លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្វីជាជំនឿ?

តើអ្វីជាជំនឿ?

តើ​អ្វី​ជា​ជំនឿ?

តើ​លោក​អ្នក​នឹង​បក​ស្រាយ​ពាក្យ​ជំនឿ​យ៉ាង​ណា? មនុស្ស​ខ្លះ​គិត​ថា​ជំនឿ​ជា​ការ​ជឿ​ដោយ​គ្មាន​ទី​សំ​អាង។ អ្នក​និពន្ធ​និង​អ្នក​សារ​ព័ត៌មាន​ជន​ជាតិ​អាម៉េរិក​ម្នាក់​ដែល​មាន​ទឹក​មាត់​ប្រៃ បាន​បក​ស្រាយ​ពាក្យ​ជំនឿ​ថា ​«​ជា​ការ​ជឿ​ដោយ​ងងឹត​ងងុល​ទៅ​លើ​អ្វី​ដែល​មិន​អាច​កើត​ឡើង​»​ (​H. L. Mencken​)។

ខុស​ស្រឡះ​ពី​នេះ គម្ពីរ​មិន​បាន​ពិពណ៌នា​ជំនឿ​ថា​ជា​ការ​ជឿ​ដែល​គ្មាន​ទី​សំ​អាង ឬ​ជឿ​ដោយ​ងងឹត​ងងុល​ទេ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ជំនឿ​គឺជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំ​អាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម ហើយ​ជា​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។—ហេប្រឺ ១១:១

ដូច្នេះ ដោយ​សារ​មនុស្ស​មាន​មតិ​ខុស​ៗ​ពី​គ្នា​អំពី​ជំនឿ សូម​ឲ្យ​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​ដូច​ត​ទៅ​នេះ:

របៀប​ដែល​គម្ពីរ​ពន្យល់​និង​អ្វី​ដែល​មនុស្ស​គិត​អំពី​ជំនឿ តើ​ខុស​គ្នា​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​មាន​ជំនឿ​ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ?

តើ​អ្នក​អាច​ពង្រឹង​ជំនឿ​ទៅ​លើ​ព្រះ​យ៉ាង​ដូច​ម្ដេច?

ប័ណ្ណ​កម្មសិទ្ធិ​និង​ភ័ស្តុតាង​ជាក់​ស្តែង

កាល​ដែល​គេ​កំពុង​សរសេរ​សៀវភៅ​គម្ពីរ​ឈ្មោះ​ហេប្រឺ នោះ​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំ​អាង​មាំ​មួន​»​បាន​ត្រូវ​ប្រើ​ជា​ទូទៅ។ ជា​ញយ​ដង ពាក្យ​នេះ​មាន​នៅ​វិក្កយបត្រ ហើយ​បង្កប់​អត្ថន័យ​ថា មាន​ការ​ធានា​រ៉ាប់រង​ដែល​បុគ្គល​ម្នាក់​នឹង​ទទួល​អ្វី​មួយ​នៅ​អនាគត។ ហេតុ​នេះ​ហើយ​បាន​ជា​ឯកសារ​យោង​មួយ​បង្ហើប​ថា សៀវភៅ​ហេប្រឺ ១១:១​អាច​បក​ប្រែ​ថា​៖ ​«​ជំនឿ​គឺជា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​បញ្ជាក់​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។

លោក​អ្នក​ក៏​ជឿ​ដូច​នេះ​ដែរ បើ​លោក​អ្នក​ធ្លាប់​ទិញ​អីវ៉ាន់​ពី​ហាង ហើយ​ចាំ​ឲ្យ​គេ​ដឹក​បញ្ជូន​អីវ៉ាន់​នោះ​ដល់​ផ្ទះ។ លោក​អ្នក​មាន​វិក្កយបត្រ ហើយ​នេះ​ជួយ​ឲ្យ​លោក​អ្នក​ជឿ​ថា​ហាង​នោះ​នឹង​បញ្ជូន​អីវ៉ាន់​ដែល​លោក​អ្នក​បាន​ទិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ វិក្កយបត្រ​គឺ​ប័ណ្ណ​កម្មសិទ្ធិ​របស់​លោក​អ្នក ដែល​ធានា​ថា​លោក​អ្នក​នឹង​ទទួល​អ្វី​ដែល​បាន​ទិញ។ ប្រសិនបើ​លោក​អ្នក​បាត់​ឬ​បោះចោល​វិក្កយបត្រ នោះ​លោក​អ្នក​បាត់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​អីវ៉ាន់​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​អ្នក។ ស្រ​ដៀង​គ្នា​ដែរ អស់​អ្នក​ដែល​មាន​ជំនឿ​ថា​ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក មាន​ការ​ធានា​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​ពួក​គាត់​បាន​សង្ឃឹម។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​គ្មាន​ជំនឿ​ឬ​អស់​ជំនឿ មិន​មាន​សិទ្ធិ​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា​ឡើយ។—យ៉ាកុប ១:៥​-​៨

ប្រយោគ​ទី​២​នៅ​សៀវភៅ​ហេប្រឺ ១១:១ បាន​ត្រូវ​បក​ប្រែ​ថា​«​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​»។ ប្រយោគ​នេះ​បង្កប់​អត្ថន័យ​ថា មាន​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បញ្ជាក់​ការ​ពិត ខុស​ពី​អ្វី​ដែល​ភ្នែក​មើល​ឃើញ។ ជា​ឧទាហរណ៍ ព្រះអាទិត្យ​រះ​ពី​ទិស​ខាង​កើត ធ្វើ​ដំណើរ​កាត់​លំហ​មេឃ​រហូត​ដល់​លិច​បាត់​នៅ​ទិស​ខាង​លិច។ ដូច្នេះ មើល​ទៅ​ដូច​ជា​ព្រះអាទិត្យ​វិល​ជុំ​វិញ​ផែនដី។ ក៏​ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​ពី​ភព​និង​ផ្កាយ ហើយ​គណិតវិទ្យា​បង្ហាញ​ភ័ស្តុតាង​ថា អ្វី​ៗ​ទាំង​អស់​មិន​វិល​ជុំ​វិញ​ផែនដី​ទេ។ ពេល​ដែល​លោក​អ្នក​យល់​និង​ព្រម​ទទួល​ស្គាល់​ថា​ភ័ស្តុតាង​នោះ​គឺ​ពិត នោះ​លោក​អ្នក​មាន​ជំនឿ​ថា​ផែនដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ទោះ​ជា​ភ្នែក​មើល​ខុស​ពី​នេះ​ក៏​ដោយ។ ដូច្នេះ ជំនឿ​មិន​បាន​ន័យ​ថា​លោក​អ្នក​ជឿ​ទៅ​លើ​អ្វី​ដែល​លោក​អ្នក​មិន​យល់​ទេ។ ផ្ទុយ​ទៅ​វិញ ជំនឿ​ជួយ​លោក​អ្នក​ឲ្យ​មាន​សមត្ថភាព​យល់​ការ​ពិត។

ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​មាន​ជំនឿ​រឹង​មាំ?

ជំនឿ​រឹង​មាំ​ដែល​មាន​មូលដ្ឋាន​លើ​ភ័ស្តុតាង​ជាក់​ស្តែង គឺជា​ជំនឿ​ដែល​សៀវភៅ​គម្ពីរ​បំផុស​ទឹក​ចិត្ត​យើង​ឲ្យ​មាន ទោះ​ជា​តម្រូវ​ឲ្យ​យើង​ប្ដូរ​អ្វី​ដែល​យើង​ជឿ​ពី​មុន​ក៏​ដោយ។ ជំនឿ​បែប​នេះ​គឺ​សំខាន់​ណាស់ ព្រោះ​សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ ព្រោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែងរក​លោក​អស់ពី​ចិត្ត​»។—ហេប្រឺ ១១:៦

ការ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​គឺ​មាន​ការ​ពិបាក​ជា​ច្រើន។ ប៉ុន្តែ បើ​លោក​អ្នក​ធ្វើ​តាម​ជំហាន​បួន​យ៉ាង​ដែល​មាន​នៅ​ទំព័រ​បន្ត​បន្ទាប់​នេះ នោះ​លោក​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។