លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការអប់រំពីព្រះមានតម្លៃលើសលប់

ការអប់រំពីព្រះមានតម្លៃលើសលប់

ការ​អប់រំ​ពី​ព្រះ​មាន​តម្លៃ​លើស​លប់​

​«​ខ្ញុំ​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​»។—ភី. ៣:៨

១, ២​. តើ​ពួក​គ្រិស្ត​សាសនិក​ខ្លះ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

តាំង​ពី​ក្មេង​មក រ៉ូបើត​ជា​សិស្ស​ពូកែ​ម្នាក់។ ពេល​រ៉ូបើត​មាន​អាយុ​តែ​៨​ឆ្នាំ អ្នក​គ្រូ​ម្នាក់​បាន​ទៅ​ផ្ទះ​គាត់ ហើយ​ប្រាប់​រ៉ូបើត​ថា​គាត់​អាច​ទទួល​ជោគជ័យ​ក្នុង​គ្រប់​មុខ​វិជ្ជា​បាន។ អ្នក​គ្រូ​នោះ​សង្ឃឹម​ថា រ៉ូបើត​នឹង​សម្រេច​ចិត្ត​ធ្វើ​ជា​គ្រូ​ពេទ្យ។ ដោយ​សារ​នៅ​វិទ្យាល័យ រ៉ូបើត​ជា​សិស្ស​ពូកែ នោះ​គាត់​អាច​ជ្រើស​រើស​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​ល្បី​ៗ​ណា​ក៏​បាន​ក្នុង​ប្រទេស​គាត់។ មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​ជា​ឱកាស​ដ៏​កម្រ​រក​បាន​ក្នុង​ជីវិត តែ​រ៉ូបើត​បាន​សម្រេច​ចិត្ត​លះ​បង់​ឱកាស​នោះ​ដើម្បី​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

ពួក​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់ ទាំង​ចាស់​ទាំង​ក្មេង​ក៏​ដូច​រ៉ូបើត​ដែរ គឺ​ពួក​គេ​មាន​ឱកាស​ធ្វើ​អ្វី​ធំ​ដុំ។ បង​ប្អូន​រួម​ជំនឿ​ខ្លះ​បាន​សម្រេច​ចិត្ត​មិន​ប្រើប្រាស់​យ៉ាង​ពេញ​លេញ​នូវ​ឱកាស​ដែល​គេ​មាន​ក្នុង​ពិភព​លោក​នេះ​ទេ តែ​ពួក​គេ​ខំ​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​វិញ។ (​១កូ. ៧:២៩​-​៣១​) តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​ដូច​រ៉ូបើត​ឲ្យ​ស្ម័គ្រ​ចិត្ត​ផ្សព្វ​ផ្សាយ​យ៉ាង​មមាញឹក? មូលហេតុ​ចម្បង​គឺ​ពីព្រោះ​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា លើស​ពី​នេះ​ពួក​គេ​ក៏​យល់​ថា ការ​អប់រំ​ពី​លោក​មាន​តម្លៃ​លើស​លប់។ នៅ​ពេល​ថ្មី​ៗ​នេះ តើ​អ្នក​បាន​គិត​អំពី​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា បើ​អ្នក​មិន​បាន​រៀន​សេចក្ដី​ពិត​ទេ? ការ​ជញ្ជឹង​គិត​អំពី​ពរ​ដ៏​អស្ចារ្យ​ខ្លះ​ៗ​ដែល​យើង​ទទួល​ដោយ​សារ​ព្រះ​យេហូវ៉ា​អប់រំ​យើង នោះ​នឹង​ជួយ​យើង​ឲ្យ​ចាំ​មិន​ភ្លេច​តម្លៃ​នៃ​ដំណឹង​ល្អ ហើយ​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ​ដល់​អ្នក​ឯ​ទៀត។

យើង​មាន​ឯកសិទ្ធិ​រៀន​ពី​ព្រះ

៣​. ហេតុ​អ្វី​យើង​អាច​ដឹង​ពិត​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ស្ម័គ្រ​ចិត្ត​បង្រៀន​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ?

ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​គុណធម៌ លោក​ស្ម័គ្រ​ចិត្ត​បង្រៀន​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដោយ​ទាយ​អំពី​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ សៀវភៅ​អេសាយ ៥៤:១៣​បាន​រៀប​រាប់​ថា​៖ ​«​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្ដិសុខ​ជា​បរិបូរ​»។ ពាក្យ​ទាំង​នោះ​ក៏​ទាក់​ទង​នឹង​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​ផង​ដែរ។ (​យ៉ូន. ១០:​១៦​) នេះ​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ទំនាយ​មួយ​ដែល​កំពុង​សម្រេច​នៅ​សម័យ​យើង។ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​អេសាយ​ឃើញ​ក្នុង​គំនិត​ថា មនុស្ស​ពី​គ្រប់​ប្រជាជាតិ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ អេសាយ​បាន​រៀប​រាប់​អំពី​មនុស្ស​ទាំង​នោះ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ! ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។ (​អេ. ២:១​-​៣​) ការ​រៀន​ពី​ព្រះ​ពិត​ជា​ឯកសិទ្ធិ​មែន!

៤​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​ពួក​អ្នក​ដែល​លោក​បង្រៀន?

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​អប់រំ​ពី​ព្រះ? តម្រូវ​ការ​សំខាន់​មួយ​គឺ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប ហើយ​សុខ​ចិត្ត​ឲ្យ​ព្រះ​បង្រៀន​យើង។ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ . . . ទ្រង់ . . . នឹង​បង្រៀន​មនុស្ស​រាប​ទាប​ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់​»។ (​ទំនុក. ២៥:៨, ៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពីព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​យ៉ាង​ល្អ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង ហើយ​បាន​បើក​សម្ដែង​ឲ្យ​កូន​តូច​ៗ​យល់​វិញ​»។ (​លូក. ១០:២១​) ដោយ​ដឹង​ថា​ព្រះ​«​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»​ នោះ​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​លោក មែន​ទេ?—១ពេ. ៥:៥

៥​. មាន​មូលហេតុ​តែ​មួយ​ដែល​យើង​អាច​មាន​ចំណេះ​អំពី​ព្រះ តើ​នេះ​ជា​អ្វី?

ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ តើ​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ដោយ​សារ​សមត្ថភាព​ឬ​ប្រាជ្ញា​របស់​យើង​ទេ? មិន​មែន​ទេ។ តាម​ការ​ពិត យើង​មិន​អាច​មាន​ចំណេះ​អំពី​ព្រះ​ដោយ​សំ​អាង​ទៅ​លើ​ប្រាជ្ញា​របស់​ខ្លួន​ឯង​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​អាចម​ក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌​»។ (​យ៉ូន. ៦:៤៤​) តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​និង​សកម្ម​ពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​កំពុង​ទាញ​នាំ​មក​នូវ​«​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​»​ដែល​មាន​លក្ខណៈ​ដូច​ចៀម។ (​ហាក. ២:៧​) យើង​ពិត​ជា​សប្បាយ​ចិត្ត​មែន ដោយ​ព្រោះ​យើង​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​ព្រះ​បាន​ទាញ​នាំ​ឲ្យ​ទៅ​ឯ​បុត្រ​របស់​លោក។—សូម​អាន យេរេមា ៩:២៣, ២៤

ការ​អប់រំ​ដែល​មាន​ឥទ្ធិពល​ជួយ​ឲ្យ​ជីវិត​បាន​ប្រសើរ​ឡើង

៦​. តើ​ការ​«​ស្គាល់​ព្រះ​យេហូវ៉ា​»​អាច​មាន​ឥទ្ធិពល​អស្ចារ្យ​អ្វី​ទៅ​លើ​មនុស្ស?

អេសាយ​បាន​ប្រើ​ការ​ប្រៀប​ធៀប​ល្អ​ៗ ពេល​ប្រកាស​ទំនាយ​អំពី​ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស ដែល​កំពុង​តែ​កើត​ឡើង​សព្វ​ថ្ងៃ។ មនុស្ស​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​វិញ។ (​សូម​អាន អេសាយ ១១:៦​-​៩​) អ្នក​ដែល​ពី​មុន​ស្អប់​គ្នា​ដោយ​ព្រោះ​ជាតិ​សាសន៍​និង​កុលសម្ព័ន្ធ​ខុស​គ្នា ឬ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ បាន​រៀន​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គី​ភាព។ ក្នុង​ន័យ​ធៀប ពួក​គេ​បាន​«​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល​»។ (​អេ. ២:៤​) ហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្លាស់​ប្ដូរ​អស្ចារ្យ​ម្ល៉េះ? ពីព្រោះ​មនុស្ស​បាន​«​ស្គាល់​ព្រះ​យេហូវ៉ា​»​ឬ​មាន​ចំណេះ​អំពី​ព្រះ​យេហូវ៉ា ហើយ​អនុវត្ត​តាម​ចំណេះ​នោះ​ក្នុង​ជីវិត។ ទោះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ពួក​គេ​ជា​បង​ប្អូន​រួម​ជំនឿ​ដ៏​ពិត​ដែល​មក​ពី​គ្រប់​សាសន៍​ទូ​ទាំង​ពិភព​លោក។ ដំណឹង​ល្អ​ដែល​ទាក់​ទាញ​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​លទ្ធផល​ដ៏​ប្រសើរ​ដែល​មក​ពី​ដំណឹង​ល្អ នោះ​បញ្ជាក់​ថា​ការ​អប់រំ​ពី​ព្រះ​មាន​តម្លៃ​លើស​លប់។—ម៉ាថ. ១១:១៩

៧, ៨​. (​ក​) តើ​ការ​អប់រំ​ពី​ព្រះ​បាន​ជួយ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​អ្វី​ទៅ ដែល​«​ចាក់​ឫស​ជ្រៅ​»​នោះ? (​ខ​) តើ​អ្វី​បង្ហាញ​ថា​ការ​អប់រំ​ពី​ព្រះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ?

សាវ័ក​ប៉ូល​បាន​ប្រៀប​ប្រដូច​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​បម្រើ​ព្រះ ទៅ​នឹង​សង្គ្រាម។ គាត់​បាន​សរសេរ​ថា​៖ ​«​គ្រឿង​សស្ដ្រាវុធ​ដែល​យើង​ប្រើ​ក្នុង​សឹក​សង្គ្រាម​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ តែ​មាន​ឫទ្ធានុភាព​ពី​ព្រះ ដើម្បី​រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ។ ព្រោះ​យើង​កំពុង​រំលំ​រំលើង​ការ​វែក​ញែក និង​អ្វី​ៗ​ទាំង​អស់​ដែល​ឆ្មើងកន្ត្រើង ហើយ​ប្រឆាំង​ចំណេះ​អំពី​ព្រះ​»។ (​២កូ. ១០:៤, ៥​) តើ​ការ​អប់រំ​ពី​ព្រះ​បាន​ជួយ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​អ្វី​ទៅ ដែល​«​ចាក់​ឫស​ជ្រៅ​»​នោះ? អ្វី​ដែល​«​ចាក់​ឫស​ជ្រៅ​»​នោះ​គឺ​ក្ដី​បង្រៀន​មិន​ពិត អបិយជំនឿ និង​ទស្សនវិជ្ជា​របស់​មនុស្ស​ជា​ដើម ដែល​នេះ​ប្រៀប​ដូច​ជា​អំរែក​ដ៏​សែន​ធ្ងន់​មួយ។ (​កូឡ. ២:៨​) ការ​អប់រំ​ពី​ព្រះ​ជួយ​មនុស្ស​ឲ្យ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដែល​ព្រះ​ពេញ​ចិត្ត។ (​១កូ. ៦:៩​-​១១​) ការ​អប់រំ​ពី​ព្រះ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ប្រសើរ​ឡើង ថែម​ទាំង​ផ្ដល់​ឲ្យ​អ្នក​ដែល​អស់​សង្ឃឹម​នឹង​ជីវិត មាន​គោល​បំណង​ពិត។ នេះ​ហើយ​ជា​ការ​អប់រំ​ដែល​មនុស្ស​ត្រូវ​ការ​សព្វ​ថ្ងៃ។

គុណ​សម្បត្ដិ​មួយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ឲ្យ​មាន គឺ​សេចក្ដី​ទៀង​ត្រង់ ដូច​យើង​អាច​ឃើញ​ពេល​អាន​អ្វី​ដែល​ស្ត្រី​ម្នាក់​បាន​ធ្វើ​ខាង​ក្រោម​នេះ។ (​ហេ. ១៣:១៨​) ស្ត្រី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​ចាប់​ផ្ដើម​រៀន​គម្ពីរ ហើយ​មិន​យូរ​ក្រោយ​មក គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ ថ្ងៃ​មួយ ពេល​គាត់​ចប់​ធ្វើ​ការ​សាងសង់​សាល​ប្រជុំ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​បាន​ឃើញ​ខ្សែក​មាស​ដែល​មាន​តម្លៃ​៨០០​ដុល្លារ​អាម៉េរិក នៅ​លើ​ដី​ជិត​ស្ថានីយ​ឡាន​ក្រុង។ ទោះ​ជា​គាត់​ក្រ​ក៏​ដោយ គាត់​បាន​យក​ខ្សែក​នោះ​ជូន​ប៉ូលិស​ដើម្បី​អាច​រក​ម្ចាស់។ ប៉ូលិស​ដែល​ជួប​គាត់​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់! ក្រោយ​មក ប៉ូលិស​ម្នាក់​ទៀត​បាន​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទុក​ខ្សែក​នោះ​សម្រាប់​ខ្លួន​ឯង?​»។ គាត់​បាន​ពន្យល់​ថា​៖ ​«​ការ​រៀន​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កែប្រែ ដូច្នេះ​ឥឡូវ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់​»។ ប៉ូលិស​នោះ​បាន​កោត​ស្ងើច ហើយ​បាន​និយាយ​ទៅ​អ្នក​ចាស់​ទុំ​ដែល​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​មួយ​ប្អូន​ស្រី​នោះ​ថា​៖ ​«​មាន​មនុស្ស​ជាង​៣៨​លាន​នាក់​នៅ​រដ្ឋ​នេះ។ បើ​អ្នក​អាច​ជួយ​មនុស្ស​១០​នាក់​ឲ្យ​កែប្រែ​ដូច​ស្ត្រី​នេះ នោះ​ជា​ទង្វើ​ដ៏​ល្អ​ណាស់​»។ ពេល​យើង​គិត​អំពី​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​ជីវិត​ប្រសើរ​ជាង​ដោយ​សារ​ពួក​គេ​ទទួល​ការ​អប់រំ​ពី​ព្រះ យើង​ពិត​ជា​មាន​ហេតុ​ជា​ច្រើន​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា មែន​ទេ?

៩​. ហេតុ​អ្វី​បាន​ជា​មនុស្ស​អាច​ផ្លាស់​ប្ដូរ​ជីវិត​យ៉ាង​សម្បើម?

មនុស្ស​បាន​ផ្លាស់​ប្ដូរ​ជីវិត​យ៉ាង​សម្បើម ដោយ​មាន​ជំនួយ​ពី​បណ្ដាំ​របស់​ព្រះ​ដែល​មាន​អំណាច​កែប្រែ​មនុស្ស ព្រម​ទាំង​មាន​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ​របស់​លោក។ (​រ៉ូម ១២:២; កាឡ. ៥:២២, ២៣​) កូឡុស ៣:១០ ចែង​ថា​៖ ​«​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​កំពុង​ត្រូវ​កែប្រែ​ឲ្យ​ថ្មី​ឡើង​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ ស្រប​តាម​លក្ខណៈ​របស់​លោក​ដែល​បាន​បង្កើត​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ​»។ ព័ត៌មាន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ មាន​អំណាច​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិត​របស់​មនុស្ស ហើយ​អាច​ធ្វើ​ឲ្យ​ពួក​គេ​កែប្រែ​របៀប​គិត​គូរ ព្រម​ទាំង​អារម្មណ៍​របស់​ពួក​គេ​ដែរ។ (​សូម​អាន ហេប្រឺ ៤:១២​) ប្រសិនបើ​បុគ្គល​ម្នាក់​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​បទ​គម្ពីរ ហើយ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ នោះ​គាត់​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​បាន ថែម​ទាំង​មាន​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដែរ។

ការ​អប់រំ​ជួយ​យើង​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត

១០​. (​ក​) ហេតុ​អ្វី​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត? (​ខ​) បន្ដិច​ទៀត តើ​នឹង​មាន​ព្រឹត្ដិការណ៍​អស្ចារ្យ​អ្វី​កើត​ឡើង​ទូ​ទាំង​ផែនដី?

១០ ព្រះ​យេហូវ៉ា​ជា​បុគ្គល​តែ​មួយ​គត់​ដែល​អាច​ជួយ​យើង​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ពីព្រោះ​លោក​ជ្រាប​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង។ អនាគត​របស់​មនុស្ស​ស្រេច​ទៅ​លើ​លោក។ (​អេ. ៤៦:៩, ១០​) ទំនាយ​ក្នុង​គម្ពីរ​បាន​ប្រាប់​ថា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​»។ (​សេផ. ១:១៤​) ស្តី​អំពី​ថ្ងៃ​នោះ ពាក្យ​នៅ​សៀវភៅ​សុភាសិត ១១:៤​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ឯ​ទ្រព្យ​សម្បត្ដិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ​»។ កាល​ណា​ព្រះ​យេហូវ៉ា​កាត់​ទោស​មនុស្ស​ក្នុង​ពិភព​លោក​របស់​សាថាន អ្វី​ដែល​សំខាន់​បំផុត​គឺ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​ពេញ​ចិត្ត ព្រោះ​នៅ​ពេល​នោះ លុយ​គ្មាន​តម្លៃ​ទេ។ តាម​ការ​ពិត សៀវភៅ​អេសេគាល ៧:១៩​ចែង​ថា​៖ ​«​គេ​នឹង​បោះចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត​»។ ដោយ​ដឹង​ព័ត៌មាន​នេះ​ទុក​ជា​មុន នោះ​អាច​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​នៅ​ឥឡូវ។

១១​. តើ​អ្វី​ជា​វិធី​មួយ​ដែល​ការ​អប់រំ​ពី​ព្រះ​ជួយ​យើង​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត?

១១ វិធី​មួយ​ដែល​ការ​អប់រំ​ពី​ព្រះ​ធ្វើ​ឲ្យ​យើង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​ជួយ​យើង​ឲ្យ​ដឹង​អ្វី​ដែល​ពិត​ជា​សំខាន់​ក្នុង​ជីវិត។ សាវ័ក​ប៉ូល​បាន​សរសេរ​ជូន​ធីម៉ូថេ​ថា​៖ ​«​ចូរ​បង្គាប់​ពួក​អ្នក​ដែល​ជា​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក​នេះ កុំ​ឲ្យ​ក្រអឺតក្រអោង ហើយ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង តែ​មាន​សង្ឃឹម​លើ​ព្រះ​»។ សូម្បី​តែ​យើង​មិន​មែន​ជា​អ្នក​មាន​ក៏​ដោយ ក៏​យើង​អាច​ទទួល​ប្រយោជន៍​ពី​ដំបូន្មាន​នេះ​ដែល​មក​ពី​ព្រះ។ តើ​ដំបូន្មាន​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? ជា​ជាង​ខំ​ប្រមូល​ទ្រព្យ​សម្បត្ដិ យើង​គួរ​ព្យាយាម​«​ធ្វើ​អំពើ​ល្អ ហើយ​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ​»។ ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​យើង​«​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន ទុក​ជា​ទ្រព្យ​សម្បត្ដិ​»។ (​១ធី. ៦:១៧​-​១៩​) ការ​ប្រព្រឹត្ត​ដែល​លះ​បង់​ប្រយោជន៍​បែប​នេះ បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ពីព្រោះ​ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​មាន​ប្រយោជន៍​អ្វី​ប្រសិនបើ​អ្នក​ណា​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់បង់​ជីវិត​ខ្លួន​វិញ​នោះ?​»។ (​ម៉ាថ. ១៦:២៦, ២៧​) ដោយ​ដឹង​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ យើង​ម្នាក់​ៗ​គួរ​ពិចារណា​ថា ​‹តើ​ខ្ញុំ​កំពុង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​នៅ​ឯ​ណា? តើ​ខ្ញុំ​កំពុង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ឬ​ក៏​ទ្រព្យ​សម្បត្ដិ?›។—ម៉ាថ. ៦:១៩, ២០, ២៤

១២​. ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​បើ​មនុស្ស​ខ្លះ​មើល​ងាយ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

១២ បណ្ដាំ​របស់​ព្រះ​បាន​រៀប​រាប់​ថា អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ចំណោម​«​ការ​ល្អ​ប្រសើរ​»​សម្រាប់​ពួក​គ្រិស្ត​សាសនិក គឺ​កិច្ចការ​សង្គ្រោះ​ជីវិត ដែល​ជា​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) ដូច​នៅ​សតវត្សរ៍​ទី​១ មនុស្ស​ខ្លះ​ប្រហែលជា​មើល​ងាយ​កិច្ច​បម្រើ​ផ្សាយ​យើង។ (​សូម​អាន កូរិនថូស​ទី​១ ១:១៨​-​២១​) ប៉ុន្តែ​នេះ​មិន​បន្ថោក​តម្លៃ​នៃ​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ ហើយ​មិន​បន្ថយ​សារៈសំខាន់​នៃ​ការ​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទៅ​លើ​ដំណឹង​នោះ​កាល​ដែល​ពេល​នៅ​សេស​សល់។ (​រ៉ូម ១០:១៣, ១៤​) កាល​ដែល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ពី​ព្រះ យើង​ក៏​នឹង​ទទួល​ពរ​ជា​ច្រើន​ដែរ។

យើង​ទទួល​ពរ​ព្រោះ​លះ​បង់​ប្រយោជន៍​ខ្លួន

១៣​. តើ​សាវ័ក​ប៉ូល​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

១៣ មុន​ដែល​សាវ័ក​ប៉ូល​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​កំពុង​ទទួល​ការ​អប់រំ​ឲ្យ​មាន​មុខ​មាត់​ក្នុង​របៀប​របប​សាសន៍​យូដា។ ប្រហែលជា​ពេល​គាត់​អាយុ​តិច​ជាង​១៣​ឆ្នាំ គាត់​រើ​ពី​ក្រុង​តើសុស​ជា​ស្រុក​កំណើត​របស់​គាត់ ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ទទួល​ការ​អប់​រំ​ពី​កាម៉េលៀល ជា​គ្រូ​បង្រៀន​ច្បាប់​ដែល​គេ​គោរព​ខ្លាំង​ណាស់។ (​សកម្ម. ២២:៣​) មិន​យូរ​មិន​ឆាប់ ប៉ូល​ចាប់​ផ្ដើម​លេច​មុខ​លេច​មាត់​ក្នុង​ចំណោម​មនុស្ស​ស្រករ​គាត់ ហើយ​បើ​គាត់​បន្ត​រៀន​ទៀត គាត់​ប្រហែលជា​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​សាសនា​យូដា។ (​កាឡ. ១:១៣, ១៤​) ពេល​គាត់​ទទួល​ដំណឹង​ល្អ​ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ គាត់​ស្ម័គ្រ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​នោះ។ តើ​ប៉ូល​ស្ដាយ​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ? អត់​ទេ។ តាម​ការ​ពិត គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​ខ្ញុំ។ ដោយ​សារ​លោក ខ្ញុំ​បាន​សុខ​ចិត្ត​ខាត​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​ចាត់​ទុក​ជា​សំរាម​»។—ភី. ៣:៨

១៤, ១៥​. ក្នុង​នាម​ជា​«​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»​ តើ​យើង​ពិសោធ​ពរ​អ្វី​ខ្លះ?

១៤ សព្វ​ថ្ងៃ ពួក​គ្រិស្ត​សាសនិក​ក៏​ដូច​ប៉ូល​ដែរ ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​ម៉ាក. ១០:២៩, ៣០​) ដោយ​ធ្វើ​ដូច​នេះ តើ​យើង​ខាត​ប្រយោជន៍​ទេ? រ៉ូបើត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ មាន​អារម្មណ៍​ស្រ​ដៀង​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន ពេល​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​សោកស្ដាយ​សោះ។ ការ​ផ្សព្វ​ផ្សាយ​ពេញ​ពេល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​និង​មាន​ចិត្ត​ស្កប់ ហើយ​តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ​ខ្ញុំ​បាន​‹ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ›។ កាល​ណា​ដែល​ខ្ញុំ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​សម្រេច​តាម​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា នោះ​លោក​តែង​តែ​ឲ្យ​ពរ​ដល់​ខ្ញុំ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ គឺ​ហាក់​ដូច​ខ្ញុំ​មិន​បាន​លះ​បង់​អ្វី​សោះ មាន​តែ​ទទួល​ប្រយោជន៍​វិញ!​»។—ទំនុក. ៣៤:៨; សុភ. ១០:២២

១៥ ប្រសិនបើ​អ្នក​បាន​ចូល​រួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អស់​មួយ​រយៈ​ហើយ នោះ​អ្នក​ក៏​ពិត​ជា​មាន​ឱកាស​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ល្អ​ដែរ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា សកម្ម​ពល​របស់​ព្រះ​ជួយ​អ្នក​ពេល​កំពុង​ផ្សព្វ​ផ្សាយ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​អ្នក​ឯ​ទៀត​មាន​អំណរ​ឬ​ទេ កាល​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​ចិត្ត​របស់​ពួក​គេ​ឲ្យ​ស្ដាប់​តាម​ដំណឹង​ល្អ? (​សកម្ម. ១៦:១៤​) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ទេ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដោយ​បើក​ផ្លូវ​ឲ្យ​អ្នក​បម្រើ​លោក​ច្រើន​ជាង? តើ​លោក​បាន​គាំទ្រ​អ្នក​ក្នុង​គ្រា​ពិបាក ហើយ​ជួយ​អ្នក​បន្ត​បម្រើ​លោក​សូម្បី​តែ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ឬ? (​ភី. ៤:១៣​) ពេល​យើង​ពិសោធ​ដោយ​ផ្ទាល់​ជំនួយ​ពី​ព្រះ​យេហូវ៉ា​កាល​ដែល​ផ្សាយ នោះ​ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​ជាង​មុន​ថា លោក​ជា​បុគ្គល​ដែល​មាន​ពិត​មែន ហើយ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​លោក។ (​អេ. ៤១:​១០​) យើង​ជា​«​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ គឺ​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ការ​អប់រំ​របស់​ព្រះ។ នេះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​ពរ មែន​ទេ?—១កូ. ៣:៩

១៦​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​ការ​ព្យាយាម​និង​ការ​លះ​បង់​ប្រយោជន៍​ខ្លួន​ដែល​ទាក់​ទង​នឹង​ការ​អប់រំ​ពី​ព្រះ?

១៦ ក្នុង​ជីវិត​របស់​មនុស្ស​ជា​ច្រើន ពួក​គេ​សង្ឃឹម​ថា​អាច​សម្រេច​អ្វី​មួយ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ចង​ចាំ​មិន​ភ្លេច។ ជា​ច្រើន​ដង​យើង​បាន​ឃើញ​ថា សូម្បី​តែ​មនុស្ស​បាន​សម្រេច​អ្វី​អស្ចារ្យ​ក៏​ដោយ​ក្នុង​ពិភព​លោក​នេះ ក៏​គេ​ភ្លេច​កិច្ចការ​នោះ​ភ្លាម​ៗ​ដែរ។ ក៏​ប៉ុន្តែ កិច្ចការ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ដើម្បី​ឲ្យ​នាម​របស់​លោក​បរិសុទ្ធ នឹង​ពិត​ជា​មាន​ក្នុង​ទំព័រ​ប្រវត្ដិសាស្ត្រ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ជា​និច្ច។ កិច្ច​ការ​ទាំង​អស់​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ចាំ​ជា​រៀង​រហូត។ (​សុភ. ១០:៧; ហេ. ៦:១០​) ដូច្នេះ សូម​ឲ្យ​យើង​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ឯកសិទ្ធិ​ចូល​រួម​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា ជា​កិច្ចការ​ដែល​គេ​នឹង​ចង​ចាំ​ជា​និច្ច។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​អ្នក​ដែល​លោក​បង្រៀន?

តើ​ការ​អប់រំ​ពី​ព្រះ​នាំ​ឲ្យ​មនុស្ស​មាន​ជីវិត​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​របស់​ព្រះ តើ​យើង​ទទួល​ពរ​តាម​វិធី​ណាខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

អស់​អ្នក​ដែល​បាន​រៀន​ពី​ព្រះ​គឺជា​បង​ប្អូន​រួម​ជំនឿ​ដ៏​ពិត​ដែល​មក​ពី​គ្រប់​សាសន៍​ទូ​ទាំង​ពិភព​លោក

[រូបភាព​នៅ​ទំព័រ​២៦]

យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ដោយ​ធ្វើ​ជា​«​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»​ មែន​ទេ?