លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសាសនាទាំងអស់ពិតជាល្អទេ?

តើសាសនាទាំងអស់ពិតជាល្អទេ?

តើ​សាសនា​ទាំង​អស់​ពិត​ជា​ល្អ​ទេ?

យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​សាសនា​និង​និកាយ​ច្រើន​រាប់​មិន​អស់។ នៅ​ពេល​ថ្មី​ៗ​នេះ ការ​ស្ទង់​មតិ​មួយ​បាន​បញ្ជាក់​ថា នៅ​ទូ​ទាំង​ពិភព​លោក​មាន​សាសនា​ធំ​ៗ​១៩ ហើយ​សាសនា​តូច​ៗ​មាន​ជាង​១០.០០០។ ដោយ​ហេតុ​នេះ មនុស្ស​មាន​ជម្រើស​ច្រើន​ជាង​មុន​ស្តី​អំពី​សាសនា។ បើ​ដូច្នេះ តើ​ជម្រើស​សាសនា​ជា​រឿង​សំខាន់​ទេ?

មនុស្ស​ខ្លះ​និយាយ​ថា​សាសនា​ផ្សេង​ៗ​គឺ​ប្រៀប​ដូច​ជា​ផ្លូវ​ផ្សេង​ៗ​ដែល​នាំ​យើង​ទៅ​លើ​ភ្នំ​តែ​មួយ។ សម្រាប់​ពួក​គេ រើស​ផ្លូវ​មួយ​ណា​ក៏​បាន​ដែរ ព្រោះ​ផ្លូវ​ទាំង​អស់​នាំ​ទៅ​កន្លែង​តែ​មួយ។ ពួក​គេ​វែក​ញែក​ថា មាន​ព្រះ​តែ​មួយ​គត់​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត ដូច្នេះ​នៅ​ទី​បំផុត សាសនា​ទាំង​អស់​នាំ​ទៅ​ដល់​ព្រះ។

តើ​សាសនា​ទាំង​អស់​នាំ​ទៅ​រក​កន្លែង​តែ​មួយ​ទេ?

ក្នុង​ប្រវត្ដិសាស្ត្រ លោក​យេស៊ូ​ជា​អ្នក​បង្រៀន​សាសនា​ដែល​គេ​គោរព តើ​លោក​មាន​ប្រសាសន៍​យ៉ាង​ណា​ស្តី​អំពី​រឿង​នេះ? លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច​»។ ហេតុ​អ្វី? ​«​ពីព្រោះ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។—ម៉ាថាយ ៧:១៣, ១៤

តើ​លោក​យេស៊ូ​ពិត​ជា​ចង់​មាន​ប្រសាសន៍​ថា​សាសនា​ខ្លះ​នឹង​នាំ​ឲ្យ​«​វិនាស​ជីវិត​»​មែន​ទេ? ឬ​តើ​លោក​ចង់​បង្រៀន​ថា មាន​តែ​អ្នក​ដែល​មិន​ជឿ​ព្រះ​ប៉ុណ្ណោះ​ដែល​នៅ​ផ្លូវ​ទូលាយ រីឯ​អ្នក​ដែល​ជឿ​ព្រះ​វិញ មិន​ថា​កាន់​សាសនា​ណា​ក៏​ដោយ ពួក​គេ​នៅ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

ក្រោយ​ពី​លោក​យេស៊ូ​បាន​រៀប​រាប់​ថា​មាន​តែ​ផ្លូវ​ពីរ នោះ​ភ្លាម​ៗ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែង​ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក​»។ (​ម៉ាថាយ ៧:១៥, ខ.ស.​) ក្រោយ​មក​លោក​មាន​ប្រសាសន៍​ថា​៖ ​«​មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់តែ​និយាយ​មក​ខ្ញុំ​ថា‹ឱ​ព្រះ​អម្ចាស់​ៗ​អើយ!› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​នោះ​ទេ គឺជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរ​បិតា ដែល​គង់នៅ​ស្ថាន​សួគ៌​វិញ​ទេតើ!​»។ (​ម៉ាថាយ ៧:២១, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​) ប្រសិនបើ​បុគ្គល​ម្នាក់​ជា​ព្យាការី​ឬ​អះអាង​ថា​លោក​យេស៊ូ​ជា​«​ព្រះ​អម្ចាស់​»​របស់​គាត់ នោះ​គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា គាត់​ជា​អ្នក​ដែល​ជឿ​ព្រះ មិន​មែន​ជា​បុគ្គល​ដែល​មិន​ជឿ​ព្រះ​ទេ។ ច្បាស់​ហើយ លោក​យេស៊ូ​បាន​ព្រមាន​ថា មិន​មែន​សាសនា​ទាំង​អស់​សុទ្ធតែ​ល្អ ហើយ​យើង​មិន​គួរ​ទុក​ចិត្ត​អ្នក​បង្រៀន​សាសនា​ទាំង​អស់​ដែរ។

តើ​ផ្លូវ​មួយ​ណា​ជា​ផ្លូវ​ចង្អៀត?

ដោយ​សារ​សាសនា​ទាំង​អស់​មិន​នាំ​ទៅ​ព្រះ តើ​លោក​អ្នក​អាច​រក​ឃើញ​សាសនា​ត្រឹម​ត្រូវ​ក្នុង​ចំណោម​សាសនា​រាប់​ពាន់​យ៉ាង​ដូច​ម្ដេច​បាន? សូម​ពិចារណា​អំពី​ឧទាហរណ៍​នេះ។ លោក​អ្នក​វង្វេង​ក្នុង​ទី​ក្រុង​ធំ​មួយ ហើយ​បាន​សម្រេច​ចិត្ត​សុំ​ជំនួយ​ពី​អ្នក​ដទៃ។ បុគ្គល​ម្នាក់​បាន​និយាយ​ដោយ​ជឿ​ជាក់​ថា លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ បុគ្គល​ម្នាក់​ទៀត​ថា ត្រូវ​ទៅ​ទិស​ខាង​លិច​វិញ។ តែ​ម្នាក់​ទៀត​ឲ្យ​យោបល់​ថា លោក​អ្នក​អាច​រើស​ផ្លូវ​ណា​ក៏​បាន​ដែល​ស្រួល​សម្រាប់​លោក​អ្នក។ នៅ​ចុង​បំផុត បុគ្គល​មួយ​ទៀត​បាន​យក​ផែនទី​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​បង្ហាញ​លោក​អ្នក​ផ្លូវ​ត្រឹម​ត្រូវ។ ក្រោយ​មក គាត់​ឲ្យ​ផែនទី​នោះ​ដើម្បី​លោក​អ្នក​អាច​មើល​ផ្លូវ​ពេល​ធ្វើ​ដំណើរ។ លោក​អ្នក​ពិត​ជា​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ទៅ​ដល់​កន្លែង​ដែល​លោក​អ្នក​ចង់​ទៅ មែន​ទេ?

ដូច​គ្នា​ដែរ ពេល​ពិចារណា​ថា​យើង​នឹង​កាន់​សាសនា​មួយ​ណា យើង​ត្រូវ​ការ​ការ​ណែនាំ​ដែល​អាច​ទុក​ចិត្ត​បាន ប្រៀប​ដូច​ជា​ផែនទី​ដែល​បង្ហាញ​ផ្លូវ។ តើ​មាន​ផែនទី​បែប​នេះ​ទេ? ពិត​ជា​មាន​មែន។ ផែនទី​នោះ​គឺ​គម្ពីរ​បរិសុទ្ធ ហើយ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»។—ធីម៉ូថេទី២ ៣:១៦

លោក​អ្នក​ប្រហែលជា​មាន​គម្ពីរ​បរិសុទ្ធ​ក្នុង​ភាសា​កំណើត​របស់​ខ្លួន ដែល​លោក​អ្នក​អាច​ប្រើ​ដើម្បី​ទទួល​ការ​ណែនាំ​ស្តី​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បោះពុម្ព​ទស្សនាវដ្ដី​នេះ បាន​បោះពុម្ព​គម្ពីរ​បរិសុទ្ធ​មួយ​ដែល​អាច​ទុក​ចិត្ត​បាន​ដែល​ហៅ​ថា សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ ក៏​ប៉ុន្តែ បើ​លោក​អ្នក​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា លោក​អ្នក​ប្រហែលជា​ចូល​ចិត្ត​ប្រើ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឯ​ទៀត ពេល​ពិចារណា​អំពី​វិធី​សម្គាល់​សាសនា​ល្អ​និង​សាសនា​មិន​ល្អ។ ហេតុ​នេះ​ហើយ​បាន​ជា​អត្ថបទ​បន្ត​បន្ទាប់​នេះ ដក​ស្រង់​ពាក្យ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ចំនួន​ដែល​សាសនា​ឯ​ទៀត​គោរព​ជា​ទូទៅ។

កាល​ដែល​លោក​អ្នក​អាន​អត្ថបទ​បន្ត​បន្ទាប់ សូម​ប្រៀប​ធៀប​អ្វី​ដែល​លោក​អ្នក​ដឹង​នឹង​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់។ សូម​កុំ​ភ្លេច​ប្រសាសន៍​របស់​លោក​យេស៊ូ​ស្តី​អំពី​វិធី​ដែល​យើង​អាច​សម្គាល់​សាសនា​ល្អ​ក្នុង​ចំណោម​សាសនា​មិន​ល្អ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់​តែង​ផ្ដល់​ផ្លែ​អាក្រក់។ ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់​ទេ រីឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ​»។ (​ម៉ាថាយ ៧:១៧, ១៨, ព្រះ​គម្ពីរ​ដ៏​វិសុទ្ធ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​) សូម​ពិចារណា​ផ្លែ​ល្អ​បី​ដែល​គម្ពីរ​ចែង​ថា​នឹង​សម្គាល់​«​ដើម​ឈើ​ល្អ​»។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៣]

គម្ពីរ​បរិសុទ្ធ​ប្រៀប​ដូច​ជា​ផែនទី ដែល​អាច​ទុក​ចិត្ត ដែល​បង្ហាញ​ផ្លូវ​នាំ​ទៅ​រក​សាសនា​ត្រឹម​ត្រូវ