ជំនួយសម្រាប់ក្រុមគ្រួសារ | អាពាហ៍ពិពាហ៍
របៀបពង្រឹងការតាំងចិត្តនៅស្មោះនឹងគ្នា
ការពិបាក
នៅថ្ងៃដែលអ្នករៀបការ អ្នកបានសច្ចានៅមុខមនុស្សជាច្រើនថានឹងនៅស្មោះជាមួយនឹងគូរបស់ខ្លួនរហូត មិនថាមានបញ្ហាណាកើតឡើងក៏ដោយ។
ប៉ុន្តែ អស់ជាច្រើនឆ្នាំកន្លងទៅ គូប្ដីប្រពន្ធអាចខ្វែងគំនិតគ្នាឬមានជម្លោះ។ អ្វីទាំងនេះអាចឥទ្ធិពលទៅលើចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ បើមានករណីនេះកើតឡើង តើអ្នកនៅតែតាំងចិត្តស្មោះត្រង់ជាមួយនឹងគូរបស់អ្នករហូតទេ?
អ្វីដែលអ្នកគួរដឹង
ការតាំងចិត្តនៅស្មោះជាមួយគ្នាមិនមែនជាបន្ទុកទេ តែជាការការពារ។ មនុស្សជាច្រើននៅសព្វថ្ងៃនេះមានទស្សនៈខុសគ្នាស្ដីអំពីការតាំងចិត្តស្មោះជាមួយនឹងគ្នា។ អ្នកខ្លះគិតថា ការតាំងចិត្តស្មោះនឹងគ្នាប្រៀបដូចជាជាប់ច្រវាក់ដែករើទៅណាមិនរួច។ ចំណែកអ្នកខ្លះទៀតគិតថា ការតាំងចិត្តស្មោះនឹងគ្នា ប្រៀបដូចជាយុថ្កាដែលអាចជួយការពារអាពាហ៍ពិពាហ៍របស់ពួកគេមិនឲ្យរង្គោះរង្គើ។ ប្រពន្ធម្នាក់ឈ្មោះមេហ្គិន បានរៀបរាប់ថា៖«ប្រយោជន៍មួយដែលមកពីការតាំងចិត្តនៅស្មោះជាមួយគ្នា គឺមិនចាំបាច់បារម្ភថាគូរបស់ខ្លួនបោះបង់ចោលខ្លួនទេ ទោះជាមានការឈ្លោះប្រកែកគ្នាក្ដី»។ a ការជឿជាក់ថាគូនៅស្មោះត្រង់នឹងខ្លួនគឺជាគ្រឹះដែលអាចជួយគូប្ដីប្រពន្ធឲ្យដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួប។ (សូមមើលប្រអប់ដែលមានចំណងជើងថា« ការតាំងចិត្តនៅស្មោះជាមួយគ្នានិងភក្ដីភាព»)។
សរុបសេចក្ដី៖ បើអ្នកកំពុងមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ឥឡូវគឺជាពេលដែលអ្នកត្រូវពង្រឹងការតាំងចិត្តនៅស្មោះជាមួយគ្នា មិនមែនសង្ស័យទៅលើចំណងអាពាហ៍ពិពាហ៍របស់អ្នកនោះទេ។ តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា?
អ្វីដែលអ្នកអាចធ្វើ
ពិនិត្យមើលទស្សនៈរបស់អ្នក។ ឃ្លាមួយថា«រៀបការមួយថ្ងៃគឺមួយជីវិត»។ តើឃ្លានេះធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាជាប់អន្ទាក់ឬក៏មានអារម្មណ៍សុខសាន្ត? ពេលដែលមានបញ្ហាកើតឡើង តើអ្នកនឹងសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍ដោយគិតថានោះជាដំណោះស្រាយល្អឬ? ដើម្បីតាំងចិត្តនៅស្មោះជាមួយគ្នា ជាការសំខាន់ចាំបាច់ដែលអ្នកចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាចំណងដ៏ស្ថិតស្ថេរ។—គោលការណ៍គម្ពីរ ម៉ាថាយ ១៩:៦
ពិនិត្យមើលប្រវត្តិគ្រួសាររបស់អ្នក។ គំរូរបស់ឪពុកម្ដាយអាចមានឥទ្ធិពលមកលើទស្សនៈរបស់អ្នកចំពោះការតាំងចិត្តស្មោះជាមួយគូ។ ប្រពន្ធម្នាក់ឈ្មោះលេអាបានរៀបរាប់ថា៖«ឪពុកម្ដាយរបស់ខ្ញុំបានលែងលះគ្នា ពេលដែលខ្ញុំធំដឹងក្ដី។ ដូច្នេះ ខ្ញុំបារម្ភថារឿងនោះធ្វើឲ្យខ្ញុំមានទស្សនៈមិនត្រឹមត្រូវចំពោះការតាំងចិត្តស្មោះជាមួយគូ»។ ទោះជាមានបទពិសោធន៍ដូច្នោះក្ដី អ្នកអាចតាំងចិត្តស្មោះជាមួយគូបាន ដោយមិនចាំបាច់សម្រេចចិត្តខុសដូចឪពុកម្ដាយឡើយ!—គោលការណ៍គម្ពីរ កាឡាទី ៦:៤, ៥
ពិនិត្យមើលពាក្យសម្ដីរបស់អ្នក។ ពេលមានការខ្វែងគំនិតគ្នា សូមជៀសវាងប្រើពាក្យសម្ដីដែលនាំឲ្យស្ដាយក្រោយ ដូចជា«ខ្ញុំឈប់នៅជាមួយទៀតហើយ!» ឬ«ខ្ញុំទៅរកអ្នកផ្សេងដែលឲ្យតម្លៃខ្ញុំវិញ»។ ពាក្យសម្ដីបែបនេះបង្ហាញថា គូអាពាហ៍ពិពាហ៍មិនឲ្យតម្លៃចំពោះពាក្យសម្បថនៅថ្ងៃរៀបការឡើយ។ ជាជាងដោះស្រាយបញ្ហាដោយប្រើពាក្យសម្ដីបញ្ឈឺចិត្តគ្នា សូមនិយាយគ្នាតាមសម្រួលដោយប្រើពាក្យដូចជា«ឥឡូវយើងទាំងពីរកំពុងខ្នក់ចិត្តនឹងគ្នា ចុះយ៉ាងណាយើងដោះស្រាយបញ្ហានេះជាមួយគ្នា?»។—គោលការណ៍គម្ពីរ សុភាសិត ១២:១៨
បង្ហាញឲ្យឃើញច្បាស់ថា‹អ្នកតាំងចិត្តស្មោះជាមួយនឹងគូ›។ សូមទុករូបថតគូនៅលើតុធ្វើការរបស់អ្នក ហើយសូមនិយាយល្អៗអំពីគូប្រាប់អ្នកឯទៀត។ សូមទូរស័ព្ទទៅគូរាល់ថ្ងៃ ពេលដែលនៅឆ្ងាយពីគ្នា។ ក្នុងការសន្ទនា សូមប្រើពាក្យ«យើង» «ប្រពន្ធខ្ញុំនិងខ្ញុំ» ឬ«ប្ដីខ្ញុំនិងខ្ញុំ»។ ធ្វើដូច្នេះ អ្នកបង្ហាញអ្នកឯទៀតឲ្យឃើញថាអ្នកតាំងចិត្តស្មោះជាមួយនឹងគូរបស់ខ្លួន។
សូមរកជំនួយពីគូប្ដីប្រពន្ធដែលមានសុភមង្គលរួចហើយ។ សូមសុំយោបល់ពីប្ដីប្រពន្ធដែលរៀបការយូរឆ្នាំអំពីរបៀបដោះស្រាយបញ្ហាក្នុងក្រុមគ្រួសារ។ សូមសួរពួកគាត់ថា៖«តើការតាំងចិត្តស្មោះចំពោះគូសំខាន់យ៉ាងណាចំពោះគាត់? ហើយការតាំងចិត្តនៅស្មោះនឹងគូជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់គាត់យ៉ាងដូចម្ដេច?»។ គម្ពីរចែងថា៖«ដូចដែកសំលៀងដែក មិត្តភក្ដិជួយគ្នាទៅវិញទៅមកឲ្យរីកចម្រើន»។ (សុភាសិត ២៧:១៧) ដោយគិតអំពីគោលការណ៍នេះ សូមទាញយកប្រយោជន៍ពីដំបូន្មានរបស់គូប្ដីប្រពន្ធដែលទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍។
a គម្ពីរអនុញ្ញាតឲ្យគូបញ្ចប់ចំណងអាពាហ៍ពិពាហ៍បាន លុះត្រាតែគូម្ខាងបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ សូមមើលអត្ថបទដែលមានចំណងជើងថា«តើគម្ពីរមានទស្សនៈយ៉ាងណាចំពោះការផិតក្បត់?» ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! លេខនេះ។