសុខក្នុងចិត្ដដែលស្ថិតស្ថេរ នោះសុភមង្គលមិនបានត្រូវពិពណ៌នាថាជាគោលដៅទេ តែជាវិថីជីវិត។ ការនិយាយថា «ខ្ញុំនឹងមានសុភមង្គលនៅពេល . . . » គឺហាក់ដូចជាយើងដាក់សុភមង្គលនៅឆ្ងាយពីយើង។
ជាឧទាហរណ៍ សូមប្រៀបធៀបសុភមង្គលទៅនឹងសុខភាពល្អ។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីមានសុខភាពល្អ? គឺដោយបរិភោគអាហារដែលមានជីវជាតិ ហាត់ប្រាណ និងមានរបៀបរស់នៅល្អ។ ស្រដៀងគ្នាដែរ សុភមង្គលមកពីការដើរតាមវិថីជីវិតមួយ ពោលគឺការធ្វើតាមគោលការណ៍ត្រឹមត្រូវ។
តើមានគោលការណ៍ណាខ្លះដែលធ្វើឲ្យវិថីជីវិតរបស់យើងមានសុភមង្គល? ចំណុចបន្ដបន្ទាប់នេះគឺសំខាន់ណាស់ ដូចជា:
-
ការស្កប់ចិត្ដនិងចិត្ដទូលាយ
-
សុខភាពល្អនិងការចេះស៊ូទ្រាំ
-
សេចក្ដីស្រឡាញ់
-
ការអភ័យទោស
-
គោលបំណងក្នុងជីវិត
-
សេចក្ដីសង្ឃឹម
សៀវភៅដែលមនុស្សជាច្រើនគោរព រៀបរាប់ឃ្លាដែលប្រកបដោយប្រាជ្ញាមួយថា៖ «មាន[សុភមង្គល]ហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ដរបស់ខ្លួនបានគ្រប់លក្ខណ៍»។ (ទំនុកតម្កើង ១១៩:១) ឥឡូវសូមយើងពិចារណាអំពីផ្លូវនោះ។