លោតទៅអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ

មាន​ពាក្យ​ស្លោក​មួយ​បាន​រៀប​រាប់​ថា​៖​«​លុយ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​ដំណើរ​ការ​បាន​»។ ពាក្យ​ស្លោក​នេះ​ក៏​ត្រឹម​ត្រូវ​ម្យ៉ាង​ដែរ ពីព្រោះ​លុយ​អាច​ជួយ​យើង​ឲ្យ​មាន​អ្វី​ដែល​យើង​ត្រូវ​ការ ដូច​ជា​ចំណី​អាហារ សម្លៀក​បំពាក់ និង​ជម្រក​ជា​ដើម។ ប្រធាន​ហិរញ្ញវត្ថុ​ម្នាក់​បាន​សរសេរ​ថា​៖​«​លុយ​មាន​តួ​នាទី​សំខាន់​ក្នុង​សង្គម។ បើ​គ្មាន​លុយ​ទេ ក្នុង​រយៈ​ពេល​មួយ​ខែ​នឹង​មាន​ភាព​ច្របូក​ច្របល់​និង​សង្គ្រាម​មិន​ខាន​»។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លុយ​មិន​អាច​ទិញ​អ្វី​ៗ​ទាំង​អស់​បាន​ទេ។ អារណឺ ហ្គា​បក បាន​និពន្ធ​កំណាព្យ​ជា​ភាសា​ណូ​វ៉េស ស្ដី​អំពី​លុយ​ថា​៖​«​មាន​លុយ​ទិញ​អាហារ តែ​ញ៉ាំ​អត់​ចូល។ មាន​លុយ​ទិញ​ថ្នាំ តែ​សុខភាព​មិន​ល្អ។ មាន​គ្រែ​ទន់​ដេក តែ​ដេក​មិន​លក់។ មាន​ចំណេះ តែ​អត់​មាន​ប្រាជ្ញា។ ភ្លឺ​ចែង​ចាំង តែ​មិន​ស្រស់​ស្អាត។ មាន​ភាព​អធិកអធម តែ​គ្មាន​ភាព​កក់​ក្ដៅ។ មើល​ទៅ​សប្បាយ តែ​អត់​មាន​អំណរ។ មាន​គេ​រាប់​អាន​ច្រើន តែ​គ្មាន​មិត្ត​ពិត។ មាន​អ្នក​បម្រើ តែ​អត់​មាន​ភាព​ស្មោះ​ត្រង់​»។

ពេល​បុគ្គល​ម្នាក់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ គាត់​នឹង​ស្កប់​ចិត្ត​ជាង ហើយ​គាត់​មិន​ចាត់​ទុក​ការ​ស្វែង​រក​លុយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ឡើយ។ គម្ពីរ​ព្រមាន​ថា​៖​«​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ការ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​បែប​នោះ . . . បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន​»។—ធីម៉ូថេ​ទី១ ៦:១០

ខ​នេះ​មិន​បញ្ជាក់​ថា​ប្រាក់​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ទេ តែ​បញ្ជាក់​ថា​ការ​ស្រឡាញ់​ប្រាក់ នាំ​ឲ្យ​មាន​ទុក្ខ​វេទនា។ ដូច្នេះ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រាក់​ហួស​ហេតុ​ពេក នោះ​នឹង​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​បែក​បាក់​គ្នា។ សូម​ពិចារណា​ឧទាហរណ៍​ដូច​ខាង​ក្រោម។

ដានីយ៉ែល aបាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​តែង​តែ​គិត​ថា​ថូម៉ាស់​ជា​មិត្ត​ល្អ​និង​ស្មោះ​ត្រង់។ ខ្ញុំ​និង​គាត់​មិន​ដែល​មាន​បញ្ហា​ជា​មួយ​គ្នា​ទេ រហូត​ដល់​ពេល​ដែល​គាត់​ទិញ​ឡាន​របស់​ខ្ញុំ ព្រោះ​ក្រោយ​ពី​ទិញ បី​ខែ​ក្រោយ​មក​ឡាន​នោះ​ក៏​ខូច។ តាម​ពិត មុន​លក់​ឲ្យ​គាត់​ខ្ញុំ​មិន​ដឹង​ថា​ឡាន​នោះ​ខូច​អី​ទេ តែ​ថូម៉ាស់​គិត​ថា​ខ្ញុំ​បោក​គាត់ ហើយ​គាត់​ខឹង​ខ្លាំង​ណាស់។ គាត់​ថែម​ទាំង​ទាម​ទារ​ឲ្យ​ខ្ញុំ​សង​លុយ​គាត់​ទៀត​ផង។ ប្រតិកម្ម​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន! ពេល​ខ្ញុំ​ព្យាយាម​ប្រាប់​មូលហេតុ​ដល់​គាត់ គាត់​បាន​ច្រឡោត​យ៉ាង​ខ្លាំង។ ក្រោយ​ពី​មាន​បញ្ហា​នោះ​មក ថូម៉ាស់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​លែង​ដូច​ពី​មុន​ហើយ​»។

អ៊ីស៊ីន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មាន​បង​ប្អូន​ពីរ​នាក់ ប្អូន​ស្រី​របស់​ខ្ញុំ​ឈ្មោះ​នីស​រីម។ យើង​ទាំង​ពីរ​នាក់​ជិត​ស្និទ្ធ​គ្នា​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដែល​គិត​ថា​ទំនាក់​ទំនង​របស់​យើង​អាច​ប្រេះ​ឆា​ដោយ​សារ​តែ​លុយ​ទេ តែ​នេះ​បាន​កើត​ឡើង​មែន។ ពេល​ឪពុក​ម្ដាយ​របស់​យើង​ស្លាប់ ពួក​គាត់​បាន​បន្សល់​ទុក​មត៌ក​មួយ​ចំនួន ហើយ​ពួក​គាត់​បាន​ឲ្យ​យើង​ចែក​មរ​ត​ក​នោះ​ជា​ពីរ​ស្មើ​គ្នា។ ប៉ុន្តែ ប្អូន​ស្រី​របស់​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក​ម្ដាយ​ទេ គាត់​បាន​ទាម​ទារ​ចំណែក​ច្រើន​ជាង។ ដោយ​សារ​ខ្ញុំ​ចង់​ធ្វើ​តាម​បណ្ដាំ​ឪពុក​ម្ដាយ នោះ​គាត់​ខឹង​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​គំរាម​ខ្ញុំ​ទៀត​ផង។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ គាត់​នៅ​តែ​គុំ​កួន​នឹង​ខ្ញុំ​»។

លុយ​និង​ការ​រើស​អើង

ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​លុយ​អាច​នាំ​ឲ្យ​មនុស្ស​មាន​គំនិត​លម្អៀង។ ជា​ឧទាហរណ៍ អ្នក​មាន​ប្រហែល​ជា​សន្និដ្ឋាន​ថា អ្នក​ក្រ​ខ្ជិល​ច្រអូស​មិន​ខំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ជីវិត​ប្រសើរ​ជាង​ទេ។ ចំណែក​អ្នក​ក្រ​វិញ សន្និដ្ឋាន​ថា​អ្នក​មាន​គឺ​ជា​មនុស្ស​សម្ភារ​និយម​ឬ​ក៏​លោភ​លន់។ នេះ​បាន​កើត​ឡើង​ចំពោះ​ប្អូន​ស្រី​លីអាន​ដែល​មាន​អាយុ​១៧​ឆ្នាំ។ គាត់​មាន​ក្រុម​គ្រួសារ​ជា​អ្នក​មាន ហើយ​គាត់​រង​គ្រោះ​ដោយ​សារ​ការ​រើស​អើង។ គាត់​បាន​រៀប​រាប់​ថា​៖

ឱវាទ​ក្នុង​គម្ពីរ​ដែល​ទាក់​ទង​នឹង​លុយ គឺ​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ​នេះ

​«​គេ​ស្គាល់​ខ្ញុំ​ថា​ជា​កូន​ស្រី​អ្នក​ចង​ការ​ប្រាក់ ដូច្នេះ គេ​តែង​តែ​និយាយ​មក​ខ្ញុំ​ថា‹ពេល​ឯង​ចង់​បាន​អី​មួយ​ស្រួល​ហ្នឹង ឯង​គ្រាន់​តែ​សុំ​ពី​ប៉ា​ឯង​ទៅ​បាន​ហើយ› ឬ​ក៏‹ធ្វើ​ម៉េច​យើង​មិន​មាន​ដូច​ឯង។ យើង​មិន​អាច​មាន​ឡាន​ថ្មី​ៗ​ដូច​ក្រុម​គ្រួសារ​ឯង​ទេ›។ ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឲ្យ​ឈប់​និយាយ​ពាក្យ​ទាំង​នេះ​ទៀត។ ខ្ញុំ​ចង់​ឲ្យ​គេ​មើល​មក​ខ្ញុំ​ជា​មនុស្ស​ចិត្ត​ល្អ មិន​មែន​ជា​កូន​អ្នក​មាន​ទេ​»។

អ្វី​ដែល​គម្ពីរ​ចែង

គម្ពីរ​មិន​បាន​និយាយ​ថា​លុយ​អាក្រក់​ទេ ហើយ​ក៏​មិន​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​មាន​លុយ​ដែរ ទោះ​ជា​គាត់​មាន​លុយ​ច្រើន​ក៏​ដោយ។ សរុប​ទៅ អ្វី​ដែល​មិន​ល្អ​គឺ​ចិត្ត​គំនិត​ឬ​បំណង​ចិត្ត​របស់​គាត់​ចំពោះ​លុយ មិន​មែន​លុយ​ទេ។ ឱវាទ​ក្នុង​គម្ពីរ​ស្ដី​អំពី​លុយ​គឺ​សម​ហេតុ​ផល ហើយ​ឱវាទ​ទាំង​នោះ​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ។ សូម​កត់​សម្គាល់​ឧទាហរណ៍​ដូច​ត​ទៅ។

គម្ពីរ​ចែង​ថា​៖​«​កុំ​ធ្វើ​ការ​ហួស​កម្លាំង ដោយ​សារ​តែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ឡើយ​»។—សុភាសិត ២៣:៤

យោង​ទៅ​តាម​សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖​«​អ្នក​ដែល​ដេញ​តាម​ទ្រព្យ​សម្បត្តិ​នឹង​មាន​បញ្ហា​សុខភាព​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ដូច​ជា​ឈឺ​ក ឈឺ​ចង្កេះ ឈឺ​ក្បាល ផឹក​ស្រា​ហួស​ប្រមាណ និង​សេព​គ្រឿង​ញៀន​ជា​ដើម។ ទោះ​ជា​ពួក​គេ​មាន​លុយ​ច្រើន​ក្ដី តែ​ពួក​គេ​មិន​សូវ​មាន​សុភមង្គល​ទេ(​The Narcissism Epidemic​)។

គម្ពីរ​ចែង​ថា​៖​«​ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»។—ហេប្រឺ ១៣:៥

បុគ្គល​ដែល​ចេះ​ស្កប់​ចិត្ត​មិន​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​បញ្ហា​លុយ​កាក់​ទេ។ ប៉ុន្តែ ពេល​មាន​បញ្ហា​នោះ​គាត់​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។ ជា​ឧទាហរណ៍ បុគ្គល​ដែល​ចេះ​ស្កប់​ចិត្ត​មិន​បារម្ភ​ហួស​ហេតុ​ពេក​ទេ​ពេល​ដែល​គ្មាន​ប្រាក់​ចំណូល។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​មាន​ចិត្ត​គំនិត​ដូច​សាវ័ក​ប៉ូល​ដែល​សរសេរ​ថា​៖​«​ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​តែ​បន្តិច​បន្តួច ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ។ ខ្ញុំ​បាន​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់​និង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ទោះ​ជា​ឆ្អែត ឬ​ឃ្លាន​ក្ដី ទោះ​ជា​មាន​បរិបូរ ឬ​ខ្វះ​ខាត​ក្ដី​»។—ភីលីព ៤:១២

គម្ពីរ​ចែង​ថា​៖​«​អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​ទៅ​»។—សុភាសិត ១១:២៨

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រៀប​រាប់​ថា គូ​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​លែង​លះ​គ្នា​ដោយ​សារ​បញ្ហា​លុយ​កាក់ ហើយ​អ្នក​ខ្លះ​ទៀត​ឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។ សម្រាប់​មនុស្ស​ខ្លះ ពួក​គេ​ចាត់​ទុក​លុយ​ថា​សំខាន់​ជាង​គូ​អាពាហ៍ពិពាហ៍​ឬ​ជីវិត​របស់​ពួក​គេ​ទៅ​ទៀត។ ខុស​ពី​ពួក​គេ អស់​អ្នក​ដែល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ ពួក​គេ​មិន​ពឹង​ផ្អែក​ទៅ​លើ​លុយ​ទេ! ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ប្រសាសន៍​ដ៏​មាន​ប្រាជ្ញា​របស់​លោក​យេស៊ូ​ដែល​ថា​៖​«​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។—លូកា ១២:១៥

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លុយ?

ការ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​អាច​ឲ្យ​អ្នក​ដឹង​ថា អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ្ញុំ​ត្រូវ​ទាក់​ទាញ​ឲ្យ​ចង់​ក្លាយ​ជា​អ្នក​មាន​លឿន​ទេ?

  • តើ​ខ្ញុំ​ជា​មនុស្ស​កំណាញ់​ឬ​ទេ?

  • តើ​ខ្ញុំ​ចង់​រាប់​អាន​មិត្ត​ភក្តិ​ដែល​ចូល​ចិត្ត​និយាយ​តែ​រឿង​លុយ​និង​វត្ថុ​ទ្រព្យ​ដែល​ពួក​គេ​មាន​ទេ?

  • តើ​ខ្ញុំ​សម្រេច​ចិត្ត​និយាយ​កុហក​ឬ​ធ្វើ​អ្វី​មួយ​ខុស​ដើម្បី​បាន​លុយ​ឬ​ទេ?

  • តើ​លុយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​អស្ចារ្យ​ឬ​ទេ?

  • តើ​ខ្ញុំ​តែង​តែ​គិត​អំពី​លុយ​ឬ​ទេ?

  • តើ​ចិត្ត​គំនិត​របស់​ខ្ញុំ​ចំពោះ​លុយ​ជះ​ឥទ្ធិពល​មក​លើ​សុខភាព​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឬ​ទេ?

    ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ទូលាយ​ដោយ​ចេះ​ឲ្យ​អ្នក​ឯ​ទៀត

បើ​អ្នក​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ទាំង​នេះ សូម​ព្យាយាម​បំបាត់​ចោល​ការ​គិត​តែ​វត្ថុ​ទ្រព្យ ហើយ​ខំ​យក​ឈ្នះ​ការ​ល្បួង​ផ្សេង​ៗ។ សូម​ប្រយ័ត្ន​ការ​សេព​គប់​ជា​មួយ​នឹង​អ្នក​ដែល​ចាត់​ទុក​លុយ​និង​វត្ថុ​ទ្រព្យ​ថា​សំខាន់។ ផ្ទុយ​ទៅ​វិញ សូម​សេព​គប់​ជា​មួយ​អស់​អ្នក​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ខ្នាត​តម្រា​របស់​ព្រះ ជា​ជាង​វត្ថុ​ទ្រព្យ។

សូម​កុំ​ឲ្យ​ការ​ស្រឡាញ់​ប្រាក់​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ចាត់​ទុក​មិត្ត​ភក្ដិ ក្រុម​គ្រួសារ សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​ផ្លូវ​កាយ​ថា​សំខាន់​ជាង​លុយ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​បង្ហាញ​ថា​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ។

a ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ប្ដូរ។