ចូរផ្ដោតអារម្មណ៍លើរង្វាន់
ចូរផ្ដោតអារម្មណ៍លើរង្វាន់
«ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់»។—ភី. ៣:១៤
១. តើសាវ័កប៉ុលអាចទទួលរង្វាន់អ្វី?
សាវ័កប៉ុល ដែលគេក៏ស្គាល់ជាសុលពីទីក្រុងតើសុស មកពីក្រុមគ្រួសារដែលមានមុខមាត់។ លោកគ្រូបង្រៀនខាងច្បាប់ដ៏ល្បីម្នាក់ឈ្មោះកាម៉ាលាល បានបង្ហាត់គាត់តាមសាសនាជីដូនជីតារបស់គាត់។ (សកម្ម. ២២:៣) តាមមើលទៅ ប៉ុលអាចមានអាជីពដ៏ល្អប្រសើរ ប៉ុន្តែគាត់បោះបង់ចោលសាសនារបស់គាត់ ហើយក្លាយទៅជាគ្រិស្តសាសនិកម្នាក់វិញ។ ក្រោយមកគាត់បានទន្ទឹងចាំរង្វាន់នៃជីវិតដែលគ្មានទីបញ្ចប់ដែលគាត់អាចទទួល ពោលគឺការធ្វើជាស្តេចនិងសង្ឃដែលមិនចេះស្លាប់ក្នុងរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌។ រាជាណាចក្រនោះនឹងគ្រប់គ្រងលើផែនដីជាសួនឧទ្យាន។—ម៉ាថ. ៦:១០; បប. ៧:៤; ២០:៦
២, ៣. តើរង្វាន់នៃជីវិតនៅស្ថានសួគ៌មានតម្លៃប៉ុណ្ណាចំពោះប៉ុល?
២ ដោយបង្ហាញថារង្វាន់នោះមានតម្លៃប៉ុណ្ណាចំពោះគាត់ ប៉ុលបាននិយាយថា៖ «អ្វីៗដែលធ្លាប់មានប្រយោជន៍ចំពោះខ្ញុំ ខ្ញុំចាត់ទុកថាខាតដោយសារគ្រិស្ត។ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូជាម្ចាស់របស់ខ្ញុំ។ ដោយសារលោក ខ្ញុំបានសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយក៏ចាត់ទុកជាសំរាម ដើម្បីខ្ញុំអាចបានគ្រិស្ត»។ (ភី. ៣:៧, ៨) អ្វីដែលមនុស្សភាគច្រើនចាត់ទុកថាសំខាន់ ដូចជាឋានៈ ទ្រព្យសម្បត្ដិ អាជីព និងកិត្យានុភាពដ៏រុងរឿងជាដើម នោះប៉ុលបានចាត់ទុកជាសំរាមទៅវិញ ក្រោយពីគាត់រៀនសេចក្ដីពិតអំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ។
៣ តាំងពីពេលនោះមក អ្វីដ៏សំខាន់បំផុតចំពោះប៉ុលគឺចំណេះដែលមានតម្លៃអំពីព្រះយេហូវ៉ានិងលោកយេស៊ូ។ ចំពោះចំណេះនោះ លោកយេស៊ូបានថ្លែងក្នុងសេចក្ដីអធិដ្ឋានដល់ព្រះថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូន. ១៧:៣) ប៉ុលមានសេចក្ដីប៉ងប្រាថ្នាដ៏ស្មោះដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយនេះត្រូវបានសឲ្យឃើញយ៉ាងច្បាស់តាមពាក្យរបស់គាត់ដែលកត់ទុកក្នុងសៀវភៅភីលីព ៣:១៤ ដែលថា៖ «ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់ ពោលគឺព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ»។ ត្រូវហើយ គាត់បានផ្ដោតអារម្មណ៍លើរង្វាន់នៃជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ក្រោមរាជរដ្ឋាភិបាលរបស់ព្រះ។
រស់នៅរហូតលើផែនដី
៤, ៥. តើមនុស្សរាប់លាននាក់ដែលកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះសព្វថ្ងៃអាចទទួលរង្វាន់អ្វី?
៤ ចំពោះមនុស្សភាគច្រើនដែលសម្រេចចិត្តធ្វើតាមបំណងប្រាថ្នារបស់ព្រះ រង្វាន់ដែលយើងគួរព្យាយាមដើម្បីទទួល គឺជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីរបស់ព្រះ។ (ទំនុក. ៣៧:១១, ២៩) លោកយេស៊ូបានបញ្ជាក់ថានេះជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ។ លោកមានប្រសាសន៍ថា៖ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។ (ម៉ាថ. ៥:៥) ដូចសៀវភៅទំនុកដំកើង ២:៨បានបង្ហើបឲ្យដឹងថា លោកយេស៊ូជាបុគ្គលសំខាន់បំផុតដែលទទួលផែនដីជាមត៌ក ហើយលោកនឹងមានអ្នកគ្រប់គ្រងជាមួយលោកនៅឯស្ថានសួគ៌ដែលមានចំនួន១៤៤.០០០នាក់។ (ដា. ៧:១៣, ១៤, ២២, ២៧) អស់អ្នកដែលមានលក្ខណៈដូចចៀមដែលនឹងរស់នៅលើផែនដី នឹងទទួលផែនដី«ជាមត៌ក»ក្រោមការណែនាំនៃរាជាណាចក្រដែលបានត្រូវ‹រៀបចំឲ្យពួកគាត់តាំងពីកំណើតពិភពលោកជាមត៌ក›។ (ម៉ាថ. ២៥:៣៤, ៤៦) យើងមានការធានារ៉ាប់រងដែលអ្វីទាំងអស់នេះនឹងសម្រេចបាន ដោយព្រោះព្រះដែលសន្យាអ្វីទាំងនោះ «មិនអាចកុហក»ឡើយ។ (ទីត. ១:២) ដូចយ៉ូស្វេ យើងអាចមានទំនុកចិត្តថាសេចក្ដីសន្យារបស់ព្រះនឹងសម្រេចបាន ពេលយ៉ូស្វេប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស. ២៣:១៤
៥ ការរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ នឹងមិនដូចជាការរស់នៅសព្វថ្ងៃដែលគ្មានភាពស្កប់ស្កល់ឡើយ។ ការរស់នៅក្នុងពិភពលោកថ្មីនឹងខុសស្រឡះពីឥឡូវនេះណាស់ ដោយសារនៅពេលនោះនឹងលែងមានសង្គ្រាម ឧក្រិដ្ឋកម្ម ភាពក្រីក្រ អយុត្ដិធម៌ ជំងឺ និងសេចក្ដីស្លាប់។ ណាមួយទៀត នៅពេលនោះមនុស្សនឹងមានសុខភាពល្អឥតខ្ចោះ ហើយនឹងរស់នៅផែនដីដែលត្រូវបានក្លាយទៅជាសួនឧទ្យាន។ ជីវិតនៅសម័យនោះនឹងនាំឲ្យមានចិត្តស្កប់ស្កល់ដែលហួសពីអ្វីដែលយើងអាចនឹកស្មានទៅទៀត។ ពិតមែនហើយ រៀងរាល់ថ្ងៃនៅក្នុងពិភពលោកថ្មីនោះ នឹងនាំឲ្យយើងមានចិត្តរីករាយ។ នេះពិតជារង្វាន់ដ៏ល្អប្រពៃមែន!
៦, ៧. (ក) តើលោកយេស៊ូបានធ្វើអ្វីខ្លះដែលអាចនាំឲ្យយើងជឿជាក់ថានឹងមានក្នុងពិភពលោកថ្មីរបស់ព្រះ? (ខ) តើមនុស្សស្លាប់នឹងទទួលការចាប់ផ្ដើមថ្មីយ៉ាងដូចម្ដេច?
៦ កាលដែលលោកយេស៊ូនៅផែនដី លោកបានទទួលកម្លាំងពីសកម្មពលបរិសុទ្ធរបស់ព្រះ ដើម្បីបង្ហាញអំពីអ្វីៗដ៏ល្អអស្ចារ្យដែលនឹងមាននៅទូទាំងផែនដីក្នុងពិភពលោកថ្មី។ ជាឧទាហរណ៍ លោកយេស៊ូមានប្រសាសន៍ទៅកាន់បុរសម្នាក់ដែលស្លាប់ដៃស្លាប់ជើងអស់រយៈពេល៣៨ឆ្នាំឲ្យក្រោកដើរទៅ។ កំណត់ហេតុក្នុងគម្ពីរបានចែងថាបុរសនោះបានចាប់ផ្ដើមដើរមែន។ (សូមអាន យ៉ូហាន ៥:៥-៩) ក្នុងករណីផ្សេងទៀត លោកយេស៊ូជួប«បុរសម្នាក់ដែលងងឹតភ្នែកតាំងពីកំណើត»ហើយប្រោសឲ្យគាត់ជាសះស្បើយ។ ក្រោយមកគេបានសួរបុរសដែលងងឹតភ្នែកពីមុន អំពីបុគ្គលដែលប្រោសគាត់ឲ្យជា នោះគាត់ឆ្លើយថា៖ «តាំងពីបុរាណកាលមក យើងមិនដែលឮថាមានអ្នកណាធ្វើឲ្យមនុស្សងងឹតភ្នែកពីកំណើតមើលឃើញឡើយ។ ប្រសិនបើបុរសនោះមិនមកពីព្រះទេ គាត់មិនអាចធ្វើអ្វីទាល់តែសោះ»។ (យ៉ូន. ៩:១, ៦, ៧, ៣២, ៣៣) លោកយេស៊ូអាចធ្វើអ្វីទាំងអស់នេះ ដោយព្រោះលោកទទួលកម្លាំងពីព្រះ។ កន្លែងណាដែលលោកយេស៊ូទៅ នោះ«អស់អ្នកដែលត្រូវការឲ្យលោកធ្វើឲ្យជា លោកបានធ្វើឲ្យពួកគេជាសះស្បើយ»។—លូក. ៩:១១
៧ លោកយេស៊ូមិនគ្រាន់តែចេះប្រោសមនុស្សដែលមានជំងឺនិងពិការឲ្យជាប៉ុណ្ណោះទេ តែលោកក៏អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ ជាឧទាហរណ៍ មានពេលមួយដែលក្មេងស្រីអាយុ១២ឆ្នាំបានស្លាប់ ហើយបាននាំឲ្យមាតាបិតាសោកសៅខ្លាំងមែន។ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «នាងអើយ! ខ្ញុំប្រាប់ថា ចូរក្រោកឡើង!»។ ហើយនាងបានក្រោកឡើងមែន! តើអ្នកអាចស្រមៃគិតអំពីអារម្មណ៍របស់មាតាបិតានិងអ្នកឯទៀតដែលនៅទីនោះទេ? (សូមអាន ម៉ាកុស ៥:៣៨-៤២) ក្នុងពិភពលោកថ្មីរបស់ព្រះ ពេលមនុស្សរាប់ពាន់លាននាក់រស់ឡើងវិញ នោះនឹងពិតជាមានការ«ត្រេកអរហួសប្រមាណ»មែន ព្រោះ«មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្ម. ២៤:១៥; យ៉ូន. ៥:២៨, ២៩) អស់អ្នកដែលត្រូវបានប្រោសឲ្យរស់ឡើងវិញនឹងមានការចាប់ផ្ដើមថ្មី ដោយមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតពីពេលនោះតទៅទៀត។
៨, ៩. (ក) ក្នុងអំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់គ្រិស្ត តើនឹងមានអ្វីកើតឡើងដល់អំពើខុសឆ្គងដែលយើងទទួលជាមត៌កពីអ័ដាម? (ខ) តើមនុស្សស្លាប់នឹងត្រូវបានវិនិច្ឆ័យយោងទៅតាមអ្វី?
៨ អស់អ្នកដែលត្រូវបានប្រោសឲ្យរស់ឡើងវិញនឹងមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់។ ពួកគាត់នឹងមិនត្រូវបានផ្ដន្ទាទោសចំពោះអំពើខុសឆ្គងដែលពួកគាត់បានប្រព្រឹត្តមុនស្លាប់នោះឡើយ។ (រ៉ូម ៦:៧) ក្នុងអំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់គ្រិស្ត រាស្ត្រនៃរាជាណាចក្ររបស់ព្រះដែលចេះស្ដាប់បង្គាប់ នឹងក្លាយទៅជាមនុស្សល្អឥតខ្ចោះបន្ដិចម្ដងៗ ខណៈដែលប្រយោជន៍ពីគ្រឿងបូជាដែលជាថ្លៃលោះនឹងផ្ដល់ឲ្យពួកគាត់។ នៅទីបំផុត ពួកគាត់នឹងលែងមានឥទ្ធិពលពីអំពើខុសឆ្គងរបស់អ័ដាម។ (រ៉ូម ៨:២១) ព្រះយេហូវ៉ា«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសា. ២៥:៨) បណ្ដាំរបស់ព្រះក៏បានរៀបរាប់ថា«រមូរផ្សេងៗបានត្រូវបើកឡើង» ហើយនេះបង្ហើបថាអស់អ្នកដែលរស់នៅគ្រានោះនឹងទទួលព័ត៌មានថ្មីៗ។ (បប. ២០:១២) ខណៈដែលផែនដី ត្រូវបានក្លាយទៅជាសួនឧទ្យាន នោះ«ពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត»។—អេសា. ២៦:៩
៩ អស់អ្នកដែលរស់ឡើងវិញនឹងត្រូវបានវិនិច្ឆ័យយោងទៅតាមអ្វីដែលពួកគេសម្រេចចិត្តធ្វើផ្ទាល់ខ្លួន មិនមែនយោងទៅតាមអំពើខុសឆ្គងដែលពួកគេទទួលជាមត៌កពីអ័ដាមឡើយ។ សៀវភៅការបើកបង្ហាញ ២០:១២ចែងថា៖ «មនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ» ពោលគឺការប្រព្រឹត្តរបស់ពួកគេក្រោយពីបានរស់ឡើងវិញ។ នេះពិតជាគំរូដ៏អស្ចារ្យដែលបង្ហាញពីយុត្ដិធម៌ មេត្ដាករុណា សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាមែន! ម្យ៉ាងទៀត រឿងការឈឺចាប់ដែលធ្លាប់មានក្នុងជីវិតរបស់ពួកគេក្នុងពិភពលោកចាស់នឹង«គ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ (អេសា. ៦៥:១៧) ដោយមានព័ត៌មានថ្មីដែលពង្រឹងកម្លាំង ព្រមទាំងជីវិតដែលពេញទៅដោយអ្វីៗដ៏ល្អ នោះពួកគេនឹងលែងរងទុក្ខការឈឺចាប់ពីអ្វីៗដ៏អាក្រក់ដែលធ្លាប់មានពីមុនទៀត។ បទពិសោធន៍ដ៏អាក្រក់ដែលមានពីមុននឹងត្រូវបំភ្លេចតែម្ដង។ (បប. ២១:៤) «មនុស្សមួយក្រុមធំ»ដែលរួចរស់ជីវិតពីសង្គ្រាមហាម៉ាគេដូនក៏ដូចគ្នាដែរ។—បប. ៧:៩, ១០, ១៤
១០. (ក) តើការរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះនឹងមានស្ថានភាពបែបណាខ្លះ? (ខ) តើអ្នកអាចធ្វើអ្វីដើម្បីជួយអ្នកឲ្យផ្ដោតអារម្មណ៍លើរង្វាន់?
១០ ក្នុងពិភពលោកថ្មីរបស់ព្រះ មនុស្សនឹងអាចរស់នៅដោយមិនធ្លាក់ខ្លួនឈឺឬស្លាប់ទៀតឡើយ ដោយព្រោះគម្ពីររៀបរាប់ថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។ (អេសា. ៣៣:២៤) នៅទីបំផុត ពួកអ្នកនៅផែនដីថ្មីនឹងងើបឡើងរាល់ព្រឹកដោយមានសុខភាពល្អឥតខ្ចោះ ព្រមទាំងសប្បាយដោយមានថ្ងៃដ៏ល្អអស្ចារ្យមួយទៀត។ ពួកគេនឹងទន្ទឹងដោយរីករាយនូវការងារដែលនាំឲ្យស្កប់ចិត្ត ហើយសេពគប់ជាមួយអ្នកឯទៀតដែលយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគាត់។ ជីវិតបែបនេះពិតជារង្វាន់ដ៏ល្អក្រៃលែងមែន! យើងសូមអញ្ជើញអ្នកចំណាយពេលអាន និងរំពឹងគិតអំពីទំនាយដែលបានកត់ទុកក្នុងសៀវភៅអេសាយ ៣៣:២៤ និង៣៥:៥-៧។ ពេលអាន សូមស្រមៃគិតថាខ្លួនស្ថិតនៅពិភពលោកថ្មីនោះ។ នេះនឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍លើរង្វាន់។
បុគ្គលខ្លះដែលលែងផ្ដោតអារម្មណ៍លើរង្វាន់
១១. សូមពិពណ៌នាអំពីការចាប់ផ្ដើមដ៏ល្អនៃការសោយរាជ្យរបស់សាឡូម៉ូន។
១១ ក្រោយពីបានរៀនអំពីរង្វាន់ដែលយើងអាចទទួល យើងត្រូវព្យាយាមផ្ដោតអារម្មណ៍លើរង្វាន់នោះ បើមិនដូច្នេះទេយើងអាចលែងសម្លឹងចំលើរង្វាន់។ ជាឧទាហរណ៍ ពេលសាឡូម៉ូនក្លាយទៅជាស្តេចនៃសាសន៍អ៊ីស្រាអែលនៅសម័យបុរាណ គាត់បានអធិដ្ឋានដោយចិត្តរាបទាបសុំព្រះផ្ដល់ឲ្យគាត់មានគំនិតឆ្លុះយល់ និងសមត្ថភាពវែកញែកដើម្បីអាចវិនិច្ឆ័យបណ្ដាជនយ៉ាងត្រឹមត្រូវ។ (សូមអាន ពង្សាវតារក្សត្រទី១ ៣:៦-១២) ជាលទ្ធផល គម្ពីរបានចែងថា៖ «ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា នឹងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយ»។ ពិតមែន«ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង»។—១ពង្ស. ៤:២៩-៣២
១២. តើព្រះយេហូវ៉ាបានព្រមានអស់អ្នកដែលនឹងក្លាយទៅជាស្តេចក្នុងប្រទេសអ៊ីស្រាអែលអំពីអ្វីខ្លះ?
១២ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានមុននេះព្រះយេហូវ៉ាបានព្រមានអស់អ្នកដែលក្លាយទៅជាស្តេច«កុំ . . . ចំរើនសេះជាច្រើនសំរាប់ខ្លួន» ហើយ«ក៏មិនត្រូវ . . . យកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ»។ (ចោទិ. ១៧:១៤-១៧) ការចម្រើនសេះជាច្រើននឹងបង្ហាញថា ស្តេចពឹងផ្អែកលើកម្លាំងនៃកងទ័ពដើម្បីការពារប្រទេស ជាជាងពឹងផ្អែកលើព្រះយេហូវ៉ាដែលជាអ្នកការពារ។ ណាមួយទៀត ការយកភរិយាជាច្រើននឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ ដោយសារភរិយាខ្លះប្រហែលជាជនជាតិដទៃដែលនៅជុំវិញស្រុកអ៊ីស្រាអែលដែលគោរពប្រណិប័តន៍ព្រះមិនពិត ហើយភរិយាទាំងនោះអាចនាំឲ្យស្តេចមានចិត្តងាកបែរចេញពីការគោរពប្រណិប័តន៍ដ៏ពិតចំពោះព្រះយេហូវ៉ា។
១៣. តើសាឡូម៉ូនលែងផ្ដោតអារម្មណ៍លើអ្វីដែលបានផ្ដល់ឲ្យគាត់យ៉ាងដូចម្ដេច?
១៣ សាឡូម៉ូនមិនបានស្ដាប់តាមការព្រមានរបស់ព្រះឡើយ។ ផ្ទុយទៅវិញ សាឡូម៉ូនបានធ្វើអ្វីដែលព្រះយេហូវ៉ាហាមពួកស្តេច។ គាត់ប្រមូលសេះបានរាប់ពាន់ក្បាល ហើយពលសេះរាប់ពាន់នាក់ផង។ (១ពង្ស. ៤:២៦) គាត់បានយកភរិយាជាច្រើនពីសាសន៍
ដទៃដែលគោរពប្រណិប័តន៍ព្រះមិនពិត ហើយនៅទីបំផុតគាត់មានភរិយា៧០០នាក់ ហើយអ្នកម្នាង៣០០នាក់។ ភរិយាទាំងនេះបាន«បង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា»។ សាឡូម៉ូនបានធ្វើតាមភរិយាពីសាសន៍ដទៃក្នុងការគោរពប្រណិប័តន៍ព្រះមិនពិតដែលជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម។ ជាលទ្ធផល ព្រះយេហូវ៉ាមានប្រសាសន៍ថាលោកនឹង«កន្ដ្រាក់យករាជ្យពី[សាឡូម៉ូន]វិញជាពិត»។—១ពង្ស. ១១:១-៦, ១១១៤. ដោយព្រោះសាឡូម៉ូននិងសាសន៍អ៊ីស្រាអែលមិនចេះស្ដាប់បង្គាប់ តើនេះនាំឲ្យមានលទ្ធផលអ្វី?
១៤ សាឡូម៉ូនលែងប្រមូលអារម្មណ៍ទៅលើឯកសិទ្ធិដ៏ពិសេសដែលគាត់មានក្នុងការតំណាងព្រះពិត។ គាត់បានចូលរួមទាំងស្រុងក្នុងការគោរពប្រណិប័តន៍ព្រះមិនពិត។ មិនយូរមិនឆាប់ ប្រជាជនទាំងឡាយបានក្លាយទៅជាអ្នកក្បត់ជំនឿ ហើយជាលទ្ធផលពួកគេទទួលសេចក្ដីហិនវិនាសនៅឆ្នាំ៦០៧ មុនគ.ស.។ ទោះបីជនជាតិយូដាបានស្ថាបនាការគោរពប្រណិប័តន៍ដ៏ពិតឡើងវិញក៏ដោយ តែច្រើនសតវត្សរ៍ក្រោយមកលោកយេស៊ូបានប្រកាសថា៖ «រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។ នេះបានកើតឡើងមែន។ លោកយេស៊ូបានប្រកាសថា៖ «មើល! វិហារនេះ នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ»។ (ម៉ាថ. ២១:៤៣; ២៣:៣៧, ៣៨) ដោយព្រោះសាសន៍អ៊ីស្រាអែលមិនស្មោះត្រង់ នោះពួកគេបានបាត់បង់ឯកសិទ្ធិដ៏ល្អលើសលប់ក្នុងការតំណាងព្រះពិត។ នៅឆ្នាំ៧០ គ.ស. កងទ័ពរ៉ូមបានកម្ទេចចោលទីក្រុងយេរូសាឡិមនិងវិហារ ហើយជនជាតិយូដាជាច្រើននាក់ត្រូវបានចាប់ឲ្យធ្វើជាខ្ញុំបម្រើ។
១៥. សូមលើកឧទាហរណ៍ពីបុរសខ្លះដែលលែងផ្ចង់អារម្មណ៍លើអ្វីដែលពិតជាសំខាន់។
១៥ យូដាស អ៊ីស្ការីយ៉ុតជាបុគ្គលម្នាក់ពីចំណោមសាវ័ក១២នាក់របស់លោកយេស៊ូ។ យូដាសបានឮសេចក្ដីបង្រៀនដ៏អស្ចារ្យរបស់យ៉ូន. ១២:៦) គាត់មានចិត្តលោភខ្លាំងដល់ម្ល៉េះដែលនៅទីបំផុតគាត់បានរួមដៃជាមួយពួកសង្ឃនាយកដែលលាក់ពុត ដើម្បីក្បត់លោកយេស៊ូ ដោយសារគាត់ចង់បាន៣០កាក់ដែលធ្វើពីប្រាក់។ (ម៉ាថ. ២៦:១៤-១៦) បុគ្គលម្នាក់ទៀតដែលលែងផ្ចង់អារម្មណ៍លើរង្វាន់គឺដេម៉ាស ដែលធ្លាប់ជាគូកនរបស់សាវ័កប៉ុល។ ដេម៉ាសមិនបានការពារចិត្តរបស់ខ្លួនទេ។ សាវ័កប៉ុលបានចែងថា៖ «ដេម៉ាសបានបោះបង់ចោលខ្ញុំ ដោយសារគាត់ស្រឡាញ់របៀបរបបពិភពលោកនាបច្ចុប្បន្ននេះ»។—២ធី. ៤:១០; សូមអាន សុភាសិត ៤:២៣
លោកយេស៊ូ ព្រមទាំងឃើញអព្ភូតហេតុដែលលោកបានធ្វើដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះផង។ ក៏ប៉ុន្តែ យូដាសមិនបានការពារចិត្តរបស់ខ្លួនទេ។ គាត់មានភារកិច្ចមើលខុសត្រូវប្រអប់ទុកប្រាក់ដែលមានប្រាក់របស់លោកយេស៊ូនិងសាវ័ក១២នាក់។ ប៉ុន្តែ«គាត់ជាចោរ ហើយជាអ្នកកាន់ប្រអប់ទុកប្រាក់ ក៏ធ្លាប់យកប្រាក់ដែលគេដាក់ក្នុងប្រអប់នោះ»។ (មេរៀនសម្រាប់យើងម្នាក់ៗ
១៦, ១៧. (ក) តើយើងមានការប្រឆាំងខ្លាំងប៉ុណ្ណា? (ខ) ទោះជាសាថានប្រឆាំងនឹងយើងតាមវិធីណាក៏ដោយ តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំបាន?
១៦ អ្នកបម្រើព្រះគ្រប់គ្នាគួរគិតឲ្យបានដិតដល់អំពីគំរូដែលបានកត់ទុកក្នុងគម្ពីរ ព្រោះយើងត្រូវបានប្រាប់ថា៖ «ការទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ ក៏បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃរបៀបរបបសម័យនេះ»។ (១កូ. ១០:១១) សព្វថ្ងៃយើងកំពុងរស់ក្នុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ។—២ធី. ៣:១, ១៣
១៧ សាថានដែលជាមេកំណាច ព្រមទាំងជា«ព្រះនៃរបៀបរបបពិភពលោកនេះ»ដឹងថា«វាមានពេលតែបន្ដិចបន្តួច»។ (២កូ. ៤:៤; បប. ១២:១២) សាថាននឹងខំធ្វើអស់ពីសមត្ថភាពដើម្បីទាក់ទាញចិត្តអ្នកបម្រើរបស់ព្រះយេហូវ៉ាឲ្យប្រព្រឹត្តប្រាសចាកគោលការណ៍ជាគ្រិស្តសាសនិក។ សាថានកាន់កាប់លើពិភពលោកនេះ រួមទាំងវិធីឃោសនាព័ត៌មានដែលមានក្នុងពិភពលោកនេះផង។ យ៉ាងណាក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាមានអ្វីមួយដែលខ្លាំងក្លាជាងនេះ ពោលគឺ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧) ទោះជាសាថានប្រឆាំងនឹងយើងតាមវិធីណាក៏ដោយ យើងអាចស៊ូទ្រាំបាន ដោយផ្អែកលើឫទ្ធានុភាពដែលមកពីព្រះ។ យ៉ាងនេះ យើងត្រូវបានលើកទឹកចិត្តឲ្យអធិដ្ឋានជារឿយៗ ដោយមានទំនុកចិត្តថាព្រះយេហូវ៉ានឹង«ផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។—លូក. ១១:១៣
១៨. តើយើងគួរមានចិត្តគំនិតយ៉ាងណាចំពោះពិភពលោកនេះ?
១៨ យើងក៏ត្រូវបានពង្រឹងកម្លាំងចិត្តដែរ ដោយដឹងថាបន្ដិចទៀតរបៀបរបបពិភពលោករបស់សាថាននឹងត្រូវបំផ្លាញចោល តែគ្រិស្តសាសនិកពិតនឹងរួចរស់ជីវិត។ «ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។ (១យ៉ូន. ២:១៧) អាស្រ័យទៅលើហេតុទាំងនេះ នោះពិតជាទង្វើដែលមិនប្រកបដោយប្រាជ្ញាមែន! ឲ្យអ្នកបម្រើព្រះណាម្នាក់គិតថាមានអ្វីក្នុងរបៀបរបបពិភពលោកនេះ ដែលមានតម្លៃជាងចំណងមេត្រីភាពរបស់ខ្លួនជាមួយព្រះយេហូវ៉ា។ ពិភពលោកនេះដែលគ្រប់គ្រងដោយសាថាន ប្រៀបដូចជាសំពៅដែលកំពុងតែលិចស្រិមទៅក្នុងទឹក។ ព្រះយេហូវ៉ាបានផ្ដល់ក្រុមជំនុំគ្រិស្តសាសនិកដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ដែលប្រៀបដូចជាទូកសម្រាប់សង្គ្រោះជីវិត។ ខណៈដែលពួកគេឆ្ពោះទៅពិភពលោកថ្មី ពួកគេអាចមានទំនុកចិត្តទៅលើសេចក្ដីសន្យានេះដែលថា៖ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក»។ (ទំនុក. ៣៧:៩) អាស្រ័យហេតុនេះ ចូរបន្តផ្ដោតអារម្មណ៍លើរង្វាន់ដ៏អស្ចារ្យនេះចុះ!
តើអ្នកនៅចាំទេ?
• តើប៉ុលមានអារម្មណ៍យ៉ាងណាចំពោះរង្វាន់ដែលគាត់អាចទទួល?
• តើអ្នកដែលនឹងរស់ជារៀងរហូតនៅលើផែនដី នឹងត្រូវវិនិច្ឆ័យយោងទៅតាមអ្វី?
• តើអ្នកគួរធ្វើអ្វីឥឡូវ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ពេលអានកំណត់ហេតុក្នុងគម្ពីរ តើអ្នកនឹកគិតក្នុងចិត្តថាអ្នកអាចទទួលរង្វាន់ទេ?