សាសនាល្អលើកស្ទួយការគោរពបណ្ដាំរបស់ព្រះ
សាសនាល្អលើកស្ទួយការគោរពបណ្ដាំរបស់ព្រះ
លោកយេស៊ូលើកស្ទួយការគោរពគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ យើងអាចឃើញការពិតនេះយ៉ាងច្បាស់ ដោយមើលរបៀបដែលលោកតបឆ្លើយពេលមេកំណាចល្បួងលោក។ (ម៉ាថាយ ៤:៤-១១) ជាឧទាហរណ៍ តើលោកយេស៊ូមានប្រតិកម្មយ៉ាងណាពេលសាថានល្បួងលោកធ្វើឲ្យដុំថ្មក្លាយទៅជានំប៉័ង? លោកបដិសេធដោយផ្អែកលើពាក្យដែលព្រះបានណែនាំឲ្យម៉ូសេសរសេរ ហើយលោកអ្នកអាចអានពាក្យរបស់ម៉ូសេនៅសៀវភៅចោទិយកថា ៨:៣។ ម្យ៉ាងទៀត ពេលមេកំណាចចង់ឲ្យលោកយេស៊ូគោរពបូជាវាតែម្ដងគត់ ហើយវានឹងឲ្យលោកគ្រប់គ្រងលើរាជាណាចក្រទាំងឡាយក្នុងពិភពលោក ពេលនោះតើលោកតបឆ្លើយយ៉ាងណា? លោកបដិសេធសំណូមពររបស់វាដោយសំដៅទៅលើគោលការណ៍មួយក្នុងគម្ពីរ ដែលលោកអ្នកអាចអាននៅសៀវភៅចោទិយកថា ៦:១៣។
សូមគិតទៅមើល! ទោះជាលោកយេស៊ូជាបុត្ររបស់ព្រះក៏ដោយ លោកបានផ្អែកលើគម្ពីរជាមូលដ្ឋានពេលបង្រៀនអ្នកឯទៀត។ លោកច្បាស់ជាមិនដែលធ្វើព្រងើយកន្តើយនឹងបណ្ដាំរបស់ព្រះដើម្បីធ្វើតាមទំនៀមទម្លាប់មនុស្សទេ។ (យ៉ូហាន ៧:១៦-១៨) ក៏ប៉ុន្តែ អ្នកដឹកនាំសាសនាជាច្រើននាក់នៅសម័យលោកយេស៊ូមិនបានគោរពបណ្ដាំរបស់ព្រះដូចលោកទេ។ ហេតុអ្វី? ពីព្រោះពួកគេចាប់ផ្ដើមមានទស្សនៈថា ទំនៀមទម្លាប់មនុស្សគឺសំខាន់ជាងបទគម្ពីរពិសិដ្ឋ។ លោកយេស៊ូបានប្រាប់អ្នកដឹកនាំទាំងនោះយ៉ាងត្រង់ៗថា៖ «អ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា។ ឱពួកមនុស្សកំពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា ‹បណ្ដាជននេះ គេគោរពប្រតិបត្ដិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់។ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ›»។—ម៉ាថាយ ១៥:៦-៩, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
សាសនាជាច្រើនក្នុងពិភពលោក ទាំងគ្រិស្តសាសនាទាំងសាសនាផ្សេងៗទៀត អះអាងថាពួកគេគោរពគម្ពីរបរិសុទ្ធ។ ទោះបីយ៉ាងនេះក៏ដោយ តើលោកអ្នកស្គាល់សាសនាប៉ុន្មានដែលសុខចិត្តបោះបង់ចោលទំនៀមទម្លាប់ប្រពៃណី ពេលទំនៀមទម្លាប់នោះខុសពីការបង្រៀនដ៏ច្បាស់ដែលមានក្នុងបណ្ដាំរបស់ព្រះ? សូមពិចារណាឧទាហរណ៍ពីរ។
រឿង: ឋានៈក្នុងសាសនា។
គម្ពីរបង្រៀនថា: លោកយេស៊ូបានផ្ដន្ទាទោសអ្នកដឹកនាំសាសនានៅសម័យលោក ដោយសារពួកគេស្រឡាញ់ថែមទាំងចង់បានឋានៈនិងមុខមាត់ធំដុំ។ លោកមានប្រសាសន៍អំពីបុរសទាំងនោះថា៖ «ពេលដែលពិសាភោជនាហារពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ហើយក្នុងសាលាប្រជុំក៏ចូលចិត្តអង្គុយនៅមុខគេ។ ពួកគេចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ថែមទាំងហៅពួកគេថារ៉ាប៊ី»។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមរបស់លោកថា៖ «កុំឲ្យអ្នកណាហៅថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ម្យ៉ាងទៀតកុំហៅអ្នកណានៅផែនដីថាបិតាឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ ហើយលោកស្ថិតនៅស្ថានសួគ៌»។—ម៉ាថាយ ២៣:១-១០
សំណួរ: តើអ្នកដឹកនាំសាសនានោះចូលចិត្តឲ្យមនុស្សហៅឈ្មោះដោយថែមពាក្យដែលលើកតម្កើង ហើយខំលេចមុខលេខមាត់ក្នុងសង្គមទេ? ឬក៏តើពួកគេស្ដាប់តាមបង្គាប់របស់លោកយេស៊ូហើយមិនធ្វើដូចនោះវិញ?
រឿង: ប្រើរូបព្រះក្នុងការគោរពបូជា។
គម្ពីរបង្រៀនថា: «មិនត្រូវឆ្លាក់រូបអ្វីឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដីឬនៅក្នុងទឹកក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះឬគោរពបំរើរូបទាំងនោះឡើយ»។—និក្ខមនំ ២០:៤, ៥, ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន
សាវ័កយ៉ូហានបានសរសេរទៅពួកគ្រិស្តសាសនិកថា៖ «ចូរជៀសចេញពីរូបព្រះ»។—យ៉ូហានទី១ ៥:២១
សំណួរ: តើសាសនានោះស្ដាប់តាមបញ្ញត្ដិជាក់លាក់ក្នុងគម្ពីរដែលថាឲ្យជៀសចេញពីរូបព្រះក្នុងការគោរពបូជាទេ?
លោកអ្នកអាចរកឃើញសាសនាត្រឹមត្រូវបាន
សព្វថ្ងៃ មនុស្សមានជម្រើសច្រើនអនេកស្តីអំពីសាសនា។ ទោះជាជម្រើសនោះធ្វើឲ្យលោកអ្នកសុញគំនិតក៏ដោយ លោកអ្នកអាចរកសាសនាដែលនាំឲ្យមានជីវិតដែលគ្មានទីបញ្ចប់បាន។ «សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះ»មានលក្ខណៈសម្គាល់ជាច្រើន។ (យ៉ាកុប ១:២៧, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ) បទគម្ពីរដែលបានរៀបរាប់ក្នុងអត្ថបទទាំងនេះអាចជួយលោកអ្នកសម្គាល់សាសនានោះ។
សូមអញ្ជើញលោកអ្នកសួរសាក្សីព្រះយេហូវ៉ាឲ្យពន្យល់ចម្លើយចំពោះសំណួរដែលបានលើកឡើងក្នុងអត្ថបទទាំងនេះ។ កាលដែលលោកអ្នកគិតអំពីចម្លើយរបស់សាក្សីព្រះយេហូវ៉ា សូមធ្វើតាមគំរូល្អរបស់អ្នកដែលរស់នៅសតវត្សរ៍ទី១នាទីក្រុងបេរៀ។ ក្រោយពីពួកអ្នកបេរៀឮសាវ័កប៉ូលផ្សព្វផ្សាយ នោះពួកគេ«ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ»។ (កិច្ចការ[សកម្មភាព] ១៧:១១, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ) ដូចពួកអ្នកក្រុងបេរៀ បើលោកអ្នកគោរពបណ្ដាំរបស់ព្រះ ហើយសិក្សាបណ្ដាំនោះយ៉ាងដិតដល់ លោកអ្នកនឹងរកឃើញសាសនាដែលនាំឲ្យយើងមានជីវិតដែលគ្មានទីបញ្ចប់។ នៅទីបំផុត ការសម្រេចចិត្តកាន់តាមឬមិនកាន់តាមសាសនានោះ គឺជាជម្រើសរបស់លោកអ្នក។
[ឃ្លាអក្សរធំនៅទំព័រ]
តើសាសនាណាលើកទឹកចិត្តមនុស្សឲ្យសិក្សាបទគម្ពីរដើម្បីដឹងថាអ្វីដែលពួកគេរៀនគឺពិតឬមិនពិត?