លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!›»

«សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!›»

«សកម្មពល​និង​កូន​ក្រមុំ​និយាយ​ឥត​ឈប់​ថា៖ ‹មក​ចុះ!›»

«សកម្មពល​និង​កូន​ក្រមុំ​និយាយ​ឥត​ឈប់​ថា៖ ‹មក​ចុះ!› . . . ចូរ​ឲ្យ​អ្នក​ណា​ដែល​ស្រេក មក​ចុះ ចូរ​ឲ្យ​អ្នក​ណា​ដែល​ចង់​បាន​ទឹក​ដែល​ផ្ដល់​ជីវិត មក​យក​ដោយ​ឥត​គិត​ថ្លៃ»។—បប. ២២:១៧

១, ២. តើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ​គួរ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​យើង? ហើយ​ហេតុ​អ្វី?

តើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ​គួរ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​យើង? លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ‹បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន› ដោយ​ធានា​ពួក​គាត់​ថា​បើ​ពួក​គាត់​ធ្វើ​ដូច្នេះ នោះ​ព្រះ​នឹង​ផ្ដល់​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ (ម៉ាថ. ៦:២៥​-​៣៣) លោក​បាន​ប្រៀប​ធៀប​រាជាណាចក្រ​ព្រះ​ទៅ​នឹង​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ដល់​ម្ល៉េះ បាន​ជា​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​រក​ឃើញ គាត់​ក៏«លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន . . . ហើយ​ទិញ​គជ់​ខ្យង​នោះ»។ (ម៉ាថ. ១៣:៤៥, ៤៦) ដូច្នេះ យើង​គួរ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​លោក​យេស៊ូ ជា​អ្វី​ដែល​សំខាន់​បំផុត មែន​ទេ?

ដូច​យើង​បាន​រៀន​ក្នុង​អត្ថបទ​មុន​ៗ​ទាំង​ពីរ ពេល​យើង​ផ្សព្វ​ផ្សាយ​ដោយ​សេចក្ដី​ក្លាហាន​និង​ពេល​យើង​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​បង្ហាញ​ថា​យើង​បាន​ត្រូវ​ដឹក​នាំដោយ​សកម្មពល​របស់​ព្រះ។ សកម្មពល​នោះ​ក៏​មាន​តួ​នាទី​សំខាន់​ដើម្បី​ជួយ​យើង​ឲ្យ​ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល​សកម្មពល​នោះ​ជួយ​យើង។

មនុស្ស​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ!

៣. តើ​មនុស្ស​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ«មក»ផឹក​ទឹក​បែប​ណា?

មនុស្ស​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (សូម​អាន ការ​បើក​បង្ហាញ ២២:១៧) ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ«មក» ហើយ​ផឹក​ទឹក​ពិសេស​ម្យ៉ាង។ ទឹក​នេះ​មិន​មែន​ជា​ទឹក​ធម្មតា​ទេ។ ទោះ​ជា​ទឹក​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់​ជីវិត​នៅ​ផែនដី​ក្ដី លោក​យេស៊ូ​ចង់​សំដៅ​ទៅ​លើ​ទឹក​ម្យ៉ាង​ទៀត ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ស្ត្រី​ជន​ជាតិ​សាម៉ារី​ម្នាក់​នា​អណ្ដូង​ទឹក​ថា៖ «អ្នក​ណា​ដែល​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ អ្នក​នោះ​នឹង​មិន​ស្រេក​ម្ដង​ទៀត​ឡើយ ប៉ុន្តែ​ទឹក​ដែល​ខ្ញុំ​ឲ្យ​អ្នក​នោះ នឹង​ទៅ​ជា​ទឹក​ផុស​ក្នុង​អ្នក​នោះ ហើយ​ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។ (យ៉ូន. ៤:១៤) ទឹក​ពិសេស​ដែល​មនុស្ស​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ពិសា ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៤. ហេតុ​អ្វី​បាន​ជា​មនុស្សជាតិ​ត្រូវ​ការ​ទឹក​ដែល​ផ្ដល់​ជីវិត? តើ​ទឹក​នោះ​តំណាង​អ្វី?

មនុស្សជាតិ​ត្រូវ​ការ​ទឹក​ដែល​ផ្ដល់​ជីវិត ពេល​អាដាម​ដែល​ជា​បុរស​ដំបូង បាន​ចូល​រួម​ជា​មួយ​អេវ៉ា​ដែល​ជា​ប្រពន្ធ​របស់​គាត់ ក្នុង​ការ​មិន​ធ្វើ​តាម​អ្នក​ដែល​បង្កើត​ពួក​គេ ពោល​គឺ​ព្រះ​យេហូវ៉ា។ (លោ. ២:១៦, ១៧; ៣:១​-​៦) គូ​ស្វាមីភរិយា​ដំបូង​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​ដែល​ជា​ទី​លំនៅ​របស់​ពួក​គេ ដើម្បី​មិន​ឲ្យ«[អាដាម]លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់​ជា​រៀង​រាប​ដរាប​ទៅ»។ (លោ. ៣:២២) ក្នុង​នាម​ជា​បុព្វ​បុរស​របស់​មនុស្សជាតិ អាដាម​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ដល់​មនុស្សជាតិ​ទាំង​មូល។ (រ៉ូម ៥:១២) ទឹក​ដែល​ផ្ដល់​ជីវិត​តំណាង​ការ​រៀបចំ​ទាំង​អស់​របស់​ព្រះ​ដើម្បី​រំដោះ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​ពី​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែល​គ្មាន​ទី​បញ្ចប់​នៅ​សួន​ឧទ្យាន​នា​ផែនដី។ ការ​រៀបចំ​ទាំង​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។—ម៉ាថ. ២០:២៨; យ៉ូន. ៣:១៦; ១យ៉ូន. ៤:៩, ១០

៥. តើ​នរណា​ជា​អ្នក​ផ្ដើម​សេចក្ដី​អញ្ជើញ​ឲ្យ​មក‹យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ›? សូម​ពន្យល់។

តើ​នរណា​ជា​អ្នក​ផ្ដើម​អញ្ជើញ​ឲ្យ​មក‹យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ›? ការ​រៀបចំ​ទាំង​អស់​ដើម្បី​ទទួល​ជីវិត​តាម​រយៈ​លោក​យេស៊ូ ដែល​មនុស្សជាតិ​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ក្នុង​អំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត នោះ​បាន​ត្រូវ​ពណ៌នា​ថា​ជា«ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត ថ្លា​ដូច​កែវ​ចរណៃ»។ ទន្លេ​នោះ​បាន«ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ​និង​របស់​កូន​ចៀម»។ (បប. ២២:១) ដូច្នេះ ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដល់​ជីវិត ជា​ប្រភព​នៃ​ទឹក​ដែល​ផ្ដល់​ជីវិត។ (ទំនុក. ៣៦:៩) លោក​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ទឹក​នោះ​តាម​រយៈ«កូន​ចៀម»ដែល​ជា​លោក​យេស៊ូ​គ្រិស្ត។ (យ៉ូន. ១:២៩) ទឹក​ដែល​ជា​និមិត្តរូប​ជា​មធ្យោបាយ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​បំបាត់​ចោល​អន្តរាយ​ទាំង​ឡាយ​ដែល​មនុស្ស​មាន​ដោយ​សារ​អាដាម​មិន​ស្ដាប់​បង្គាប់​ព្រះ។ ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​សេចក្ដី​អញ្ជើញ​ឲ្យ«មក»។

៦. តើ«ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត»ចាប់​ផ្ដើម​ហូរ​នៅ​ពេល​ណា?

ទោះ​ជា«ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត»នឹង​ហូរ​យ៉ាង​ពេញ​លេញ​ក្នុង​អំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​ក៏​ដោយ តែ​ទន្លេ​នោះ​បាន​ចាប់​ផ្ដើម​ហូរ​នៅ«ថ្ងៃ​របស់​លោក​ម្ចាស់»នា​ឆ្នាំ​១៩១៤ ដែល​នៅ​ពេល​នោះ «កូន​ចៀម»បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​នៅ​ស្ថាន​សួគ៌។ (បប. ១:១០) ហេតុ​នេះ ក្រោយ​មក មនុស្ស​អាច​ទទួល​ការ​រៀបចំ​ខ្លះ​ៗ​ដែល​ផ្ដល់​ជីវិត ដែល​ក្នុង​នោះ​មាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ពី​ព្រោះ​សារ​គម្ពីរ​បាន​ត្រូវ​រៀប​រាប់​ថា​ជា«ទឹក»។ (អេភ. ៥:២៦) មនុស្ស​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក‹យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ› ដើម្បី​ឲ្យ​បាន​ឮ​និង​ធ្វើ​តាម​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ។ ប៉ុន្តែ តើ​នរណា​ជា​អ្នក​ដែល​អញ្ជើញ​គេ​នៅ​ថ្ងៃ​របស់​លោក​ម្ចាស់?

«កូន​ក្រមុំ»និយាយ​ថា«មក​ចុះ!»

៧. នៅ«ថ្ងៃ​របស់​លោក​ម្ចាស់» តើ​អ្នក​ណា​អញ្ជើញ​គេ​មុន​បង្អស់​ឲ្យ«មក»? ហើយ​តើ​ពួក​គាត់​អញ្ជើញ​នរណា?

សមាជិក​នៃ​ក្រុម​នៃ​កូន​ក្រមុំ ពោល​គឺ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ជា​ពួក​អ្នក​ដែល​អញ្ជើញ​គេ​មុន​បង្អស់​ឲ្យ«មក»។ តើ​ពួក​គាត់​អញ្ជើញ​នរណា? កូន​ក្រមុំ​មិន​និយាយ​ទៅ​ខ្លួន​នាង​ថា«មក​ចុះ!»ទេ។ ពាក្យ​របស់​នាង​បាន​ត្រូវ​ពោល​ទៅ​ពួក​អ្នក​ដែល​មានសេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី ក្រោយ«សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត»។—សូម​អាន ការ​បើក​បង្ហាញ ១៦:១៤, ១៦

៨. តើ​អ្វី​បង្ហាញ​ថា​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ផ្ដល់​ការ​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ដល់​អ្នក​ឯ​ទៀត​តាំង​ពី​ឆ្នាំ​១៩១៨​មក?

ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​អញ្ជើញ​មនុស្ស​តាំង​ពី​ឆ្នាំ​១៩១៨​មក។ នៅ​ឆ្នាំ​នោះ សុន្ទរកថា​ដែល​មាន​ចំណង​ជើង«មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រស់​នៅ​ឥឡូវ​នេះ ប្រហែល​ជា​មិន​ស្លាប់​ឡើយ» បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ថា​មនុស្ស​ជា​ច្រើន​នឹង​ទទួល​ជីវិត​នៅ​ផែនដី​ដែល​ក្លាយ​ជា​សួន​ឧទ្យាន​ក្រោយ​សង្គ្រាម​ហាម៉ាគេដូន។ នៅ​ឆ្នាំ​១៩២២ នា​មហា​សន្និបាត​របស់​និស្សិត​គម្ពីរ នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាម៉េរិក មាន​សុន្ទរកថា​មួយ​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ‹ប្រកាស​អំពី​ស្តេច​និង​រាជាណាចក្រ​របស់​លោក›។ នេះ​បាន​ជួយ​ក្រុម​គ្រិស្ត​សាសនិក​ដែល​មិន​ទាន់​ឡើង​ស្ថាន​សួគ៌​ឲ្យ​អញ្ជើញ​មនុស្ស​ច្រើន​ទៀត។ នៅ​ឆ្នាំ​១៩២៩ អត្ថបទ​មួយ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា មាន​ចំណង​ជើង«សេចក្ដី​អញ្ជើញ​ដ៏​ស្មោះ​ស្ម័គ្រ» ដែល​មាន​សៀវភៅ​ការ​បើក​បង្ហាញ ២២:១៧​ជា​ប្រធានបទ​គម្ពីរ។ អត្ថបទ​នោះ​បាន​ចែង​ថា៖ «ក្រុម​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​មិន​ទាន់​ឡើង​ស្ថាន​សួគ៌​បាន​ចូល​រួម​ជា​មួយ[ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត]ក្នុង​ការ​អញ្ជើញ​ដ៏​ស្មោះ​ស្ម័គ្រ​នេះ ហើយ​បាន​និយាយ​ថា‹មក›។ សេចក្ដី​អញ្ជើញ​នេះ​ត្រូវ​ប្រកាស​ឥឡូវ​ដល់​ពួក​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុចរិត​និង​សេចក្ដី​ពិត»។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក្រុម​នៃ​កូន​ក្រមុំ​បន្ត​ផ្ដល់​ការ​អញ្ជើញ​នោះ​ដល់​អ្នក​ឯ​ទៀត។

«អ្នក​ណា​ដែល​បាន​ឮ ចូរ​និយាយ​ថា៖ ‹មក​ចុះ!›»

៩, ១០. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ដែល​បាន​ឮ​សេចក្ដី​អញ្ជើញ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​អញ្ជើញ​អ្នក​ឯ​ទៀត​ដោយ​និយាយ​ថា«មក​ចុះ!»?

ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​ឮ​សេចក្ដី​អញ្ជើញ​ឲ្យ«មក»? ពួក​គាត់​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​អញ្ជើញ​អ្នក​ឯ​ទៀត​ដោយ​និយាយ​ថា«មក​ចុះ!»។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៣២ នៅ​ទំព័រ​២៣២​បាន​ចែង​ថា៖ «ចូរ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​នឹង​ចូល​រួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ពួក​គាត់​មិន​ចាំ​បាច់​ជា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ទេ​ទើប​អាច​ប្រកាស​សារ​របស់​លោក​ម្ចាស់បាន។ សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត​ខ្លាំង​ណាស់ ដោយ​ឥឡូវ​ដឹង​ថា​ព្រះ​អនុញ្ញាត​ឲ្យ​ពួក​គាត់​យក​ទឹក​ដែល​ផ្ដល់​ជីវិត​ទៅ​ឲ្យ​មនុស្ស​ដែល​អាច​រួច​ជីវិត​នៅ​សង្គ្រាម​ហាម៉ាគេដូន ហើយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី»។

១០ ដោយ​ដៅ​បញ្ជាក់​ភារកិច្ច​របស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​អញ្ជើញ​គឺ​ឲ្យ​និយាយ«មក​ចុះ!» នោះ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៣៤ ទំព័រ​២៤៩​បាន​ចែង​ថា៖ «ពួក​អ្នក​ក្នុង​ក្រុម​នៃ​យ៉ូណាដាប​ត្រូវ​សហការ​គ្នា​ជា​មួយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​នៃ​យេហ៊ូវ ពោល​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ប្រកាស​សារ​នៃ​រាជាណាចក្រ​ព្រះ ទោះ​ជា​ពួក​គាត់​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​រើស​តាំង​ក៏​ដោយ»។ នៅ​ឆ្នាំ​១៩៣៥ អត្តសញ្ញាណ​នៃ«មនុស្ស​មួយ​ក្រុម​ធំ»ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ៧:៩​-​១៧ បាន​ត្រូវ​យល់​ច្បាស់។ ការ​យល់​ដឹង​នេះ​បាន​នាំ​ឲ្យ​ការ​ផ្ដល់​សេចក្ដី​អញ្ជើញ​របស់​ព្រះ​បាន​កើន​ឡើង​កាន់​តែ​ច្រើន។ តាំង​ពី​ពេល​នោះ​មក មនុស្ស​មួយ​ក្រុម​ធំ​នៃ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​បាន​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នោះ។ ចំនួន​ពួក​គាត់​កំពុង​កើន​ឡើង ហើយ​ឥឡូវ​នេះ​មាន​ជាង​៧​លាន​នាក់។ ក្រោយ​ពី​ពួក​គាត់​បាន​ស្ដាប់​សេចក្ដី​អញ្ជើញ​ដោយ​មាន​ចិត្ត​ដឹង​គុណ នោះ​ពួក​គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ចូល​រួម​ជា​មួយ​ក្រុម​នៃ​កូន​ក្រមុំ​ក្នុង​ការ​អញ្ជើញ​យ៉ាង​សកម្ម​នូវ​អ្នក​ឯ​ទៀត​ឲ្យ‹មក​យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ›។

«សកម្មពល»និយាយ​ថា«មក​ចុះ!»

១១. នៅ​សតវត្សរ៍​ទី​១ គ.ស. តើ​សកម្មពល​បរិសុទ្ធ​ជួយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១១ ពេល​លោក​យេស៊ូ​កំពុង​ផ្សព្វ​ផ្សាយ​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​ណាសារ៉ែត នោះ​លោក​បាន​បើក​រមូរ​ក្រដាស​របស់​អ្នក​ប្រកាស​ទំនាយ​អេសាយ​ហើយ​អាន​ថា៖ «សកម្មពល​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ ក៏​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ ហើយ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត»។ ក្រោយ​មក ស្តី​អំពី​ពាក្យ​ទាំង​នោះ លោក​យេស៊ូ​បាន​សំដៅ​ទៅ​ខ្លួន​លោក​ដោយ​មាន​ប្រសាសន៍​ថា៖ «បទ​គម្ពីរ​ដែល​អ្នក​ទើប​តែ​ស្ដាប់ បាន​សម្រេច​នៅ​ថ្ងៃ​នេះ»។ (លូក. ៤:១៧​-​២១) មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ (សកម្ម. ១:៨) នៅ​សតវត្សរ៍​ទី​១ សកម្មពល​បរិសុទ្ធ​មាន​តួ​នាទី​សំខាន់​ដែល​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ។

១២. សព្វ​ថ្ងៃ​នេះ តើ​សកម្មពល​របស់​ព្រះ​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ផ្ដល់​សេចក្ដី​អញ្ជើញ​ដល់​អ្នក​ឯ​ទៀត?

១២ សព្វ​ថ្ងៃ​នេះ តើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ផ្ដល់​សេចក្ដី​អញ្ជើញ​ដល់​អ្នក​ឯ​ទៀត? ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សកម្មពល​បរិសុទ្ធ។ លោក​ប្រើ​សកម្មពល​ដើម្បី​បើក​ចិត្ត​គំនិត​របស់​ក្រុម​នៃ​កូន​ក្រមុំ​ឲ្យ​យល់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សកម្មពល​ជំរុញ​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​អញ្ជើញ​អ្នក​ឯ​ទៀត ហើយ​ឲ្យ​ពន្យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទៅ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​នោះ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត ព្រម​ទាំង​ផ្ដល់​ការ​អញ្ជើញ​នោះ​ទៅ​អ្នក​ឯ​ទៀត? ក្នុង​ករណី​របស់​ពួក​គាត់ សកម្មពល​ក៏​រួម​ចំណែក​ផង​ដែរ។ ដោយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក«ក្នុង​នាម​សកម្មពល​បរិសុទ្ធ» នោះ​ពួក​គាត់​សហការ​ជា​មួយ​សកម្មពល ថែម​ទាំង​ពឹង​ផ្អែក​លើ​សកម្មពល​នោះ​ឲ្យ​ជួយ​ពួក​គាត់។ (ម៉ាថ. ២៨:១៩) ម្យ៉ាង​ទៀត សូម​គិត​អំពី​ដំណឹង​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​មនុស្ស​មួយ​ក្រុម​ធំ​ដែល​មាន​កាន់​តែ​ច្រើន​ឡើង។ ដំណឹង​នោះ​គឺ​មក​ពី​គម្ពីរ ជា​សៀវភៅ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​សកម្មពល​ព្រះ។ ដូច្នេះ សេចក្ដី​អញ្ជើញ​នេះ​បាន​ត្រូវ​ផ្ដល់​តាម​រយៈ​សកម្មពល​បរិសុទ្ធ។ តាម​ពិត សកម្មពល​នោះ​បាន​ដឹក​នាំ​យើង។ តើ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​រួម​ចំណែក​ឲ្យ​បាន​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការ​អញ្ជើញ​អ្នក​ឯ​ទៀត?

ពួក​គាត់«និយាយ​ឥត​ឈប់​ថា៖ ‹មក​ចុះ!›»

១៣. តើ​ឃ្លា​ដែល​ថា«សកម្មពល​និង​កូន​ក្រមុំ​និយាយ​ឥត​ឈប់​ថា៖ ‹មក​ចុះ!›» បញ្ជាក់​អំពី​អ្វី?

១៣ «សកម្មពល​និង​កូន​ក្រមុំ​និយាយ​ឥត​ឈប់​ថា៖ ‹មក​ចុះ!›»។ នេះ​បញ្ជាក់​ថា​ពួក​គាត់​ផ្ដល់​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យ៉ាង​ទៀង​ទាត់។ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​ឮ ហើយ​ទទួល​សេចក្ដី​អញ្ជើញ? ពួក​គាត់​ក៏​និយាយ​ដែរ​ថា៖ «មក​ចុះ!»។ មនុស្ស​មួយ​ក្រុម​ធំ​នៃ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​បាន​ត្រូវ​រៀប​រាប់​ថា‹កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​យេហូវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​វិហារ​របស់​លោក›។ (បប. ៧:៩, ១៥) តើ​ពួក​គាត់​បំពេញ‹កិច្ច​បម្រើ​ទាំង​យប់​ទាំង​ថ្ងៃ›ក្នុង​ន័យ​អ្វី? (សូម​អាន លូកា ២:៣៦, ៣៧; សកម្មភាព ២០:៣១; ថែស្សាឡូនិច​ទី​២ ៣:៨) គំរូ​របស់​អាណា​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​មាន​វ័យ​ចាស់​និង​សាវ័ក​ប៉ូល​បាន​បង្ហាញ​ថា ‹កិច្ច​បម្រើ​ទាំង​យប់​ទាំង​ថ្ងៃ›សំដៅ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ឥត​ឈប់​ឈរ និង​ការ​ខំ​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១៤, ១៥. តើ​ដានីយ៉ែល​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​នូវ​សារៈ​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​យ៉ាង​ទៀង​ទាត់?

១៤ ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​បង្ហាញ​នូវ​សារៈ​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​យ៉ាង​ទៀង​ទាត់​ដែរ។ (សូម​អាន ដានីយ៉ែល ៦:៤​-​១០, ១៦) គាត់​មិន​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​គាត់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ទេ ពោល​គឺ​ទម្លាប់​របស់​គាត់​ក្នុង​ការ​អធិដ្ឋាន​ទៅ​ព្រះ«១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន» សូម្បី​តែ​មួយ​ខែ​ក៏​គាត់​មិន​ព្រម​ផ្លាស់​ប្ដូរ​ដែរ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ថា​គាត់​ត្រូវ​គេ​បោះ​ទៅ​ក្នុង​រូង​សិង្ហ​ក៏​ដោយ។ ការ​ប្រព្រឹត្ត​របស់​គាត់​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ថា គ្មាន​អ្វី​សំខាន់​ជាង​ការ​គោរព​បូជា​ព្រះ​យេហូវ៉ា​យ៉ាង​ទៀង​ទាត់​ឡើយ!—ម៉ាថ. ៥:១៦

១៥ ក្រោយ​ពី​ដានីយ៉ែល​បាន​នៅ​ក្នុង​រូង​សិង្ហ​អស់​មួយ​យប់ ស្តេច​បាន​ទៅ​ទី​នោះ​ហើយ​បន្លឺ​សំឡេង​ថា៖ «ឱ​ដានីយ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជា​និច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ?»។ ភ្លាម​ៗ​នោះ ដានីយ៉ែល​បាន​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ​ករុណា សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ជន្ម​ចំរើន​ជា​យឺន​យូរ​ចុះ ព្រះ​នៃ​ទូល​បង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូល​បង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូល​បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ​ករុណា នៅ​ចំពោះ​ទ្រង់ ទូល​បង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ»។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ដល់​ដានីយ៉ែល​ដោយ​សារ​គាត់​បាន​បម្រើ​លោក«ជា​និច្ច»ឬ​ឥត​ឈប់​ឈរ។—ដាន. ៦:១៩​-​២២

១៦. តើ​គំរូ​របស់​ដានីយ៉ែល​គួរ​ជំរុញ​យើង​ឲ្យ​សួរ​ខ្លួន​យើង​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​ការ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

១៦ ដានីយ៉ែល​សុខ​ចិត្ត​ស្លាប់​ជា​ជាង​បោះ​បង់​ទម្លាប់​គោរព​ប្រណិប័តន៍​ព្រះ។ ចុះ​យើង​វិញ? តើ​យើង​កំពុង​លះ​បង់​ប្រយោជន៍​អ្វី​ដើម្បី​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដោយ​ឥត​ឈប់​ឈរ? ឬ​តើ​យើង​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ដូច្នេះ? យើង​មិន​គួរ​ឲ្យ​មួយ​ខែ​កន្លង​ផុត​ទៅ​ដោយ​មិន​បាន​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា​ដល់​អ្នក​ឯ​ទៀត​ទេ! បើ​អាច​ធ្វើ​បាន គប្បី​ឲ្យ​យើង​ខំ​ប្រឹង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​រាល់​សប្ដាហ៍ មែន​ទេ? សូម្បី​តែ​យើង​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ហើយ​អាច​ផ្សព្វ​ផ្សាយ​តែ​១៥​នាទី​ប៉ុណ្ណោះ​ក្នុង​ខែ​នោះ​ក៏​ដោយ យើង​គួរ​បំពេញ​សេចក្ដី​រាយ​ការណ៍។ ហេតុ​អ្វី? ពី​ព្រោះ​ដូច​សកម្មពល​និង​កូន​ក្រមុំ យើង​ចង់​និយាយ​ឥត​ឈប់​ថា៖ «មក​ចុះ!»។ ប្រាកដ​ហើយ យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ទៀង​ទាត់​អំពី​រាជាណាចក្រ​ព្រះ។

១៧. ក្នុង​ការ​ផ្ដល់​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា តើ​ឱកាស​ណា​ខ្លះ​ដែល​យើង​មិន​គួរ​ឲ្យ​កន្លង​ផុត?

១៧ គប្បី​ឲ្យ​យើង​ខិត​ខំ​ផ្ដល់​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ឱកាស មិន​គ្រាន់​តែ​នៅ​ពេល​វេលា​ដែល​យើង​កំណត់​ទៅ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ឡើយ។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​មែន​ដើម្បី​អញ្ជើញ​ពួក​អ្នក​ដែល​ស្រេក​ឲ្យ‹មក​យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ›ក្នុង​អំឡុង​ពេល​ផ្សេង​ទៀត ដូច​ជា​ពេល​ទៅ​ផ្សារ ធ្វើ​ដំណើរ ធ្វើ​ការ ដើរ​លេង ឬ​ពេល​ទៅ​សាលា​រៀន! សូម្បី​តែ​ពួក​អាជ្ញាធរ​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ក៏​ដោយ យើង​នៅ​តែ​ផ្សព្វ​ផ្សាយ​ដោយ​ប្រុង​ប្រយ័ត្ន ប្រហែល​ដោយ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ច្រើន​ជាង ឬ​ផ្សព្វ​ផ្សាយ​ដល់ម្ចាស់​ផ្ទះ​ពីរ​បី​នាក់​នៅ​តំបន់​មួយ ហើយ​ក្រោយ​មក​ទៅ​ផ្សាយ​នៅ​តំបន់​ផ្សេង។

ចូរ​និយាយ​ឥត​ឈប់​ថា៖ «មក​ចុះ!»

១៨, ១៩. តើ​អ្នក​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៨ ជាង​៩០​ឆ្នាំ​មក​ហើយ សកម្មពល​និង​កូន​ក្រមុំ​បាន​និយាយ​ថា៖ «មក​ចុះ!» ដល់​នរណា​ដែល​ស្រេក​ទឹក​ដែល​ផ្ដល់​ជីវិត។ តើ​អ្នក​បាន​ឮ​សេចក្ដី​អញ្ជើញ​ដ៏​អស្ចារ្យ​របស់​ពួក​គាត់​ឬ​ទេ? បើ​បាន​ឮ​មែន អ្នក​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ផ្ដល់​សេចក្ដី​អញ្ជើញ​នេះ​ដល់​អ្នក​ឯ​ទៀត។

១៩ យើង​មិន​ដឹង​ថា​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​រហូត​ដល់​ពេល​ណា​ទេ តែ​ដោយ​យើង​តប​ឆ្លើយ​នឹង​សេចក្ដី​អញ្ជើញ​នោះ​ដោយ​ពោល​ថា៖ «មក​ចុះ!» នោះ​យើង​ធ្វើ​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ។ (១កូ. ៣:៦,) នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​ថ្លា​ថ្លៃ​ណាស់! សូម​ឲ្យ​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​នោះ ហើយ«ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច»ដោយ​ផ្សព្វ​ផ្សាយ​យ៉ាង​ទៀង​ទាត់។ (ហេ. ១៣:១៥) ដោយ​រួម​ជា​មួយ​ក្រុម​នៃ​កូន​ក្រមុំ ចូរ​ឲ្យ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី និយាយ​ឥត​ឈប់​ថា៖ «មក​ចុះ!» ហើយ​សូម​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ទទួល‹យក​ទឹក​ដែល​ផ្ដល់​ជីវិត​ដោយ​ឥត​គិត​ថ្លៃ›!

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• តើ​នរណា​បាន​ត្រូវ​អញ្ជើញ​ឲ្យ«មក»?

• ស្តី​អំពី​សេចក្ដី​អញ្ជើញ​ឲ្យ«មក» ហេតុ​អ្វី​យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម?

• តើ​សកម្មពល​បរិសុទ្ធ​រួម​ចំណែក​យ៉ាង​ណា​ក្នុង​ការ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ«មក»?

• ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ព្យាយាម​ផ្សព្វ​ផ្សាយ​យ៉ាង​ទៀង​ទាត់?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[តារាង/រូប​ភាព​នៅ​ទំព័រ​២៤]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ចូរ​និយាយ​ឥត​ឈប់​ថា៖ «មក​ចុះ!»

១៩១៤

អ្នក​ផ្សព្វ​ផ្សាយ​៥.១០០​នាក់

១៩១៨

មនុស្ស​ជា​ច្រើន​នឹង​ទទួល​ជីវិត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី

១៩២២

«ប្រកាស ប្រកាស ប្រកាស​អំពី​ស្តេច​និង​រាជាណាចក្រ​របស់​លោក»

១៩២៩

ពួក​អ្នក​ស្មោះ​ត្រង់​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​និយាយ​ថា៖ «មក​ចុះ!»

១៩៣២

ការ​អញ្ជើញ​ឲ្យ​និយាយ​ថា៖ «មក​ចុះ!»មិន​គ្រាន់​តែ​សម្រាប់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ​ទេ

១៩៣៤

ក្រុម​នៃ​យ៉ូណាដាប​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ផ្សព្វ​ផ្សាយ

១៩៣៥

«មនុស្ស​មួយ​ក្រុម​ធំ»បាន​ត្រូវ​ស្គាល់

២០០៩

អ្នក​ផ្សព្វ​ផ្សាយ​៧.៣១៣.១៧៣​នាក់