ព្រះយេហូវ៉ាជាទីអាស្រ័យនៅរបស់យើង
ព្រះយេហូវ៉ាជាទីអាស្រ័យនៅរបស់យើង
«ឱព្រះអម្ចាស់[យេហូវ៉ា]អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក»។—ទំនុក. ៩០:១
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើព្រះយេហូវ៉ាបានក្លាយទៅជា«ទីអាស្រ័យនៅ»សម្រាប់ពួកបុរសដ៏ស្មោះត្រង់នៅសម័យបុរាណយ៉ាងដូចម្ដេច?
តើយើងអាចទាញមេរៀនអ្វីពីការប្រព្រឹត្តដ៏ស្មោះត្រង់របស់អាប្រាហាំ?
តើតាមរបៀបណាយើងអាចបង្ហាញថា ព្រះយេហូវ៉ាជា«ទីអាស្រ័យនៅ»របស់យើង?
១, ២. តើអ្នកបម្រើរបស់ព្រះមានអារម្មណ៍យ៉ាងណាចំពោះរបៀបរបបពិភពលោកនេះ ហើយតើពួកគេមានទីអាស្រ័យនៅក្នុងន័យអ្វី?
តើអ្នកមានអារម្មណ៍ស្រួលនិងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្នុងពិភពលោកដ៏អាក្រក់នេះ ដូចនៅក្នុងផ្ទះរបស់អ្នកឬទេ? បើអ្នកមិនមានអារម្មណ៍ដូច្នោះទេ អ្នកមានអារម្មណ៍ដូចអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ាដែរ។ គ្រប់កាលសម័យ អស់អ្នកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ាមានអារម្មណ៍ថាខ្លួនជាជនបរទេសនៅក្នុងរបៀបរបបពិភពលោកនេះ។ ជាឧទាហរណ៍ កាលដែលពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះរើជំរំពីកន្លែងមួយទៅកន្លែងមួយ នៅក្នុងទឹកដីស្រុកកាណាន ពួកគេបាន«ប្រកាសដោយចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្ន»។—ហេ. ១១:១៣
២ ស្រដៀងគ្នាដែរ អ្នកកាន់តាមគ្រិស្តដែលព្រះបានរើសតាំង ដែល«ជាពលរដ្ឋស្ថានសួគ៌»ចាត់ទុកខ្លួនជា«ជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងរបៀបរបបពិភពលោកនេះ។ (ភី. ៣:២០; ១ពេ. ២:១១) «ចៀមឯទៀត»របស់គ្រិស្តក៏«មិនរួមចំណែកក្នុងពិភពលោកទេ ដូច[គ្រិស្ត]ក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូន. ១០:១៦; ១៧:១៦) ប៉ុន្តែ រាស្ត្ររបស់ព្រះមានផ្ទះមួយ។ ផ្ទះនេះមិនមែនជាផ្ទះមួយដែលយើងអាចមើលឃើញដោយភ្នែកនោះទេ ប៉ុន្តែជាផ្ទះដែលមានសុវត្ថិភាពបំផុតនិងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ខ្លាំងបំផុត។ តើផ្ទះនេះជាអ្វី? ម៉ូសេបានសរសេរថា៖ «ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក»។ (ទំនុក. ៩០:១) តើតាមរបៀបណាព្រះយេហូវ៉ាក្លាយទៅជា«ទីអាស្រ័យនៅ»សម្រាប់អ្នកបម្រើស្មោះត្រង់របស់លោកនៅសម័យបុរាណ? តើលោកជា«ទីអាស្រ័យនៅ»សម្រាប់រាស្ត្រដែលជាតំណាងនាមរបស់លោកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាលោកនឹងក្លាយទៅជាទីអាស្រ័យនៅតែមួយប៉ុណ្ណោះដែលមានសុវត្ថិភាពនៅអនាគត?
ព្រះយេហូវ៉ាជា«ទីអាស្រ័យនៅ»របស់អ្នកបម្រើលោកនៅសម័យបុរាណ
៣. នៅទំនុកតម្កើង ៩០:១ តើព្រះយេហូវ៉ាប្រៀបដូចជាអ្វី ហើយហេតុអ្វី?
៣ ដូចពាក្យក្នុងន័យធៀបជាច្រើនក្នុងគម្ពីរ ទំនុកតម្កើង ៩០:១មានប្រធានបទមួយ ចំណុចស្របគ្នាមួយ និងរូបប្រៀបប្រដូចមួយ។ ប្រធានបទគឺព្រះយេហូវ៉ា។ រូបប្រៀប ប្រដូចគឺទីអាស្រ័យនៅ ឬលំនៅ។ ពេលយើងគិតអំពីផ្ទះ យើងគិតអំពីកន្លែងមួយដែលមានសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្តនិងការការពារ។ ហេតុអ្វីព្រះយេហូវ៉ាប្រៀបដូចជាផ្ទះមួយ? គម្ពីរចែងថា ព្រះយេហូវ៉ាគឺជាសេចក្ដីស្រឡាញ់។ (១យ៉ូន. ៤:៨) លោកក៏ជាព្រះនៃសេចក្ដីសុខសាន្ត ដែលធ្វើឲ្យអ្នកបម្រើស្មោះភក្ដីរបស់លោក«នៅដោយសាន្តត្រាណ»។ (ទំនុក. ៤:៨) ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាគឺដូចជាផ្ទះមួយសម្រាប់អ្នកបម្រើដ៏ស្មោះត្រង់របស់លោកដូចជា អាប្រាហាំ អ៊ីសាក និងយ៉ាកុប។
៤, ៥. តើតាមរបៀបណាព្រះបានក្លាយជា«ទីអាស្រ័យនៅ»សម្រាប់អាប្រាហាំ?
៤ អាប្រាហាំប្រហែលជាឆ្ងល់អំពីមូលហេតុដែលព្រះយេហូវ៉ាប្រាប់គាត់ថា៖ «ចូរឯងចេញពីស្រុក ពីញាតិសន្ដាន . . . ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ»។ ប៉ុន្តែពាក្យបន្ទាប់របស់ព្រះយេហូវ៉ាច្បាស់ជាធ្វើឲ្យគាត់ធូរស្រាលក្នុងចិត្តជាខ្លាំង លោកបានមានប្រសាសន៍ថា៖ «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង . . . អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯង»។—លោ. ១២:១-៣
៥ តាមរយៈពាក្យទាំងនោះ ព្រះយេហូវ៉ាធានាថា លោកនឹងក្លាយទៅជាទីអាស្រ័យនៅដែលមានសុវត្ថិភាពសម្រាប់អាប្រាហាំនិងកូនចៅរបស់គាត់។ (លោ. ២៦:១-៦) ព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យារបស់លោក។ ជាឧទាហរណ៍ លោកបានរារាំងផារ៉ូជាស្តេចនៃស្រុកអេស៊ីបនិងស្តេចអ័ប៊ីម្ម៉ាឡិចនៃស្រុកកេរ៉ាមិនឲ្យរំលោភសារ៉ានិងសម្លាប់អាប្រាហាំ។ ព្រះយេហូវ៉ាបានការពារអ៊ីសាកនិងរេបិកាតាមរបៀបស្រដៀងគ្នានេះដែរ។ (លោ. ១២:១៤-២០; ២០:១-១៤; ២៦:៦-១១) គម្ពីរចែងថា៖ «[ព្រះយេហូវ៉ា]មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើយ អើ ទ្រង់បានផ្ចាលទាំងពួកស្តេចដោយយល់ដល់គេ ដោយថា កុំឲ្យប៉ះពាល់នឹងអ្នកដែលអញបានចាក់ប្រេងតាំងឲ្យ ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ»។—ទំនុក. ១០៥:១៤, ១៥
៦. តើអ៊ីសាកបានប្រាប់យ៉ាកុបឲ្យធ្វើអ្វី ហើយតើយ៉ាកុបប្រហែលជាមានអារម្មណ៍យ៉ាងណា?
៦ ទំនាយទាំងនោះក៏ទាក់ទងនឹងយ៉ាកុបដែលជាចៅរបស់អាប្រាហាំដែរ។ ពេលដែលយ៉ាកុបត្រូវរៀបការ អ៊ីសាកជាឪពុករបស់គាត់បាននិយាយទៅគាត់ថា៖ «កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្ដាយឯងនៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះ ក្នុងពួកកូនស្រីឡាបាន់»។ (លោ. ២៨:១, ២) យ៉ាកុបបានធ្វើតាមបង្គាប់របស់អ៊ីសាកដោយឥតបង្អង់។ យ៉ាកុបបានចាកចេញពីក្រុមគ្រួសាររបស់គាត់នៅស្រុកកាណាន ជាកន្លែងដែលមានសុវត្ថិភាព ហើយធ្វើដំណើរម្នាក់ឯងទៅតំបន់អើរ៉ាមឬខារ៉ានដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ។ (លោ. ២៨:១០) គាត់ប្រហែលជាឆ្ងល់ថា ‹តើខ្ញុំត្រូវនៅឆ្ងាយពីផ្ទះយូរប៉ុន្មាន? តើអ៊ំរបស់ខ្ញុំនឹងស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅហើយឲ្យកូនស្រីម្នាក់ដែលកោតខ្លាចព្រះមកធ្វើជាប្រពន្ធរបស់ខ្ញុំឬទេ?›។ ប្រសិនបើយ៉ាកុបមានចិត្តខ្វល់ខ្វាយបែបនេះ ការខ្វល់ខ្វាយទាំងនេះច្បាស់ជាលែងមាន ពេលគាត់ទៅដល់ក្រុងលូសដែលមានចម្ងាយប្រហែលជា១០០គីឡូម៉ែត្រ (៦០ម៉ៃល៍) ពីក្រុងបៀរសេបា។ តើមានអ្វីកើតឡើងនៅក្រុងលូស?
៧. តើព្រះបានពង្រឹងទំនុកចិត្តយ៉ាកុបតាមរយៈសុបិនយ៉ាងដូចម្ដេច?
លោ. ២៨:១៥) ពាក្យដ៏សប្បុរសទាំងនោះច្បាស់ជាបានធ្វើឲ្យយ៉ាកុបមានទំនុកចិត្តនិងធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង! តើអ្នកអាចស្រមៃឃើញយ៉ាកុបដើរយ៉ាងស្វាហាប់ទាំងមានចិត្តចង់ឃើញយ៉ាងខ្លាំងនូវរបៀបដែលព្រះនឹងសម្រេចតាមពាក្យរបស់លោកឬទេ? ប្រសិនបើអ្នកបានចាកចេញពីផ្ទះ ប្រហែលជាដើម្បីទៅបម្រើនៅប្រទេសផ្សេង អ្នកទំនងជាយល់អារម្មណ៍របស់យ៉ាកុប។ ទោះជាយ៉ាងនោះក្ដី អ្នកបានឃើញទីសំអាងយ៉ាងច្បាស់ថាព្រះយេហូវ៉ាថែរក្សាអ្នក។
៧ នៅក្រុងលូស ព្រះយេហូវ៉ាបានលេចមកក្នុងសុបិន ហើយមានប្រសាសន៍ទៅយ៉ាកុបថា៖ «មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ»។ (៨, ៩. តើតាមរបៀបណាព្រះយេហូវ៉ាបានក្លាយទៅជា«ទីអាស្រ័យនៅ»សម្រាប់យ៉ាកុប ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងនេះ?
៨ ពេលយ៉ាកុបទៅដល់តំបន់អើរ៉ាម ឡាបាន់ដែលជាអ៊ំរបស់គាត់បានស្វាគមន៍គាត់យ៉ាងកក់ក្ដៅ ហើយក្រោយមកបានឲ្យលេអានិងរ៉ាជែលមកធ្វើជាប្រពន្ធគាត់។ ទោះជាយ៉ាងនេះក៏ដោយ ឡាបាន់បានព្យាយាមកេងប្រវ័ញ្ចពីយ៉ាកុប ហើយផ្លាស់ប្ដូរប្រាក់ឈ្នួលរបស់គាត់ដល់ទៅ១០ដង! (លោ. ៣១:៤១, ៤២) ប៉ុន្តែយ៉ាកុបបានស៊ូទ្រាំនឹងអំពើអយុត្ដិធម៌ទាំងនេះ ដោយមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងបន្តថែរក្សាគាត់ ហើយលោកបានធ្វើដូច្នេះមែន! មែនហើយ ពេលដែលព្រះបានប្រាប់យ៉ាកុបឲ្យត្រឡប់ទៅស្រុកកាណានវិញ បុព្វបុរសនេះមាន«ហ្វូងសត្វជាច្រើននឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋហើយនឹងលាដែរ»។ (លោ. ៣០:៤៣) ដោយមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅ យ៉ាកុបបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្ដល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះមានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះទូលបង្គំបានកើតជា២ពួកហើយ»។—លោ. ៣២:១០
៩ មែនហើយ នេះបញ្ជាក់នូវការពិតនៃសេចក្ដីអធិដ្ឋានរបស់ម៉ូសេដែលថា៖ «ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក»! (ទំនុក. ៩០:១) ព្រះយេហូវ៉ាមិនប្រែប្រួលឡើយ។ លោកនៅតែស្រឡាញ់ ការពារ ហើយថែរក្សាអ្នកបម្រើដ៏ស្មោះភក្ដីរបស់លោក។ (យ៉ា. ១:១៧) សូមយើងពិចារណាអំពីរបៀបដែលលោកធ្វើដូច្នេះ។
ព្រះយេហូវ៉ាជា«ទីអាស្រ័យនៅ»របស់យើងសព្វថ្ងៃនេះ
១០. ហេតុអ្វីយើងអាចប្រាកដថា ព្រះយេហូវ៉ាបន្តធ្វើជាទីអាស្រ័យនៅដែលមានសុវត្ថិភាពសម្រាប់អ្នកបម្រើរបស់លោក?
១០ សូមស្រមៃគិតអំពីស្ថានភាពនេះ: អ្នកនៅតុលាការ កំពុងធ្វើជាសាក្សីទាស់នឹងអង្គការឧក្រិដ្ឋជនដែលមាននៅទូទាំងពិភពលោក។ មេដឹកនាំអង្គការនេះគឺមានប្រាជ្ញាយ៉ាងខ្លាំង និងមានឫទ្ធានុភាព ហើយជាជនភូតភរនិងជាឃាតករដែលគ្មានមេត្ដា។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលអ្នកចេញពីតុលាការនៅពេលល្ងាច? តើអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពឬទេ? ច្បាស់ជាមិនដូច្នោះទេ! អ្នកនឹងមានមូលហេតុត្រឹមត្រូវដើម្បីសុំការការពារ។ ដំណើររឿងនេះបង្ហាញអំពីស្ថានភាពរបស់អ្នកបម្រើព្រះយេហូវ៉ា ដែលធ្វើជាកសិណសាក្សីគាំទ្រព្រះយេហូវ៉ាយ៉ាងអង់អាច ហើយបកអាក្រាតមេសត្រូវដ៏សាហាវរបស់លោកដោយឥតភ័យខ្លាច! (សូមអាន ការបើកបង្ហាញ ១២:១៧) ប៉ុន្តែ តើសាថានអាចបំបិទមាត់រាស្ត្ររបស់ព្រះបានឬទេ? មិនបានទេ! តាមការពិត យើងបន្តផ្សព្វផ្សាយដល់មនុស្សកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក។ តើយើងអាចធ្វើដូច្នេះបានយ៉ាងដូចម្ដេច? ការពន្យល់មានតែមួយទេ គឺព្រះយេហូវ៉ាជា«ទីអាស្រ័យនៅ»សម្រាប់យើង។ លោកកំពុងការពារ ហើយកំពុងឲ្យពររាស្ត្ររបស់លោកនៅគ្រាចុងក្រោយបង្អស់នេះ។ (សូមអាន អេសាយ ៥៤:១៤, ១៧) ប៉ុន្តែ ព្រះយេហូវ៉ាអាចបន្តធ្វើជា«ទីអាស្រ័យនៅ»សម្រាប់យើង លុះត្រាតែយើងមិនអនុញ្ញាតឲ្យសាថានបោកបញ្ឆោតយើងឲ្យចេញពីទីអាស្រ័យនៅរបស់យើង។
១១. តើយើងអាចទាញមេរៀនអ្វីពីមេគ្រួសារដែលបម្រើព្រះមុនសម័យអ៊ីស្រាអែល?
១១ ម្ដងទៀត ចូរយើងទាញយកមេរៀនពីមេគ្រួសារដែលបម្រើព្រះមុនសម័យអ៊ីស្រាអែល។ ទោះជាពួកគាត់រស់នៅលើទឹកដីនៃស្រុកកាណានក៏ដោយ ពួកគាត់បានបន្តរស់នៅដាច់ដោយឡែកពីមនុស្សនៅទីនោះ ដែលជាពួកមនុស្សអាក្រក់ ហើយពួកគាត់ស្អប់របៀបរស់នៅប្រាសចាកសីលធម៌របស់មនុស្សនៅស្រុកនោះ។ (លោ. ២៧:៤៦) ពួកគាត់ធ្វើតាមគោលការណ៍ ដោយមិនចាំបាច់មានច្បាប់ល្អិតល្អន់អំពីអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើនោះឡើយ។ អ្វីដែលពួកគាត់ស្គាល់អំពីព្រះយេហូវ៉ានិងបុគ្គលិកលក្ខណៈរបស់លោកគឺគ្រប់គ្រាន់សម្រាប់ពួកគាត់ហើយ។ ដោយសារតែព្រះយេហូវ៉ាជាទីអាស្រ័យនៅរបស់ពួកគាត់ ពួកគាត់ខំអស់ពីសមត្ថភាពដើម្បីមិនរួមចំណែកក្នុងពិភពលោក។ ពួកគាត់បានទុកគំរូយ៉ាងល្អសម្រាប់យើងមែន! តើអ្នកខំប្រឹងធ្វើតាមគំរូរបស់បុព្វបុរសស្មោះត្រង់ទាំងនេះ កាលដែលអ្នកជ្រើសរើសមិត្តភក្ដិនិងការកម្សាន្តរបស់អ្នកឬទេ? គួរឲ្យស្ដាយណាស់ បងប្អូនខ្លះនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកបង្ហាញថា ពួកគាត់មានអារម្មណ៍ស្រួលនៅក្នុងពិភពលោករបស់សាថាន ទោះជាតិចឬច្រើនក្ដី។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះសូម្បីតែបន្ដិចបន្តួចក៏ដោយ សូមអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ។ សូមចាំថាពិភពលោកនេះជារបស់សាថាន។ វាគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយវាមិនយកចិត្តទុកដាក់ចំពោះយើងទេ។—២កូ. ៤:៤; អេភ. ២:១, ២
១២. (ក) តើព្រះយេហូវ៉ារៀបចំអ្វីខ្លះសម្រាប់អ្នកបម្រើរបស់លោក? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការរៀបចំទាំងនោះ?
១២ ដើម្បីទប់ទល់នឹងកលល្បិចរបស់សាថាន យើងត្រូវទទួលប្រយោជន៍យ៉ាងពេញលេញពីការរៀបចំខាងការគោរពប្រណិប័តន៍ដែលព្រះយេហូវ៉ាធ្វើសម្រាប់អ្នកបម្រើរបស់លោក គឺសម្រាប់ពួកអ្នកដែលយកលោកជាទីអាស្រ័យនៅ។ ការរៀបចំទាំងនេះរួមមាន កិច្ចប្រជុំគ្រិស្តសាសនិក ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ និង«អំណោយជាមនុស្ស» ពោលគឺគង្វាលដែលព្រះបានតែងតាំងដើម្បីសម្រាលទុក្ខនិងគាំទ្រយើងកាលដែលយើងស៊ូទ្រាំនឹងការពិបាកផ្សេងៗក្នុងជីវិត។ (អេភ. ៤:៨-១២) បងប្រុសចច ហ្គានហ្គាស ដែលធ្លាប់ជាសមាជិកគណៈអភិបាលអស់ជាច្រើនឆ្នាំ បានសរសេរថា៖ «កាលណាខ្ញុំនៅក្នុងចំណោម[រាស្ត្ររបស់ព្រះ] ខ្ញុំមានអារម្មណ៍ថានៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ នៅក្នុងស្ថានភាពដ៏សុខសាន្តមួយដែលប្រៀបដូចជាសួនឧទ្យាន»។ តើអ្នកមានអារម្មណ៍ដូច្នេះឬទេ?
១៣. តើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីហេប្រឺ ១១:១៣?
១៣ គុណសម្បត្ដិមួយទៀតរបស់មេគ្រួសារដែលបម្រើព្រះមុនសម័យអ៊ីស្រាអែល ដែលយើងគួរយកតម្រាប់តាមគឺ ពួកគាត់សុខចិត្តខុសប្លែកពីមនុស្សដែលនៅជុំវិញពួកគាត់។ ដូចយើងបានរៀននៅ វគ្គទី១ ពួកគាត់បាន‹ប្រកាសដោយចំហថា ពួកគាត់ជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក›។ (ហេ. ១១:១៣) តើអ្នកបង្ហាញថា អ្នកខុសប្លែកពីមនុស្សនៅក្នុងពិភពលោកនេះឬទេ? ពិតមែនតែការធ្វើដូច្នោះមិនតែងតែស្រួល ប៉ុន្តែដោយមានជំនួយពីព្រះនិងការគាំទ្រពីបងប្អូនរួមជំនឿ អ្នកអាចធ្វើដូច្នេះបាន។ សូមចាំថា មិនមែនតែអ្នកប៉ុណ្ណោះទេដែលមានការពិបាក។ អស់អ្នកដែលចង់បម្រើព្រះយេហូវ៉ាត្រូវប្រយុទ្ធនឹងសាថាននិងពិភពលោកនេះ! (អេភ. ៦:១២) ប៉ុន្តែ យើងអាចឈ្នះការប្រយុទ្ធនោះ បើយើងទុកចិត្តលើព្រះយេហូវ៉ា ហើយយកលោកជាទីអាស្រ័យនៅរបស់យើង។
១៤. តើអ្នកបម្រើរបស់ព្រះយេហូវ៉ាបានរង់ចាំ«ក្រុង»អ្វី?
១៤ យើងគួរយកតម្រាប់តាមអាប្រាហាំ ហើយផ្ដោតអារម្មណ៍ទៅលើរង្វាន់។ (២កូ. ៤:១៨) សាវ័កប៉ូលបានសរសេរថា អាប្រាហាំ«រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត»។ (ហេ. ១១:១០) «ក្រុង»នោះគឺរាជាណាចក្ររបស់មេស្ស៊ី។ កាលនោះអាប្រាហាំពិតជាត្រូវរង់ចាំ«ក្រុង»នោះមែន។ ក្នុងន័យមួយ យើងមិនរង់ចាំរាជាណាចក្រនោះទេ។ រាជាណាចក្រនោះ កំពុងគ្រប់គ្រងនៅស្ថានសួគ៌។ ម្យ៉ាងទៀត ទីសំអាងកាន់តែច្រើនបញ្ជាក់ថា មិនយូរទៀត រាជាណាចក្រនោះនឹងគ្រប់គ្រងលើផែនដី។ ចំពោះអ្នក តើរាជាណាចក្រនោះមានមែនឬទេ? តើរាជាណាចក្រនោះមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកអំពីជីវិត អំពីពិភពលោកសព្វថ្ងៃនេះ និងអំពីអ្វីដែលអ្នកចាត់ទុកថាសំខាន់បំផុតឬទេ?—សូមអាន ពេត្រុសទី២ ៣:១១, ១២
«ទីអាស្រ័យនៅ»របស់យើងកាលដែលទីបញ្ចប់ជិតមកដល់
១៥. តើពួកអ្នកដែលទុកចិត្តលើពិភពលោកសព្វថ្ងៃនេះនឹងមានអនាគតបែបណា?
១៥ កាលដែលពិភពលោករបស់សាថានជិតមកដល់ទីបញ្ចប់ «គ្រាលំបាក»នឹងមានកាន់តែខ្លាំងឡើង។ (ម៉ាថ. ២៤:៧, ៨) ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម ជីវិតនឹងច្បាស់ជាពិបាកទៅៗ។ នៅទូទាំងពិភពលោកនឹងមានសេចក្ដីហិនវិនាសនិងការជ្រួលច្របល់ ហើយបណ្ដាជននឹងភ័យរន្ធត់។ (ហាប. ៣:១៦, ១៧) ដោយសារពួកគេអស់សង្ឃឹមជាខ្លាំង ពួកគេនឹងស្វែងរកជម្រកនៅក្នុង«រូងភ្នំនិងតាមផ្ទាំងថ្មនានា»។ (បប. ៦:១៥-១៧) ប៉ុន្តែ គ្មានអង្គការនយោបាយនិងពាណិជ្ជកម្មណាដែលប្រៀបដូចជារូងភ្នំឬភ្នំ នឹងអាចការពារពួកគេបានទេ។
១៦. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះកិច្ចប្រជុំរបស់យើង ហើយហេតុអ្វី?
១៦ ប៉ុន្តែ រាស្ត្ររបស់ព្រះយេហូវ៉ានឹងបន្តមានសុវត្ថិភាពនៅក្នុង«ទីអាស្រ័យនៅ»របស់ពួកគេ ពោលគឺព្រះយេហូវ៉ា។ ដូចអ្នកប្រកាសទំនាយហាបាគុកដែរ ពួកគេ«នឹងរីករាយ ដោយសារព្រះយេហូវ៉ា»។ ពួកគេ«នឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះ[ពួកគេ]»។ (ហាប. ៣:១៨) តើតាមរបៀបណាព្រះយេហូវ៉ានឹងក្លាយទៅជា«ទីអាស្រ័យនៅ»ក្នុងអំឡុងគ្រាដែលមានស្ថានភាពច្របូកច្របល់នោះ? យើងនឹងរង់ចាំមើល។ ប៉ុន្តែ យើងអាចប្រាកដថា ដូចជនជាតិអ៊ីស្រាអែលនៅពេលដែលពួកគេបានចាកចេញពីស្រុកអេស៊ីប «មនុស្ស១ហ្វូងយ៉ាងធំ»នឹងនៅតែមានរបៀបរៀបរយ ដោយប្រុងប្រៀបធ្វើតាមការណែនាំរបស់ព្រះ។ (បប. ៧:៩; សូមអាន និក្ខមនំ ១៣:១៨) តើព្រះយេហូវ៉ានឹងផ្ដល់ការណែនាំទាំងនោះយ៉ាងដូចម្ដេច? លោកទំនងជាប្រើក្រុមជំនុំដើម្បីប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើ។ តាមមើលទៅ ក្រុមជំនុំជាច្រើនពាន់នៅជុំវិញពិភពលោកប្រហែលជាតំណាងដោយ«បន្ទប់»ការពារដែលបានត្រូវទាយនៅអេសាយ ២៦:២០។ (សូមអាន) តើអ្នកយល់តម្លៃនៃកិច្ចប្រជុំគ្រិស្តសាសនិកឬទេ? តើអ្នកឆាប់ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដែលផ្ដល់តាមរយៈក្រុមជំនុំឬទេ?—ហេ. ១៣:១៧
១៧. តើតាមរបៀបណាព្រះយេហូវ៉ាគឺជា«ទីអាស្រ័យនៅ»សម្រាប់អ្នកបម្រើរបស់លោក ទោះជាពួកគេបានស្លាប់ហើយក្ដី?
១៧ ចំពោះពួកអ្នកដែលប្រហែលជាស្លាប់មុនគ្រាទុក្ខវេទនាជាខ្លាំង ព្រះយេហូវ៉ានឹងនៅតែជា«ទីអាស្រ័យនៅ»សម្រាប់ពួកគេដែរ។ តើតាមរបៀបណា? គឺលោកនឹងប្រោសពួកគេឲ្យរស់ឡើងវិញ។ អស់រយៈពេលជាយូរក្រោយពីអាប្រាហាំ អ៊ីសាក និងយ៉ាកុបបានស្លាប់ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា លោកនៅតែជាព្រះរបស់ពួកគេ។ (និក្ខ. ៣:៦) បន្ទាប់ពីបានដកស្រង់ពាក្យទាំងនេះ លោកយេស៊ូបានបន្ថែមថា៖ «លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់វិញ ព្រោះលោកចាត់ទុកថាពួកគេទាំងអស់គ្នាកំពុងរស់នៅ»។ (លូក. ២០:៣៨) មែនហើយ ចំពោះព្រះយេហូវ៉ា អ្នកបម្រើដ៏ស្មោះភក្ដីរបស់លោកដែលបានស្លាប់ដោយរក្សាភាពស្មោះត្រង់ចំពោះលោក គឺហាក់ដូចជានៅរស់ ពីព្រោះពួកគេប្រាកដជានឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—សាស្ដ. ៧:១
១៨. តើតាមរបៀបណាព្រះយេហូវ៉ានឹងក្លាយទៅជា«ទីអាស្រ័យនៅ»សម្រាប់រាស្ត្ររបស់លោកនៅពិភពលោកថ្មី?
១៨ នៅពិភពលោកថ្មីដែលនៅខាងមុខនេះ ព្រះយេហូវ៉ានឹងក្លាយទៅជា«ទីអាស្រ័យនៅ»សម្រាប់រាស្ត្ររបស់លោកក្នុងន័យម្យ៉ាងទៀត។ សៀវភៅការបើកបង្ហាញ ២១:៣ចែងថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ»។ ព្រះយេហូវ៉ានឹងប្រើលោកយេស៊ូគ្រិស្តឲ្យគ្រប់គ្រងលើផែនដីអស់រយៈពេលមួយពាន់ឆ្នាំដំបូង។ នៅដំណាច់មួយពាន់ឆ្នាំ លោកយេស៊ូនឹងប្រគល់រាជាណាចក្រទៅបិតារបស់លោក ក្រោយពីបានសម្រេចទាំងស្រុងនូវគោលបំណងរបស់ព្រះសម្រាប់ផែនដី។ (១កូ. ១៥:២៨) ក្រោយមក មនុស្សជាតិដ៏ល្អឥតខ្ចោះនឹងលែងត្រូវការលោកយេស៊ូឲ្យធ្វើជាអ្នកសម្រុះសម្រួលទៀត ពីព្រោះព្រះយេហូវ៉ានឹងនៅជាមួយនឹងពួកគេ។ យើងពិតជាមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែននៅខាងមុខយើង! ហេតុនេះ ទម្រាំដល់ពេលនោះ ចូរយើងព្យាយាមយកតម្រាប់ជំនាន់មនុស្សដ៏ស្មោះត្រង់នៅសម័យបុរាណ ដោយយកព្រះយេហូវ៉ាជា«ទីអាស្រ័យនៅ»របស់យើង។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២០]
[រូបភាពនៅទំព័រ២០]
«អញមិនចោលឯងឡើយ»
[រូបភាពនៅទំព័រ២២]
ទេវតារបស់ព្រះគាំទ្រនិងការពារអ្នកបម្រើរបស់លោក