លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​អភ័យ​ទោស​អាច​ពន្លត់​ភ្លើង​នៃ​ជម្លោះ

សម្រាប់​ប្ដី​ប្រពន្ធ

៤ ការអភ័យទោស

៤ ការអភ័យទោស

តើ​មាន​ន័យ​យ៉ាង​ណា?

ការ​អភ័យ​ទោស​មាន​ន័យ​ថា​អ្នក​មិន​ប្រកាន់​ទោស​និង​មិន​គុំ​កួន​ឡើយ។ ការ​អភ័យ​ទោស​មិន​មែន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ។

គោល​ការណ៍​គម្ពីរ​៖«​ទោះ​ជា​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​ក៏​ដោយ ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។—កូឡុស ៣:១៣

បុរស​ម្នាក់​ឈ្មោះ​អេរ៉ុន​និយាយ​ថា​៖ ​«​ពេល​ដែល​អ្នក​ស្រឡាញ់​អ្នក​ណា​ម្នាក់ អ្នក​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​វិបត្តិ​របស់​បុគ្គល​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​មើល​ការ​ខំ​ព្យាយាម​របស់​គាត់​»។

ហេតុ​អ្វី​សំខាន់?

បើ​អ្នក​ចង​គំនុំ អ្នក​ធ្វើ​បាប​ខ្លួន​អ្នក​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ អ្នក​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ប្រេះ​ឆា​ដែរ។

ជូលា​និយាយ​ថា​៖ ​«​នៅ​ពេល​មួយ ប្ដី​ខ្ញុំ​បាន​សុំ​ការ​អភ័យ​ទោស​ពី​ខ្ញុំ ដោយ​សារ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់។ ខ្ញុំ​ពិបាក​អភ័យ​ទោស​ឲ្យ​គាត់​មែន​ទែន។ ទី​បំផុត​ខ្ញុំ​នៅ​តែ​អភ័យ​ទោស​ឲ្យ​គាត់ តែ​ខ្ញុំ​ស្ដាយ​ដែល​មិន​បាន​អភ័យ​ទោស​ឲ្យ​គាត់​ឆាប់​ជាង​នេះ។ នេះ​បាន​បង្កើត​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​របស់​យើង​»។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ពិសោធ​អំពី​ខ្លួន​អ្នក

លើក​ក្រោយ​ពេល​គូ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ដោយ​សារ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​ណា​មួយ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  • ‹តើ​ខ្ញុំ​ឆាប់​តូច​ចិត្ត​ឬ​ឆាប់​ខឹង​ឬ​ទេ?›

  • ‹តើ​ខ្ញុំ​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​ត្រូវ​ការ​ពាក្យ​សុំ​ទោស ឬ​តើ​ខ្ញុំ​អាច​បំភ្លេច​វា​ចោល?›

សូម​ពិភាក្សា​ជា​មួយ​គូ​របស់​អ្នក​អំពី​សំណួរ​ដូច​ត​ទៅ​នេះ

  • ជា​ធម្មតា តើ​យើង​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​អភ័យ​ទោស​ឲ្យ​គ្នា?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កាន់​តែ​ឆាប់​អភ័យ​ទោស​ឲ្យ​គ្នា?

យោបល់

  • ពេល​អ្នក​ខឹង កុំ​បញ្ចេញ​កំហឹង​ដាក់​គូ​របស់​អ្នក។

  • ព្យាយាម​អភ័យ​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គូ សូម​ចាំ​ថា​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។—យ៉ាកុប ៣:២

ឃីមបឺលី​និយាយ​ថា​៖ ​«​គឺ​ស្រួល​ឲ្យ​អភ័យ​ទោស ពេល​ខុស​ទាំង​សង​ខាង តែ​ពិបាក​អភ័យ​ទោស​ពេល​មើល​ទៅ​ដូច​ជា​ខុស​តែ​ម្ខាង។ ការ​ព្រម​ទទួល​ពាក្យ​សុំ​ទោស និង​ការ​អភ័យ​ទោស​ត្រូវ​ការ​ចិត្ត​រាប​ទាប​ពិត​ប្រាកដ​»។

គោល​ការណ៍​គម្ពីរ​៖«​ចូរ​ឆាប់​ដោះ​ស្រាយ​»។—ម៉ាថាយ ៥:២៥

បើ​អ្នក​ចង​គំនុំ អ្នក​ធ្វើ​បាប​ខ្លួន​អ្នក​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ អ្នក​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ប្រេះ​ឆា​ដែរ