លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី១

ប្រយោជន៍​ពី​ការ​ចេះ​ទប់​ចិត្ត

ប្រយោជន៍​ពី​ការ​ចេះ​ទប់​ចិត្ត

តើ​អ្វី​ជា​ការ​ចេះ​ទប់​ចិត្ត?

ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​សមត្ថភាព​ដែល . . .

  • មិន​ឆាប់​បំពេញ​បំណង​ចិត្ត

  • មិន​ធ្វើ​តាម​ចិត្ត

  • បង្ហើយ​កិច្ច​ការ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត

  • ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ខ្លួន

ហេតុ​អ្វី​ការ​ចេះ​ទប់​ចិត្ត​គឺ​សំខាន់?

ក្មេង​ដែល​ចេះ​ទប់​ចិត្ត​អាច​ទប់​ទល់​នឹង​ការ​ល្បួង​ផ្សេង​ៗ ទោះ​ជា​ការ​ល្បួង​នោះ​មើល​ទៅ​នាំ​ឲ្យ​សប្បាយ​ក្ដី។ ផ្ទុយ​ទៅ​វិញ ក្មេង​ដែល​មិន​ចេះ​ទប់​ចិត្ត​ប្រហែល​ជា . . .

  • ឆាប់​ខឹង

  • ទទួល​រង​ជំងឺ​ផ្លូវ​ចិត្ត

  • ជក់​បារី ផឹក​ស្រា ឬ​ប្រើ​គ្រឿង​ញៀន

  • មិន​ចេះ​ជ្រើស​រើស​របប​អាហារ

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ពេល​ក្មេង​ដែល​ចេះ​ទប់​ចិត្ត​ធំ​ឡើង ពួក​គេ​ទំនង​ជា​មិន​សូវ​មាន​បញ្ហា​សុខភាព​និង​បញ្ហា​លុយ​កាក់​ទេ ហើយ​ពួក​គេ​ចេះ​គោរព​ច្បាប់​ជាង។ ដោយ​ហេតុ​នេះ​ហើយ សាស្ត្រាចារ្យ​ខាង​ចិត្ត​វិទ្យា​ឈ្មោះ​អេនចឺឡា ដាកវ៉ូត​នៃ​សកល​វិទ្យាល័យ​នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី បាន​សន្មត​ថា​៖ ​«​ការ​ចេះ​ទប់​ចិត្ត​មិន​ដែល​អាក្រក់​សម្រាប់​អ្នក​ឡើយ​»។

របៀប​បង្រៀន​កូន​ឲ្យ​ចេះ​ទប់​ចិត្ត

រៀន​និយាយ​បដិសេធ​ដោយ​ថា​ទេ ហើយ​ធ្វើ​តាម។

គោល​ការណ៍​គម្ពីរ​៖ ​«​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន បើ​ថា‹ទេ› គឺ​ទេ​»។—ម៉ាថាយ ៥:៣៧

កូន​ក្មេង​ប្រហែល​ជា​សាក​ចិត្ត​ឪ​ពុក​ម្ដាយ​ដោយ​ស្រែក​យំ​ពេល​ដែល​ចង់​បាន​អ្វី​មួយ ហើយ​ពួក​គេ​ប្រហែល​ជា​ធ្វើ​ដូច្នេះ​សូម្បី​តែ​នៅ​ទី​សាធារណៈ។ បើ​ឪ​ពុក​ម្ដាយ​ព្រម​ធ្វើ​តាម នោះ​កូន​យល់​ថា​ការ​ស្រែក​យំ​អាច​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​ផ្លាស់​ប្ដូរ​ចិត្ត​បាន។

ម្យ៉ាង​វិញ​ទៀត បើ​ឪ​ពុក​ម្ដាយ​និយាយ​ថា​ទេ​ពេល​កូន​ចង់​បាន​អ្វី​មួយ ហើយ​ព្យាយាម​ធ្វើ​តាម នោះ​កូន​រៀន​អំពី​មេ​រៀន​សំខាន់​នៃ​ជីវិត ពោល​គឺ​យើង​មិន​តែង​តែ​បាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ។ គ្រូ​ពេទ្យ​ឈ្មោះ​ដាវីឌ វ៉ល សរសេរ​ថា​៖ ​«​គេ​គិត​ថា​មនុស្ស​ដែល​តែង​តែ​បាន​អ្វី​ដែល​គាត់​ចង់​បាន គឺ​ជា​មនុស្ស​ដែល​មាន​សុភមង្គល តែ​តាម​ពិត​គឺ​ផ្ទុយ​ស្រឡះ។ បើ​ឪ​ពុក​ម្ដាយ​តែង​តែ​បណ្ដោយ​តាម​ចិត្ត​កូន​រហូត នេះ​មិន​មែន​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ បើ​ធ្វើ​ដូច្នេះ នោះ​កូន​នឹង​ធំ​ឡើង​ដោយ​គិត​ថា​ពួក​គេ​តែង​តែ​អាច​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន​»។ *

នៅ​ឥឡូវ​នេះ បើ​អ្នក​មិន​បណ្ដោយ​ទៅ​តាម​ចិត្ត​កូន​នូវ​អ្វី​ដែល​គាត់​ចង់​បាន នោះ​នឹង​ជួយ​កូន​ឲ្យ​ចេះ​ទប់​ចិត្ត​នឹង​រឿង​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​ក្រោយ​មក​ក្នុង​ជីវិត​គាត់។ ជា​ឧទាហរណ៍ ពេល​គាត់​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រើ​គ្រឿង​ញៀន រួម​ដំណេក​មុន​រៀប​ការ ឬ​ធ្វើ​អ្វី​អាក្រក់​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​គាត់​និង​អ្នក​ឯ​ទៀត​រង​ទុក្ខ។

ជួយ​កូន​ឲ្យ​យល់​អំពី​លទ្ធផល​ពី​ការ​ប្រព្រឹត្ត​ល្អ​និង​ការ​ប្រព្រឹត្ត​មិន​ល្អ។

គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

កូន​ត្រូវ​យល់​ថា​ការ​ប្រព្រឹត្ត​ទាំង​អស់​មាន​លទ្ធផល ហេតុ​នេះ​ការ​មិន​ចេះ​ទប់​ចិត្ត​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក។ ជា​ឧទាហរណ៍ បើ​កូន​របស់​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ទប់​កំហឹង​រាល់​ដង​ពេល​គាត់​ទើស​ចិត្ត​នឹង​រឿង​ណា​មួយ នោះ​អ្នក​ឯ​ទៀត​ប្រហែល​ជា​មិន​ចង់​រាប់​អាន​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ បើ​កូន​របស់​អ្នក​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​ពេល​មាន​រឿង​ណា​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត ឬ​ចេះ​រង់​ចាំ​ជា​ជាង​និយាយ​កាត់​គេ​ពេល​ដែល​គាត់​ចង់​បាន​អ្វី​មួយ នោះ​មនុស្ស​ឯ​ទៀត​នឹង​ចូល​ចិត្ត​គាត់។ សូម​ជួយ​កូន​ឲ្យ​យល់​ថា​គាត់​នឹង​មាន​ជីវិត​សប្បាយ​ជាង ពេល​ដែល​គាត់​ចេះ​ទប់​ចិត្ត។

បង្រៀន​កូន​ឲ្យ​ស្គាល់​ការ​អ្វី​ដែល​សំខាន់​បំផុត។

គោល​ការណ៍​គម្ពីរ​៖ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

ការ​ចេះ​ទប់​ចិត្ត​មិន​ត្រឹម​តែ​ជួយ​យើង​ឲ្យ​ជៀស​វាង​មិន​ធ្វើ​អ្វី​ដែល​អាក្រក់​ប៉ុណ្ណោះ តែ​ក៏​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ទោះ​ជា​នោះ​ជា​អ្វី​ដែល​យើង​ប្រហែល​ជា​មិន​ចូល​ចិត្ត​ធ្វើ​ក៏​ដោយ។ គឺ​ជា​ការ​សំខាន់​ដែល​អ្នក​បង្រៀន​កូន​ឲ្យ​ស្គាល់​អំពី​ការ​អ្វី​ដែល​សំខាន់​ជាង ហើយ​ធ្វើ​ការ​នោះ​ជា​មុន​សិន។ ជា​ឧទាហរណ៍ គាត់​គួរ​ធ្វើ​លំ​ហាត់​ពី​សាលា​រួច​សិន ចាំ​លេង។

ធ្វើ​ជា​គំរូ​ល្អ។

គោល​ការណ៍​គម្ពីរ​៖ ​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៣:១៥

កូន​អ្នក​នឹង​មើល​របៀប​ដែល​អ្នក​ប្រព្រឹត្ត ពេល​មាន​រឿង​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត។ តាម​រយៈ​គំរូ​របស់​អ្នក សូម​បង្ហាញ​ថា​ការ​ចេះ​ទប់​ចិត្ត​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ជាង។ ជា​ឧទាហរណ៍ ពេល​កូន​ប្រព្រឹត្ត​មិន​ល្អ តើ​អ្នក​ខឹង​ឬ​តើ​អ្នក​ស្ងប់​អារម្មណ៍?

^ វគ្គ 20 ដក​ស្រង់​ពី​សៀវភៅ No: Why Kids—of All Ages—Need to Hear It and Ways Parents Can Say It