លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»

«ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»

«ប្រសិនបើអ្នកណាស្រឡាញ់ព្រះ នោះព្រះស្គាល់អ្នកនោះ»។—១កូ. ៨:៣

. សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីរបៀបដែលរាស្ដ្រខ្លះរបស់ព្រះបានបញ្ឆោតខ្លួន។ (សូមមើលរូបភាពនៅដើមអត្ថបទ)។

បុរសមួយក្រុមកំពុងឈរនៅមុខត្រសាល ត្រៀមខ្លួនជូនគ្រឿងក្រអូបដល់ព្រះយេហូវ៉ា។ នៅម្ខាងមានអេរ៉ុនដែលជាសម្ដេចសង្ឃនៃអ៊ីស្រាអែល ហើយនៅម្ខាងទៀតមានកូរ៉ានិងបុរស២៥០នាក់។ (ជន. ១៦:១៦-១៨) តាមមើលទៅពួកគេទាំងអស់គ្នាមានភក្ដីភាពចំពោះព្រះ។ ប៉ុន្ដែ កូរ៉ានិងអ្នកគាំទ្រគាត់មានអំណួត ប្រឆាំងអំណាច ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេព្យាយាមដណ្ដើមយកតំណែងជាសង្ឃពីអេរ៉ុន។ (ជន. ១៦:១-១១) ពួកគេបានបញ្ឆោតខ្លួន ដោយគិតថាព្រះយេហូវ៉ានឹងទទួលយកការគោរពប្រណិប័តន៍របស់ពួកគេ។ ប៉ុន្ដែតាមការពិត ពួកគេបានមើលងាយព្រះយេហូវ៉ា ដែលអាចមើលឃើញចិត្ដរបស់ពួកគេ។ លោកអាចឃើញថាពួកគេជាមនុស្សលាក់ពុត ហើយចង់បានមុខមាត់សម្រាប់ខ្លួន។—យេ. ១៧:១០

. តើម៉ូសេបាននិយាយថាអ្វីនឹងកើតឡើង ហើយតើពាក្យរបស់គាត់បានក្លាយទៅជាការពិតយ៉ាងដូចម្ដេច?

ម៉ូសេបាននិយាយមុននោះថា៖ «ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់»។ (ជន. ១៦:៥) តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញថាលោកបានដឹងថាអ្នកណាជាពួកអ្នកគោរពប្រណិប័តន៍ពិតរបស់លោក ហើយអ្នកណាជាមនុស្សលាក់ពុត? ព្រះយេហូវ៉ាបានធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃ ហើយបានបំផ្លាញកូរ៉ានិងបុរស២៥០នាក់។ (ជន. ១៦:៣៥; ២៦:១០) នៅសល់តែអេរ៉ុនប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញច្បាស់ថាអេរ៉ុនពិតជាសង្ឃនិងជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ។—សូមអាន កូរិនថូសទី១ ៨:៣

. (ក) តើអ្វីបានកើតឡើងនៅក្នុងក្រុមជំនុំគ្រិស្ដសាសនិកនៅសម័យប៉ូល? (ខ) តើអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកអ្នកបះបោរប្រឆាំងនៅសម័យម៉ូសេបង្រៀនយើងអ្វី?

ជាង១.៥០០ឆ្នាំក្រោយមក នៅសម័យប៉ូល អ្វីមួយស្រដៀងនឹងនេះបានកើតឡើងក្នុងក្រុមជំនុំគ្រិស្ដសាសនិក។ ប៉ូលបានពន្យល់ថាអ្នកខ្លះដែលបានអះអាងថាខ្លួនជាគ្រិស្ដសាសនិក ចាប់ផ្ដើមផ្សាយសេចក្ដីបង្រៀនមិនពិត។ ប៉ុន្ដែ ពួកគេនៅតែជាសមាជិកនៃក្រុមជំនុំ។ ពួកអ្នកក្បត់ជំនឿទាំងនេះប្រហែលជាមើលទៅដូចជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា។ ប៉ុន្ដែតាមពិត ពួកគេដូចជាឆ្កែចចកដែលបង្កគ្រោះថ្នាក់ ហើយថែមទាំងបានចាប់ផ្ដើម«បំផ្លាញជំនឿរបស់អ្នកខ្លះ»ទៀតផង។ (២ធី. ២:១៦-១៨) តើព្រះយេហូវ៉ាកំពុងមើលឬ? លោកកំពុងមើលមែន។ ប៉ូលមានទំនុកចិត្ដថាព្រះយេហូវ៉ាក៏បានដឹងច្បាស់អំពីស្ថានភាពនោះដែរ ដោយសារគាត់បានដឹងអំពីអ្វីដែលព្រះបានធ្វើចំពោះកូរ៉ានិងអ្នកគាំទ្រគាត់ដែលជាពួកអ្នកបះបោរប្រឆាំង។ យើងក៏អាចមានទំនុកចិត្ដលើព្រះយេហូវ៉ាដែរ។ យើងនឹងរៀនអំពីរបៀបដែលយើងអាចមានទំនុកចិត្ដលើព្រះយេហូវ៉ាពីពាក្យដែលគួរឲ្យចាប់អារម្មណ៍ដែលប៉ូលបានសរសេរទៅកាន់ធីម៉ូថេ។

«អញគឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»

. តើប៉ូលបានជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើអ្វី? តើប៉ូលបានប្រាប់អ្វីដល់ធីម៉ូថេ?

ប៉ូលបានជឿជាក់ថាព្រះយេហូវ៉ានឹងស្គាល់ការគោរពប្រណិប័តន៍ដោយលាក់ពុត។ ម្យ៉ាងទៀត គាត់ក៏ជឿជាក់ដែរថាព្រះយេហូវ៉ាបានដឹងថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ពិតរបស់លោក។ ការជឿជាក់របស់ប៉ូលបានត្រូវឲ្យឃើញតាមរយៈអ្វីដែលគាត់បានសរសេរទៅកាន់ធីម៉ូថេក្រោមការដឹកនាំរបស់ព្រះ។ ក្រោយពីប៉ូលបានរៀបរាប់អំពីរបៀបដែលអ្នកក្បត់ជំនឿបានបង្ខូចជំនឿរបស់អ្នកខ្លះ នោះគាត់បាននិយាយថា៖ «ទោះជាយ៉ាងនោះក៏ដោយ ក៏គ្រឹះរឹងមាំដែលព្រះបានចាក់នៅស្ថិតស្ថេរនៅឡើយ ហើយគ្រឹះនោះបានត្រូវបិទត្រាដោយពាក្យទៅនេះ៖ ‹ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក› ហើយ៖ ‹ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត›»។—២ធី. ២:១៩

៥, ៦. ហេតុអ្វីពាក្យរបស់ប៉ូលដែលថា«គ្រឹះរឹងមាំដែលព្រះបានចាក់»គួរឲ្យចាប់អារម្មណ៍? តើនេះបានមានឥទ្ធិពលយ៉ាងណាលើធីម៉ូថេ?

គម្ពីរប្រើពាក្យ«ឫសជញ្ជាំង» ឬ«គ្រឹះ»ដើម្បីរៀបរាប់អំពីរបស់ផ្សេងៗ។ នេះរួមបញ្ចូលគ្រឹះនៃវិហារនៅក្រុងយេរូសាឡិមនិងតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ។ (២រប. ៨:១៦; ១កូ. ៣:១១; ១ពេ. ២:៦) ប៉ុន្ដែ គម្ពីរបានប្រើពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់»តែម្ដងគត់។ តើប៉ូលបានសំដៅលើព្រឹត្ដិការណ៍អ្វី ពេលគាត់បានប្រើពាក្យនោះ?

ពេលប៉ូលបានប្រើពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់» គាត់បានប្រើពាក្យនោះក្នុងដែលគាត់បានដកស្រង់ពីពាក្យរបស់ម៉ូសេអំពីកូរ៉ានិងពួកអ្នកគាំទ្រគាត់។ (សូមមើល ជនគណនា ១៦:៥) ដោយសរសេរដូច្នេះ ប៉ូលបានរំលឹកធីម៉ូថេថាព្រះយេហូវ៉ាបានជ្រាបអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងក្រុមជំនុំនៅពេលនោះ ហើយលោកនឹងរារាំងពួកអ្នកក្បត់ជំនឿមិនឲ្យបង្កអន្ដរាយ។ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកដោយសារកូរ៉ាទេ ហើយព្រះក៏នឹងមិនផ្លាស់ប្ដូរគោលបំណងរបស់លោកដោយសារពួកអ្នកក្បត់ជំនឿនៅក្នុងក្រុមជំនុំដែរ។ ប៉ូលមិនបានពន្យល់ឲ្យបានល្អិតល្អន់អំពីអត្ថន័យនៃពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់»ឡើយ។ ប៉ុន្ដែ អ្វីដែលប៉ូលបាននិយាយបានជួយធីម៉ូថេឲ្យជឿជាក់លើព្រះយេហូវ៉ា ហើយមានទំនុកចិត្ដលើលោក។

. ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាសុចរិតនិងស្មោះត្រង់ជានិច្ច?

គោលការណ៍របស់ព្រះយេហូវ៉ាមិនផ្លាស់ប្ដូរសោះឡើយ។ ទំនុកតម្កើង ៣៣:១១ ចែងថា៖ «ដំបូន្មានផងព្រះយេហូវ៉ាវិញ នោះនៅជាប់ជានិច្ច ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប ដល់អស់ទាំងដំណទៅ»។ ព្រះយេហូវ៉ាជាស្ដេច លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះ ឬសេចក្ដីសប្បុរស ហើយលោកសុចរិតនិងស្មោះត្រង់។ គម្ពីរបង្ហាញថាហេតុការណ៍ពិតទាំងនេះក៏មិនផ្លាស់ប្ដូរដែរ។ (និក្ខ. ១៥:១៨; ទំនុក. ១០០:៥; ១១១:៣) ម៉ាឡាគី ៣:៦ ចែងថា៖ «អញគឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»។ ស្រដៀងគ្នាដែរ យ៉ាកុប ១:១៧ ចែងថា ព្រះយេហូវ៉ា«មិនប្រែប្រួលដូចស្រមោលឡើយ»។

អក្សរចារឹកមួយដែលពង្រឹងជំនឿលើព្រះយេហូវ៉ា

៨, ៩. តើអ្វីដែលបានចារឹកលើ«គ្រឹះរឹងមាំដែលព្រះបានចាក់»បង្រៀនយើងនូវមេរៀនអ្វី?

នៅសម័យបុរាណ ធម្មតាគេសរសេរ ឬចារឹកអក្សរនៅលើគ្រឹះនៃអគារមួយ។ គេច្រើនតែធ្វើដូច្នេះដើម្បីបង្ហាញថាអ្នកណាបានសង់ ឬអ្នកណាជាម្ចាស់អគារនោះ។ ក្នុងគម្ពីរ ប៉ូលជាអ្នកសរសេរមុនគេអំពីទម្លាប់នេះ។ * «គ្រឹះរឹងមាំដែលព្រះបានចាក់»ដែលប៉ូលបានរៀបរាប់នៅធីម៉ូថេទី២ ២:១៩ មានឃ្លាពីរដែលបានចារឹកលើគ្រឹះនោះ គឺ (១) «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក» ហើយ(២) «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»។ នេះរំលឹកយើងអំពីអ្វីដែលយើងអាននៅជនគណនា ១៦:៥ (សូមអាន)។

តើអ្វីដែលបានចារឹកលើ«គ្រឹះរឹងមាំដែលព្រះបានចាក់»បង្រៀនពួកអ្នកដែលជារបស់ព្រះយេហូវ៉ានូវមេរៀនអ្វី? គឺខ្នាតតម្រានិងគោលការណ៍របស់ព្រះយេហូវ៉ាផ្អែកលើសេចក្ដីពិតសំខាន់ចាំបាច់ពីរ។ សេចក្ដីពិតទាំងនោះគឺ (១) ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកដែលស្មោះត្រង់នឹងលោក ហើយ(២) ព្រះយេហូវ៉ាស្អប់ការប្រព្រឹត្ដខុសឆ្គង។ តើមេរៀននេះជាប់ទាក់ទងយ៉ាងណានឹងការក្បត់ជំនឿនៅក្នុងក្រុមជំនុំ?

១០. តើការប្រព្រឹត្ដរបស់អ្នកក្បត់ជំនឿមានឥទ្ធិពលយ៉ាងណាទៅលើអ្នកស្មោះត្រង់នៅសម័យប៉ូល?

១០ ធីម៉ូថេនិងពួកអ្នកស្មោះត្រង់ទៀតខ្វល់ចិត្ដជាខ្លាំងដោយសារការប្រព្រឹត្ដរបស់អ្នកក្បត់ជំនឿ។ គ្រិស្ដសាសនិកខ្លះប្រហែលជាបានឆ្ងល់អំពីមូលហេតុដែលអ្នកក្បត់ជំនឿទាំងនេះបានត្រូវអនុញ្ញាតឲ្យនៅក្នុងក្រុមជំនុំ។ ពួកអ្នកស្មោះត្រង់ប្រហែលជាបានឆ្ងល់ថាតើព្រះយេហូវ៉ាអាចឃើញភាពខុសគ្នារវាងភក្ដីភាពឥតរង្គោះរង្គើរបស់ពួកគេនិងការគោរពប្រណិប័តន៍ដោយលាក់ពុតរបស់អ្នកក្បត់ជំនឿទេ?—សកម្ម. ២០:២៩, ៣០

ធីម៉ូថេមិនបានទទួលឥទ្ធិពលពីការប្រព្រឹត្ដរបស់អ្នកក្បត់ជំនឿឡើយ (សូមមើលវគ្គ១០-១២)

១១, ១២. តើសំបុត្ររបស់ប៉ូលច្បាស់ជាបានពង្រឹងជំនឿរបស់ធីម៉ូថេយ៉ាងដូចម្ដេច?

១១ សំបុត្ររបស់ប៉ូលច្បាស់ជាបានពង្រឹងជំនឿរបស់ធីម៉ូថេ។ គាត់បានរំលឹកធីម៉ូថេថានៅសម័យមុន ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថាកូរ៉ានិងពួកអ្នកគាំទ្រគាត់ជាមនុស្សលាក់ពុត។ ព្រះយេហូវ៉ាមិនបានទទួលស្គាល់ពួកគេទេ ហើយបានបំផ្លាញពួកគេចោល ប៉ុន្ដែបានបង្ហាញថាលោកពេញចិត្ដនឹងអេរ៉ុនវិញ។ ស្រដៀងគ្នាដែរ ទោះជាមានមនុស្សដែលលាក់ពុតធ្វើជាគ្រិស្ដសាសនិកនៅសម័យប៉ូលក៏ដោយ ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញថាអ្នកណាជារបស់លោក។

១២ ព្រះយេហូវ៉ាមិនប្រែប្រួលសោះឡើយ ហេតុនេះយើងអាចទុកចិត្ដលោកជានិច្ច។ លោកស្អប់អំពើទុច្ចរិត ហើយលោកនឹងដាក់ទោសពួកអ្នកដែលធ្វើអំពើខុសឆ្គង ដោយមិនកែប្រែចិត្ដ។ ប៉ូលបានរំលឹកធីម៉ូថេថាគាត់ត្រូវបដិសេធឥទ្ធិពលអាក្រក់របស់ពួកអ្នកដែលធ្វើពុតជាគ្រិស្ដសាសនិក ពីព្រោះ«អស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា»ត្រូវបដិសេធអំពើទុច្ចរិត។ *

ការគោរពប្រណិប័តន៍យ៉ាងស្មោះនាំឲ្យទទួលពរជានិច្ច

១៣. តើយើងអាចមានទំនុកចិត្ដយ៉ាងណា?

១៣ ពាក្យរបស់ប៉ូលទៅកាន់ធីម៉ូថេក៏អាចលើកទឹកចិត្ដយើងដែរ។ ហេតុអ្វី? ព្រះយេហូវ៉ាស្គាល់ច្បាស់ណាស់ថាយើងស្មោះត្រង់នឹងលោក។ ព្រះយេហូវ៉ាមិនគ្រាន់តែស្គាល់ពួកអ្នកដែលស្មោះត្រង់នឹងលោកប៉ុណ្ណោះទេ ប៉ុន្ដែលោកបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពួកគេ។ គម្ពីរចែងថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្ដស្មោះត្រង់ចំពោះទ្រង់»។ (២រប. ១៦:៩) ដូច្នេះ យើងអាចមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងមិនភ្លេចការខំព្យាយាមដ៏ស្មោះរបស់យើងដើម្បីគោរពប្រណិប័តន៍លោកឡើយ។—១កូ. ១៥:៥៨; ១ធី. ១:៥

១៤. តើព្រះយេហូវ៉ាមិនព្រមទទួលការគោរពប្រណិប័តន៍បែបណា?

១៤ ព្រះយេហូវ៉ាស្អប់ការគោរពប្រណិប័តន៍ដោយលាក់ពុត ហើយលោកមិនព្រមទទួលការគោរពប្រណិប័តន៍បែបនេះទេ។ លោកអាចមើលឃើញចិត្ដរបស់មនុស្សទាំងអស់ ហើយអាចមើលឃើញចិត្ដរបស់អ្នកណាដែលមិន«ស្មោះត្រង់ចំពោះ»លោក។ តាមទស្សនៈរបស់ព្រះយេហូវ៉ា កាលណាបុគ្គលម្នាក់ធ្វើពុតជាមនុស្សស្ដាប់បង្គាប់លោក ប៉ុន្ដែកំពុងប្រព្រឹត្ដអំពើខុសឆ្គងដោយលួចលាក់ នោះគឺគួរឲ្យស្អប់ខ្ពើម។ (សុភ. ៣:៣២) បុគ្គលបែបនេះអាចបោកបញ្ឆោតមនុស្សបាន ប៉ុន្ដែមិនអាចបោកបញ្ឆោតព្រះយេហូវ៉ាបានទេ។ គម្ពីរចែងថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ»។ នេះគឺដោយសារព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងដោយសារលោកជាព្រះនៃសេចក្ដីសុចរិត។—សុភ. ២៨:១៣; សូមអាន ធីម៉ូថេទី១ ៥:២៤; ហេប្រឺ ៤:១៣

១៥. តើយើងគួរជៀសវាងពីអ្វី ហើយហេតុអ្វី?

១៥ រាស្ដ្ររបស់ព្រះយេហូវ៉ាភាគច្រើនស្រឡាញ់លោកអស់ពីចិត្ដ។ កម្រមានអ្នកណាព្យាយាមបោកបញ្ឆោតព្រះយេហូវ៉ាដោយធ្វើពុតជាអ្នកគោរពប្រណិប័តន៍លោក។ ប៉ុន្ដែ បើនេះបានកើតឡើងនៅសម័យម៉ូសេនិងសម័យគ្រិស្ដសាសនិកជំនាន់ដើម នេះអាចកើតឡើងនៅសព្វថ្ងៃនេះដែរ។ (២ធី. ៣:១,) តើនេះមានន័យថាយើងគួរសង្ស័យបងប្អូនយើង ហើយមិនទុកចិត្ដថាពួកគាត់ស្មោះត្រង់នឹងព្រះយេហូវ៉ាឬ? មិនមែនទេ។ បើយើងសង្ស័យបងប្អូនប្រុសស្រីរបស់យើងដោយគ្មានភ័ស្ដុតាង នោះគឺមិនត្រឹមត្រូវទេ។ (សូមអាន រ៉ូម ១៤:១០-១២; កូរិនថូសទី១ ១៣:៧) ម្យ៉ាងទៀត បើយើងសង្ស័យបងប្អូនយើង នោះនឹងបង្ខូចចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា។

១៦. (ក) តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាគ្មានការលាក់ពុតនៅក្នុងចិត្ដរបស់អ្នក? (ខ) តើយើងអាចរៀនអ្វីពីប្រអប់ដែលមានចំណងជើងថា ‹ចូរពិនិត្យពិចារណាឥតឈប់ ចូរឲ្យឃើញជានិច្ច›?

១៦ គ្រិស្ដសាសនិកម្នាក់ៗគួរ«ពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា»។ (កាឡ. ៦:៤) ដោយសារយើងមិនល្អឥតខ្ចោះ ដោយឥតដឹងខ្លួន យើងប្រហែលជាចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានបំណងចិត្ដមិនត្រឹមត្រូវ ហើយចាប់ផ្ដើមបម្រើលោកដោយលាក់ពុតមិនមែនដោយចិត្ដស្មោះដូចពីមុន។ (ហេ. ៣:១២, ១៣) ដូច្នេះ យើងត្រូវសួរខ្លួនយើងថា ‹ហេតុអ្វីខ្ញុំគោរពប្រណិប័តន៍ព្រះយេហូវ៉ា? តើខ្ញុំគោរពប្រណិប័តន៍លោកដោយសារខ្ញុំស្រឡាញ់លោក និងដោយសារខ្ញុំចង់ឲ្យលោកធ្វើជាអ្នកគ្រប់គ្រងរបស់ខ្ញុំទេ? ឬតើខ្ញុំគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសារខ្ញុំចង់មានជីវិតដ៏សប្បាយនៅក្នុងសួនឧទ្យាន?›។ (បប. ៤:១១) ដោយសួរសំណួរទាំងនេះ យើងអាចធ្វើឲ្យប្រាកដថាគ្មានការលាក់ពុតទាល់តែសោះនៅក្នុងចិត្ដរបស់យើង។

ភក្ដីភាពនាំឲ្យមានសុភមង្គល

១៧, ១៨. ហេតុអ្វីយើងគួរគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានចិត្ដស្មោះ?

១៧ យើងនឹងទទួលពរបើយើងខំប្រឹងអស់ពីសមត្ថភាពរបស់យើង ដើម្បីបំបាត់ចោលការលាក់ពុតឲ្យអស់ពីក្នុងចិត្ដរបស់យើង។ អ្នកតែងទំនុកតម្កើងពោលថា៖ «មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្ដសោះ»។ (ទំនុក. ៣២:២) បើយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយចិត្ដស្មោះ យើងនឹងសប្បាយនៅពេលឥឡូវនេះ ហើយនឹងមានសុភមង្គលយ៉ាងពេញលេញនៅពេលអនាគត។

១៨ បន្ដិចទៀត ព្រះយេហូវ៉ានឹងបកអាក្រាតមនុស្សអាក្រក់ដែលមិនព្រមកែប្រែចិត្ដបុគ្គលដែលប្រព្រឹត្ដអំពើខុសឆ្គងដោយលួចលាក់។ លោកនឹងបង្ហាញឲ្យឃើញភាពខុសគ្នារវាង‹សេចក្ដីសុចរិតនិងសេចក្ដីអាក្រក់ ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរព›។ (ម៉ាឡ. ៣:១៨) ទម្រាំដល់ពេលនោះ យើងទទួលការលើកទឹកចិត្ដដោយដឹងថា«ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ»។—១ពេ. ៣:១២

^ ???? 8 សៀវភៅការបើកបង្ហាញ ២១:១៤បាននិយាយអំពីទម្លាប់នេះ ដោយចែងថាឈ្មោះរបស់សាវ័កទាំង១២នាក់បានត្រូវចារឹកនៅលើ«ថ្មគ្រឹះដប់ពីរ»។

^ ???? 12 អត្ថបទបន្ទាប់នឹងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ា ហើយបដិសេធអំពើទុច្ចរិត។