លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាសម្ដី បើថាមែនគឺមែន

ចូររក្សាសម្ដី បើថាមែនគឺមែន

ចូរ​រក្សា​សម្ដី បើ​ថា​មែន​គឺ​មែន

«គ្រាន់តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន បើ​ថា‹ទេ› គឺ​ទេ»។—ម៉ាថ. ៥:៣៧

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​ស្បថ?

ហេតុ​អ្វី​លោក​យេស៊ូ​ជា​គំរូ​ល្អ​បំផុត​ស្តី​អំពី​ការ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​លោក?

តើ​ក្នុង​រឿង​ណាខ្លះ​ដែល​យើង​គួរ​រក្សា​សម្ដី​របស់​យើង​បើ​ថា​មែន​គឺ​មែន?

១​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​ស្បថ ហើយ​ហេតុ​អ្វី?

តាម​ធម្មតា​គ្រិស្ត​សាសនិក​ពិត​មិន​ចាំ​បាច់​ស្បថ​ឡើយ។ នេះ​គឺ​ដោយ​សារ​ពួក​គេ​ស្ដាប់​បង្គាប់​លោក​យេស៊ូ ដែល​បាន​មាន​ប្រសាសន៍​ថា៖ «គ្រាន់តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន»។ លោក​ចង់​និយាយ​ថា បុគ្គល​ម្នាក់​គួរ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន។ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ពាក្យ​នោះ​ដោយ​បង្គាប់​ថា៖ «កុំ​ស្បថ​ឲ្យ​សោះ»។ លោក​និយាយ​បែប​នេះ​ដោយ​សារ​លោក​មិន​ពេញ​ចិត្ត​នឹង​ទម្លាប់​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ការ​សន្ទនា​ជា​រៀង​រាល់​ថ្ងៃ ដោយ​ស្បថ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ធ្វើ​នេះ​ឬ​ក៏​ធ្វើ​នោះ តែ​គ្មាន​បំណង​ធ្វើ​អ្វី​ដែល​ពួក​គេ​និយាយ​នោះ​ទេ។ មនុស្ស​ដែល​និយាយ«លើស​ពី»ពាក្យ​ថា​មែន​ឬ​ទេ​ដើម្បី​បញ្ជាក់​អំពី​បំណង​របស់​ខ្លួន ប្រហែលជា​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​មិន​គួរ​ឲ្យ​ទុក​ចិត្ត ហេតុ​នេះ​ពួក​គេ​នៅ​ក្រោម​ឥទ្ធិពល​នៃ«មេកំណាច»។—សូម​អាន ម៉ាថាយ ៥:៣៣​-​៣៧

២​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ការ​ស្បថ​មិន​តែង​តែ​ជា​អ្វី​ដែល​ខុស​នោះ​ទេ។

តើ​ពាក្យ​លោក​យេស៊ូ​មាន​ន័យ​ថា​ការ​ស្បថ​ទាំង​អស់​គឺ​ខុស​ឬ? តើ​ការ​ស្បថ​អាច​ខុស​យ៉ាង​ដូច​ម្ដេច​បាន? ដូច​យើង​បាន​រៀន​នៅ​អត្ថបទ​មុន ព្រះ​យេហូវ៉ា​និង​អាប្រាហាំ​ដែល​ជា​អ្នក​បម្រើ​ដ៏​សុចរិត​របស់​លោក បាន​ស្បថ​នៅ​ក្នុង​ឱកាស​ដ៏​សំខាន់ៗ។ ច្បាប់​របស់​ព្រះ​ក៏​តម្រូវ​ឲ្យ​ស្បថ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ផ្សេងៗដែរ។ (និក្ខ. ២២:១០, ១១; ជន. ៥:២១, ២២) ដូច្នេះ គ្រិស្ត​សាសនិក​ប្រហែលជា​ត្រូវ​ស្បថ​ដើម្បី​ប្រាប់​ការ​ពិត​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ជា​សាក្សី​នៅ​តុលាការ។ ក្នុង​កាលៈទេសៈ​ដ៏​កម្រ​មាន គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​ត្រូវ​ស្បថ​ដើម្បី​ធានា​ចំពោះ​អ្នក​ឯ​ទៀត​អំពី​បំណង​របស់​គាត់​ឬ​ក៏​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា។ តាម​ការ​ពិត ពេល​ដែល​សម្ដេច​សង្ឃ​បង្គាប់​ឲ្យ​លោក​យេស៊ូ​ស្បថ លោក​មិន​បាន​ប្រកែក​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ការ​ពិត​ប្រាប់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ជន​ជាតិ​យូដា។ (ម៉ាថ. ២៦:៦៣, ៦៤) ប៉ុន្តែ លោក​យេស៊ូ​មិន​ចាំ​បាច់​ស្បថ​ចំពោះ​អ្នក​ណា​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដើម្បី​បញ្ជាក់​ថា​សម្ដី​របស់​លោក​គួរ​ឲ្យ​ទុក​ចិត្ត ជា​រឿយៗលោក​បាន​ចាប់​ផ្ដើម​អ្វី​ដែល​លោក​បាន​និយាយ​តាម​របៀប​នេះ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត[ន័យ​ត្រង់‹ដោយ​ពិត​ត្រង់ ដោយ​ពិត​ត្រង់›]»។ (យ៉ូន. ១:៥១; ១៣:១៦, ២០, ២១, ៣៨) សូម​យើង​ពិនិត្យ​មើល​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ ប៉ូល និង​អ្នក​ឯ​ទៀត​ដែល​ថា​មែន​គឺ​មែន។

លោក​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត

៣​. តើ​លោក​យេស៊ូ​បាន​សន្យា​អ្វី​ចំពោះ​ព្រះ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក ហើយ​តើ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​បាន​តប​ឆ្លើយ​យ៉ាង​ណា?

«ឱ​ព្រះ​អើយ មើល! ខ្ញុំ​មក . . . ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក»។ (ហេ. ១០:៧) តាម​រយៈ​ពាក្យ​សម្ដី​ដ៏​មាន​អត្ថន័យ​នេះ លោក​យេស៊ូ​បាន​បង្ហាញ​ខ្លួន​លោក​ចំពោះ​ព្រះ​ដើម្បី​ធ្វើ​អ្វី​ទាំង​អស់​ដែល​គម្ពីរ​បាន​ទាយ​អំពី​ពូជ​ដែល​បាន​ត្រូវ​សន្យា នេះ​រួម​បញ្ចូល​ការ​ដែល​លោក​ត្រូវ​សាថាន«ចឹក​កែង​ជើង»។ (លោ. ៣:១៥) គ្មាន​មនុស្ស​ណា​ទៀត​ធ្លាប់​ស្ម័គ្រ​ចិត្ត​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ថា​លោក​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​បុត្រ​របស់​លោក ទោះ​ជា​លោក​មិន​បាន​តម្រូវ​ឲ្យ​លោក​យេស៊ូ​ស្បថ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​លោក​ក៏​ដោយ។—លូក. ៣:២១, ២២

៤​. តើ​លោក​យេស៊ូ​រក្សា​សម្ដី​របស់​លោក បើ​ថា​មែន​គឺ​មែន​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ ដោយ​រក្សា​សម្ដី​របស់​លោក​បើ​ថា​មែន​គឺ​មែន។ លោក​មិន​ឲ្យ​អ្វី​មក​បំបែរ​អារម្មណ៍​លោក​ពី​ភារកិច្ច​ដែល​លោក​បាន​ទទួល​ពី​បិតា​លោក​សោះ​ឡើយ។ ភារកិច្ច​នោះ​គឺ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ និង​ការ​បង្រៀន​មនុស្ស​ដែល​ព្រះ​បាន​ទាញ​នាំ​មក​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (យ៉ូន. ៦:៤៤) គម្ពីរ​រៀប​រាប់​ថា​លោក​យេស៊ូ​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​លោក​សន្យា ដោយ​ប្រើ​ពាក្យ​ដ៏​ល្បីល្បាញ​ដែល​ថា៖ «ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សេចក្ដី​សន្យា​ទាំង​អស់​នោះ​បាន​ទៅ​ជា​មែន តាម​រយៈ​លោក»។ (២កូ. ១:២០) លោក​យេស៊ូ​ពិត​ជា​គំរូ​ដ៏​ប្រសើរ​បំផុត ជា​អ្នក​ដែល​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា​ចំពោះ​បិតា​លោក។ បន្ទាប់​មក សូម​ពិចារណា​អំពី​បុគ្គល​ម្នាក់​ដែល​បាន​ខំ​អស់ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​លោក​យេស៊ូ។

ប៉ូល​ជា​មនុស្ស​ដែល​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន

៥​. តើ​សាវ័ក​ប៉ូល​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង?

«លោក​ម្ចាស់ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ (សកម្ម. ២២:១០) ដោយ​និយាយ​ពាក្យ​សម្ដី​ដ៏​ស្មោះ​នេះ ប៉ូល​ដែល​ពី​មុន​គេ​ស្គាល់​ថា​ជា​សុល បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ម្ចាស់​យេស៊ូ​ដែល​បាន​ទទួល​សិរី​រុងរឿង ដែល​បាន​លេច​មក​ឲ្យ​ប៉ូល​ឃើញ​ក្នុង​ការ​បើក​បង្ហាញ​ក្នុង​គំនិត​មួយ ដើម្បី​បញ្ឈប់​គាត់​មិន​ឲ្យ​បៀតបៀន​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ ជា​លទ្ធផល ដោយ​ចិត្ត​រាប​ទាប សុល​បាន​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​របស់​គាត់​នៅ​អតីតកាល បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ទទួល​យក​ភារកិច្ច​ពិសេស​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពី​លោក​យេស៊ូ​ដល់​ប្រជាជាតិ​នានា។ ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ូល​បាន​បន្ត​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​ជា«លោក​ម្ចាស់»របស់​គាត់ ដោយ​ប្រព្រឹត្ត​សម​ស្រប​នឹង​ពាក្យ​នោះ​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​គាត់​នៅ​ផែនដី។ (សកម្ម. ២២:៦​-​១៦; ២កូ. ៤:៥; ២ធី. ៤:៨) ប៉ូល​មិន​ដូច​អ្នក​ឯ​ទៀត​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា‹លោក​ម្ចាស់! លោក​ម្ចាស់!› តែ​មិន​ប្រព្រឹត្ត​តាម​អ្វី​ដែល​ខ្ញុំ​និយាយ?»។ (លូក. ៦:៤៦) លោក​យេស៊ូ​សង្ឃឹម​ថា​អស់​អ្នក​ដែល​ទទួល​យក​លោក​ជា​ម្ចាស់​របស់​ពួក​គេ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ដូច​សាវ័ក​ប៉ូល។

៦, ៧​. (ក) ហេតុ​អ្វី​ប៉ូល​ផ្លាស់​ប្ដូរ​គម្រោង​ធ្វើ​ទស្សនកិច្ច​របស់​គាត់​នៅ​ក្រុង​កូរិនថូស ហើយ​ហេតុ​អ្វី​ពួក​អ្នក​ដែល​រិះ​គន់​គាត់​មិន​អាច​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ចោទ​ប្រកាន់​គាត់​ថា​មិន​គួរ​ឲ្យ​ទុក​ចិត្ត? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​ក្នុង​ចំណោម​យើង?

ប៉ូល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង​នូវ​ដំណឹង​អំពី​រាជាណាចក្រ​ពាស​ពេញ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច​និង​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន ហើយ​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ទាំង​នោះ។ ម្ដង​ម្កាល គាត់​ត្រូវ​ស្បថ​ថា​អ្វី​ដែល​គាត់​បាន​សរសេរ​គឺជា​ការ​ពិត។ (កាឡ. ១:២០) ពេល​បង​ប្អូន​ខ្លះ​នៅ​ក្រុង​កូរិនថូស​ចោទ​ប្រកាន់​ប៉ូល​ថា​មិន​គួរ​ឲ្យ​ទុក​ចិត្ត នោះ​គាត់​បាន​សរសេរ​ដើម្បី​ការពារ​ខ្លួន​ថា៖ «យើង​អាច​ទុក​ចិត្ត​ព្រះ ថា​សម្ដី​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា មិន​មែន​ថា មែន រួច​ទេ​វិញ​ឡើយ»។ (២កូ. ១:១៨) នៅ​ពេល​ដែល​គាត់​សរសេរ​សំបុត្រ​នោះ ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អេភេសូរ ហើយ​កំពុង​ធ្វើ​ដំណើរ​កាត់​ស្រុក​ម៉ាសេដូន​ដើម្បី​ទៅ​ក្រុង​កូរិនថូស។ ដើម​ឡើយ​គាត់​មាន​គម្រោង​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​កូរិនថូស​មុន​ទៅ​ស្រុក​ម៉ាសេដូន។ (២កូ. ១:១៥, ១៦) ប៉ុន្តែ ដូច​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​សព្វ​ថ្ងៃ​នេះ ជួនកាល​ពួក​គាត់​ត្រូវ​ផ្លាស់​ប្ដូរ​គម្រោង។ ការ​ផ្លាស់​ប្ដូរ​បែប​នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​សារ​មូលហេតុ​តូច​តាច ឬ​មូលហេតុ​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មាន​កិច្ចការ​បន្ទាន់។ ក្នុង​ករណី​របស់​ប៉ូល មូលហេតុ​ដែល​គាត់​ពន្យារ​ពេល​ធ្វើ​ទស្សនកិច្ច​ដែល​គាត់​បាន​គ្រោង​ទុក​នៅ​ក្រុង​កូរិនថូស គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​នោះ។ ហេតុ​អ្វី​ដូច្នេះ?

ពេល​ខ្លះ ក្រោយ​ពី​បាន​ធ្វើ​គម្រោង​រួច​ហើយ ប៉ូល​បាន​ឮ​ដំណឹង​មិន​ល្អ​ស្តី​អំពី​ការ​បណ្ដោយ​ឲ្យ​មាន​ការ​បែកបាក់​សាមគ្គី​គ្នា​និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នៅ​ក្នុង​ក្រុង​កូរិនថូស។ (១កូ. ១:១១; ៥:១) ដើម្បី​កែ​តម្រូវ​ស្ថានភាព​នោះ ប៉ូល​បាន​ផ្ដល់​ឱវាទ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​សំបុត្រ​ទី​១​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស។ បន្ទាប់​មក ជា​ជាង​ជិះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូរ​ទៅ​កាន់​ក្រុង​កូរិនថូស ប៉ូល​បាន​សម្រេច​ចិត្ត​ទុក​ពេល​ឲ្យ​បង​ប្អូន​ធ្វើ​តាម​ឱវាទ​របស់​គាត់ ដើម្បី​ពេល​ដែល​គាត់​ទៅ​ដល់​ទី​នោះ ទស្សនកិច្ច​របស់​គាត់​នឹង​នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ថែម​ទៀត។ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​កែប្រែ​គម្រោង​របស់​គាត់ ប៉ូល​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទី​២​របស់​គាត់​ថា៖ «ខ្ញុំ​សូម​ស្បថ​ចំពោះ​ព្រះ​ដោយ​ដាក់​ជីវិត​ថា ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិនថូស​ទេ ដើម្បី​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ចិត្ត​ខ្លាំង​ជាង​ពេល​នេះ»។ (២កូ. ១:២៣) ជា​ជាង​ធ្វើ​ដូច​ពួក​អ្នក​ដែល​រិះ​គន់​ប៉ូល សូម​ឲ្យ​យើង​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​នាំ​មុខ​ក្នុង​ចំណោម​យើង។ តាម​ការ​ពិត យើង​គួរ​យក​តម្រាប់​ប៉ូល ដូច​គាត់​បាន​យក​តម្រាប់​គ្រិស្ត​ដែរ។—១កូ. ១១:១; ហេ. ១៣:៧

គំរូ​ដ៏​ល្អ​ឯ​ទៀត

៨​. តើ​រេបិកា​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង?

‹ខ្ញុំ​ទទួល​ថា​ព្រម​ទៅ›។ (លោ. ២៤:៥៨) រេបិកា​បាន​ពោល​ពាក្យ​ដូច​ខាង​លើ​នេះ ពេល​នាង​ឆ្លើយ​តប​ទៅ​ម្ដាយ​និង​បង​ប្រុស​របស់​នាង​ថា​នាង​យល់​ព្រម​ចាក​ចេញ​ពី​ផ្ទះ​នៅ​ថ្ងៃ​នោះ​ឯង ហើយ​ធ្វើ​ដំណើរ​ជា​មួយ​មនុស្ស​ដែល​ពុំ​ធ្លាប់​ស្គាល់​អស់​ជាង​៨០០​គីឡូម៉ែត្រ (៥០០​ម៉ៃល៍) ដើម្បី​ក្លាយ​ជា​ប្រពន្ធ​អ៊ីសាក​ដែល​ជា​កូន​ប្រុស​របស់​អាប្រាហាំ។ (លោ. ២៤:៥០​-​៥៨) រេបិកា​បាន​និយាយ​ថា​មែន​គឺ​មែន ហើយ​នាង​បង្ហាញ​ថា​នាង​ជា​ប្រពន្ធ​ដែល​កោត​ខ្លាច​ព្រះ និង​ជា​ប្រពន្ធ​ដែល​ស្មោះ​ត្រង់​របស់​អ៊ីសាក។ រេបិកា​រស់​នៅ​អស់​មួយ​ជីវិត​របស់​នាង​ក្នុង​ត្រ​សាល ជា​ជន​បរទេស​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ដោយ​សារ​នាង​មាន​ចិត្ត​ស្មោះ​ត្រង់ នាង​បាន​ទទួល​រង្វាន់​ដោយ​ក្លាយ​ជា​ជីដូន​នៃ​លោក​យេស៊ូ​គ្រិស្ត​ជា​ពូជ​ដែល​បាន​ត្រូវ​សន្យា។—ហេ. ១១:៩, ១៣

៩​. តើ​នាង​រូថ​បាន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​នាង​យ៉ាង​ដូច​ម្ដេច?

«ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្ដាយ ជា​មួយ​នឹង​អ្នក​ម្ដាយ​ដែរ»។ (រស់. ១:១០) រូថ​និង​អ័រប៉ា​ដែល​ជា​ស្ត្រី​មេម៉ាយ​ជន​ជាតិ​ម៉ូអាប់ បាន​និយាយ​ពាក្យ​នេះ​ទៅ​ន៉ាអូមី​ដែល​ជា​ស្ត្រី​មេម៉ាយ​និង​ជា​ម្ដាយក្មេក​របស់​ពួក​គេ ដែល​កំពុង​ត្រឡប់​ពី​ស្រុក​ម៉ូអាប់​ទៅ​ក្រុង​បេថ្លេហិម​វិញ។ នៅ​ទី​បំផុត ដោយ​សារ​ន៉ាអូមី​បង្ខំ អ័រប៉ា​ក៏​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​វិញ។ ប៉ុន្តែ ពាក្យ​នាង​រូថ​ថា​ទេ​គឺ​ទេ​មែន។ (សូម​អាន នាងរស់ ១:១៦, ១៧) នាង​រូថ​បាន​នៅ​ជាប់​នឹង​ន៉ាអូមី​យ៉ាង​ស្មោះ​ត្រង់ ហើយ​បាន​លះ​ចោល​គ្រួសារ​របស់​នាង​និង​សាសនា​មិន​ពិត​របស់​ជន​ជាតិ​ម៉ូអាប់​ជា​រៀង​រហូត។ នាង​បាន​ស៊ូ​ទ្រាំ​ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​រង្វាន់​ដោយ​បាន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ ដែល​ម៉ាថាយ​រៀប​រាប់​ក្នុង​វង្ស​ត្រកូល​របស់​គ្រិស្ត។—ម៉ាថ. ១:១, ៣, ៥, ៦, ១៦

១០​. ហេតុ​អ្វី​អេសាយ​ជា​គំរូ​ល្អ​សម្រាប់​យើង?

១០ «ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ»។ (អេ. ៦:៨) មុន​ពោល​ពាក្យ​នេះ ក្នុង​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​ក្នុង​គំនិត អេសាយ​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ខាង​លើ​វិហារ​របស់​អ៊ីស្រាអែល។ កាល​ដែល​គាត់​កំពុង​សម្លឹង​មើល​អ្វី​ដ៏​អស្ចារ្យ​នោះ អេសាយ​បាន​ឮ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ «តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ?»។ នេះ​ជា​ការ​អញ្ជើញ​មួយ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់​លោក​ទៅ​កាន់​បណ្ដា​ជន​ដ៏​រឹង​ទទឹង​របស់​លោក។ អេសាយ​បាន​ធ្វើ​តាម​ពាក្យ​របស់​គាត់​ដែល​ថា​មែន​គឺ​មែន។ គាត់​បាន​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​យ៉ាង​ស្មោះ​ត្រង់​អស់​ជាង​៤៦​ឆ្នាំ ដោយ​ប្រកាស​ការ​ផ្ដន្ទា​ទោស​យ៉ាង​ម៉ឺង​ម៉ាត់ ព្រម​ទាំង​ប្រាប់​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ស្តី​អំពី​ការ​រៀបចំ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ពិត។

១១​. (ក) ហេតុ​អ្វី​ការ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​គឺ​សំខាន់​ម្ល៉េះ? (ខ) តើ​មាន​គំរូ​អ្វី​ខ្លះ ដែល​ទុក​ជា​ការ​ព្រមាន សម្រាប់​អ្នក​ដែល​មិន​រក្សា​សម្ដី​របស់​ខ្លួន?

១១ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​គេ​កត់​ទុក​គំរូ​ខាង​លើ​នេះ​ក្នុង​បណ្ដាំ​របស់​លោក​សម្រាប់​យើង? ហើយ​តើ​ការ​រក្សា​សម្ដី​ថា​មែន​គឺ​មែន​គឺ​សំខាន់​យ៉ាង​ណា? គម្ពីរ​ព្រមាន​យ៉ាង​ច្បាស់​ថា បុគ្គល​ដែល«ក្បត់​សន្យា» គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល«គួរតែ​ស្លាប់»។ (រ៉ូម ១:៣១, ៣២) ផារ៉ូ​ដែល​ជា​ស្តេច​អេស៊ីប សេដេគា​ដែល​ជា​ស្តេច​យូដា អាណានាស​និង​សាភីរ៉ា គឺ​នៅ​ក្នុង​ចំណោម​គំរូ​អាក្រក់​ដែល​គម្ពីរ​បាន​បញ្ជាក់​អំពី​បុគ្គល​ដែល​និយាយ​ថា​មែន​តែ​មិន​ធ្វើ​តាម​សម្ដី​របស់​ខ្លួន។ ពួក​គេ​ទាំង​អស់​គ្នា​ទទួល​លទ្ធផល​អាក្រក់ ហើយ​ជា​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​សម្រាប់​យើង។—និក្ខ. ៩:២៧, ២៨, ៣៤, ៣៥; អេស. ១៧:១៣​-​១៥, ១៩, ២០; សកម្ម. ៥:១​-​១០

១២​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​យើង?

១២ ដោយ​សារ​យើង​រស់​នៅ«គ្រា​ចុង​ក្រោយ​បង្អស់» នៅ​ជុំ​វិញ​យើង​មាន​មនុស្ស«មិន​ស្មោះ​ត្រង់» មនុស្ស​ដែល«ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដីភាព​ចំពោះ​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដីភាព​នោះ​ទេ»។ (២ធី. ៣:១​-​៥) យើង​ត្រូវ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​ការ​សេពគប់​អាក្រក់​បែប​នេះ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ចូល​រួម​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​ពួក​អ្នក​ដែល​ព្យាយាម​រក្សា​សម្ដី​របស់​ខ្លួន​ដែល​ថា​មែន​គឺ​មែន​ជា​និច្ច។—ហេ. ១០:២៤, ២៥

ពាក្យ​ថា​មែន​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក

១៣​. តើ​ពាក្យ​ថា​មែន​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺជា​អ្វី?

១៣ ពាក្យ​សន្យា​ដ៏​សំខាន់​បំផុត​ដែល​បុគ្គល​ម្នាក់​អាច​សន្យា​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ប្រគល់​ខ្លួន​របស់​គាត់​ជូន​ព្រះ។ នៅ​ក្នុង​ឱកាស​បី​ដោយ​ឡែក​ពី​គ្នា ពួក​អ្នក​ដែល​ចង់​ប្រគល់​ខ្លួន​ពួក​គេ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​ឱកាស​ឆ្លើយ​ថា​មែន​ទៅ​នឹង​សំណួរ​ស្តី​អំពី​បំណង​ចិត្ត​របស់​ពួក​គេ។ (ម៉ាថ. ១៦:២៤) នៅ​ពេល​ដែល​អ្នក​ចាស់​ទុំ​ពីរ​នាក់​សួរ​សំណួរ​បុគ្គល​ម្នាក់​ដែល​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គាត់​នឹង​សួរ​គាត់​ថា៖ «តើ​អ្នក​ពិត​ជា​ចង់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​មែន​ឬ​ទេ?»។ ក្រោយ​មក ពេល​ដែល​បុគ្គល​នោះ​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មាន​បំណង​ចង់​បាន​ការ​អនុញ្ញាត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ចាស់​ទុំ​នឹង​ជួប​គាត់ ហើយ​សួរ​ថា៖ «តើ​អ្នក​បាន​ប្រគល់​ខ្លួន​អ្នក​ជូន​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​ហើយ​ឬ​នៅ?»។ នៅ​ទី​បំផុត នៅ​ថ្ងៃ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ដែល​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ម្នាក់ៗនឹង​ត្រូវ​សួរ​ថា៖ «ដោយ​មាន​មូលដ្ឋាន​លើ​ការ​បូជាជីវិត​នៃ​លោក​យេស៊ូ​គ្រិស្ត តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​បាន​ប្រគល់​ខ្លួន​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ?»។ ដូច្នេះ នៅ​មុខ​សាក្សី​ទាំង​ឡាយ អ្នក​ថ្មី​ទាំងនេះ​និយាយ​ថា​បាទ​ឬ​ចាស​ដើម្បី​សន្យា​ថា​ពួក​គេ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។

១៤​. ដើម្បី​ពិចារណា​អំពី​ខ្លួន​យើង​ជា​ទៀង​ទាត់ តើ​យើង​គួរ​សួរ​សំណួរ​អ្វី​ខ្លះ?

១៤ ទោះ​ជា​អ្នក​ទើប​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​បាន​បម្រើ​ព្រះ​អស់​ប៉ុន្មាន​ទសវត្សរ៍​ហើយ​ក្ដី អ្នក​ត្រូវ​ពិចារណា​អំពី​ខ្លួន​អ្នក​ជា​ទៀង​ទាត់ ហើយ​សួរ​ខ្លួន​នូវ​សំណួរ​ដែល​ថា៖ ‹ដោយ​យក​តម្រាប់​លោក​យេស៊ូ តើ​ខ្ញុំ​បន្ត​រក្សា​ពាក្យ​ថា​មែន​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​បន្ត​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ដោយ​ចាត់​ទុក​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ឬ​ទេ?›។—សូម​អាន កូរិនថូសទី២ ១៣:៥

១៥​. តើ​នៅ​ក្នុង​រឿង​ណាខ្លះ​នៃ​ជីវិត​របស់​អ្នក​ដែល​ការ​ថា​មែន​គឺ​មែន​គឺជា​រឿង​សំខាន់?

១៥ ការ​ធ្វើ​តាម​សម្បថ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ មាន​ន័យ​ថា​យើង​ក៏​ត្រូវ​ស្មោះ​ត្រង់​ក្នុង​រឿង​សំខាន់​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ តើ​អ្នក​បាន​រៀប​ការ​ហើយ​ឬ​នៅ? បើ​អ្នក​រៀប​ការ​ហើយ ចូរ​បន្ត​ធ្វើ​តាម​ពាក្យ​សម្បថ​ដ៏​មាន​តម្លៃ​របស់​អ្នក​ដែល​ថា​អ្នក​នឹង​ស្រឡាញ់ ហើយ​ថ្នាក់​ថ្នម​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក។ តើ​អ្នក​បាន​ចុះ​កិច្ច​សន្យា​រក​ស៊ី​ឬ​បាន​បំពេញ​ពាក្យ​សុំ​ដើម្បី​ទទួល​ភារកិច្ច​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម​ជំនុំ​ឬ​ក្នុង​អង្គការ​របស់​ព្រះ​ឬ​ទេ? បើ​ដូច្នេះ​មែន សូម​ធ្វើ​តាម​ពាក្យ​សន្យា​របស់​អ្នក។ តើ​អ្នក​បាន​យល់​ព្រម​ទៅ​ពិសា​បាយ​ជា​មួយ​អ្នក​ណា​ម្នាក់​ដែល​មិន​សូវ​មាន​ធនធាន​ឬ​ទេ? ដូច្នេះ សូម​កុំ​លុប​ចោល​ពាក្យ​សន្យា​នោះ​ដោយ​សារ​មាន​ម្នាក់​ទៀត​បាន​អញ្ជើញ​អ្នក​ដែល​តាម​មើល​ទៅ​គឺ​ល្អ​ជាង​ការ​អញ្ជើញ​មុន។ តើ​អ្នក​បាន​សន្យា​ជា​មួយ​អ្នក​ដែល​អ្នក​បាន​ជួប​ពេល​ផ្សព្វ​ផ្សាយ​ថា អ្នក​នឹង​ទៅ​ជួប​គាត់​ម្ដង​ទៀត​ដើម្បី​ជួយ​គាត់​ឲ្យ​កាន់​តែ​មាន​ចំណេះ​ថែម​ទៀត​អំពី​ព្រះ​ឬ​ទេ? បើ​ដូច្នេះ​មែន ចូរ​រក្សា​សម្ដី​របស់​អ្នក​បើ​ថា​មែន​គឺ​មែន ហើយ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក។—សូម​អាន លូកា ១៦:១០

ប្រយោជន៍​ដែល​យើង​ទទួល​ពី​សម្ដេច​សង្ឃ​និង​ស្តេច​របស់​យើង

១៦​. ប្រសិនបើ​យើង​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​យើង តើ​យើង​គួរ​ធ្វើ​អ្វី?

១៦ គម្ពីរ​ចែង​ថា​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ «យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ»ជា​ពិសេស​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង។ (យ៉ា. ៣:២) តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ពេល​យើង​ដឹង​ថា​យើង​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​យើង? នៅ​ក្នុង​ច្បាប់​របស់​ព្រះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល មាន​ការ​រៀបចំ​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ណា​ដែល​មាន​ទោស​ដោយ​សារបាន«ស្បថ​ដោយ​ឥត​បើ​គិត»។ (លេវី. ៥:៤​-​៧, ១១) ក្នុង​ច្បាប់​របស់​ព្រះ​ក៏​មាន​ការ​រៀបចំ​មួយ​ដែល​ស​ឲ្យ​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បែប​នេះ​ដែរ។ ប្រសិនបើ​យើង​សារភាព​កំហុស​ណា​មួយ​ចំពោះ​ព្រះ​យេហូវ៉ា លោក​នឹង​អភ័យទោស​ឲ្យ​យើង​ដោយ​សេចក្ដី​មេត្ដា​ករុណា​តាម​រយៈ​កិច្ចការ​របស់​សម្ដេច​សង្ឃ​របស់​យើង ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ (១យ៉ូន. ២:១, ២) ដូច្នេះ ដើម្បី​ឲ្យ​យើង​នៅ​តែ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​បង្ហាញ​ថា​យើង​បាន​ប្រែ​ចិត្ត​ដោយ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ជា​ទម្លាប់ ហើយ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​សង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ការ​ស្បថ​ដោយ​ឥត​បើ​គិត​របស់​យើង។ (សុភ. ៦:២, ៣) ជា​ការ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ដែល​យើង​ពិចារណា​យ៉ាង​ដិត​ដល់ មុន​នឹង​យើង​ធ្វើ​ការ​សន្យា​ដែល​យើង​មិន​អាច​ធ្វើ​តាម​បាន។—សូម​អាន សាស្ដា ៥:២

១៧, ១៨​. តើ​អស់​អ្នក​ដែល​ខំ​ប្រឹង​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន​បើ​ថា​មែន​គឺ​មែន នឹង​មាន​អនាគត​ដ៏​អស្ចារ្យ​អ្វី?

១៧ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​ខំ​ប្រឹង​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន​បើ​ថា​មែន​គឺ​មែន នឹង​មាន​អនាគត​ដ៏​អស្ចារ្យ​មែន! គ្រិស្ត​សាសនិក​១៤៤​.​០០០​នាក់​ដែល​បាន​ត្រូវ​រើស​តាំង នឹង​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ដែល​នៅ​ទី​នោះ​ពួក​គេ​រួម​ចំណែក​ជា​មួយ​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​របស់​លោក ហើយ«នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ»។ (បប. ២០:៦) មនុស្ស​ជា​ច្រើន​ឥត​គណនា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​គ្រប់​គ្រង​របស់​គ្រិស្ត នៅ​ផែនដី​ដែល​នឹង​ក្លាយ​ជា​សួន​ឧទ្យាន។ នៅ​ទី​នោះ​ពួក​គេ​នឹង​ត្រូវ​ជួយ​ឲ្យ​មាន​រូប​កាយ​និង​ចិត្ត​គំនិត​ល្អ​ឥត​ខ្ចោះ​បន្ដិច​ម្ដងៗ។—បប. ២១:៣​-​៥

១៨ ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ការ​សាកល្បង​ចុង​ក្រោយ​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១​.​០០០​ឆ្នាំ​របស់​លោក​យេស៊ូ យើង​នឹង​គ្មាន​ហេតុ​សង្ស័យ​ទៅ​លើ​សេចក្ដី​សន្យា​របស់​អ្នក​ឯ​ទៀត​ឡើយ។ (បប. ២០:៧​-​១០) ពាក្យ​ទាំង​អស់​ដែល​ថា​មែន​នឹង​មែន ហើយ​ពាក្យ​ដែល​ថា​ទេ​គឺ​ទេ។ មនុស្ស​ទាំង​អស់​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​លោក​ជា​បិតា​ជា​ទី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌​និង​ជា«ព្រះ​នៃ​សេចក្ដី​ពិត»។—ទំនុក. ៣១:៥

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​ធំ​នៅ​ទំព័រ​២៨]

តាំង​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​រហូត​ដល់​ពេល​លោក​ស្លាប់ លោក​យេស៊ូ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា​ចំពោះ​បិតា​លោក

[រូបភាព​នៅ​ទំព័រ​៣០]

តើ​អ្នក​ធ្វើ​តាម​ពាក្យ​ថា​មែន​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក​ឬ​ទេ?