លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសហ្វីលីពីន

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសហ្វីលីពីន

ប្រហែលជា១០ឆ្នាំមុន គ្រេកូរីយ៉ូនិងម៉ារីលូជាគូស្វាមីភរិយាដែលមានអាយុ៣០ឆ្នាំប្លាយ កំពុងបម្រើជាអ្នកត្រួសត្រាយនៅក្រុងម៉ានីល ហើយក៏ធ្វើការពេញពេលផងដែរ។ នេះជាការពិបាក ប៉ុន្ដែពួកគាត់អាចធ្វើដូច្នេះបាន។ ក្រោយមក ម៉ារីលូបានត្រូវដំឡើងឋានៈជានាយកធនាគារដែលនាងធ្វើការ។ នាងនិយាយថា«ការងារដ៏ល្អរបស់យើងបានធ្វើឲ្យយើងមានជីវភាពសុខស្រួលណាស់»។ តាមការពិត គូស្វាមីភរិយានោះមានលុយច្រើនរហូតដល់ពួកគាត់បានសម្រេចចិត្ដសង់ផ្ទះដែលពួកគាត់ស្រមៃចង់បាននៅកន្លែងដ៏ល្អមួយនៅចម្ងាយប្រហែលជា១៩គីឡូម៉ែត្រ (១២ម៉ៃល៍) ខាងកើតក្រុងម៉ានីល។ ពួកគាត់បានធ្វើកិច្ចសន្យាជួលក្រុមហ៊ុនមួយឲ្យសង់ផ្ទះនោះ ហើយបានយល់ព្រមបង់រំលស់រាល់ខែក្នុងរយៈពេល១០ឆ្នាំ។

«ខ្ញុំបានមានអារម្មណ៍ថាខ្ញុំកំពុងលួចពីព្រះយេហូវ៉ា»

ម៉ារីលូរៀបរាប់ថា«ការងារថ្មីរបស់ខ្ញុំតម្រូវឲ្យខ្ញុំចំណាយពេលនិងកម្លាំងច្រើនដល់ម៉្លេះបានជាចិត្ដខ្នះខ្នែងរបស់ខ្ញុំចំពោះសកម្មភាពជាគ្រិស្ដសាសនិកបានចុះថយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងលួចពីព្រះយេហូវ៉ា»។ នាងពន្យល់ថា«ខ្ញុំមិនអាចជូនព្រះយេហូវ៉ានូវពេលវេលាដែលខ្ញុំធ្លាប់បានទុកសម្រាប់បម្រើលោកទេ»។ ដោយសារពួកគាត់មិនសប្បាយចិត្ដនឹងស្ថានភាពនោះ ថ្ងៃមួយគ្រេកូរីយ៉ូនិង ម៉ារីលូបានចំណាយពេលដើម្បីនិយាយគ្នាអំពីរបៀបដែលពួកគាត់ប្រើជីវិតរបស់ពួកគាត់។ គ្រេកូរីយ៉ូនិយាយថា«យើងចង់កែប្រែរបៀបរស់នៅរបស់យើង តែយើងមិនដឹងច្បាស់ថាត្រូវធ្វើយ៉ាងណាទេ។ យើងបានពិភាក្សាគ្នាអំពីរបៀបដែលយើងអាចប្រើជីវិតយើងដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានពេញលេញជាង ជាពិសេសដោយសារយើងគ្មានកូន។ យើងបានអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា»។

នៅពេលនោះ ពួកគាត់បានសុន្ទរកថាមួយចំនួនស្ដីអំពីការបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ គ្រេកូរីយ៉ូនិយាយថា«យើងមានអារម្មណ៍ថា តាមរយៈសុន្ទរកថាទាំងនោះ ព្រះយេហូវ៉ាបានឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង»។ គូស្វាមីភរិយានោះបានអធិដ្ឋានសុំឲ្យមានជំនឿថែមទៀតដើម្បីមានចិត្ដក្លាហានធ្វើការសម្រេចចិត្ដត្រឹមត្រូវ។ ឧបសគ្គដ៏ធំមួយ គឺគម្រោងបង់រំលស់ផ្ទះដែលពួកគាត់ត្រូវបន្ដ។ ពួកគាត់បានបង់រំលស់អស់បីឆ្នាំហើយ។ តើពួកគាត់ត្រូវធ្វើអ្វី? ម៉ារីលូនិយាយថា«បើយើងមិនបន្ដកិច្ចសន្យា យើងនឹងខាតបង់លុយយ៉ាងច្រើនទាំងអស់ដែលយើងបានបង់រហូតមកដល់ពេលនេះ។ ប៉ុន្ដែ យើងបានគិតថានេះជាការសម្រេចចិត្ដរវាងការចាត់ទុកបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាអ្វីសំខាន់បំផុតសេចក្ដីប៉ងប្រាថ្នារបស់យើង»។ ដោយនឹកចាំអំពីពាក្យរបស់សាវ័កប៉ូលស្ដីអំពីការ«សុខចិត្ដខាតបង់» ពួកគាត់បានលុបចោលគម្រោងបង់រំលស់ផ្ទះ លាឈប់ពីការងារ លក់ទ្រព្យសម្បត្ដិភាគច្រើនរបស់ពួកគាត់ ហើយបានរើទៅនៅភូមិដាច់ស្រយាលមួយនៅលើកោះប៉ាឡាវ៉ាន ប្រហែលជា៤៨០គីឡូម៉ែត្រ (៣០០ម៉ៃល៍) ខាងត្បូងក្រុងម៉ានីល។—ភី. ៣:៨

ពួកគាត់«បានរៀនអាថ៌កំបាំង»

មុននឹងរើទៅ គ្រេកូរីយ៉ូនិងម៉ារីលូបានខំត្រៀមខ្លួនដើម្បីមានជីវិតសាមញ្ញ ប៉ុន្ដែមិនបានដឹងថា ជីវិតថ្មីរបស់ពួកគាត់នឹងសាមញ្ញយ៉ាងណាទេ ទាល់តែពួកគាត់បានទៅដល់ភូមិនោះ។ ម៉ារីលូពោលថា«គួរឲ្យភ្ញាក់ផ្អើលណាស់។ គ្មានភ្លើងអគ្គិសនី គ្មានរបស់អ្វីដែលធ្វើឲ្យជីវិតបានស្រួលជាងទេ។ ជាជាងចុចកុងតាក់ឆ្នាំងដាំបាយ យើងត្រូវពុះអុស ហើយដាំស្លលើភ្លើង។ ខ្ញុំបាននឹកការទៅកន្លែងដែលមានហាងធំ ញ៉ាំបាយហាង និងអ្វីទៀតដែលមាននៅក្នុងក្រុងធំ»។ ទោះជាយ៉ាងនេះក្ដី គូស្វាមីភរិយានោះបានបន្ដរំលឹកខ្លួនអំពីមូលហេតុដែលពួកគាត់បានរើមក ហើយមិនយូរប៉ុន្មាន ពួកគាត់អាចទម្លាប់ខ្លួនបាន។ ម៉ារីលូនិយាយថា«ឥឡូវ ខ្ញុំសប្បាយនឹងសង្កេតមើលសម្រស់ធម្មជាតិ រួមទាំងតារាដែលភ្លឺនៅពេលយប់។ សំខាន់ជាងគេ ខ្ញុំសប្បាយនឹងឃើញទឹកមុខរីករាយរបស់មនុស្ស ពេលយើងផ្សព្វផ្សាយដល់ពួកគេ។ ដោយបានបម្រើនៅទីនេះ យើងបាន‹រៀនអាថ៌កំបាំង›អំពីរបៀបស្កប់ចិត្ដ»។—ភី. ៤:១២

គ្រេកូរីយ៉ូនិងម៉ារីលូនិយាយថា«គ្មានអ្វីប្រៀបបាននឹងអំណរដែលមកពីការឃើញអ្នកថ្មីជាច្រើននាក់ក្លាយទៅជាសមាជិកនៃក្រុមជំនុំឡើយ។ ជាងពេលណាទាំងអស់ យើងមានអារម្មណ៍ថា ជីវិតយើងមានន័យខ្លឹមសារ»។

គ្រេកូរីយ៉ូរៀបរាប់ថា«ពេលយើងមកដល់ទីនេះ មានសាក្សីតែបួននាក់ប៉ុណ្ណោះ។ ពួកគាត់សប្បាយចិត្ដណាស់ ពេលខ្ញុំបានចាប់ផ្ដើមថ្លែងសុន្ទរកថារាល់សប្ដាហ៍ ហើយដេញហ្គីតាអមការច្រៀងចម្រៀងរាជាណាចក្រ»។ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ គូស្វាមីភរិយានោះបានឃើញថា ក្រុមតូចមួយនោះបានក្លាយទៅជាក្រុមជំនុំដ៏រីកចម្រើនមួយដែលមានអ្នកផ្សាយ២៤នាក់។ គ្រេកូរីយ៉ូនិយាយថា«ការបង្ហាញសេចក្ដីស្រឡាញ់ដែលយើងទទួលពីក្រុមជំនុំនេះមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើង»។ សព្វថ្ងៃនេះ ពេលពួកគាត់គិតអំពីពេលវេលាជាងឆ្នាំដែលពួកគាត់បានបម្រើនៅតំបន់ដាច់ ស្រយាលនោះ ពួកគាត់និយាយថា«គ្មានអ្វីប្រៀបបាននឹងអំណរដែលមកពីការឃើញអ្នកថ្មីជាច្រើននាក់ក្លាយទៅជាសមាជិកនៃក្រុមជំនុំឡើយ។ ជាងពេលណាទាំងអស់ យើងមានអារម្មណ៍ថា ជីវិតយើងមានន័យខ្លឹមសារ»។

«ខ្ញុំបាន‹ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ›!»

នៅប្រទេសហ្វីលីពីន បងប្អូនប្រុសស្រីជិត.០០០នាក់បានរើទៅតំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាង។ ប្រហែលជា៥០០នាក់ក្នុងចំណោមពួកគាត់ គឺជាបងប្អូនស្រីដែលនៅលីវ។ ជាឧទាហរណ៍ សូមគិតអំពីខារិន

ខារិន

ខារិនដែលឥឡូវនេះមានអាយុប្រហែលជា២៥ឆ្នាំ បានធំឡើងនៅក្រុងបាហ្គាវ ខេត្ដកាហ្គាយ៉ាន។ ពេលនាងនៅជាក្មេងជំទង់នៅឡើយ នាងច្រើនតែគិតអំពីការបង្កើនកិច្ចបម្រើផ្សាយរបស់នាង។ នាងរៀបរាប់ថា«ដោយដឹងថា នៅសល់ពេលវេលាតែបន្ដិចទេ ហើយមនុស្សគ្រប់ប្រភេទត្រូវដំណឹងអំពីរាជាណាចក្រ នោះខ្ញុំចង់បម្រើនៅកន្លែងណាដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង»។ ទោះជាសមាជិកខ្លះនៃក្រុមគ្រួសាររបស់នាងបានដាស់តឿនឲ្យនាងបន្ដការសិក្សានៅសកលវិទ្យាល័យជាជាងរើទៅកន្លែងណាមួយដែលនៅដាច់ស្រយាលក៏ដោយ ខារិនបានអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ នាងក៏បាននិយាយជាមួយនឹងពួកអ្នកដែលបម្រើនៅតំបន់ដាច់ស្រយាលដែរ។ នៅពេលនាងមានអាយុ១៨ឆ្នាំ នាងបានរើទៅតំបន់ដាច់ស្រយាលមួយ ប្រហែលជា៦៤គីឡូម៉ែត្រ (៤០ម៉ៃល៍) ពីស្រុកកំណើតរបស់នាង។

ក្រុមជំនុំតូចនេះដែលខារិនបានទៅជួយ មានតំបន់ផ្សាយនៅតំបន់ភ្នំតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ខារិននឹកចាំថា«ដើម្បីធ្វើដំណើរពីក្រុងបាហ្គាវទៅក្រុមជំនុំថ្មី យើងបានដើរអស់បីថ្ងៃ ឡើងភ្នំចុះភ្នំ ហើយឆ្លងទន្លេផ្សេងជាង៣០ដង»។ នាងបន្ថែមថា«ដើម្បីទៅផ្ទះសិស្សគម្ពីរខ្លះ ខ្ញុំដើរអស់ម៉ោង គេងនៅផ្ទះសិស្សគម្ពីរនោះនៅពេលយប់ ហើយថ្ងៃបន្ទាប់ ខ្ញុំដើរអស់ម៉ោងទៀតត្រឡប់មកផ្ទះវិញ»។ តើនាងបានទទួលពរសមនឹងការខំព្យាយាមរបស់នាងទេ? ខារិននិយាយទៅទៀតដោយមានទឹកមុខញញឹមពព្រាយថា«ជួនកាល ខ្ញុំឈឺជើង តែខ្ញុំបានដឹកនាំការសិក្សាគម្ពីរយ៉ាងច្រើនរហូតដល់១៨។ ខ្ញុំបាន‹ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ›!»។—ទំនុក. ៣៤:៨

«ខ្ញុំបានរៀនពឹងផ្អែកលើព្រះយេហូវ៉ា»

ស៊ូឃី

តើអ្វីបានជំរុញចិត្ដស៊ូឃី ដែលជាបងស្រីនៅលីវអាយុជាង៤០ឆ្នាំដែលរស់នៅសហរដ្ឋអាម៉េរិកឲ្យរើទៅប្រទេសហ្វីលីពីន? នៅឆ្នាំ២០១១ នាងបានចូលរួមសន្និបាតប្រចាំមណ្ឌល ដែលស្វាមីភរិយាមួយគូបានត្រូវសម្ភាស។ ពួកគាត់បានរៀបរាប់អំពីរបៀបដែលពួកគាត់បានលក់ទ្រព្យសម្បត្ដិភាគច្រើនរបស់ពួកគាត់ដើម្បីរើទៅប្រទេសម៉ិចស៊ិចដើម្បីជួយផ្សព្វផ្សាយនៅទីនោះ។ ស៊ូឃីនិយាយថា«បទសម្ភាសន៍នោះបានធ្វើឲ្យខ្ញុំគិតអំពីគោលដៅដែលខ្ញុំមិនបានគិតពីមុន»។ ពេលស៊ូឃីដែលមានដើមកំណើតជាជនជាតិឥណ្ឌាបានដឹងថា មានសេចក្ដីត្រូវការជំនួយជាច្រើនដើម្បីផ្សព្វផ្សាយដល់មនុស្សដែលមកពីតំបន់ពុនចាបដែលរស់នៅប្រទេសហ្វីលីពីន នាងបានសម្រេចចិត្ដទៅជួយ។ តើនាងបានជួបឧបសគ្គអ្វីខ្លះ?

ស៊ូឃីនិយាយថា«ការសម្រេចចិត្ដថា របស់ណាត្រូវទុក ហើយរបស់ណាត្រូវលក់ គឺពិបាកជាងខ្ញុំបានគិត។ ម្យ៉ាងទៀត ក្រោយពីបានរស់នៅយ៉ាងសុខស្រួលអស់១៣ឆ្នាំនៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំបានរើទៅនៅជាបណ្ដោះអាសន្នជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ នេះមិនមែនស្រួលទេ ប៉ុន្ដែជាវិធីដ៏ល្អមួយដើម្បីត្រៀមខ្លួនមានជីវិតរស់នៅ សាមញ្ញ»។ តើនាងជួបការពិបាកអ្វីខ្លះ ក្រោយពីបានរើទៅប្រទេសហ្វីលីពីន? «អ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺខ្ញុំខ្លាចសត្វល្អិត ហើយនឹកផ្ទះ។ ខ្ញុំបានរៀនពឹងផ្អែកលើព្រះយេហូវ៉ាជាងពេលមុនទៅទៀត!»។ តើការធ្វើដូច្នេះមានប្រយោជន៍ទេ? ស៊ូឃីញញឹម រួចនិយាយថា«ព្រះយេហូវ៉ាប្រាប់យើងថា ‹ល្បងអញឥឡូវ ដើម្បីចាក់ព្រះពរមកលើឯង›។ ឥឡូវនេះខ្ញុំដឹងថាពាក្យទាំងនេះគឺជាការពិត ពេលម្ចាស់ផ្ទះសួរខ្ញុំថា៖ ‹កាលណាអ្នកត្រឡប់មកវិញ? ខ្ញុំចង់សួរសំណួរជាច្រើនទៀត›។ នេះធ្វើឲ្យខ្ញុំមានអំណរយ៉ាងខ្លាំង ហើយស្កប់ចិត្ដដោយអាចជួយមនុស្សដែលចង់រៀនអំពីព្រះយេហូវ៉ា!»។ (ម៉ាឡ. ៣:១០) ស៊ូឃីនិយាយទៅទៀតថា«អ្វីដែលពិបាកបំផុត គឺការសម្រេចចិត្ដរើទៅ។ ក្រោយពីខ្ញុំបានសម្រេចចិត្ដហើយ ខ្ញុំកោតស្ងើចអំពីរបៀបដែលព្រះយេហូវ៉ាផ្គត់ផ្គង់អ្វីទៀតដល់ខ្ញុំ»។

«ខ្ញុំបានយកឈ្នះការភ័យខ្លាច»

ស៊ីម៉េជាបងប្រុសម្នាក់ដែលបានរៀបការហើយ ឥឡូវនេះមានអាយុជិត៤០ឆ្នាំ បានចាកចេញពីប្រទេសហ្វីលីពីនដើម្បីទៅធ្វើការដែលមានប្រាក់ខែច្រើននៅប្រទេសមួយនាមជ្ឈិមបូព៌ា។ ពេលគាត់នៅទីនោះ ការលើកទឹកចិត្ដដែលគាត់បានទទួលពីអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងពីសុន្ទរកថាដែលបានថ្លែងដោយសមាជិកម្នាក់នៃគណៈអភិបាល បានជំរុញចិត្ដស៊ីម៉េឲ្យចាត់ទុកព្រះយេហូវ៉ាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់គាត់។ ស៊ីម៉េនិយាយថា«ប៉ុន្ដែគ្រាន់តែគិតអំពីការលាឈប់ពីការងារនោះ បានធ្វើឲ្យខ្ញុំខ្លាច»។ ទោះជាយ៉ាងនោះក្ដី គាត់បានលាឈប់ពីការងាររបស់គាត់ ហើយត្រឡប់មកប្រទេសហ្វីលីពីនវិញ។ សព្វថ្ងៃនេះ ស៊ីម៉េនិងហៃឌីដែលជាប្រពន្ធរបស់គាត់ បម្រើនៅដាវ៉ាវដេលសួរ នៅភាគខាងត្បូងនៃប្រទេសនោះដែលត្រូវការអ្នកផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយពេញតំបន់ដ៏ធំទូលាយនោះ។ ស៊ីម៉េនិយាយថា«ពេលគិតអំពីអ្វីដែលបានកើតឡើង ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលខ្ញុំបានយកឈ្នះការខ្លាចបាត់បង់ការងាររបស់ខ្ញុំ ហើយបានចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុត។ គ្មានអ្វីដែលនាំឲ្យស្កប់ចិត្ដក្នុងជីវិតជាងការឲ្យអ្វីដែលល្អបំផុតរបស់ខ្លួនទៅព្រះយេហូវ៉ាទេ!»។

ស៊ីម៉េនិងហៃឌី

«នេះនាំឲ្យយើងស្កប់ចិត្ដយ៉ាងខ្លាំង!»

ពេលរ៉ាមីឡូនិងជូលយិត ជាប្ដីប្រពន្ធដែលជាអ្នកត្រួសត្រាយដែលមានអាយុជាង៣០ឆ្នាំ បានដឹងថាក្រុមជំនុំមួយដែលមានចម្ងាយតែប្រហែលជា៣០គីឡូម៉ែត្រ (២០ម៉ៃល៍) ប៉ុណ្ណោះពីផ្ទះរបស់ពួកគាត់ ត្រូវការជំនួយ នោះពួកគាត់បានស្ម័គ្រចិត្ដទៅជួយក្រុមជំនុំនោះ។ ដូច្នេះរាល់សប្ដាហ៍ ទោះជាធាតុអាកាសល្អមិនល្អក្ដី រ៉ាមីឡូនិងជូលយិតបានធ្វើដំណើរច្រើនដងដោយជិះម៉ូតូដើម្បីចូលរួមកិច្ចប្រជុំ និងរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ។ ទោះជាពួកគាត់ពិបាកក្នុងការធ្វើដំណើរនៅលើផ្លូវរលាក់និងឆ្លងស្ពានយោលក៏ដោយ ពួកគាត់សប្បាយដោយសារពួកគាត់បានបង្កើនកិច្ចបម្រើផ្សាយ។ រ៉ាមីឡូនិយាយថា«ប្រពន្ធខ្ញុំនិងខ្ញុំដឹកនាំការសិក្សាគម្ពីរ១១! ការបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ជាប់ទាក់ទងនឹងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្ដែនេះនាំឲ្យយើងស្កប់ចិត្ដយ៉ាងខ្លាំង!»។—១កូ. ១៥:៥៨

រ៉ាមីឡូនិងជូលយិត

តើអ្នកចង់ដឹងថែមទៀតអំពីការបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង នៅប្រទេសរបស់អ្នកនៅប្រទេសក្រៅទេ? បើដូច្នេះ សូមនិយាយជាមួយនឹងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលរបស់អ្នក ហើយអានអត្ថបទ«តើអ្នកអាច‹ឆ្លងមកស្រុកម៉ាសេដូន›ឬទេ?» ក្នុងកិច្ចបម្រើព្រះខែសីហា ឆ្នាំ២០១១ ជាភាសាអង់គ្លេស។